១៧
ស្តេច​ហូស៊ា​ជា​ស្តេច​ចុង​ក្រោយ​បង្អស់​នៅ​ស្រុក​អ៊ីស្រាអែល
១ នៅ​ឆ្នាំ​ទី​១២ ក្នុង​រាជ្យ​ស្តេច​អ័ហាស ជា​ស្តេច​យូដា នោះ​ហូស៊ា ជា​កូន​អេឡា ក៏​ចាប់​តាំង​សោយរាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ក៏​សោយរាជ្យ​បាន​៩​ឆ្នាំ ២ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា តែ​មិន​បាន​ដល់​ពួក​ស្តេច​អ៊ីស្រាអែល ដែល​នៅ​មុន​ទ្រង់​នោះ​ទេ ៣ សាលម៉ានេស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ បាន​ឡើង​មក​ទាស់​នឹង​ហូស៊ា​នេះ ហើយ​ទ្រង់​ក៏​ចុះ​ចូល ព្រម​ទាំង​បង់​សួយអាករ​ថ្វាយ​ផង ៤ តែ​ស្តេច​អាសស៊ើរ​ទ្រង់​បាន​ជ្រាប​ថា ហូស៊ា​គិត​ក្បត់​ហើយ ដ្បិត​ហូស៊ា​បាន​ចាត់​សារ​ទៅ​ឯ​សូរ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​លែង​បង់​សួយអាករ​ថ្វាយ​ទ្រង់ ដូច​ជា​រាល់​ឆ្នាំ​ទៀត ហេតុ​នោះ​បាន​ជា​ស្តេច​អាសស៊ើរ ក៏​ចាប់​ចង​ទ្រង់​ឃុំ​ទុក​ក្នុង​គុក ៥ រួច​មក​ស្តេច​អាសស៊ើរ​ទ្រង់​យាង​មក​សព្វ​គ្រប់​ក្នុង​ស្រុក ក៏​ឡើង​ទៅ​ឡោមព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី​អស់​៣​ឆ្នាំ ៦ នៅ​ឆ្នាំ​ទី​៩ ក្នុង​រាជ្យ​ហូស៊ា នោះ​ស្តេច​អាសស៊ើរ​ក៏​វាយ​យក​ក្រុង​សាម៉ារី​បាន ហើយ​ទ្រង់​ដឹកនាំ​ពួក​អ៊ីស្រាអែល​ទៅ​ឯ​ស្រុក​អាសស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា​នៅ​មាត់​ទន្លេ​ហាបោ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ។
មូល​ហេតុ​នៃ​ការ​វិនាស​របស់​អាណាចក្រ​អ៊ីស្រាអែល
៧ ការ​នោះ​កើត​មក ដោយ​ព្រោះ​តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​បាប​នឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក ហើយ​ដោយ​ព្រោះ​គេ​បាន​កោតខ្លាច​ដល់​ព្រះ​ដទៃ ៨ ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ទំនៀមទំលាប់​នៃ​ពួក​សាសន៍​ដទៃ ដែល​ព្រះយេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ និង​តាម​ច្បាប់​ដែល​ពួក​ស្តេច​អ៊ីស្រាអែល​បាន​តាំង​ដែរ ៩ ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រឹមត្រូវ ដោយ​លួចលាក់ ទាស់​នឹង​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​គេ ក៏​ធ្វើ​ទី​ខ្ពស់​សំរាប់​ខ្លួន នៅ​គ្រប់​ទាំង​ទី​ក្រុង ចាប់​តាំង​ពី​ភូមិ​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ទី​ក្រុង​មាន​កំផែង ១០ គេ​បាន​ធ្វើ​បង្គោល​សំរាប់​គោរព និង​រូប​ព្រះ នៅ​លើ​អស់​ទាំង​ទី​ភ្នំ ហើយ​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ផង។ ១១ ឯ​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នោះ គេ​ក៏​ដុត​កំញាន​ដូច​ជា​សាសន៍​ដទៃ ដែល​ព្រះយេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​គេ​ចេញ គេ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះយេហូវ៉ា​ទ្រង់​មាន​សេចក្តី​ក្រោធ ១២ គេ​គោរព​ប្រតិបត្តិ​តាម​រូប​ព្រះ​ដែល​ព្រះយេហូវ៉ា​ទ្រង់​ហាម​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​យ៉ាង​នោះ​ឡើយ ១៣ ប៉ុន្តែ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​បន្ទាល់ ដល់​ពួក​អ៊ីស្រាអែល និង​ពួក​យូដា ដោយសារ​គ្រប់​ទាំង​ពួក​ហោរា និង​អ្នក​មើលឆុត​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ឯង​ទៅ ហើយ​កាន់​តាម​ក្រឹត្យក្រម និង​បញ្ញត្ត​អញ​ទាំង​ប៉ុន្មាន តាម​ច្បាប់​ទាំង​អស់​ដែល​អញ​បាន​បង្គាប់​ដល់​ពួក​ឰយុកោ​ឯង ហើយ​ដែល​អញ​បាន​ផ្ញើ​មក​ឯង​រាល់​គ្នា ដោយសារ​ពួក​ហោរា ជា​ពួក​អ្នក​បំរើ​របស់​អញ ១៤ ប៉ុន្តែ គេ​មិន​ព្រម​ស្តាប់​ទេ គឺ​បាន​តាំង​ចិត្ត​រឹង​វិញ ដូច​ជា​ពួក​ឰយុកោ​គេ ដែល​មិន​បាន​ជឿ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គេ​ដែរ ១៥ គេ​បោះបង់​ចោល​បញ្ញត្ត​របស់​ទ្រង់ និង​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​ឰយុកោ​គេ​ចេញ ព្រម​ទាំង​សេចក្តី​បន្ទាល់ ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​គេ​ផង គេ​ដើរ​តាម​តែ​សេចក្តី​ជា​អសារ​ឥត​ការ​វិញ ហើយ​ខ្លួន​គេ​ក៏​ត្រឡប់​ជា​អសារ​ឥត​ការ​ដែរ គេ​ប្រព្រឹត្ត​តាម​ពួក​សាសន៍​ដទៃ​នៅ​ជុំវិញ ដែល​ព្រះយេហូវ៉ា​ហាម​ថា កុំ​ឲ្យ​ត្រាប់​តាម​អ្នក​ទាំង​នោះ​ឡើយ ១៦ គេ​បោះបង់​ចោល​អស់​ទាំង​ក្រឹត្យក្រម​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​២ ហើយ​ធ្វើ​រូប​ព្រះ ព្រម​ទាំង​ថ្វាយ​បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិបត្តិ​ដល់​ព្រះបាល​ផង ១៧ គេ​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ​ឆ្លង​កាត់​ភ្លើង ហើយ​ប្រើ​របៀន​ផ្សេងៗ និង​ការ​មន្តអាគម ព្រម​ទាំង​លក់​ខ្លួន​គេ​ទៅ ឲ្យ​បាន​ប្រព្រឹត្ត​អំពើ ដ៏​លាមក​អាក្រក់ នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា ជា​ការ​ដែល​នាំ​ឲ្យ​ទ្រង់​មាន​សេចក្តី​ក្រោធ ១៨ ដោយ​ហេតុ​នោះ បាន​ជា​ព្រះយេហូវ៉ា​ទ្រង់​មាន​សេចក្តី​ក្រេវក្រោធ​ជា​ខ្លាំង ចំពោះ​ពួក​អ៊ីស្រាអែល ក៏​រើ​គេ​ចេញ​ចំពោះ​ព្រះនេត្រ​ទ្រង់​ទៅ សល់​នៅ​តែ​ពូជ​អំបូរ​យូដា​តែ​១​ប៉ុណ្ណោះ។
១៩ ឯ​ពួក​យូដា គេ​ក៏​មិន​បាន​កាន់​តាម​ក្រឹត្យក្រម​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គេ​ដែរ គឺ​គេ​ដើរ​តាម​ទំនៀម​ដែល​ពួក​អ៊ីស្រាអែល​ធ្លាប់​ប្រព្រឹត្ត​មក​វិញ ២០ ហេតុ​នោះ​បាន​ជា​ព្រះយេហូវ៉ា ទ្រង់​បោះបង់​ចោល​ពូជ​អ៊ីស្រាអែល​ទាំង​អស់ ក៏​ធ្វើ​ទុក្ខ​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​អ្នក​ដែល​បំផ្លាញ​គេ ដរាប​ដល់​ទ្រង់​បាន​បោះ​គេ​ចោល ពី​ចំពោះ​ព្រះភក្ត្រ​ទ្រង់​ចេញ ២១ ទ្រង់​បាន​ហែក​ពួក​អ៊ីស្រាអែល​ផ្តាច់​ចេញ​ពី​ជំនួរ​វង្ស​ដាវីឌ ក៏​លើក​យេរ៉ូបោម ជា​កូន​នេបាត តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​វិញ ឯ​យេរ៉ូបោម ក៏​បាន​ញាក់​ទាញ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ព្រះយេហូវ៉ា