ស្តេច​ជំនាន់​ចុង​ក្រោយ​នៃ​រាជាណាចក្រ​យូដា ចាប់​ពី​ស្តេច​ហេសេគា រហូត​ដល់​ចុង​បញ្ចប់​នៃ​រាជាណាចក្រ​យូដា
១៨
ស្តេច​ហេសេគា​សោយរាជ្យ​លើ​ស្រុក​យូដា
១ នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រាអែល នោះ​ហេសេគា ជា​បុត្រ​អ័ហាស ស្តេច​យូដា ក៏​ចាប់​តាំង​សោយរាជ្យ​ឡើង ២ កាល​ទ្រង់​សោយរាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយរាជ្យ​នៅ​ក្រុង​យេរូសាឡិម​បាន​២៩​ឆ្នាំ ព្រះមាតា​ទ្រង់​ព្រះនាម​ជា​អ័ប៊ីយ៉ា បុត្រី​សាការី ៣ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹមត្រូវ​នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា តាម​គ្រប់​ទាំង​សេចក្តី ដែល​ដាវីឌ ជា​ឰយុកោ​ទ្រង់​បាន​ធ្វើ​ដែរ ៤ ទ្រង់​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ ក៏​បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព រំលំ​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល ហើយ​បំបែក​កំទេច​ពស់​លង្ហិន​ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ពី​ព្រោះ​ពួក​កូន​ចៅ អ៊ីស្រាអែល​បាន​ដុត​កំញាន ថ្វាយ​ដល់​រូប​ពស់​នោះ ដរាប​ដល់​គ្រា​នោះ​ក៏​ឲ្យ​ឈ្មោះ​ថា នេហ៊ូសថាន់ ៥ ទ្រង់​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដល់​ម៉្លេះ​បាន​ជា​ក្នុង​ពួក​ស្តេច​យូដា​ក្រោយ​មក នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​មុន​ទ្រង់​គ្មាន​ដែរ ៦ ដ្បិត​ទ្រង់​កាន់​ខ្ជាប់​តាម​ព្រះយេហូវ៉ា ឥត​លះបង់​លែង​តាម​ទ្រង់​ឡើយ គឺ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យក្រម ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ៧ ព្រះយេហូវ៉ា​ក៏​គង់​ជា​មួយ​នឹង​ទ្រង់​ដែរ ហើយ​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ នោះ​ក៏​បាន​កើត​ការ ទ្រង់​បះបោរ លែង​ចុះ​ចូល​នឹង​ស្តេច​ស្រុក​អាសស៊ើរ ៨ ទ្រង់​វាយ​ពួក​ភីលីស្ទីន រហូត​ដល់​ក្រុង​កាសា និង​ខែត្រ​ដែល​នៅ​ជុំវិញ ចាប់​ជុំវិញ​តាំង​ពី​ភូមិ​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ទី​ក្រុង​មាន​កំផែង។
ការ​វាយ​ដណ្តើម​យក​ក្រុង​សាម៉ារី
៩ នៅ​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​ស្តេច​ហេសេគា ត្រូវ​នឹង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រាអែល នោះ​សាលម៉ានេស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​ឡើង​មក​ឡោមព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី ១០ លុះ​ច្បាំង​គ្រប់​៣​ឆ្នាំ​ហើយ ទើប​ចាប់​យក​ក្រុង​នោះ​បាន គឺ​ក្នុង​ឆ្នាំ​ទី​៦ នៃ​រាជ្យ​ហេសេគា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​៩​នៃ​រាជ្យ​ហូស៊ា ស្តេច​អ៊ីស្រាអែល នោះ​គេ​ចាប់​យក​ក្រុង​សាម៉ារី​បាន ១១ ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​ក៏​ដឹកនាំ​ពួក​អ៊ីស្រាអែល ទៅ​ឯ​ស្រុក​អាសស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា ដែល​នៅ​មាត់​ទន្លេ​ហាបោរ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ ១២ ដោយ​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គេ គឺ​បាន​រំលង​សេចក្តី​សញ្ញា​នៃ​ទ្រង់ ជា​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​ព្រះយេហូវ៉ា បាន​បង្គាប់​មក គេ​មិន​ព្រម​ស្តាប់ ឬ​ធ្វើ​តាម​សញ្ញា​នោះ​ឡើយ។
ព្រះចៅ​សានហេរីប​ឈ្លានពាន​អាណាចក្រ​យូដា
