អែសរ៉ា
មាតុភូមិនិវត្តន៍ក្រោមការដឹកនាំរបស់សូរ៉ូបាបិល
១
ស្តេចស៊ីរូសអនុញ្ញាតឲ្យសង់ព្រះវិហារឡើងវិញ
១ នៅឆ្នាំទី១ ក្នុងរាជ្យស៊ីរូស ស្តេចពើស៊ី នោះព្រះយេហូវ៉ាទ្រង់បណ្តាលព្រះទ័យស៊ីរូស ជាស្តេចពើស៊ី ឲ្យទ្រង់បានចេញព្រះរាជឱង្ការ ផ្សាយទៅគ្រប់ក្នុងនគរទ្រង់ ដើម្បីឲ្យបានសំរេចតាមសេចក្តី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ក៏បានកត់សេចក្តីនោះទុកថា ២ ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានព្រះបន្ទូល ដូច្នេះ ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ៣ ដូច្នេះ នៅក្នុងបណ្តាជនទាំងឡាយ បើមានអ្នកណាជារបស់ផងទ្រង់ នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡិមដែលនៅស្រុកយូដា ដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ គឺជាព្រះដែលគង់នៅក្រុងយេរូសាឡិមនោះ ៤ ឯអស់អ្នកដែលសល់នៅពីសាសន៍នេះ ទោះបើនៅកន្លែងណាក៏ដោយ នោះត្រូវឲ្យពួកមនុស្សនៅទីនោះជួយដល់គេ ជាប្រាក់ ជាមាស ជារបស់មានដំឡៃ ព្រមទាំងសត្វ ក្រៅពីដង្វាយស្ម័គ្រពីចិត្ត ដែលសំរាប់ព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមផង។
៥ ដូច្នេះ ពួកអ្នកដែលជាកំពូលលើវង្សានុវង្សរបស់ពួកយូដា និងពួកបេនយ៉ាមីន ហើយពួកសង្ឃ និងពួកលេវី គឺអស់អ្នកដែលព្រះបានបណ្តាលចិត្ត ឲ្យឡើងទៅស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមនោះ គេក៏រៀបចំឡើង ៦ ហើយអស់អ្នកដែលនៅជុំវិញគេទាំងប៉ុន្មាន ក៏ជួយផ្គត់ផ្គង់ដោយគ្រឿងប្រាក់ គ្រឿងមាស និងវត្ថុឯទៀត ព្រមទាំងសត្វ និងរបស់មានដំឡៃផ្សេងៗ ក្រៅពីដង្វាយទាំងប៉ុន្មាន ដែលបានថ្វាយស្ម័គ្រពីចិត្ត ៧ ឯស្តេចស៊ីរូស ទ្រង់ក៏បញ្ចេញគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសាបាននាំយកពីក្រុងយេរូសាឡិម មកដាក់ទុកនៅកន្លែងសំរាប់ព្រះនៃទ្រង់ ក្នុងព្រះរាជដំណាក់ ៨ គឺស៊ីរូស ជាស្តេចពើស៊ី ទ្រង់បានបង្គាប់ឲ្យមីត្រាដាត ជាមេព្រះឃ្លាំង យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ដល់សេសបាសារ ជាចៅហ្វាយនៃពួកយូដា ៩ ឯចំនួននៃរបស់ទាំងនោះ គឺជាថាសមាស៣០ ថាសប្រាក់១ពាន់ កាំបិត២៩ ១០ ពែងមាស៣០ ពែងប្រាក់ថ្នាក់ទី២មាន៤១០ និងគ្រឿងប្រដាប់ឯទៀតៗមួយពាន់ ១១ រួមគ្រឿងប្រដាប់ទាំងមាសប្រាក់ទាំងអស់ មានចំនួន៥ពាន់៤០០ ហើយសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក ក្នុងកាលដែលនាំពួកឈ្លើយ ត្រឡប់ពីក្រុងបាប៊ីឡូនឡើងមកឯក្រុងយេរូសាឡិមវិញ។