៣
ស្តេចយ៉ូរ៉ាមសោយរាជ្យនៅស្រុកអ៊ីស្រាអែល សង្គ្រាមរវាងអ៊ីស្រាអែល និងម៉ូអាប់
១ រីឯយ៉ូរ៉ាម ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក្នុងឆ្នាំទី១២នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យបាន១២ឆ្នាំ ២ ទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដល់ព្រះបិតា និងព្រះមាតាទ្រង់ទេ ដ្បិតទ្រង់បានបំបាត់រូបព្រះបាល ដែលព្រះបិតាទ្រង់បានធ្វើចេញ ៣ ប៉ុន្តែទ្រង់នៅតែកាន់តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាតដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើតាមផងនៅឡើយ ទ្រង់មិនបានលះបង់អំពើបាបនោះទេ។
៤ រីឯមេសា ជាស្តេចសាសន៍ម៉ូអាប់ ទ្រង់ជាអ្នកមានហ្វូងចៀមច្រើន ហើយទ្រង់ក៏ឡើងសួយ ជារោមរបស់កូនចៀម១សែន និងរោមរបស់ចៀមឈ្មោល១សែន មកថ្វាយស្តេចអ៊ីស្រាអែល ៥ តែកាលអ័ហាប់ទ្រង់សុគតទៅ នោះស្តេចម៉ូអាប់បានបះបោរនឹងស្តេចអ៊ីស្រាអែល ៦ គ្រានោះ ស្តេចយ៉ូរ៉ាមក៏ចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេទៅ ៧ ទ្រង់ក៏ចាត់សារទៅឯយ៉ូសាផាត ជាស្តេចយូដាថា ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយនឹងទូលបង្គំឬទេ ទ្រង់មានព្រះបន្ទូលឆ្លើយថា ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ទ្រង់ដែរ ៨ ទ្រង់ក៏សួរថា តើត្រូវឲ្យយើងឡើងទៅតាមផ្លូវណា ស្តេចអ៊ីស្រាអែលឆ្លើយថា តាមផ្លូវកាត់ទីរហោស្ថានស្រុកអេដំម ៩ ដូច្នេះ ស្តេចអ៊ីស្រាអែល ព្រមទាំងស្តេចយូដា និងស្តេចអេដំមក៏នាំគ្នាចេញទៅ គេដើរផ្លូវវាងអស់៧ថ្ងៃ ឥតមានទឹកសំរាប់ពលទ័ព និងហ្វូងសត្វ ដែលតាមគេទៅនោះសោះ ១០ ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលថា ស្តាយណាស់ ព្រះយេហូវ៉ាទ្រង់បានហៅយើងខ្ញុំ ជាស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ូអាប់ហើយ ១១ តែយ៉ូសាផាតមានព្រះបន្ទូលសួរថា នៅទីនេះ តើគ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ឲ្យយើងបានសួរដល់ព្រះអង្គដោយសារអ្នកនោះទេឬអី នោះអ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលក៏ទូលឆ្លើយឡើងថា អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃអេលីយ៉ា លោកនៅទីនេះដែរ ១២ យ៉ូសាផាតក៏មានព្រះបន្ទូលថា ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅនឹងលោក ដូច្នេះ ស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ហើយស្តេចអេដំម ទាំង៣អង្គ ក៏យាងចុះទៅឯលោក។
