ព្រះអម្ចាស់​លើក​ហោរា​អេលីយ៉ា​ទៅ​ស្ថាន​សួគ៌
១ ក្រោយ​មក ក្នុង​គ្រា​ដែល​ព្រះយេហូវ៉ា ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​លើក​អេលីយ៉ា ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់កួច នោះ​អេលីយ៉ា និង​អេលីសេ ក៏​ចេញ​ពី​ក្រុង​គីលកាល​ទៅ​ជា​មួយ​គ្នា ២ ឯ​អេលីយ៉ា លោក​ប្រាប់​ដល់​អេលីសេ​ថា ចូរ​ឯង​រង់ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​បាន​ចាត់​អញ ឲ្យ​ទៅ​ឯ​ក្រុង​បេត-អែល តែ​អេលីសេ​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះយេហូវ៉ា​ដ៏​មាន​ព្រះជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​រស់​នៅ​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ចុះ​ទៅ​ឯ​បេត-អែល ៣ រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល គេ​ចេញ​មក​សួរ​អេលីសេ​ថា តើ​លោក​ជ្រាប​ថា​នៅ​ថ្ងៃ​នេះ ព្រះយេហូវ៉ា​នឹង​លើក​គ្រូ​លោក ពី​មុខ​លោក​ចេញ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ ៤ អេលីយ៉ា​ក៏​ប្រាប់​គាត់​ថា អេលីសេ​អើយ សូម​រង់ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះយេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ក្រុង​យេរីខូរ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះយេហូវ៉ា ដ៏​មាន​ព្រះជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ទៅ​ដល់​យេរីខូរ ៥ រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​យេរីខូរ គេ​មក​សួរ​អេលីសេ​ថា តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះយេហូវ៉ា​នឹង​លើក​គ្រូ​លោក​ពី​មុខ​លោក​ទៅ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ ៦ រួច​អេលីយ៉ា​ប្រាប់​គាត់​ថា សូម​ឲ្យ​ឯង​រង់ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះយេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ទន្លេ​យ័រដាន់ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះយេហូវ៉ា ដ៏​មាន​ព្រះជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ដើរ​ត​ទៅ ៧ មាន​ពួក​សិស្ស​៥០​នាក់​នៃ​ពួក​ហោរា ក៏​តាម​ទៅ​ឈរ​មើល​ពី​ចំងាយ តែ​អ្នក​ទាំង​២​ក៏​ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់ ៨ ឯ​អេលីយ៉ា​លោក​យក​ក្រមា​របស់​លោក​បត់​វាយ​ទឹក នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ឲ្យ​លោក​ទាំង​២​បាន​ដើរ​ឆ្លង​ទៅ​នៅ​ដី​គោក ៩ កាល​បាន​ឆ្លង​ទៅ​ផុត​ហើយ នោះ​អេលីយ៉ា​ប្រាប់​អេលីសេ​ថា ចូរ​ឲ្យ​ឯង​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​អញ​ធ្វើ​សំរាប់​ឯង ក្នុង​ពេល​មុន​ដែល​ព្រះ​បាន​លើក​អញ​ឡើង​ពី​ឯង​ទៅ អេលីសេ​ឆ្លើយ​ថា សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ ដល់​ទៅ​២​ភាគ​ផង ១០ លោក​មាន​ប្រសាសន៍​ថា ឯង​បាន​សូម​សេចក្តី​យ៉ាង​ពិបាក ប៉ុន្តែ​បើ​ឯង​ឃើញ​អញ ក្នុង​កាល​ដែល​ព្រះ​លើក​អញ​ឡើង​ពី​ឯង​ទៅ នោះ​នឹង​បាន​ដូច​ប្រាថ្នា បើ​មិន​បាន​ឃើញ​វិញ នោះ​មិន​បាន​ទេ ១១ រួច​កំពុង​ដែល​អ្នក​ទាំង​២​ដើរ​ទៅ ហើយ​និយាយ​គ្នា​ទៀត នោះ​ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង នឹង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​អេលីយ៉ា​ក៏​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌ ដោយ​ខ្យល់កួច ១២ អេលីសេ​ក៏​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នុ៎ះន៏ ព្រះរាជរថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រាអែល​ហើយ រួច​លោក​មិន​បាន​ឃើញ​អេលីយ៉ា​ទៀត​ឡើយ នោះ​លោក​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​២​ផ្នែក ១៣ ក៏​រើស​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​ចុះ​មក វិល​ត្រឡប់​ទៅ​វិញ ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់ ១៤ ហើយ​ក៏​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​មក​ពី​លោក​នោះ ទៅ​វាយ​ទឹក ដោយ​ពាក្យ​ថា តើ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អេលីយ៉ា ទ្រង់​គង់​នៅ​ឯ​ណា កាល​បាន​វាយ​ទឹក​ហើយ នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​អេលីសេ​ឆ្លង​ផុត​ទៅ។
១៥ លុះ​កាល​ពួក​សិស្ស​របស់​ពួក​ហោរា ពី​ក្រុង​យេរីខូរ ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង បាន​ឃើញ​ហើយ នោះ​ក៏​ថា វិញ្ញាណ​របស់​អេលីយ៉ា បាន​សណ្ឋិត​លើ​អេលីសេ​ហើយ រួច​គេ​មក​ទទួល​លោក ក៏​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក ១៦ គេ​ជំរាប​លោក​ថា មើល មាន​មនុស្ស​ខ្លាំង​ពូកែ​៥០​នាក់ នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ ដូច្នេះ សូម​ឲ្យ​គេ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែង​ព្រះវិញ្ញាណ​នៃ​ព្រះយេហូវ៉ា​បាន​លើក​លោក​ឡើង ទៅ​បោះ​ចោល​លើ​ភ្នំ​ណា ឬ​ក្នុង​ច្រក​ណា​១ តែ​លោក​ប្រកែក​ថា កុំ​ឲ្យ​ប្រើ​គេ​ទៅ​ឡើយ ១៧ តែ​ដោយ​គេ​ចេះ​តែ​ទទូច​សូម ទាល់​តែ​លោក​បាន​ខ្មាស បាន​ជា​លោក​បណ្តោយ​ទៅ​ថា ចូរ​ឲ្យ​គេ​ទៅ​ចុះ ដូច្នេះ គេ​ក៏​ប្រើ​៥០​នាក់​នោះ​ឲ្យ​ទៅ ហើយ​គេ​រក​លោក​អស់​៣​ថ្ងៃ​ឥត​ឃើញ​សោះ ១៨ រួច​គេ​វិល​ត្រឡប់​មក​ឯ​អេលីសេ​វិញ ដែល​លោក​រង់ចាំ​នៅ​ក្រុង​យេរីខូរ ហើយ​លោក​មាន​ប្រសាសន៍​ថា តើ​ខ្ញុំ​មិន​បាន​ប្រាប់​ថា កុំ​ឲ្យ​ទៅ​ឡើយ​ទេ​ឬ​អី។
ហោរា​អេលីសេ​ធ្វើ​ឲ្យ​ប្រភព​ទឹក​នៅ​ក្រុង​យេរីខូរ​ល្អ​ឡើង​វិញ
១៩ រួច​មក ពួក​មនុស្ស​នៅ​ទី​ក្រុង​នោះ ក៏​និយាយ​នឹង​អេលីសេ​ថា សូម​ទាន​លោក​មើល កន្លែង​សង់​ទី​ក្រុង​នេះ​សប្បាយ ដូច​ជា​លោក​ម្ចាស់​ឃើញ​ហើយ ប៉ុន្តែ​ទឹក​មិន​ល្អ​ទេ ហើយ​ដី​ក៏​មិន​កើត​ផល​ផង ២០ ដូច្នេះ លោក​ប្រាប់​ថា ចូរ​យក​ក្អម​ថ្មី​១​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង គេ​ក៏​យក​មក ២១ រួច​លោក​ចេញ​ទៅ​ចាក់​អំបិល​នោះ ទៅ​ក្នុង​រន្ធ​ទឹក​ដោយ​ពាក្យ​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ អញ​បាន​កែ​ទឹក​នេះ ឲ្យ​បាន​ល្អ​ឡើង​វិញ​ហើយ ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​អ្វី​ស្លាប់​ឬ​ឥត​ផល ដោយ​ព្រោះ​ទឹក​នេះ​ទៀត​ឡើយ ២២ ដូច្នេះ ទឹក​នោះ​ក៏​បាន​ប្រែ​ជា​ល្អ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច​ជា​ពាក្យ​ដែល​អេលីសេ​បាន​ពោល។
ព្រះអម្ចាស់​ដាក់​ទោស​ដល់​ក្មេងៗ​ដែល​ប្រមាថ​ហោរា​អេលីសេ
២៣ លោក​ក៏​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ឯ​ក្រុង​បេត-អែល កាល​លោក​កំពុង​តែ​ឡើង​តាម​ផ្លូវ​ទៅ នោះ​មាន​ពួក​ក្មេង​ជំទង់​ប្រុសៗ ចេញ​ពី​ទី​ក្រុង​មក ពោល​មើលងាយ​ដល់​លោក​ថា អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ ២៤ លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្តាសា​ដល់​វា ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា​ស្រាប់​តែ​មាន​ខ្លាឃ្មុំ​ញី​២ ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​៤២​នាក់​ទៅ ២៥ លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​ឯ​ភ្នំ​កើមែល ហើយ​ពី​នោះ លោក​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។