ព្រម​ទាំង​បណ្តាល​ឲ្យ​គេ​ធ្វើ​បាប​ជា​ទំងន់ ២២ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​បាន​ដើរ​តាម​អស់​ទាំង​អំពើ​បាប ដែល​យេរ៉ូបោម​បាន​ប្រព្រឹត្ត​ទាំង​នោះ គេ​មិន​បាន​វៀរ​បង់​លែង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​ឡើយ ២៣ ដរាប​ដល់​ព្រះយេហូវ៉ា​ទ្រង់​បណ្តេញ​គេ ពី​ចំពោះ​ព្រះភក្ត្រ​ទ្រង់​ចេញ ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ដោយសារ​អស់​ទាំង​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដូច្នេះ អ៊ីស្រាអែល​ក៏​ត្រូវ​គេ​ដឹកនាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាសស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
ដើម​កំណើត​របស់​សាសន៍​សាម៉ារី
២៤ រួច​មក​ស្តេច​អាសស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផាវែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​ផង​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ ២៥ កាល​គេ​ចាប់​តាំង​នៅ​ក្នុង​ស្រុក គេ​មិន​បាន​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ទេ ហេតុ​នោះ​ព្រះយេហូវ៉ា​ទ្រង់​ប្រើ​សត្វ​សិង្ហ ឲ្យ​ទៅ​នៅ​កណ្តាល​គេ សិង្ហ​ទាំង​នោះ​បាន​សំឡាប់​អ្នក​ខ្លះ​បង់ ២៦ ដូច្នេះ គេ​ទូល​ដល់​ស្តេច​អាសស៊ើរ​ថា ពួក​សាសន៍​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​ទៅ ទុក​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី គេ​មិន​ស្គាល់​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ​ទេ បាន​ជា​ព្រះ​ទ្រង់​ឲ្យ​សត្វ​សិង្ហ ទៅ​នៅ​កណ្តាល​គេ ហើយ​មើល សត្វ​ទាំង​នោះ​កំពុង​តែ​សំឡាប់​គេ​ទៅ ដោយ​ព្រោះ​គេ​មិន​ស្គាល់​ច្បាប់ នៃ​ព្រះ​របស់​ស្រុក​នោះ។
២៧ នោះ​ស្តេច​អាសស៊ើរ​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​ពួក​សង្ឃ​ម្នាក់ ដែល​បាន​ដឹកនាំ​ចេញ​មក​ពី​ស្រុក​នោះ ឲ្យ​ទៅ​នៅ​ឯ​ណោះ​វិញ​ចុះ ដើម្បី​នឹង​បង្រៀន​គេ​ពី​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ ២៨ ដូច្នេះ ពួក​សង្ឃ​ម្នាក់​ដែល​គេ​បាន​ដឹកនាំ​ចេញ​ពី​ស្រុក​សាម៉ារី​មក ក៏​វិល​ទៅ​នៅ​ឯ​ក្រុង​បេត-អែល​បង្ហាត់​បង្រៀន​គេ ពី​បែប​ដែល​ត្រូវ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ២៩ ប៉ុន្តែ​គ្រប់​ទាំង​សាសន៍​នោះ​បាន​ធ្វើ​ព្រះ​សំរាប់​គេ​រៀង​ខ្លួន ដាក់​ទុក​នៅ​ក្នុង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​ពួក​សាម៉ារី​បាន​ធ្វើ គឺ​គ្រប់​ទាំង​សាសន៍​នោះ តាម​ទី​ក្រុង​ដែល​គេ​អាស្រ័យ​នៅ ៣០ ពួក​ដែល​មក​ពី​ក្រុង​បាប៊ីឡូន គេ​ធ្វើ​ព្រះ​សិកូត-បេណូត ពួក​ក្រុង​គូ​ថា គេ​ធ្វើ​ព្រះ​នើកាល ពួក​ក្រុង​ហាម៉ាត គេ​ធ្វើ​ព្រះ​អ័ស៊ីម៉ា ៣១ ពួក​ក្រុង​អាវ៉ា គេ​ធ្វើ​ព្រះ​នីបហាស និង​ព្រះ​ថើថាក ហើយ​ពួក​សេផាវែម គេ​ដុត​កូន​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ព្រះ​អ័ឌរ៉ាម៉ាលេក