១០
រាជវង្សរបស់ស្តេចអ័ហាប់ត្រូវរលត់
១ ឯអ័ហាប់ទ្រង់មានព្រះរាជបុត្រា៧០អង្គ នៅក្រុងសាម៉ារី ហើយយេហ៊ូវក៏ធ្វើសំបុត្រផ្ញើទៅឯពួកអ្នកដែលជាកំពូល នៅយេសរាល ក្នុងក្រុងសាម៉ារី គឺជាពួកចាស់ទុំ និងពួកអ្នកបីបាច់រក្សាអស់ទាំងបុត្រានៃអ័ហាប់ថា ២ ឥឡូវនេះ ដែលអ្នករាល់គ្នាមានបុត្រាទាំងប៉ុន្មាន នៃចៅហ្វាយរបស់អ្នករាល់គ្នានៅជាមួយនោះ ក៏មានរទេះចំបាំង និងសេះ ហើយទាំងទីក្រុងដែលមានកំផែង និងគ្រឿងសស្ត្រាវុធផង ដូច្នេះ កាលណាសំបុត្រនេះបានមកដល់អ្នករាល់គ្នាហើយ ៣ នោះចូររើសយកអ្នកណាមួយដែលល្អ ហើយសំណំជាងគេក្នុងពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នា តាំងឡើងឲ្យសោយរាជ្យជំនួសបិតាចុះ រួចឲ្យតស៊ូការពារដំណាក់នៃចៅហ្វាយអ្នករាល់គ្នាទៅ ៤ តែអ្នកទាំងនោះមានសេចក្តីភ័យខ្លាចជាខ្លាំង ក៏និយាយថាមើល ស្តេច២អង្គនោះពុំអាចនឹងឈរ នៅមុខលោកបានទៅហើយ ចំណង់បើយើង ធ្វើដូចម្តេចឲ្យយើងឈរនៅបាន ៥ ដូច្នេះ ឧកញ៉ាវាំង និងចៅហ្វាយទីក្រុង ព្រមទាំងពួកចាស់ទុំ និងពួកអ្នកដែលបានបីបាច់រក្សាពួកបុត្រា ក៏ចាត់គេឲ្យទៅជំរាបយេហ៊ូវថា យើងខ្ញុំរាល់គ្នា ជាអ្នកបំរើរបស់លោក នឹងធ្វើតាមតែលោកបង្គាប់គ្រប់ជំពូក យើងខ្ញុំមិនព្រមតាំងអ្នកណាឲ្យធ្វើជាស្តេចទេ សូមលោកធ្វើតាមតែសេចក្តីដែលលោកគិតឃើញថាល្អចុះ ៦ រួចលោកក៏ធ្វើសំបុត្រទី២ផ្ញើទៅគេថា បើអ្នករាល់គ្នាកាន់ខាងខ្ញុំ ហើយចង់ស្តាប់តាមបង្គាប់ខ្ញុំមែន នោះចូរកាត់ក្បាលពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នាចុះ រួចដល់ថ្ងៃស្អែកពេលថ្មើរណេះ ត្រូវឲ្យអ្នករាល់គ្នាទៅឯខ្ញុំនៅត្រង់យេសរាល រីឯពួកបុត្រានៃស្តេចទាំង៧០អង្គ នោះសុទ្ធតែនៅជាមួយនឹងពួកអ្នកធំ ក្នុងទីក្រុងដែលបានបីបាច់រក្សា ៧ ដូច្នេះ កាលសំបុត្របានទៅដល់ហើយ គេក៏ចាប់ពួកបុត្រាស្តេចទាំង៧០អង្គសំឡាប់ទៅ ដាក់ព្រះសិរគ្រប់អង្គទៅក្នុងកញ្ឆេផ្ញើទៅឯលោក នៅត្រង់យេសរាល ៨ នោះមានម្នាក់នាំដំណឹងមកជំរាបលោកថា គេយកព្រះសិរនៃពួកបុត្រាស្តេចមកហើយ លោកបង្គាប់ថា ចូរដាក់ជា២គំនរ នៅត្រង់មាត់ទ្វារកំផែងរហូតដល់ព្រឹកទៅ ៩ លុះដល់ព្រឹកឡើងលោកក៏ចេញទៅឈរ មានប្រសាសន៍នឹងបណ្តាជនទាំងឡាយថា