១៣ ដល់​ឆ្នាំ​ទី​១៤ ក្នុង​រាជ្យ​ស្តេច​ហេសេគា នោះ​សានហេរីប ជា​ស្តេច​ស្រុក​អាសស៊ើរ ក៏​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា ១៤ ឯ​ហេសេគា ជា​ស្តេច​យូដា ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អាសស៊ើរ នៅ​ត្រង់​ក្រុង​ឡាគីស​ថា ទូលបង្គំ​បាន​ធ្វើ​ខុស​ហើយ សូម​ទ្រង់​ថយ​ចេញ​ពី​ទូលបង្គំ​ទៅ ទូលបង្គំ​នឹង​ទទួល​រ៉ាប់រង​តាម​បង្គាប់​របស់​ទ្រង់​ទាំង​អស់ ដូច្នេះ ស្តេច​អាសស៊ើរ​ក៏​បង្គាប់ ឲ្យ​ហេសេគា ជា​ស្តេច​ស្រុក​យូដា បង់​ប្រាក់​៣០០​ហាប និង​មាស​៣០​ហាប ១៥ ហេសេគា​ក៏​យក​ប្រាក់​ទាំង​អស់ ដែល​ឃើញ​មាន​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា និង​ក្នុង​ឃ្លាំង​ព្រះរាជទ្រព្យ​ទាំង​ប៉ុន្មាន ទៅ​ថ្វាយ​ដល់​ទ្រង់ ១៦ វេលា​នោះ​ហេសេគា​ក៏​កាត់​យក​មាស​ពី​ទ្វារ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា និង​ពី​សសរ​ដែល​ទ្រង់​បាន​ស្រោប​ទៅ​ថ្វាយ​ដល់​ស្តេច​អាសស៊ើរ​ដែរ។
ការ​គំរាមកំហែង​របស់​ស្តេច​ស្រុក​អាសស៊ើរ​មក​លើ​ក្រុង​យេរូសាឡិម
១៧ ឯ​ស្តេច​អាសស៊ើរ​ទ្រង់​ចាត់​ថើថាន និង​រ៉ាប-សារី ហើយ​រ៉ាបសាកេ ពី​ក្រុង​ឡាគីស នាំ​ទាំង​ពលទ័ព​ជា​ច្រើន ឲ្យ​ទៅ​ឯ​ហេសេគា នៅ​ក្រុង​យេរូសាឡិម គេ​ក៏​ឡើង​ទៅ កាល​គេ​មក​ដល់​ក្រុង​យេរូសាឡិម​ហើយ នោះ​គេ​ឈរ​ក្បែរ​ប្រឡាយ​នៃ​ស្រះ​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​វាល​នៃ​ជាង​ប្រមោក ១៨ កាល​បាន​ហៅ​រក​ស្តេច នោះ​អេលាគីម កូន​ហ៊ីលគីយ៉ា ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ​ក៏​ចេញ​ទៅ​ឯ​គេ។
១៩ រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ដល់​ហេសេគា​ថា ស្តេច​ដ៏​ជា​ធំ គឺ​ជា​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ ២០ ឯង​និយាយ​ថា យើង​មាន​គំនិត មាន​កំឡាំង ដើម្បី​នឹង​ច្បាំង​បាន (តែ​ពាក្យ​ឯង​ជា​ឥត​អំពើ​សោះ) ចុះ​តើ​ឯង​ពឹង​ដល់​អ្នក​ណា បាន​ជា​ឯង​បះបោរ​នឹង​អញ​ដូច្នេះ ២១ មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ ជា​ដើម​ត្រែង​កំបាក់​នោះ ទុក​ជា​ឈើ​ច្រត់ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទំលុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ ២២ តែ​បើ​ឯង​រាល់​គ្នា​និយាយ​មក​អញ​ថា យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​យើង​វិញ នោះ​តើ​មិន​មែន​ជា​ព្រះ​នោះ​ឯង ដែល​ហេសេគា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាសនា​នៃ​ទ្រង់​ចេញ​ទេ​ឬ​អី ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា និង​ពួក​ក្រុង​យេរូសាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​បង្គំ​នៅ​មុខ​អាសនា​១​នេះ នៅ​ក្រុង​យេរូសាឡិម​វិញ ២៣ ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​អាសស៊ើរ ជា​ចៅហ្វាយ​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន ២៤ បើ​ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ឈ្នះ​មេទ័ព​១​យ៉ាង​តូច ក្នុង​ពួក​អ្នក​បំរើ​របស់​ចៅហ្វាយ​អញ​បាន ហើយ​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ ឲ្យ​បាន​រទេះ​ចំបាំង និង​ទ័ព​សេះ​ទៀត ២៥ តើ​អញ​បាន​ឡើង​មក ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​ឥត​ព្រះយេហូវ៉ា​ឬ​អី គឺ​ព្រះយេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ។
