៣០
សាសន៍​អាម៉ាលេក​ដុត​កំទេច​ក្រុង​ស៊ីកឡាក់ ដាវីឌ​ដេញ​តាម​កងទ័ព​អាម៉ាលេក
១ លុះ​ដល់​ថ្ងៃ​ទី​៣ កាល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់​ស៊ីកឡាក់ នោះ​ឃើញ​ថា ពួក​អាម៉ាលេក​បាន​លុក​ចូល​ស្រុក​ត្បូង ព្រម​ទាំង​ក្រុង​ស៊ីកឡាក់​ផង គេ​បាន​ទាំង​វាយ​ក្រុង​ស៊ីកឡាក់ ហើយ​ដុត​ដោយ​ភ្លើង​ទៅ ២ ក៏​ចាប់​យក​ពួក​ស្រីៗ​ទាំង​តូច​ទាំង​ធំ ដែល​នៅ​ទី​នោះ នាំ​ទៅ​ជា​ឈ្លើយ ឥត​មាន​សំឡាប់​អ្នក​ណា​ឡើយ គ្រាន់​តែ​ដឹកនាំ​ទៅ​ប៉ុណ្ណោះ ៣ ដូច្នេះ កាល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់ នោះ​ក៏​ឃើញ​ទី​លំនៅ​បាន​ឆេះ​អស់​ហើយ ឯ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ផង ៤ នោះ​ដាវីឌ និង​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ក៏​ឡើង​សំឡេង​យំ​ជា​ខ្លាំង ដរាប​ដល់​គ្មាន​កំឡាំង​នឹង​យំ​ទៀត ៥ ឯ​ប្រពន្ធ​ដាវីឌ​ទាំង​២ គឺ​អ័ហ៊ីណោម ជា​អ្នក​ស្រុក​យេសរាល និង​អ័ប៊ីកែល ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល​ដែល​ជា​អ្នក​ស្រុក​កើមែល នោះ​គេ​ក៏​បាន​នាំ​ទៅ​ជា​ឈ្លើយ​ដែរ ៦ ចំណែក​ដាវីឌ​លោក​ច្របល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​បណ្តា​ពួក​លោក​គិត​ចោល​នឹង​ថ្ម ពី​ព្រោះ​គ្រប់​គ្នា​មាន​សេចក្តី​ទំនាស់​ចិត្ត​ជា​ខ្លាំង ដោយ​ព្រោះ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​កំឡា​ចិត្ត​ខ្លួន​ឡើង ដោយ​នូវ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​វិញ។
៧ គ្រា​នោះ ដាវីឌ​និយាយ​ទៅ​អ័បៀថើរ​ដ៏​ជា​សង្ឃ ជា​កូន​អ័ហ៊ីម៉ាលេក​ថា សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ នោះ​អ័បៀថើរ​ក៏​យក​អេផូឌ​មក ៨ រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះយេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ដេញ​តាម​ពួក​នោះ​ឬ​អី តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន​ផង ៩ ដូច្នេះ ដាវីឌ ព្រម​ទាំង​ពួក​៦០០​នាក់ ដែល​នៅ​ជា​មួយ ក៏​លើក​គ្នា​ចេញ​ទៅ កាល​ទៅ​ដល់​ជ្រោះ​បេសោរ​ហើយ នោះ​ក៏​ទុក​អ្នក​ខ្លះ​ឲ្យ​នៅ​ទី​នោះ ១០ ដ្បិត​មាន​២០០​នាក់​ឈប់​នៅ ដោយ​គេ​ល្វើយ និង​ឆ្លង​ជ្រោះ​បេសោរ​ទៅ​មិន​បាន តែ​ឯ​ដាវីឌ និង​៤០០​នាក់​ឯ​ទៀត ចេះ​តែ​ខំ​ដេញ​តាម​ទៅ​ទៀត។