អ្នករាល់គ្នាសុចរិតទេ មើល គឺខ្ញុំហើយដែលបានបះបោរនឹងចៅហ្វាយរបស់ខ្ញុំ ព្រមទាំងសំឡាប់ផង តែអ្នកណាបានសំឡាប់អ្នកទាំងនេះ ១០ ដូច្នេះ សូមឲ្យដឹងថា ក្នុងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានទាយទាស់នឹងជំនួរវង្សអ័ហាប់ នោះនឹងគ្មានណា១ធ្លាក់ដល់ដីឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើតាមសេចក្តី ដែលទ្រង់បានមានព្រះបន្ទូល ដោយសារអេលីយ៉ា ជាអ្នកបំរើទ្រង់ហើយ ១១ ដូច្នេះ យេហ៊ូវបានប្រហារជីវិតនៃអស់អ្នកណាដែលសល់នៅ ក្នុងជំនួរវង្សរបស់អ័ហាប់ នៅត្រង់យេសរាល ព្រមទាំងពួកអ្នកធំ និងពួកមិត្រសំឡាញ់ស្និទ្ធស្នាល ហើយពួកសង្ឃរបស់ទ្រង់ផង ឥតទុកឲ្យមានអ្នកណាមួយសល់នៅខាងទ្រង់ឡើយ។
យេហ៊ូវប្រហារជីវិតរាជវង្សរបស់ស្តេចយូដា
១២ ក្រោយមក យេហ៊ូវក៏ក្រោកឡើងចេញទៅឯក្រុងសាម៉ារី កាលបានទៅដល់សាលា ដែលនៅតាមផ្លូវនោះ ជាទីដែលពួកគង្វាលចៀមធ្លាប់ប្រជុំគ្នា ១៣ នោះក៏ប្រទះនឹងពួកបងប្អូនរបស់អ័ហាស៊ីយ៉ា ជាស្តេចយូដា ហើយលោកសួរថា អ្នករាល់គ្នាតើជាអ្នកណា គេឆ្លើយតបថាយើងរាល់គ្នាជាបងប្អូននៃអ័ហាស៊ីយ៉ា យើងចុះទៅជំរាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី។
១៤ នោះលោកបង្គាប់ថា ចូរចាប់គេទាំងរស់ទៅ ពួកលោកក៏ចាប់អ្នកទាំងនោះទាំងរស់ នាំទៅសំឡាប់ទាំង៤២នាក់ នៅត្រង់អណ្តូងរបស់សាលានោះ ឥតទុកឲ្យសល់ដល់ម្នាក់ឡើយ។
យេហ៊ូវជួបនឹងយ៉ូណាដាប
១៥ កាលយេហ៊ូវបានចេញពីទីនោះទៅ នោះក៏ប្រទះនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ លោកក៏គំនាប់គាត់សួរថា តើចិត្តអ្នកស្មោះត្រង់ ដូចជាខ្ញុំដែលស្មោះត្រង់ចំពោះអ្នកឬទេ យ៉ូណាដាបឆ្លើយតបថាស្មោះត្រង់ពិត លោកក៏ថា បើដូច្នេះ ចូរហុចដៃមក អ្នកនោះក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរថជាមួយគ្នា ១៦ រួចលោកប្រាប់ថា សូមអ្នកទៅជាមួយនឹងខ្ញុំចុះ ដើម្បីមើលសេចក្តីឧស្សាហ៍របស់ខ្ញុំចំពោះព្រះយេហូវ៉ា ដូច្នេះ គេក៏ឲ្យគាត់ឡើងជិះក្នុងរថរបស់យេហ៊ូវ ១៧ កាលបានដល់ក្រុងសាម៉ារីហើយ នោះលោកក៏វាយសំឡាប់អស់អ្នក ដែលសល់នៅក្នុងជំនួរវង្សអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សនៃទ្រង់អស់រលីងទៅ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងអេលីយ៉ា។