២៦ ឯ​អេលាគីម ជា​កូន​ហ៊ីលគីយ៉ា និង​សេបណា ហើយ​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសាកេ​ថា សូម​លោក​មាន​ប្រសាសន៍​ជា​ភាសា​អារ៉ាម មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​របស់​ពួក​យូដា ឲ្យ​ពួក​បណ្តាជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ផង​នោះ​ឡើយ ២៧ តែ​រ៉ាបសាកេ​តប​ថា ចុះ​តើ​ចៅហ្វាយ​អញ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​សេចក្តី​ទាំង​នេះ ចំពោះ​តែ​នឹង​ចៅហ្វាយ​ឯង ហើយ​នឹង​ខ្លួន​ឯង​ប៉ុណ្ណោះ​ឬ​អី គឺ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​នឹង​មនុស្ស ដែល​អង្គុយ​នៅ​លើ​កំផែង​វិញ​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន ជា​មួយ​នឹង​ឯង​ដែរ ២៨ នោះ​រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​ឡើង ជា​ភាសា​របស់​ពួក​សាសន៍​យូដា ប្រាប់​ថា ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ស្តេច​ដ៏​ជា​ធំ​ឧត្តម គឺ​ស្តេច​អាសស៊ើរ​ចុះ ២៩ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កុំ​បណ្តោយ​ឲ្យ​ហេសេគា​បញ្ឆោត​ឯង​រាល់​គ្នា​ឡើយ ដ្បិត​វា​ពុំ​អាច​នឹង​ជួយ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ទេ ៣០ ក៏​កុំ​ឲ្យ​ហេសេគា​នាំ​ឲ្យ​ឯង​រាល់​គ្នា ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា​ដែរ ដោយ​ថា ព្រះយេហូវ៉ា ទ្រង់​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា រួច​ជា​មិន​ខាន ហើយ​ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​នោះ​ឡើយ ៣១ កុំ​ឲ្យ​ស្តាប់​តាម​ហេសេគា​ឲ្យ​សោះ ដ្បិត​ស្តេច​អាសស៊ើរ​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ចូរ​ចង​ជា​ស្ពាន​មេត្រី​នឹង​អញ ហើយ​ចេញ​មក​ឯ​អញ​ចុះ នោះ​គ្រប់​គ្នា​នឹង​បាន​ស៊ី​ផល​ចំការ​ទំពាំងបាយ​ជូរ និង​ផល​ដើម​ល្វា ហើយ​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា ៣២ ដរាប​ដល់​អញ​មក​នាំ​យក​ឯង​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​១ ដូច​ជា​ស្រុក​របស់​ឯង​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំងបាយជូរ ហើយ​នំបុ័ង ព្រម​ទាំង​ចំការ​ទំពាំងបាយជូរ ចំការ​អូលីវ​ហើយ​នឹង​ទឹក​ឃ្មុំ​ផង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់​នៅ​ឥត​ស្លាប់ កុំ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​តាម​ហេសេគា ដែល​វា​បញ្ចុះ​បញ្ចូល​ឯង​រាល់​គ្នា​ថា ព្រះយេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​រួច​នោះ​ឡើយ ៣៣ តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​បាន ៣៤ តើ​ព្រះ​នៃ​ពួក​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​នៅ​ឯ​ណា ហើយ​ព្រះ​របស់​ពួក​ក្រុង​សេផាវែម ពួក​ក្រុង​ហេណា និង​ពួក​ក្រុង​អ៊ីវ៉ា នោះ​តើ​ព្រះ​ទាំង​នោះ​នៅ​ឯ​ណា តើ​បាន​ជួយ​ឲ្យ​ស្រុក​សាម៉ារី​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ​ទេ ៣៥ ក្នុង​បណ្តា​ព្រះ​របស់​ស្រុក​ទាំង​ប៉ុន្មាន​នោះ តើ​មាន​ព្រះ​ណា​ដែល​ជួយ​ឲ្យ​ស្រុក​គេ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន បាន​ជា​ព្រះយេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​ក្រុង​យេរូសាឡិម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដែរ។
៣៦ ប៉ុន្តែ​ពួក​បណ្តាជន គេ​នៅ​តែ​ស្ងៀម ឥត​ឆ្លើយ​អ្វី​សោះ ដ្បិត​ស្តេច​ទ្រង់​បាន​ហាម​ថា កុំ​ឲ្យ​ឆ្លើយ​ទៅ​គេ​ឡើយ ៣៧ នោះ​អេលាគីម កូន​ហ៊ីលគីយ៉ា ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ គេ​វិល​មក​គាល់​ហេសេគា​វិញ ទាំង​អាវ​រហែក ក៏​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសាកេ​ទាំង​អស់។