១១ រីឯ​នៅ​វាល គេ​ប្រទះ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ ហើយ​ក៏​នាំ​វា​មក​ឯ​ដាវីឌ រួច​ឲ្យ​នំបុ័ង និង​ទឹក​បរិភោគ ១២ ក៏​ឲ្យ​ផ្លែ​ល្វា​ក្រៀម​១​ផែន ហើយ​នឹង​ផ្លែ​ទំពាំងបាយជូរ​ក្រៀម​២​ចង្កោម​ដែរ កាល​វា​បាន​បរិភោគ​ហើយ នោះ​ក៏​មាន​កំឡាំង​ឡើង ពី​ព្រោះ​មិន​បាន​បរិភោគ ទោះ​អាហារ​ឬ​ទឹក​អស់​៣​ថ្ងៃ​៣​យប់​មក​ហើយ ១៣ ដាវីឌ​សួរ​វា​ថា ឯង​ជា​បាវ​របស់​អ្នក​ណា ហើយ​មក​ពី​ណា វា​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​អេស៊ីព្ទ ជា​អ្នក​បំរើ​របស់​សាសន៍​អាម៉ាលេក​ម្នាក់ ចៅហ្វាយ​ខ្ញុំ​បាន​លះចោល​ខ្ញុំ​៣​ថ្ងៃ​មក​ហើយ ពី​ព្រោះ​ខ្ញុំ​ឈឺ ១៤ យើង​ខ្ញុំ​បាន​លុក​ចូល​ស្រុក​ត្បូង​របស់​ពួក​កេរេធីម និង​ស្រុក​របស់​ពួក​យូដា ហើយ​នឹង​ស្រុក​ត្បូង ជា​ស្រុក​របស់​កាលែប ក៏​ដុត​ក្រុង​ស៊ីកឡាក់​ដោយ​ភ្លើង ១៥ នោះ​ដាវីឌ​សួរ​ថា ឯង​ចូល​ចិត្ត​នឹង​នាំ​យើង​ចុះ​ទៅ​ឯ​ពួក​នោះ​ឬ​ទេ វា​ឆ្លើយ​ថា សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ​ចុះ ថា​លោក​មិន​សំឡាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅហ្វាយ​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​ឲ្យ​ដល់​គេ។
ដាវីឌ​វាយ​ឈ្នះ​កងទ័ព​អាម៉ាលេក
១៦ កាល​វា​បាន​នាំ​ចុះ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាសពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោតកព្ឆោង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា​នោះ ១៧ ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​ក្រោយ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើង លើក​តែ​ពួក​កំឡោះ​៤០០​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ រត់​ទៅ​ប៉ុណ្ណោះ ១៨ ដូច្នេះ ដាវីឌ​ចាប់​យក​បាន​របស់​ទាំង​អស់ ដែល​សាសន៍​អាម៉ាលេក​បាន​ប្លន់​យក​ទៅ​នោះ ក៏​បាន​ប្រពន្ធ​ទាំង​២​មក​វិញ​ដែរ ១៩ ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ប្លន់​យក​ទៅ​នោះ គ្មាន​ខ្វះ​អ្វី​សោះ ទោះ​តូច​ឬ​ធំ កូន​ប្រុស កូន​ស្រី ឬ​របឹប​ណា​ក្តី ដាវីឌ​បាន​នាំ​យក​ទាំង​អស់​មក​វិញ ២០ លោក​ក៏​ចាប់​យក​ហ្វូង​ចៀម និង​ហ្វូង​គោ​ដែរ ហើយ​ពួក​អ្នក​គង្វាល​ដែល​ដេញ​សត្វ​ទាំង​នោះ​នៅ​មុខ​គេ ក៏​និយាយ​ថា នេះ​ជា​របឹប​នៃ​ដាវីឌ។
