១២
ប៉ុលនិមិត្តឃើញការអស្ចារ្យ
១ ប្រាកដជាគ្មានប្រយោជន៍ឲ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែខ្ញុំនឹងនិយាយពីការជាក់ស្តែង និងការបើកសំដែងមកពីព្រះអម្ចាស់ទៀត ២ ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលបានលើកឡើងទៅស្ថានសួគ៌ នៅជាន់ទី៣ នោះប្រហែល១៤ឆ្នាំមកហើយ ទោះបើក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះដែលទ្រង់ជ្រាប ៣ ខ្ញុំស្គាល់មនុស្សនោះ (ទោះបើក្នុងរូបកាយ ឬក្រៅពីរូបកាយក្តី ខ្ញុំមិនដឹងទេ មានតែព្រះដែលទ្រង់ជ្រាប) ថា ៤ អ្នកនោះបានលើកឡើងដល់ស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ ៥ ខ្ញុំនឹងមានសេចក្តីអំនួតពីមនុស្សនោះ ខ្ញុំមិនអួតពីខ្លួនខ្ញុំទេ លើកតែពីសេចក្តីកំសោយរបស់ខ្ញុំចេញ ៦ ទោះបើខ្ញុំចង់អួតខ្លួន នោះគង់តែខ្ញុំមិនមែនខ្លៅល្ងង់ទេ ដ្បិតខ្ញុំនិយាយតាមតែសេចក្តីពិត ប៉ុន្តែ ខ្ញុំឈប់ស្លេះចុះ ក្រែងអ្នកណារាប់ខ្ញុំ ទុកជាលើសជាងភាពដែលឃើញ ឬឮនិយាយពីខ្ញុំ។
៧ ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយ ៨ ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្តីនោះថយចេញពីខ្ញុំទៅ ៩ តែទ្រង់មានព្រះបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ ១០ ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្តីកំសោយ ក្នុងកាលដែលគេត្មះតិះដៀល ក្នុងសេចក្តីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្តីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ។
ប៉ុលខ្វល់ខ្វាយអំពីក្រុមគ្រីស្ទបរិស័ទនៅក្រុងកូរិនថូស
១១ ខ្ញុំបានត្រឡប់ជាល្ងង់ខ្លៅ ដោយសេចក្តីអំនួត គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតគួរឲ្យអ្នករាល់គ្នាបានផ្ទុកផ្តាក់ខ្ញុំវិញ ទោះបើខ្ញុំមិនមែនជាអ្វីក៏ដោយ គង់តែខ្ញុំមិនចាញ់ពួកសាវ័កធំណាមួយនោះទេ ១២ ពិតមែន មានភស្តុតាងបានកើតឡើងក្នុងពួកអ្នករាល់គ្នា ដើម្បីនឹងបញ្ជាក់ការងារជាសាវ័ករបស់ខ្ញុំ ដោយការអត់ធន់ ដោយទីសំគាល់ ការអស្ចារ្យ និងការឬទ្ធិបារមីគ្រប់យ៉ាង ១៣ តើអ្នករាល់គ្នាបានចាញ់ពួកជំនុំឯទៀតទាំងប៉ុន្មានយ៉ាងណាខ្លះ លើកចេញតែការដែលខ្ញុំមិនឲ្យអ្នកណាព្រួយនឹងខ្ញុំ សូមអត់ទោសសេចក្តីកំហុសនេះឲ្យខ្ញុំផង។
១៤ មើល ខ្ញុំរៀបនឹងមកឯអ្នករាល់គ្នា ជាគំរប់៣លើកនេះហើយ ខ្ញុំក៏មិនឲ្យអ្នកណាព្រួយនឹងខ្ញុំទៀត ដ្បិតខ្ញុំមិនរកចង់បានរបស់ទ្រព្យអ្នករាល់គ្នាទេ គឺរកតែខ្លួនអ្នករាល់គ្នាប៉ុណ្ណោះ ដ្បិតមិនគួរឲ្យកូនចៅត្រូវប្រមូលទុកឲ្យឪពុកម្តាយទេ គឺឪពុកម្តាយទេតើ ដែលត្រូវប្រមូលទុកឲ្យកូនវិញ ១៥ ឯខ្ញុំៗ សុខចិត្តនឹងចែកចាយ ហើយនិងត្រូវហិនអស់រលីងទៅចុះ ដោយព្រោះព្រលឹងរបស់អ្នករាល់គ្នា ថ្វីបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើងប៉ុណ្ណា នោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ក៏កាន់តែថយចុះប៉ុណ្ណោះដែរ ១៦ ទោះបើដូច្នោះក៏ដោយ គង់តែខ្ញុំមិនបានឲ្យអ្នកណាមួយព្រួយនឹងខ្ញុំឡើយ តែដោយខ្ញុំឆ្លាត បានជាខ្ញុំចាប់អ្នករាល់គ្នា ដោយឧបាយកល ១៧ តើខ្ញុំបានចំណេញពីអ្នករាល់គ្នា ដោយសារអ្នកណាដែលខ្ញុំចាត់មកឬអី ១៨ ខ្ញុំបានអង្វរអ្នកទីតុសឲ្យមក ហើយបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយដែរ តើទីតុសបានចំណេញពីអ្នករាល់គ្នាឬអី តើយើងទាំង២នាក់មិនបានដើរដោយគំនិតតែ១ ហើយតាមដានជើងដដែលទេឬអី។
១៩ មួយទៀត តើអ្នករាល់គ្នាគិតស្មានថា យើងខ្ញុំកំពុងតែដោះសានឹងអ្នករាល់គ្នាឬអី ឱពួកស្ងួនភ្ងាអើយ យើងខ្ញុំនិយាយក្នុងព្រះគ្រីស្ទនៅចំពោះព្រះ ហើយយើងខ្ញុំនិយាយគ្រប់ទាំងអស់នេះ សំរាប់នឹងស្អាងចិត្តអ្នករាល់គ្នាឡើងទេ ២០ ដ្បិតខ្ញុំខ្លាចក្រែងកាលណាខ្ញុំមកដល់ នោះមិនឃើញអ្នករាល់គ្នា ដូចជាខ្ញុំចូលចិត្តនោះទេ ហើយអ្នករាល់គ្នាក៏មិនឃើញខ្ញុំ ដូចជាអ្នករាល់គ្នាចូលចិត្តដែរ ក្រែងកើតមានសេចក្តីឈ្លោះប្រកែក ឈ្នានីស គ្នាន់ក្នាញ់ បាក់បែក បរិហារ បង្កាច់ ឆ្មើងឆ្មៃ ហើយវឹកវរឡើង ២១ ក្រែងកាលណាខ្ញុំមកម្តងទៀត នោះព្រះនៃខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំនឹងត្រូវយំនឹងមនុស្សជាច្រើន ដែលធ្វើបាបពីមុន តែមិនបានប្រែចិត្តចេញ ពីសេចក្តីស្មោកគ្រោក សេចក្តីកំផិត និងសេចក្តីអាសអាភាស ដែលគេបានប្រព្រឹត្តនោះឡើយ។