១៨
ស្តេចយ៉ូសាផាតចងស្ពានមេត្រីនឹងស្តេចអ័ហាប់
១ រីឯយ៉ូសាផាត ទ្រង់មានទ្រព្យសម្បត្តិ និងកិត្តិយសជាបរិបូរ ហើយទ្រង់ក៏ភ្ជាប់ពន្ធនឹងអ័ហាប់ ២ លុះក្រោយមកពីរបីឆ្នាំ នោះទ្រង់យាងចុះទៅឯអ័ហាប់ នៅក្រុងសាម៉ារី ឯអ័ហាប់ក៏សំឡាប់ចៀម និងគោជាបរិបូរ ជប់លៀងទ្រង់ និងពួកអ្នកដែលតាមទ្រង់ទៅផង ក៏បបួលទ្រង់ ឲ្យឡើងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត ៣ អ័ហាប់ជាស្តេចអ៊ីស្រាអែល ទ្រង់ទូលនឹងយ៉ូសាផាត ជាស្តេចយូដាថា តើទ្រង់ចង់ទៅឯក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងទូលបង្គំឬទេ នោះទ្រង់ទូលឆ្លើយថា ទូលបង្គំក៏ដូចជាទ្រង់ ហើយរាស្ត្ររបស់ទូលបង្គំ ក៏ដូចជារាស្ត្ររបស់ទ្រង់ដែរ យើងរាល់គ្នានឹងនៅជាមួយនឹងទ្រង់ ក្នុងចំបាំងនេះ។
ពួកអ្នកប្រកបរបរជាហោរាប្រកាសអំពីជ័យជំនះ
៤ តែយ៉ូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន ៥ ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរា បាន៤០០នាក់ មកសួរគេថា តើត្រូវឲ្យយើងចេញទៅច្បាំង នឹងក្រុងរ៉ាម៉ូត-កាឡាតឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះទ្រង់នឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ ៦ តែយ៉ូសាផាតសួរថា នៅទីនេះតើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរពីគាត់ដែរទេឬអី ៧ ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបានដែរ គឺមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់ជាដរាបវិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានព្រះបន្ទូលដូច្នេះឡើយ ៨ នោះស្តេចអ៊ីស្រាអែលទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកជាឆាប់ៗ ៩ ឯស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លានៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយ នៅចំពោះទ្រង់ ១០ ឯសេដេគា ជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ព្រះករុណានឹងជល់ពួកស៊ីរី ដោយស្នែងនេះ ដរាបដល់គេវិនាសសូន្យទៅ ១១ ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡាតហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
ហោរាមីកាយ៉ាប្រកាសប្រាប់ពីបរាជ័យ
១២ រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថាមើល ពួកហោរាទាំងអស់សុទ្ធតែទាយល្អ ដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះ ដោយពោលតែសេចក្តីល្អដែរ ១៣ តែមីកាយ៉ាឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់ថា សេចក្តីណាដែលព្រះនៃខ្ញុំទ្រង់មានព្រះបន្ទូលមក នោះខ្ញុំនឹងបញ្ចេញតាមសេចក្តីនោះឯង ១៤ រួចកាលបានចូលទៅគាល់ស្តេចហើយ នោះទ្រង់មានព្រះបន្ទូលសួរថា មីកាយ៉ាអើយ តើត្រូវឲ្យយើងទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គាត់ទូលឡកថា សូមយាងទៅ ហើយមានជ័យជំនះចុះ ដ្បិតព្រះនឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ ១៥ រួចស្តេចទ្រង់មានព្រះបន្ទូលថា អញបានស្តីឯងប៉ុន្មានដងហើយ ឲ្យបាននិយាយតែសេចក្តីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា ១៦ គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលខ្ចាត់ខ្ចាយទៅ នៅលើភ្នំ ប្រៀបដូចជាហ្វូងចៀម ដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅឯផ្ទះរៀងខ្លួនវិញ ដោយសេចក្តីសុខចុះ ១៧ ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា តើទូលបង្គំមិនបានទូលដល់ទ្រង់ទេឬអីថា វាមិនដែលទាយល្អពីទូលបង្គំឡើយ គឺទាយតែអាក្រក់ម្យ៉ាងប៉ុណ្ណោះ ១៨ នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គទាំងខាងស្តាំ និងខាងឆ្វេងផង ១៩ ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអ្នកណានឹងចង់ទៅ បបួលឲ្យអ័ហាប់ ជាស្តេចអ៊ីស្រាអែល ឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ ២០ រួចមានវិញ្ញាណ១ចេញមក ឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា ចុះឯងនឹងធ្វើយ៉ាងណាទៅ ២១ វិញ្ញាណនោះទូលថា ទូលបង្គំនឹងទៅធ្វើជាវិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសំរេចបាន ២២ ដូច្នេះ មើលឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូល សំដែងពីសេចក្តីអន្តរាយ ដែលនឹងកើតដល់ព្រះករុណា។
២៣ លំដាប់នោះ សេដេគា ជាកូនក្នាណា ក៏ចូលទៅទះកំផ្លៀងមីកាយ៉ា សួរថា ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានចេញពីអញ ទៅមានព្រះបន្ទូលនឹងឯងតាមផ្លូវណា ២៤ នោះមីកាយ៉ាឆ្លើយថា ចាំមើល នៅថ្ងៃនោះ ឯងនឹងបានឃើញច្បាស់ ក្នុងកាលដែលឯងរត់ទៅ ពួននៅក្នុងបន្ទប់ខាងក្នុង ២៥ ស្តេចអ៊ីស្រាអែលទ្រង់បង្គាប់ថា ចូរនាំយកមីកាយ៉ាទៅឯអាំម៉ូន ជាចៅហ្វាយទីក្រុង និងយ៉ូអាស ជាព្រះរាជបុត្រាវិញទៅ ២៦ ហើយប្រាប់គេថា ស្តេចទ្រង់បង្គាប់ដូច្នេះ គឺឲ្យដាក់មនុស្សនេះនៅក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ទាល់តែដល់វេលាអញមកវិញ ដោយសុខសាន្ត ២៧ មីកាយ៉ាទូលថា បើសិនណាជាទ្រង់ដែលយាងមកវិញដោយសុខសាន្តពិត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលដោយសារទូលបង្គំទេ រួចគាត់ថែមពាក្យនេះថា ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ។
ស្តេចអ័ហាប់សោយទិវង្គតក្នុងសមរភូមិ
២៨ ដូច្នេះ ស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត ២៩ ឯស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យព្រះករុណាទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ ៣០ រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចំបាំងទ្រង់ថា កុំឲ្យតនឹងអ្នកណា ទោះតូចឬធំក្តីចូរតតែនឹងស្តេចអ៊ីស្រាអែល១ប៉ុណ្ណោះ ៣១ ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញយ៉ូសាផាត គេក៏នឹកថា នេះជាស្តេចអ៊ីស្រាអែលហើយ គេក៏បែរទៅបំរុងតនឹងទ្រង់ តែយ៉ូសាផាតទ្រង់ស្រែកឡើង ហើយព្រះយេហូវ៉ាក៏ប្រោសជួយ បណ្តាលឲ្យគេថយចេញពីទ្រង់ទៅ ៣២ កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ ៣៣ តែមានមនុស្សម្នាក់យឹតធ្នូបាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះនៃទ្រង់ ដូច្នេះ ទ្រង់មានព្រះបន្ទូលបង្គាប់ ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថនាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់ ៣៤ នៅថ្ងៃនោះ ចំបាំងក៏កាន់តែខ្លាំងឡើង ប៉ុន្តែស្តេចអ៊ីស្រាអែលទ្រង់ផ្អែកអង្គ នៅក្នុងព្រះរាជរថទ្រង់ តស៊ូនឹងពួកស៊ីរី ដរាបដល់ល្ងាច លុះដល់ពេលប្រហែលជាថ្ងៃលិច នោះទ្រង់ក៏សុគតទៅ។