១៩
ស្តេច​យ៉ូសាផាត​តែងតាំង​ចៅក្រម​នៅ​ស្រុក​យូដា
១ រីឯ​យ៉ូសាផាត ជា​ស្តេច​យូដា ទ្រង់​វិល​ទៅ​ឯ​ដំណាក់ នៅ​ក្រុង​យេរូសាឡិម​វិញ ដោយ​សុខសាន្ត ២ ខណៈ​នោះ យេហ៊ូវ កូន​ហាណានី ជា​អ្នក​មើលឆុត ក៏​ចេញ​ទៅ​ទទួល​ទ្រង់​ទូល​ថា តើ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ទៅ​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​ដល់​ពួក​អ្នក ដែល​ស្អប់​ព្រះយេហូវ៉ា​ឬ​អី ដោយ​ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​សេចក្តី​ក្រេវក្រោធ​ចេញ​ពី​ចំពោះ​ព្រះយេហូវ៉ា មក​លើ​ទ្រង់​ហើយ ៣ ប៉ុន្តែ​ឃើញ​មាន​សេចក្តី​ល្អ​ខ្លះ នៅ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​បំបាត់​រូប​ព្រះ​ទាំង​ប៉ុន្មាន ចេញ​ពី​ស្រុក​ទៅ ហើយ​បាន​តាំង​ព្រះទ័យ​ស្វែង​រក​ព្រះ​ពិត​វិញ។
៤ យ៉ូសាផាត​ទ្រង់​គង់​នៅ​ក្រុង​យេរូសាឡិម ហើយ​ទ្រង់​យាង​ចេញ​ទៅ​កណ្តាល​អស់​ទាំង​ពួក​ជន​ម្តង​ទៀត គឺ​ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ស្រុក​ភ្នំ​អេប្រាអិម​នាំ​គេ​វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​វិញ ៥ ទ្រង់​ក៏​តាំង​ឲ្យ​មាន​ចៅក្រម នៅ​ក្នុង​ស្រុក គឺ​ក្នុង​គ្រប់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ៦ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ចៅក្រម​ទាំង​នោះ​ថា ចូរ​ពិចារណា​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជំនុំជំរះ​ឲ្យ​គាប់​ចិត្ត​ដល់​មនុស្ស​ទេ គឺ​ឲ្យ​ព្រះយេហូវ៉ា​បាន​ពេញ​ព្រះហឫទ័យ​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​ការ​ជំនុំជំរះ​នោះ​ដែរ ៧ ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​កោតខ្លាច ដល់​ព្រះយេហូវ៉ា​ចុះ ចូរ​ប្រយ័ត្ន ហើយ​សំរេច​ការ​នោះ​ទៅ ដ្បិត​គ្មាន​សេចក្តី​ទុច្ចរិត​ណា នៅ​នឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ក៏​គ្មាន​សេចក្តី​លំអៀង​ទៅ​ខាង​អ្នក​ណា​ឬ​ស៊ី​សំណូក​ផង។
៨ មួយ​ទៀត យ៉ូសាផាត​ទ្រង់​តាំង​ឲ្យ​មាន​ពួក​លេវី ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សានុវង្ស នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ក្រុង​យេរូសាឡិម សំរាប់​ការ​វិនិច្ឆ័យ​នៃ​ព្រះយេហូវ៉ា និង​ការ​កាត់​រឿង​ក្តី រួច​គេ​ត្រឡប់​មក​នៅ​ក្រុង​យេរូសាឡិម​វិញ ៩ ទ្រង់​ក៏​បង្គាប់​គេ​ថា គឺ​យ៉ាង​នោះ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សំរេច​ការងារ ដោយ​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​យ៉ាង​ទៀង​ទាត់ ហើយ​ដោយ​ចិត្ត​ស្មោះត្រង់ ១០ បើ​កាល​ណា​មាន​ដំណើរ​ក្តី រើ​មក​ដល់​អ្នក​រាល់​គ្នា អំពី​ពួក​បង​ប្អូន ដែល​នៅ​អស់​ទាំង​ទី​ក្រុង​គេ ជា​រឿង​ក្តី​ពី​ការ​កាប់​សំឡាប់​គ្នា ឬ​ការ​រំលង​ច្បាប់ ក្រឹត្យក្រម និង​បញ្ញត្ត ឬ​សេចក្តី​វិនិច្ឆ័យ​ណា​មួយ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាមប្រាប់​គេ ដើម្បី​កុំ​ឲ្យ​គេ​មាន​ទោស នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​ដោយសារ​ទោស​នោះ នឹង​មាន​សេចក្តី​ក្រោធ​មក​លើ​អ្នក​រាល់​គ្នា និង​ពួក​បង​ប្អូន​ផង​នោះ​ឡើយ ចូរ​សំរេច​ការ​នេះ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​គ្មាន​ទោស​ទេ ១១ ហើយ​មើល អ័ម៉ារា ជា​សំដេច​សង្ឃ លោក​ត្រួត​លើ​អ្នក​រាល់​គ្នា​ក្នុង​អស់​ទាំង​កិច្ចការ​ខាង​ឯ​ព្រះយេហូវ៉ា ហើយ​សេបាឌា​ជា​កូន​អ៊ីសម៉ាអែល លោក​ជា​ចៅហ្វាយ​លើ​ពូជ​អំបូរ​យូដា​ក្នុង​គ្រប់​ទាំង​ការ​ខាង​ឯ​ស្តេច ហើយ​ពួក​លេវី​ក៏​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទុក​ជា​អាជ្ញា ចូរ​ធ្វើ​ការ​ដោយ​ចិត្ត​ក្លាហាន​ចុះ​សូម​ឲ្យ​ព្រះយេហូវ៉ា​គង់​នៅ​ខាង​ណា​ដែល​ត្រឹមត្រូវ​ផង។