និង​ព្រះ​អ័ណាម៉ាលេក ជា​ព្រះ​របស់​ពួក​សេផាវែម​នោះ ៣២ យ៉ាង​នោះ គេ​បាន​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ព្រម​ទាំង​តាំង​ពួក​គេ​ខ្លះ​ឡើង ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ សំរាប់​ខ្លួន​គេ​ផង ពួក​សង្ឃ​នោះ​ក៏​ថ្វាយ​យញ្ញបូជា​របស់​គេ នៅ​ក្នុង​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់​ទាំង​នោះ ៣៣ គេ​បាន​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ផង ហើយ​គោរព​ប្រតិបត្តិ​តាម​ព្រះ​របស់​ខ្លួន​ផង តាម​ទំលាប់​របស់​សាសន៍​ទាំង​ប៉ុន្មាន នៅ​ស្រុក​កំណើត​គេ​រៀង​ខ្លួន ៣៤ គេ​នៅ​តែ​ប្រព្រឹត្ត​តាម​បែប​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គេ​មិន​មែន​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ជា​ពិត​ទេ ហើយ​មិន​មែន​ប្រព្រឹត្ត​តាម​បញ្ញត្ត​តាម​វិន័យ​របស់​ខ្លួន​គេ​ដែរ ឬ​តាម​ច្បាប់ និង​ក្រឹត្យក្រម ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់ ដល់​ពួក​កូន​ចៅ​យ៉ាកុប ជា​អ្នក​ដែល​ទ្រង់​ឲ្យ​ឈ្មោះ​ថា អ៊ីស្រាអែល នោះ​ផង ៣៥ ព្រះយេហូវ៉ា​ទ្រង់​បាន​តាំង​សេចក្តី​សញ្ញា​នឹង​ពួក​កូន​ចៅ​យ៉ាកុប​នោះ ហើយ​ហាម​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​កោតខ្លាច​ដល់​ព្រះ​ដទៃ​ឡើយ ក៏​មិន​ត្រូវ​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ ឬ​ប្រតិបត្តិ​តាម ឬ​ថ្វាយ​យញ្ញបូជា​ដល់​វា​ដែរ ៣៦ គឺ​ត្រូវ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​តែ​១​ប៉ុណ្ណោះ ដែល​ទ្រង់​បាន​នាំ​ឯង​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះចេស្តា​ដ៏​ធំ និង​ព្រះហស្ត​លើក​សំរេច ហើយ​ត្រូវ​ក្រាប​គោរព​ដល់​ទ្រង់ ព្រម​ទាំង​ថ្វាយ​យញ្ញបូជា​របស់​ឯង​ដល់​ទ្រង់​តែ​១​ព្រះអង្គ​ប៉ុណ្ណោះ ៣៧ ឯ​អស់​ទាំង​បញ្ញត្ត និង​វិន័យ ហើយ​ច្បាប់ និង​ក្រឹត្យក្រម​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​កត់​ទុក​ឲ្យ​ឯង​រាល់​គ្នា នោះ​ត្រូវ​រក្សា​ទុក ហើយ​ប្រព្រឹត្ត​តាម​ជា​ដរាប​ត​ទៅ ឥត​កោតខ្លាច​ដល់​ព្រះ​ដទៃ​ឡើយ ៣៨ ក៏​មិន​ត្រូវ​ភ្លេច​សេចក្តី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង​រាល់​គ្នា​ដែរ គឺ​មិន​ត្រូវ​ឲ្យ​កោតខ្លាច​ដល់​ព្រះ​ដទៃ​ណា​ឲ្យ​សោះ ៣៩ ត្រូវ​ឲ្យ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ នោះ​ទ្រង់​នឹង​ជួយ​ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ នៃ​ពួក​ខ្មាំងសត្រូវ​ទាំង​អស់ ៤០ ប៉ុន្តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ប្រព្រឹត្ត​តាម​តែ​បែប​ដើម​នោះ​វិញ ៤១ យ៉ាង​នោះ​ហើយ​ដែល​សាសន៍​ទាំង​នោះ​បាន​កោតខ្លាច ដល់​ព្រះយេហូវ៉ា​ផង ហើយ​គោរព​ប្រតិបត្តិ​តាម​ព្រះ​ឆ្លាក់​របស់​ខ្លួន​គេ​ផង ឯ​កូន​ចៅ​របស់​គេ នោះ​ក៏​ប្រព្រឹត្ត​ដូច​ជា​ឪពុក​រៀង​ត​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។