១៣
ការ​រំលឹក​ដាស់តឿន និង​ការ​សួរ​សុខ​ទុក្ខ​របស់​ប៉ុល
១ នេះ​ជា​គំរប់​៣​ដង​ហើយ ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា គ្រប់​ការ​ទាំង​អស់​នឹង​បាន​សំរេច ដោយ​នូវ​មាត់​ស្មរ​បន្ទាល់​២ឬ៣​នាក់ ២ ខ្ញុំ​បាន​ប្រាប់​កាល​ពី​ដើម ហើយ​ឥឡូវ​នេះ​ក៏​និយាយ​ទុក​ជា​មុន ទុក​ដូច​ជា​កាល​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​លើក​ទី​២​នោះ​នៅ​ឡើយ ហើយ​សព្វ​ថ្ងៃ​នេះ​ដែល​នៅ​ឃ្លាត​គ្នា ខ្ញុំ​សរសេរ​មក​ពួក​អ្នក​នោះ​ដែល​ធ្វើ​បាប​ពី​មុន ហើយ​ទៅ​អ្នក​ឯ​ទៀត​ទាំង​អស់​ដែរ​ថា បើ​ខ្ញុំ​មក​ម្តង​ទៀត នោះ​ខ្ញុំ​មិន​ត្រាប្រណី​ទេ ៣ ដ្បិត​អ្នក​រាល់​គ្នា​រក​ភស្តុតាង​ពី​ព្រះគ្រីស្ទ ដែល​ទ្រង់​មាន​ព្រះបន្ទូល​ដោយសារ​ខ្ញុំ (ដែល​ទ្រង់​មិន​ខ្សោយ​ចំពោះ​អ្នក​រាល់​គ្នា គឺ​មាន​ព្រះចេស្តា​ក្នុង​អ្នក​រាល់​វិញ ៤ ទោះ​បើ​ទ្រង់​ត្រូវ​គេ​ឆ្កាង ដោយ​សេចក្តី​កំសោយ​ក៏​ដោយ គង់​តែ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ដោយ​ព្រះចេស្តា​នៃ​ព្រះ​ដែរ ព្រោះ​យើង​ខ្ញុំ​ខ្សោយ​ក្នុង​ទ្រង់​មែន តែ​យើង​ខ្ញុំ​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ដោយសារ​ព្រះចេស្តា​នៃ​ព្រះ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា​វិញ)។
៥ ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា ព្រះយេស៊ូវគ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ ៦ តែ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ខ្ញុំ​មិន​ត្រូវ​កាត់​ចោល​ចេញ​ទេ ៧ ហើយ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រាប់​ជា​គួរ​ទេ គឺ​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្តី​ល្អ​តែ​ប៉ុណ្ណោះ ហើយ​ឲ្យ​យើង​ខ្ញុំ​ទុក​ដូច​ជា​ត្រូវ​កាត់​ចេញ​វិញ​ចុះ ៨ ដ្បិត​យើង​ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​អ្វី ទាស់​នឹង​សេចក្តី​ពិត​បាន​ទេ ធ្វើ​បាន​តែ​អ្វី​ដែល​សំរាប់​សេចក្តី​ពិត​វិញ ៩ ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្តី​អំណរ ក្នុង​កាល​ដែល​យើង​ខ្ញុំ​ខ្សោយ ហើយ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ឡើង តែ​យើង​ខ្ញុំ​អធិស្ឋាន​សូម​សេចក្តី​នេះ​ទៀត គឺ​ឲ្យ​ពួក​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ទាំង​អស់​គ្នា ១០ ហេតុ​នោះ​បាន​ជា​កាល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ ក្រែង​កាល​ណា​ខ្ញុំ​មក​នៅ​ជា​មួយ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹងរ៉ឹង តាម​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​នឹង​ផ្តួល​ទេ។
១១ ឯ​សេចក្តី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​មាន​សេចក្តី​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​មាន​ចិត្ត​ក្សេមក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​នៅ​ដោយ​មេត្រី​នឹង​គ្នា​ចុះ នោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ១២ សូម​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ថើប​យ៉ាង​បរិសុទ្ធ។
១៣ ពួក​បរិសុទ្ធ​គ្រប់​គ្នា​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។
១៤ សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​និង​សេចក្តី​រួបរួម​គ្នា​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ។ អាម៉ែន។:៚