៣១
ស្តេច​សូល និង​បុត្រា​សោយទិវង្គត
១ រីឯ​ពួក​ភីលីស្ទីន គេ​ចូល​ត​នឹង​ពួក​អ៊ីស្រាអែល ពួក​អ៊ីស្រាអែល​ក៏​រត់​ពី​មុខ​ពួក​ភីលីស្ទីន​ទៅ ហើយ​ត្រូវ​គេ​សំឡាប់​នៅ​លើ​ភ្នំ​គីលបោ ២ ពួក​ភីលីស្ទីន​ដេញ​តាម​សូល និង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត គេ​បាន​សំឡាប់​យ៉ូណាថាន អ័ប៊ីណាដាប់ ហើយ​នឹង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ ៣ ចំបាំង​នោះ​ក៏​ប្រែ​ជា​លំបាក​ណាស់​ដល់​សូល ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​ទ្រង់​មាន​ព្រះទ័យ​តក់ស្លុត​ជា​ខ្លាំង ៤ ទើប​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​ដែល​កាន់​គ្រឿង​ទ្រង់​ថា ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទំលុះ​អញ​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ គេ​មក​កាប់​ចាក់ ហើយ​មើលងាយ​ដល់​អញ តែ​អ្នក​កាន់​គ្រឿង​របស់​ទ្រង់​មិន​ហ៊ាន​ទេ ដោយ​គាត់​មាន​សេចក្តី​ភ័យ​ជា​ខ្លាំង ដូច្នេះ សូល​ទ្រង់​ក៏​ហូត​យក​ដាវ​របស់​ទ្រង់​ផ្តួល​ខ្លួន​ទៅ​លើ ៥ កាល​អ្នក​កាន់​គ្រឿង​របស់​ទ្រង់​បាន​ឃើញ​ថា សូល​បាន​សុគត​ហើយ នោះ​គាត់​ក៏​ផ្តួល​ខ្លួន​ទៅ​លើ​ដាវ​ស្លាប់​ទៅ​ជា​មួយ​ដែរ ៦ ដូច្នេះ សូល​ព្រម​ទាំង​បុត្រា​ទ្រង់​៣​អង្គ និង​អ្នក​កាន់​គ្រឿង​របស់​ទ្រង់ ហើយ​នឹង​ពួក​ពល​ទាំង​ប៉ុន្មាន បាន​ស្លាប់​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ​ឯង។
៧ កាល​ពួក​សាសន៍​អ៊ីស្រាអែល ដែល​នៅ​ច្រក​ភ្នំ​នោះ​ម្ខាង និង​ពួក​ដែល​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ បាន​ឃើញ​ថា ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រាអែល​បាន​រត់ ហើយ​សូល និង​ពួក​បុត្រា​ទ្រង់ បាន​សុគត​អស់​ហើយ នោះ​គេ​ក៏​រត់​ចោល​អស់​ទាំង​ទី​ក្រុង​ទៅ ឯ​ពួក​ភីលីស្ទីន ក៏​មក​តាំង​ទី​លំនៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ៨ ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ចូល​ទៅ ដោះ​យក​របស់​ពី​ខ្មោច​ទាំង​ប៉ុន្មាន​នោះ​គេ​ប្រទះ​ឃើញ​សព​សូល និង​បុត្រា​ទ្រង់​ទាំង​៣​អង្គ​នៅ​លើ​ភ្នំ​គីលបោ ៩ ដូច្នេះ គេ​ក៏​កាត់​យក​ព្រះសិរ​ទ្រង់ ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រាវុធ​របស់​ទ្រង់ ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក​ភីលីស្ទីន ដើម្បី​នឹង​ផ្សាយ​ដំណឹង​នោះ ដល់​អស់​ទាំង​វិហារ​របស់​ពួក​ព្រះ​នៃ​គេ ហើយ​ដល់​បណ្តាជន​ផង ១០ គេ​តម្កល់​ទុក​គ្រឿង​សស្ត្រាវុធ​នោះ នៅ​ក្នុង​វិហារ​នៃ​រូប​ព្រះ ឯ​សព​ទ្រង់​គេ​បោះ​ភ្ជាប់​នឹង​កំផែង​ទី​ក្រុង​បេត-សាន ១១ តែ​កាល​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាត បាន​ឮ​និយាយ ពី​ការ​ដែល​ពួក​ភីលីស្ទីន​ធ្វើ ដល់​សព​របស់​សូល ១២ នោះ​ពួក​អ្នក​ក្លាហាន​ទាំង​ប៉ុន្មាន​របស់​គេ ក៏​លើក​គ្នា​ទៅ​ទាំង​យប់ នាំ​យក​សព​របស់​សូល និង​សព​នៃ​ពួក​បុត្រា​ទ្រង់ ពី​កំផែង​បេត-សាន ត្រឡប់​ទៅ​ឯ​ក្រុង​យ៉ាបេស បូជា​ភ្លើង​ទៅ ១៣ រួច​គេ​រើស​អដ្ឋិ យក​ទៅ​បញ្ចុះ នៅ​ក្រោម​ដើម​ឈើ​១ នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ​កាន់​ទុក្ខ​អស់​៧​ថ្ងៃ។:៚