១៣ ឯអេលីសេ ក៏ទូលដល់ស្តេចអ៊ីស្រាអែលថា តើទ្រង់នឹងទូលបង្គំត្រូវការអ្វីនឹងគ្នា ចូរទៅឯពួកហោរារបស់ព្រះបិតា និងព្រះមាតាទ្រង់ចុះ តែស្តេចអ៊ីស្រាអែលមានព្រះបន្ទូលតបថា ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃ នៃពួកម៉ូអាប់ហើយ ១៤ រួចអេលីសេទូលថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា នៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យ៉ូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមទាំងក្រឡេកមើលទៅទ្រង់ ឬឃើញទ្រង់ទេ ១៥ តែឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឯទូលបង្គំ រួចកាលអ្នកនោះកំពុងតែលេងភ្លេង នោះព្រះហស្តនៃព្រះយេហូវ៉ា ក៏មកលើអេលីសេ ១៦ ហើយលោកទាយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរជីកប្រឡាយឲ្យពេញក្នុងច្រកភ្នំនេះទៅ ១៧ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងមិនឃើញខ្យល់បក់ ឬភ្លៀងធ្លាក់ឡើយ តែច្រកភ្នំនេះនឹងមានទឹកពេញ នោះឯងរាល់គ្នានឹងបានទឹកផឹក ព្រមទាំងហ្វូងសត្វ និងសត្វជំនិះរបស់ឯងរាល់គ្នាផង ១៨ ឯការនេះក៏ជាការយ៉ាងតូច នៅព្រះនេត្រព្រះយេហូវ៉ាទេ គឺព្រះទ្រង់នឹងប្រគល់សាសន៍ម៉ូអាប់មកក្នុងកណ្តាប់ព្រះហស្តនៃទ្រង់ទៀត ១៩ ត្រូវឲ្យវាយអស់ទាំងទីក្រុងមានកំផែង និងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ព្រមទាំងកាប់អស់ទាំងឈើល្អ និងខ្ទប់អស់ទាំងរន្ធទឹក ហើយយកដុំថ្មទៅ រាយបង្ខូចអស់ទាំងស្រែចំការល្អៗ ២០ លុះព្រឹកឡើង នៅពេលថ្វាយដង្វាយ ក៏មានទឹកហូរមកពីខាងស្រុកអេដំម នោះច្រកភ្នំក៏មានទឹកពេញ។
២១ រីឯពួកសាសន៍ម៉ូអាប់ កាលគេបានឮថា ស្តេចទាំងនោះបានឡើងមក ដើម្បីច្បាំងនឹងខ្លួន នោះក៏ប្រមូលគ្នា គឺអស់អ្នកណាដែលមានអាយុល្មម នឹងកាន់គ្រឿងសស្ត្រាវុធបាន រហូតឡើងទៅលើ រួចទៅដំរៀបគ្នានៅត្រង់ព្រំប្រទល់ ២២ ព្រឹកព្រហាមថ្ងៃនោះ ពួកម៉ូអាប់ក្រោកឡើងឃើញពន្លឺថ្ងៃចាំងមកពីលើទឹក ដែលនៅមុខគេនោះ មើលទៅក្រហមដូចជាឈាម ២៣ គេក៏និយាយគ្នាថា នោះគឺជាឈាមហើយ ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសំឡាប់គ្នានឹងគ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅរឹបជាន់ចាប់យករបឹបរបស់គេចុះ ២៤ ដូច្នេះ ក៏នាំគ្នាទៅដល់ទីបោះទ័ពនៃពួកអ៊ីស្រាអែល តែពួកអ៊ីស្រាអែលក្រោកឡើង ប្រហារពួកម៉ូអាប់ឲ្យគេរត់ទៅនៅមុខខ្លួន ពួកអ៊ីស្រាអែលក៏ចេះតែដេញតាម វាយពួកម៉ូអាប់ទៅ រហូតដល់ក្នុងស្រុកគេ ២៥ ក៏វាយរំលំអស់ទាំងទីក្រុង ហើយយកថ្មគ្រប់ៗគ្នា បោះទៅពេញក្នុងអស់ទាំងស្រែចំការល្អ ក៏ខ្ទប់រន្ឋទឹកទាំងប៉ុន្មាន ហើយកាប់អស់ទាំងដើមឈើដែលល្អដែរ មានតែក្រុងគារ-ហារ៉ាសែត ប៉ុណ្ណោះទេ ដែលគេបានទុកថ្មឲ្យនៅវិញ ប៉ុន្តែពួកបាញ់ក្រួស គេបានឡោមព័ទ្ធវាយទីក្រុងនោះ ២៦ កាលស្តេចម៉ូអាប់ឃើញថា ចំបាំងជាខ្លាំងទប់មិនបាន នោះទ្រង់រើសយកទាហាន៧០០នាក់ ដែលកាន់ដាវនាំទៅដោយប្រាថ្នានឹងទំលាយចូលទៅដល់ស្តេចអេដំម តែធ្វើមិនកើតទេ ២៧ រួចមកទ្រង់យកបុត្រាច្បង ដែលត្រូវសោយរាជ្យជំនួសទ្រង់ ទៅថ្វាយជាដង្វាយដុត នៅលើកំផែងក្រុង នោះក៏កើតមានសេចក្តីក្រេវក្រោធចំពោះពួកអ៊ីស្រាអែលជាខ្លាំង ហើយគ្រប់គ្នាថយចេញត្រឡប់ទៅស្រុកគេរៀងខ្លួនវិញ។