៣៦
ស្តេចយ៉ូអាហាសសោយរាជ្យនៅស្រុកយូដា
១ រួចពួកអ្នកស្រុក ក៏លើកយ៉ូអាហាស ជាព្រះរាជបុត្រាយ៉ូសៀស តាំងឡើងជាស្តេចជំនួសព្រះបិតា នៅក្រុងយេរូសាឡិម ២ កាលយ៉ូអាហាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៣ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ ៣ រួចនេកោ ជាស្តេចអេស៊ីព្ទ ក៏ទំលាក់ទ្រង់ចុះពីរាជ្យ នៅក្រុងយេរូសាឡិម ហើយពិន័យលក់ស្រុកនោះ ឲ្យបង់ប្រាក់១០០ហាប និងមាស១ហាប ៤ ហើយស្តេចអេស៊ីព្ទទ្រង់លើកអេលាគីម ជាជេដ្ឋាយ៉ូអាហាសឡើង ជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡិម ក៏ផ្លាស់ព្រះនាមទ្រង់ទៅជា យេហូយ៉ាគីមវិញ រួចនេកោទ្រង់នាំយកយ៉ូអាហាស ជាកនិដ្ឋា ទៅឯស្រុកអេស៊ីព្ទទៅ។
ស្តេចយេហូយ៉ាគីមសោយរាជ្យនៅស្រុកយូដា
៥ លុះកាលយេហូយ៉ាគីម ចាប់តាំងសោយរាជ្យ ឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ៦ ហើយនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានឡើងមកទាស់នឹងទ្រង់ចាប់ដាក់ច្រវាក់ នាំទៅឯស្រុកបាប៊ីឡូន ៧ នេប៊ូក្នេសាក៏យកគ្រឿងប្រដាប់ខ្លះនៃព្រះវិហារព្រះយេហូវ៉ា ទៅឯក្រុងបាប៊ីឡូន ដាក់ក្នុងព្រះរាជដំណាក់របស់ទ្រង់ ៨ រីឯដំណើរឯទៀត ពីយេហូយ៉ាគីម និងការគួរស្អប់ខ្ពើមទាំងប៉ុន្មានដែលទ្រង់បានប្រព្រឹត្ត ហើយទោសទាំងប៉ុន្មាន ដែលឃើញមាន នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ រួចយ៉ូយ៉ាគីន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
ស្តេចយ៉ូយ៉ាគីនសោយរាជ្យលើស្រុកយូដា
៩ កាលយ៉ូយ៉ាគីនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ១០ថ្ងៃ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ១០ ដល់ចូលឆ្នាំថ្មី នោះស្តេចនេប៊ូក្នេសាចាត់គេ ឲ្យទៅនាំទ្រង់មកឯក្រុងបាប៊ីឡូន ហើយក៏យកគ្រឿងប្រដាប់យ៉ាងល្អទាំងប៉ុន្មាននៃព្រះវិហារនៃព្រះយេហូវ៉ាមកផង រួចលើកសេដេគា ជាបិតុលាទ្រង់ឡើងជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡិមវិញ។
ស្តេចយ៉ូយ៉ាគីនសោយរាជ្យលើស្រុកយូដា
១១ កាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ១២ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ឥតបន្ទាបព្រះទ័យនៅមុខហោរាយេរេមា ដែលលោកពោលសេចក្តីដែលមកពីព្រះឱស្ឋព្រះយេហូវ៉ាឡើយ ១៣ ទ្រង់ក៏បះបោរចំពោះស្តេចនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថដោយនូវព្រះ តែសេដេគាបានធ្វើករឹង ហើយតាំងព្រះទ័យរឹងរបឹង មិនព្រមបែរមកឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ ១៤ មួយទៀត អស់ទាំងមេនៃពួកសង្ឃ និងពួកបណ្តាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហារនៃព្រះយេហូវ៉ា ដែលទ្រង់បានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម ១៥ ព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ ទ្រង់បានចាត់ទូតទ្រង់ឲ្យទៅឯគេ ទាំងក្រោកពីព្រលឹមនឹងចាត់គេផង ដ្បិតទ្រង់មានព្រះហឫទ័យអាណិតមេត្តាដល់រាស្ត្រទ្រង់ ហើយដល់ទីលំនៅទ្រង់ ១៦ តែគេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលទ្រង់ ព្រមទាំងឡកឡឺយឲ្យពួកហោរាទ្រង់វិញ ដរាបដល់សេចក្តីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេទាល់តែរកកែខៃមិនបានឡើយ។
១៧ ហេតុនោះ ព្រះទ្រង់នាំស្តេចពួកខាល់ដេមកលើគេស្តេចនោះបានសំឡាប់ពួកកំឡោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណាដល់ ទោះទាំងកំឡោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ទ្រង់បានប្រគល់គេទាំងអស់ ទៅក្នុងកណ្តាប់ព្រះហស្តនៃស្តេចនោះ ១៨ ឯអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះ ទាំងធំទាំងតូច និងរបស់ថ្លៃវិសេសទាំងប៉ុន្មាន ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងព្រះរាជទ្រព្យនៃស្តេច នឹងទ្រព្យរបស់ពួកអ្នកជាប្រធានរបស់ទ្រង់ នោះក៏នាំយកទៅឯក្រុងបាប៊ីឡូនទាំងអស់ ១៩ គេដុតព្រះវិហារនៃព្រះបង់ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានដំឡៃ នៅក្នុងដំណាក់ទាំងនោះដែរ ២០ ឯអស់អ្នកដែលបានរួចពីដាវ នោះទ្រង់ដឹកនាំទៅឯស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបំរើទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង ២១ ដើម្បីឲ្យបានសំរេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា ទាល់តែស្រុកនោះបានគំរប់ពេលដែលត្រូវឈប់សំរាកឲ្យបានគ្រប់៧០ឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សំរាកទៅ។
ព្រះចៅស៊ីរូសអនុញ្ញាតឲ្យសង់ព្រះវិហារឡើងវិញ
២២ រីឯនៅឆ្នាំដំបូងក្នុងរាជ្យស៊ីរូស ជាស្តេចស្រុកពើស៊ីនោះព្រះយេហូវ៉ាទ្រង់បានបណ្តាលព្រះទ័យទ្រង់ឡើង ដើម្បីឲ្យស្តេចបានធ្វើសំរេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា គឺឲ្យទ្រង់បានចេញប្រកាសដល់អាណាខែត្ររបស់ទ្រង់ ហើយឲ្យសេចក្តីនោះបានកត់ទុកផងថា ២៣ ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានព្រះរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដី មកយើងហើយ ទ្រង់បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ដូច្នេះ នៅក្នុងពួកប្រជាជនទាំងឡាយ បើមានអ្នកណាជារបស់ផងព្រះយេហូវ៉ា នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅចុះ។:៚