យេហ៊ូវលុបបំបាត់ការថ្វាយបង្គំព្រះបាល
១៨ នៅគ្រានោះ យេហ៊ូវក៏ប្រមូលពួកបណ្តាជនទាំងអស់មកប្រាប់ថា អ័ហាប់បានគោរពដល់ព្រះបាលតែបន្តិចទេ តែយេហ៊ូវនឹងគោរពដល់ទ្រង់ជាច្រើនវិញ ១៩ ដូច្នេះ ចូរហៅពួកហោរារបស់ព្រះបាលទាំងអស់ មកឯយើងឥឡូវ ព្រមទាំងពួកអ្នកដែលថ្វាយបង្គំដល់ទ្រង់ និងអស់ពួកសង្ឃរបស់ទ្រង់ផង កុំឲ្យមានខ្វះអ្នកណាមួយឡើយ ដ្បិតយើងត្រូវថ្វាយយញ្ញបូជាយ៉ាងធំដល់ព្រះបាល បើអ្នកណាខានមក នោះនឹងត្រូវស្លាប់ តែយេហ៊ូវលោកប្រព្រឹត្តដោយឧបាយទេ ប្រយោជន៍ដើម្បីនឹងបំផ្លាញពួកអ្នក ដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់ចេញ ២០ យេហ៊ូវបង្គាប់ឲ្យគេញែកថ្ងៃ១ ទុកជាថ្ងៃបុណ្យមុតមាំថ្វាយព្រះបាល គេក៏ប្រកាសប្រាប់ទួទៅ ២១ យេហ៊ូវចាត់គេឲ្យទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល ដូច្នេះ ពួកអ្នកដែលថ្វាយបង្គំព្រះបាលក៏មកទាំងអស់គ្នា ឥតមានសល់ដល់ម្នាក់ឡើយ គេចូលទៅក្នុងព្រះវិហារនៃព្រះបាល ទាល់តែវិហារនោះបានពេញណែន តាំងតែពីចុងម្ខាងរហូតដល់ចុងម្ខាង ២២ នោះលោកបង្គាប់ដល់អ្នករក្សាអាវ ដែលសំរាប់ពាក់ថ្វាយបង្គំថា ចូរយកអាវមក ចែកឲ្យពួកអ្នកដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់គ្នាទៅ អ្នកនោះក៏ចែកឲ្យគ្រប់គ្នា ២៣ រួចយេហ៊ូវ និងយ៉ូណាដាប ជាកូនរេកាប ក៏ចូលទៅក្នុងវិហារព្រះបាលប្រាប់ដល់ពួកអ្នកដែលថ្វាយបង្គំថា ចូររកមើល កុំឲ្យមានអ្នកណាដែលថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅជាមួយនៅទីនេះឡើយ ឲ្យមានសុទ្ធតែពួកថ្វាយបង្គំព្រះបាលប៉ុណ្ណោះ ២៤ កាលយេហ៊ូវបានចូលទៅ ដើម្បី និងថ្វាយយញ្ញបូជា និងដង្វាយដុត នោះលោកបានតម្រូវឲ្យមនុស្ស៨០នាក់នៅជាខាងក្រៅ ដោយបង្គាប់ថា បើអ្នកណាក្នុងពួកអ្នកដែលខ្ញុំប្រគល់មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាបានរត់រួច នោះអ្នកដែលឲ្យគេរួចទៅ នឹងត្រូវស្លាប់ជំនួសអ្នកនោះវិញ។
