២៨
១ នៅគ្រានោះ ពួកភីលីស្ទីន គេប្រមូលពលទ័ពគេមក ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល ហើយអ័គីសមានព្រះបន្ទូលទៅដាវីឌថា ចូរឲ្យអ្នកដឹងថា ត្រូវឲ្យអ្នក ព្រមទាំងពួកពលរបស់អ្នកផង ចេញទៅក្នុងកងទ័ពជាមួយនឹងយើង ២ ដាវីឌទូលឆ្លើយថា បើដូច្នេះ ទ្រង់នឹងបានជ្រាបការដែលទូលបង្គំ ជាបាវទ្រង់ នឹងធ្វើជាយ៉ាងណា នោះអ័គីសមានព្រះបន្ទូលតបថា បើដូច្នោះមែន យើងនឹងតាំងអ្នកឲ្យការពារយើងជាដរាបតទៅ។
ស្តេចសូលទៅរកមេមត់
៣ រីឯសាំយូអែល លោកបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខនឹងលោក ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច ហើយសូលទ្រង់បានបណ្តេញអស់ទាំងពួកគ្រូខាប និងពួកគ្រូអន្ទងខ្មោចពីស្រុកចេញ ៤ គ្រានោះ ពួកភីលីស្ទីនគេប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយសូលទ្រង់ក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ ៥ កាលសូលទ្រង់ទតឃើញពលទ័ពខាងពួកភីលីស្ទីន នោះទ្រង់ក៏ភ័យ ហើយមានព្រះទ័យញាប់ញ័រជាខ្លាំង ៦ តែកាលសូលទូលដល់ព្រះយេហូវ៉ា នោះទ្រង់មិនឆ្លើយតបមកឡើយ ទោះបើដោយការពន្យល់សប្តិឬដោយសារយូរីម ឬដោយពួកហោរាក្តី ៧ ដូច្នេះ សូលទ្រង់មានព្រះបន្ទូលប្រាប់ទៅពួកអ្នកបំរើទ្រង់ថា ចូរទៅរកស្រីដែលចេះខាបខ្មោចឲ្យអញចុះ ដើម្បីឲ្យអញបានទៅសួរទំនាយពីស្រីនោះ ពួកអ្នកបំរើទ្រង់ក៏ទូលឆ្លើយថា មើលនៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប។
៨ នោះសូលទ្រង់ក៏ក្លែងខ្លួន ហើយផ្លាស់សំលៀកបំពាក់ រួចចេញទៅ មានមនុស្ស២នាក់ទៅជាមួយផង ក៏បានដល់ទៅស្រីនោះនៅពេលយប់ ហើយមានព្រះបន្ទូលថា សូមទាយប្រាប់ខ្ញុំដោយនូវខ្មោចចុះ ហើយសូមខាបយកអ្នក១ ដែលខ្ញុំនឹងប្រាប់អ្នកឲ្យមកឯខ្ញុំផង ៩ ស្ត្រីនោះឆ្លើយឡើងថា លោកជ្រាបហើយពីការដែលស្តេចសូលបានធ្វើជាយ៉ាងណា គឺទ្រង់បានបណ្តេញពួកចេះខាប និងអន្ទងខ្មោចពីស្រុកចេញ ចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឲ្យត្រូវស្លាប់ដូច្នេះ ១០ នោះសូលក៏ស្បថឲ្យស្ត្រីនោះ ដោយនូវព្រះយេហូវ៉ាថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកមិនត្រូវមានទោសក្នុងការនេះឡើយ ១១ រួចស្រីនោះសួរថា តើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោក នោះទ្រង់មានព្រះបន្ទូលថា សូមខាបយកសាំយូអែលមកឲ្យខ្ញុំចុះ ១២ កាលស្ត្រីនោះបានឃើញសាំយូអែល នោះក៏ស្រែកឡើងជាខ្លាំង រួចទូលសូលថា ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ដ្បិតខ្លួនលោកនេះហើយ គឺជាសូល ១៣ តែទ្រង់មានព្រះបន្ទូលថា កុំឲ្យភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី រួចស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់បានឃើញពួកព្រះឡើងពីដីមក ១៤ ទ្រង់មានព្រះបន្ទូលទៀតថា តើមានភាពយ៉ាងដូចម្តេច គាត់ឆ្លើយថា មានភាពជាមនុស្សចាស់គ្រលុំដោយអាវដែលឡើងមក នោះសូលទ្រង់យល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព។
