២
អំពីគ្រូក្លែងក្លាយ
១ តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងកា្លយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ ក៏នាំសេចក្តីវិនាសដ៏ឆាប់រហ័សឲ្យមកលើខ្លួនផង ២ នឹងមានមនុស្សជាច្រើនទៅតាមផ្លូវវិនាសរបស់គេ នោះផ្លូវពិតនឹងត្រូវសេចក្តីប្រមាថមើលងាយ ដោយព្រោះគេដែរ ៣ ហើយដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត តែតាំងពីយូរមកហើយ សេចក្តីជំនុំជំរះគេមិននៅស្ងៀមស្ងាត់ទេ ហើយសេចក្តីហិនវិនាសរបស់គេក៏មិនងុយងោកដែរ។
៤ ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតាដែលបានធ្វើអំពើបាប គឺទ្រង់បោះទំលាក់ទៅក្នុងជង្ហុកជ្រៅបំផុត ឲ្យជាប់ច្រវាក់នៃសេចក្តីងងឹត ទាំងឃុំទុកសំរាប់នឹងជំនុំជំរះវិញ ៥ ហើយបើទ្រង់មិនបានប្រណីដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត ៦ ហើយបើទ្រង់បានបញ្ឆេះក្រុងសូដុំម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផែះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្តីទមិលល្មើស ៧ តែបានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ ៨ ដ្បិតអ្នកសុចរិតនោះ ដែលនៅជាមួយនឹងគេ ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ ៩ បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្តីល្បួង ហើយនិងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ ១០ គឺពួកអស់អ្នកដែលដើរតាមសាច់ឈាមជាដើម ដែលគេមានសេចក្តីប៉ងប្រាថ្នាខាងឯការស្មោកគ្រោក ហើយក៏មើលងាយដល់អស់ទាំងអំណាចត្រួតត្រាដែរ គេជាពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង ១១ ដែលពួកទេវតាដ៏មានកំឡាំង មានឫទ្ធិលើសជាងគេទៅទៀត ក៏មិនហ៊ានប្រមាថដល់ពួកនោះ នៅចំពោះព្រះអម្ចាស់ឡើយ ១២ តែដោយព្រោះគេជេរប្រមាថដល់ការដែលគេមិនស្គាល់ នោះគេនឹងត្រូវវិនាសបាត់ក្នុងការខូចអាក្រក់របស់គេអស់រលីង ដូចជាសត្វតិរច្ឆាន ដែលកើតមកសំរាប់តែឲ្យគេចាប់ ហើយកាប់សំឡាប់ប៉ុណ្ណោះដែរ ១៣ គេហៀបនឹងទទួលរង្វាន់នៃការទុច្ចរិត គេជាពួកអ្នកដែលរាប់ការស្រើបស្រាលនៅពេលថ្ងៃ ទុកជាការត្រេកអរសប្បាយ គេជាស្នាមប្រឡាក់ ហើយជាសេចក្តីស្មោកគ្រោក គេត្រេកអរដោយសេចក្តីបញ្ឆោតរបស់ខ្លួន ក្នុងពេលកំពុងដែលគេស៊ីលៀងជាមួយនឹងអ្នករាល់គ្នា ១៤ គេមានចិត្តនឹកឃើញតែស្រីសំផឹង គេមិនចេះលែងធ្វើបាបឡើយ ក៏បិទនុយចាប់ព្រលឹងមនុស្សដែលមិនខ្ជាប់ខ្ជួន ហើយមានចិត្តធ្លាប់ខាងឯសេចក្តីលោភ គឺជាមនុស្សដែលត្រូវបណ្តាសា ១៥ គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាមជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត ១៦ តែគាត់ត្រូវបន្ទោស ដោយព្រោះការរំលងរបស់គាត់ ដោយសត្វព្រនាក់គ បាននិយាយជាសំឡេងមនុស្ស ទាំងឃាត់ឃាំងសេចក្តីចំកួតរបស់គាត់ ១៧ ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ ជាពពកដែលខ្យល់ព្យុះបក់ផាត់ ដែលសេចក្តីងងឹតសូន្យឈឹង បានបំរុងទុកឲ្យគេនៅអស់កល្បជានិច្ច ១៨ ដ្បិតគេនិយាយសេចក្តីអំនួតអួតយ៉ាងសំបើម ទាំងបិទនុយដែលប្រកបដោយសេចក្តីសំរើបខាងសាច់ឈាម និងសេចក្តីខូចអាក្រក់ទាំងប៉ុន្មាន ដើម្បីចាប់ពួកអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកវង្វេង ១៩ ទាំងសន្យាឲ្យអ្នកទាំងនោះបានសេរីភាពផង តែខ្លួនគេក៏នៅជាប់ជាបាវបំរើរបស់សេចក្តីពុករលួយវិញ ដ្បិតបើអ្នកណាត្រូវគេបង្ក្រាបខ្លួន នោះត្រូវនៅជាប់ជាបាវរបស់អ្នកនោះហើយ ២០ ពីព្រោះក្រោយដែលបានរួចពីសេចក្តីស្មោកគ្រោក របស់លោកីយ៍នេះ ដោយបានស្គាល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះហើយ បើអ្នកណាត្រឡប់ទៅជាជាប់ទាក់ទិន ឲ្យសេចក្តីទាំងនោះបានបង្រ្កាបខ្លួនវិញ នោះសណ្ឋានក្រោយរបស់អ្នកនោះ បានអាក្រក់ជាងមុនទៅទៀត ២១ ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះជាជាងឲ្យបានស្គាល់ រួចបែរចេញពីសេចក្តីបញ្ញត្តបរិសុទ្ធ ដែលបានប្រគល់មកហើយនោះវិញ ២២ តែមានការកើតមកដល់គេ ដូចជាពាក្យទំនៀមពិតដែលថា «ឆ្កែបានត្រឡប់ទៅស៊ីកំអួតវា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលនៅក្នុងខ្នាចវិញ»។