១១
ព្រះនាងអ័ថាលាដណ្តើមអំណាចនៅក្រុងយេរូសាឡិម
១ រីឯអ័ថាលា ព្រះមាតានៃអ័ហាស៊ីយ៉ា កាលបានឃើញថា ព្រះរាជបុត្រាសុគតហើយដូច្នោះ នោះព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្សនៃស្តេចទាំងប៉ុន្មានទៅ ២ តែយ៉ូសេបា ជាបុត្រីស្តេចយ៉ូរ៉ាម ហើយជាកនិដ្ឋារបស់អ័ហាស៊ីយ៉ា នាងបានលួចយកយ៉ូអាស ជាបុត្រារបស់អ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្តេច ដែលត្រូវស្លាប់នោះ ព្រមទាំងមេនំផង ទៅលាក់ទុកក្នុងបន្ទប់ដេក ឲ្យរួចពីអ័ថាលា មិនឲ្យត្រូវស្លាប់ ៣ បុត្រនោះក៏នៅជាមួយនឹងនាង លាក់ទុកក្នុងព្រះវិហារនៃព្រះយេហូវ៉ាអស់៦ឆ្នាំ ឯព្រះនាងអ័ថាលា បានសោយរាជ្យលើនគរ។
ស្តេចយ៉ូអាសឡើងគ្រងរាជ្យ
៤ លុះដល់ឆ្នាំទី៧ នោះយេហូយ៉ាដាក៏ចាត់គេ ឲ្យទៅនាំពួកមេទ័ព ពួកនាយ និងពួកថ្មើរជើង មកឯលោកនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកក៏តាំងសញ្ញានឹងគេ ហើយឲ្យគេស្បថ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចបង្ហាញឲ្យគេឃើញបុត្រានៃស្តេចនោះ ៥ លោកបង្គាប់គេថា ត្រូវឲ្យអ្នករាល់គ្នាធ្វើយ៉ាងនេះ គឺពួកអ្នករាល់គ្នា១ភាគក្នុង៣ ដែលចូលវេននៅថ្ងៃឈប់សំរាក នោះត្រូវត្រួតលើការចាំយាម រក្សានៅមន្ទីររបស់ស្តេច ៦ ត្រូវឲ្យ១ភាគក្នុង៣ទៀត នៅត្រង់មាត់ទ្វារស៊ើរ ហើយ១ភាគក្នុង៣ទៀត នៅត្រង់ទ្វារខាងក្រោយទីនៃពួកចាំយាម អ្នករាល់គ្នាត្រូវចាំយាមរក្សាព្រះវិហារយ៉ាងនោះ កុំឲ្យអ្នកណាចូលឡើយ ៧ ឯអ្នករាល់គ្នាទាំង២កង ដែលចេញវេននៅថ្ងៃឈប់សំរាក នោះត្រូវចាំយាមរក្សាព្រះវិហារនៃព្រះយេហូវ៉ា នៅព័ទ្ធជុំវិញស្តេច ៨ ត្រូវឲ្យអ្នករាល់គ្នាកាន់គ្រឿងសស្រ្តាវុធ នៅដៃរៀងខ្លួនចោមព័ទ្ធស្តេច បើមានអ្នកណាចូលហួសថែវអ្នករាល់គ្នាមក នោះត្រូវសំឡាប់ចេញ ហើយត្រូវឲ្យអ្នករាល់គ្នានៅជាមួយនឹងស្តេច ក្នុងកាលដែលទ្រង់យាងចេញទៅ និងចូលមកផង។
៩ ពួកមេទ័ព គេធ្វើតាមបង្គាប់យេហូយ៉ាដាដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកកងគេរៀងខ្លួន ជាពួកដែលចូលវេននៅថ្ងៃឈប់សំរាក និងពួកដែលចេញវេននៅថ្ងៃឈប់សំរាកដែរ មកឯយេហូយ៉ាដាដ៏ជាសង្ឃ ១០ លោកក៏ចែកលំពែង និងខែលរបស់ស្តេចដាវីឌ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដល់ពួកមេទ័ព ១១ ដូច្នេះ ពួកចាំយាមគេក៏កាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន ឈរនៅព័ទ្ធជុំវិញស្តេច ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតដល់ខាងឆ្វេងតាមក្បែរអាសនាព្រះវិហារ ១២ នោះលោកនាំព្រះរាជបុត្រានៃស្តេចចេញមក ហើយបំពាក់មកុដរាជថ្វាយទ្រង់ ព្រមទាំងប្រគល់សេចក្តីបន្ទាល់ដល់ទ្រង់ តាំងឡើងជាស្តេច ហើយចាក់ប្រេងថ្វាយ នោះគេក៏ទះដៃបន្លឺឡើងថា សូមឲ្យព្រះករុណាប្រកបដោយសេចក្តីចំរើន។