១៥ ឯសាំយូអែល លោកទូលសួរថា ហេតុអ្វីបានជាធ្វើឲ្យទូលបង្គំរំខាន ដោយហៅឲ្យទូលបង្គំឡើងមកដូច្នេះ សូលមានព្រះបន្ទូលឆ្លើយថា ខ្ញុំមានសេចក្តីវេទនាជាខ្លាំង ពីព្រោះពួកសាសន៍ភីលីស្ទីនគេមកច្បាំងនឹងខ្ញុំ ហើយព្រះទ្រង់បានថយចេញពីខ្ញុំទៅ ទ្រង់ឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនោះបានជាខ្ញុំហៅលោកមក ដើម្បីលោកបង្ហាញការ ដែលខ្ញុំគួរធ្វើយ៉ាងណា ១៦ នោះសាំយូអែលឆ្លើយថា បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំវិញដូច្នេះ ១៧ ព្រះយេហូវ៉ាបានសំរេចដល់ទ្រង់ តាមសេចក្តីទំនាយ ដែលទាយដោយសារទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តទ្រង់ចេញប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ ១៨ ពីព្រោះទ្រង់មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឡើយ ក៏មិនបានធ្វើដល់សាសន៍អាម៉ាលេក តាមសេចក្តីក្រេវក្រោធរបស់ព្រះផង ហេតុនោះបានជានៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រព្រឹត្តនឹងទ្រង់យ៉ាងដូច្នេះ ១៩ មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ជាមួយនឹងទ្រង់ ទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ ស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ ព្រះយេហូវ៉ា ទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ។
២០ ខណៈនោះ ស្រាប់តែសូលទ្រង់ដួលស្រប៉ាបចុះនៅដី មានសេចក្តីភ័យជាខ្លាំង ដោយពាក្យដែលសាំយូអែលបានប្រាប់នោះ ហើយគ្មានកំឡាំងនៅសល់ទៀតទេ ពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញ១ថ្ងៃ១យប់នោះហើយ ២១ ដូច្នេះ ស្ត្រីនោះក៏មកឯសូល ឃើញថាទ្រង់តក់ស្លុតជាខ្លាំង នោះក៏ទូលថា មើល ខ្ញុំម្ចាស់ ជាបាវស្រីរបស់ទ្រង់ បានស្តាប់តាមទ្រង់ហើយ ក៏បានប្រថុយជីវិតនឹងធ្វើតាមអស់ទាំងសេចក្តី ដែលទ្រង់បានមានព្រះបន្ទូលមកខ្ញុំម្ចាស់ផង ២២ ដូច្នេះ សូមឲ្យទ្រង់ស្តាប់តាមពាក្យរបស់ខ្ញុំម្ចាស់ជាអ្នកបំរើទ្រង់ឥឡូវចុះ សូមអនុញ្ញាតឲ្យខ្ញុំម្ចាស់រៀបនំបុ័ងបន្តិចថ្វាយទ្រង់សោយ ដើម្បីឲ្យមានកំឡាំងក្នុងកាលដែលយាងតាមផ្លូវទៅ ២៣ ទ្រង់ប្រកែកថា ខ្ញុំមិនបរិភោគទេ តែដោយពួកអ្នកបំរើទ្រង់ ព្រមទាំងស្ត្រីនោះចេះតែទទូចអង្វរ បានជាទ្រង់ក៏ស្តាប់តាម រួចក្រោកពីដីឡើងទៅគង់នៅលើគ្រែ ២៤ ស្រីនោះមានកូនគោ១យ៉ាងធាត់ នៅក្នុងផ្ទះ គាត់ក៏ប្រញឹកប្រញាប់នឹងសំឡាប់គោនោះ ហើយយកម្សៅមក ច្របាច់ដុតធ្វើជានំបុ័ងឥតដំបែ ២៥ រួចលើកយកមកដាក់នៅចំពោះសូល និងពួកបំរើទ្រង់ គេក៏បរិភោគគ្រប់គ្នា រួចគេក្រោកឡើងចេញទៅ ទាំងយប់នោះវិញ។