២១ រួច​ដាវីឌ​ត្រឡប់​មក​ដល់​ពួក​២០០​នាក់ ដែល​ឥត​មាន​កំឡាំង​នឹង​តាម​ទៅ គឺ​ជា​ពួក​អ្នក​ដែល​គេ​បាន​ទុក​នៅ​ត្រង់​ជ្រោះ​បេសោរ​នោះ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ទទួល​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ កាល​ដាវីឌ​ចូល​មក​ជិត នោះ​ក៏​សួរ​គេ​ពី​សេចក្តី​សុខ​ទុក្ខ ២២ ឯ​បណ្តា​មនុស្ស​កំណាច និង​មនុស្ស​ចោលម្សៀត ក្នុង​ពួក​អ្នក​ដែល​បាន​ទៅ​ជា​មួយ​នឹង​ដាវីឌ គេ​និយាយ​ឡើង​ថា យើង​មិន​ព្រម​ចែក​របឹប​ដែល​យើង​បាន​ចាប់​យក​មក​វិញ ឲ្យ​ដល់​អ្នក​ទាំង​នោះ​ទេ លើក​តែ​ប្រពន្ធ​កូន​គេ​ប៉ុណ្ណោះ នោះ​ឲ្យ​គេ​នាំ​ទៅ​ចុះ ពី​ព្រោះ​គេ​មិន​បាន​ទៅ​ជា​មួយ​នឹង​យើង​សោះ ២៣ តែ​ដាវីឌ​ប្រកែក​ថា បង​ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ចំពោះ​របស់​ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​មក​យើង​ឡើយ ដ្បិត​ទ្រង់​បាន​ការពារ​យើង ហើយ​ប្រគល់​ពួក​អ្នក​ដែល​បាន​ញាំញី​យើង មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ ២៤ តើ​អ្នក​ណា​នឹង​ស្តាប់​តាម​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នេះ ដ្បិត​អ្នក​ដែល​ចុះ​ទៅ​ច្បាំង​បាន​ចំណែក​ប៉ុណ្ណា នោះ​អ្នក​ដែល​នៅ​ចាំ​អីវ៉ាន់ ក៏​ត្រូវ​បាន​ចំណែក​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ស្មើៗ​គ្នា ២៥ នោះ​ក៏​បាន​ដូច្នោះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ដាវីឌ​ក៏​តាំង​សេចក្តី​នោះ​ឡើង ទុក​ជា​ច្បាប់​ជា​បញ្ញត្ត​សំរាប់​សាសន៍​អ៊ីស្រាអែល​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
២៦ លុះ​កាល​ដាវីឌ​បាន​ត្រឡប់​មក ដល់​ស៊ីកឡាក់​វិញ​ហើយ នោះ​ក៏​ផ្ញើ​របឹប​ខ្លះ​ទៅ​ជូន​ដល់​ពួក​ចាស់ទុំ​នៅ​ស្រុក​យូដា ដែល​ជា​មិត្រ​សំឡាញ់​របស់​លោក ដោយ​ពាក្យ​ថា​នេះ​ជា​ចំណែក​របឹប ដែល​ចាប់​ពី​ពួក​ខ្មាំងសត្រូវ​នៃ​ព្រះយេហូវ៉ា ខ្ញុំ​ផ្ញើ​មក​ជូន​ដល់​លោក​រាល់​គ្នា ២៧ គឺ​ផ្ញើ​ទៅ​ដល់​ពួក​ចាស់ទុំ​នៅ​បេត-អែល រ៉ាម៉ូត​ខាង​ត្បូង និង​យ៉ាទារ ២៨ នៅ​អារ៉ូអ៊ើរ ស៊ីពម៉ូត អែសធេម៉ូរ ២៩ រ៉ាកាល និង​ដល់​ពួក​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យេរ៉ាម្អែល ហើយ​នឹង​ពួក​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​នៃ​ពួក​កែន ៣០ ពួក​នៅ​ហោម៉ាកោរ-អាសាន អាថាក ៣១ ហេប្រុន ហើយ​នៅ​គ្រប់​កន្លែង​ដែល​ដាវីឌ និង​ពួក​លោក​ធ្លាប់​ដើរ​ទៅ​មក​ផង។