១៣ កាលព្រះនាងអ័ថាលា បានឮសូរអឺងកងនៃពួកចាំយាម និងបណ្តាជនទាំងប៉ុន្មាន នោះព្រះនាងយាងចូលទៅឯគេ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ១៤ ក៏ទតមើលទៅឃើញស្តេចទ្រង់ប្រថាប់ នៅលើទីថ្កល់ តាមទំនៀមមានទាំងពួកមេទ័ព និងពួកផ្លុំត្រែ ឈរនៅជិត ពួកបណ្តាជន ជាអ្នកស្រុកនោះទាំងអស់ ក៏រីករាយសប្បាយឡើង ទាំងផ្លុំត្រែផង ដូច្នេះព្រះនាងអ័ថាលាទ្រង់ហែកព្រះពស្រ្តស្រែកឡើងថា នេះជាការក្បត់ ជាការក្បត់ហើយ ១៥ តែយេហូយ៉ាដាដ៏ជាសង្ឃ លោកបង្គាប់ដល់ពួកមេទ័ពដែលត្រួតលើពលទ័ពថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសំឡាប់គេដោយដាវ នោះគឺពីព្រោះសង្ឃបានប្រាប់ថា កុំឲ្យសំឡាប់ព្រះនាងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ ១៦ ដូច្នេះ គេក៏ចៀសបើកផ្លូវឲ្យព្រះនាងយាងចេញ ហើយព្រះនាងយាងចេញទៅតាមផ្លូវសេះ ដែលចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះទៅ។
១៧ រួចមកយេហូយ៉ាដា លោកឲ្យស្តេច និងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា ហើយឲ្យស្តេច និងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ ១៨ ក្រោយនោះពួកបណ្តាជនទាំងឡាយដែលនៅក្នុងស្រុក គេចូលទៅបំផ្លាញវិហារព្រះបាល បំបាក់បំបែកអស់ទាំងអាសនា ព្រមទាំងរូបព្រះអស់រលីង ក៏សំឡាប់ម៉ាត់ថាន ជាសង្ឃនៃព្រះបាល នៅត្រង់មុខអាសនា រួចយេហូយ៉ាដាដ៏ជាសង្ឃ លោកតាំងឲ្យមានពួកត្រួតត្រា ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ១៩ លោកក៏នាំយកពួកមេទ័ព ពួកនាយ និងពួកថ្មើរជើង ព្រមទាំងពួកបណ្តាជនទាំងប៉ុន្មាននៅក្នុងស្រុក ទៅដង្ហែស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ចូលទៅក្នុងដំណាក់ហ្លួង តាមផ្លូវទ្វារកំផែង ជាទីរបស់ពួកចាំយាម ហើយទ្រង់ក៏ឡើងគង់លើបល្ល័ង្ករាជ្យ ២០ ដូច្នេះ ពួកបណ្តាជនទាំងឡាយនៅក្នុងស្រុក គេរីករាយសប្បាយឡើងទាំងអស់គ្នា ហើយទីក្រុងក៏មានសេចក្តីសុខសាន្តត្រាណ ឯអ័ថាលា គេបានធ្វើគុតព្រះនាងដោយដាវ នៅត្រង់ដំណាក់ស្តេចទៅ។
ស្តេចយ៉ូអាសសោយរាជ្យនៅស្រុកយូដា
(២ របាក្សត្រ ២៤.១-៣)
២១ កាលយ៉ូអាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៧ឆ្នាំហើយ