២៥ កាលលោកបានថ្វាយដង្វាយដុតរួចហើយ នោះក៏បង្គាប់ដល់ពួកចាំយាម និងពួកមេទ័ពថា ចូរឲ្យចូលទៅសំឡាប់គេចុះ កុំឲ្យអ្នកណាមួយចេញរួចឡើយ ដូច្នេះ គេក៏ប្រហារជីវិតអ្នកទាំងនោះដោយមុខដាវ ឯពួកចាំយាម និងពួកមេទ័ព ក៏បោះខ្មោចចេញទៅក្រៅ រួចគេទៅក្នុងទីក្រុងនៃវិហារព្រះបាលនោះ ២៦ ក៏យកអស់ទាំងរូបព្រះចេញពីវិហារព្រះបាលមកដុតចោល ២៧ ហើយវាយបំបាក់រូបព្រះ ព្រមទាំងបំផ្លាញវិហារព្រះបាល ធ្វើឲ្យទៅជាកន្លែងបន្ទោលាមក ដរាបដល់សព្វថ្ងៃនេះ។
ស្តេចយេហ៊ូវសោយរាជ្យនៅស្រុកអ៊ីស្រាអែល
២៨ គឺយ៉ាងនោះដែលយេហ៊ូវបានបំបាត់ព្រះបាល ពីពួកអ៊ីស្រាអែលចេញ។
២៩ ប៉ុន្តែ ត្រង់ឯអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ គឺជាកូនគោមាសនៅក្រុងបេត-អែល និងនៅក្រុងដាន់ នោះយេហ៊ូវមិនបានលែងប្រព្រឹត្តតាមទេ ៣០ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកយេហ៊ូវថា ដោយព្រោះឯងបានប្រព្រឹត្តល្អ ដោយសំរេចសេចក្តីដែលត្រឹមត្រូវនៅភ្នែកអញ ហើយបានធ្វើដល់ជំនួរវង្សរបស់អ័ហាប់ តាមគ្រប់ទាំងគំនិតដែលនៅក្នុងចិត្តអញ នោះពួកកូនចៅឯងនឹងបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល រហូតដល់អស់៤ដំណ ៣១ តែយេហ៊ូវមិនបានប្រុងប្រយ័ត្ន នឹងដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ឲ្យអស់ពីចិត្តទេ គឺលោកមិនបានលែងប្រព្រឹត្ត តាមអំពើបាបរបស់យេរ៉ូបោម ដែលបាននាំឲ្យពួកអ៊ីស្រាអែល ធ្វើបាបតាមនោះទេ។
៣២ នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់ចាប់តាំងកាត់ដែនស្រុកចេញពីនគរអ៊ីស្រាអែល គឺហាសែលទ្រង់មកវាយសាសន៍អ៊ីស្រាអែល នៅអស់ទាំងព្រំដែនស្រុករបស់គេ ៣៣ ចាប់តាំងពីទន្លេយ័រដាន់ទៅខាងកើត គឺស្រុកកាឡាតទាំងអស់ ជាស្រុករបស់ពួកកាឌ់ ពួករូបេន និងពួកម៉ាន៉ាសេ ចាប់តាំងពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន ជាស្រុកកាឡាត និងស្រុកបាសានទាំងមូល ៣៤ រីឯដំណើរឯទៀតពីយេហ៊ូវ និងការទាំងប៉ុន្មានដែលលោកធ្វើ ហើយពីអំណាចរបស់លោកទាំងអស់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ ៣៥ យេហ៊ូវក៏ដេកលក់ទៅជាមួយនឹងពួកឰយុកោលោកទៅ ហើយគេបញ្ចុះលោកនៅក្រុងសាម៉ារី រួចយ៉ូអាហាស ជាបុត្រា ក៏សោយរាជ្យឡើងជំនួសលោក ៣៦ យេហ៊ូវបានសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្នុងក្រុងសាម៉ារីអស់២៨ឆ្នាំ។