អំពី​ព្រះអម្ចាស់​យាង​វិល​ត្រឡប់​មក​វិញ
១ ឥឡូវ​នេះ ពួក​ស្ងួនភ្ងា​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​ទី​២​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ក្នុង​សំបុត្រ​ទាំង​២​ច្បាប់ ខ្ញុំ​បាន​រំឭក​ដាស់តឿន​សតិស្មារតី​ដ៏​ស្អាតរបស់​អ្នក​រាល់​គ្នា​ហើយ ២ ដើម្បី​ឲ្យ​បាន​នឹក​ចាំ ពី​អស់​ទាំង​សេចក្តី ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ទាយ​កាល​ពី​ដើម និង​ពី​សេចក្តី​បញ្ញត្ត​របស់​ព្រះអម្ចាស់​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ ដែល​បង​ប្អូន​បាន​ឮ​ដោយសារ​យើង​ខ្ញុំ ជា​ពួក​សាវ័ក ៣ ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្តី​ប៉ងប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡកឡឺយ​ថា ៤ តើ​សេចក្តី​សន្យា​ពី​ព្រះអង្គ​យាង​មក​នៅ​ឯ​ណា ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល​ដូច​ជា​ពី​កំណើត​លោកីយ៍​រៀង​មក​ដែរ ៥ ពី​ព្រោះ​គេ​ចង់​បំភ្លេច​ថា ពី​ចាស់​បុរាណ​មាន​ផ្ទៃ​មេឃ ក៏​មាន​ដី​ដុះ​ចេញ​ពី​ទឹក ហើយ​នៅ​ក្នុង​ទឹក​ផង ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ ៦ រួច​មក​លោកីយ៍​ត្រូវ​ទឹក​នោះ​ជន់​លិច​បំផ្លាញ​ទៅ ៧ តែ​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ជាន់​នេះ បាន​បំរុង​ទុក​ដល់​ថ្ងៃ​ជំនុំជំរះ ដោយសារ​ព្រះបន្ទូល​នៃ​ទ្រង់ សំរាប់​ឲ្យ​ភ្លើង​ឆេះ​វិញ ហើយ​បំផ្លាញ​មនុស្ស​ទមិល​ល្មើស​ចេញ ៨ តែ​ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​ភ្លេច​សេចក្តី​១​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះអម្ចាស់​១​ថ្ងៃ​ទុក​ដូច​ជា​១​ពាន់​ឆ្នាំ ហើយ​១​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​១​ថ្ងៃ​ដែរ ៩ ព្រះអម្ចាស់​មិន​ផ្អាក​សេចក្តី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះហឫទ័យ​អត់ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ ១០ រីឯ​ថ្ងៃ​នៃ​ព្រះអម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់ នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំគ្រេង ឯ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង ហើយ​ផែនដី និង​ការ​សព្វ​សារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ។
១១ ចុះ​ដែល​របស់​ទាំង​នោះ​នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ និង​សេចក្តី​គោរព​ប្រតិបត្តិ ១២ ទាំង​ទន្ទឹង​ចាំ ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង ដែល​នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​ឆេះ​រលាយ​អស់ ហើយ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង​ដូច្នេះ ១៣ តែ​តាម​សេចក្តី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្តី​សុចរិត​វិញ ១៤ ដូច្នេះ ឱ​ពួក​ស្ងួនភ្ងា​អើយ ដែល​ទន្ទឹង​ចាំ​សេចក្តី​ទាំង​នោះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្តី​មេត្រី​ផង ១៥ ហើយ​ត្រូវ​រាប់​សេចក្តី​អត់ធ្មត់​របស់​ព្រះអម្ចាស់​នៃ​យើង ទុក​ជា​សេចក្តី​សង្គ្រោះ ដូច​ជា​ប៉ុល ជា​បង​ប្អូន​ស្ងួនភ្ងា​របស់​យើង​ខ្ញុំ បាន​សរសេរ​មក​អ្នក​រាល់​គ្នា​តាម​ប្រាជ្ញា​ដែល​ព្រះ​បាន​ប្រទាន​មក​លោក​ដែរ ១៦ ដូច​ជា​ក្នុង​គ្រប់​ទាំង​សំបុត្រ​របស់​លោក ដែល​សុទ្ធ​តែ​សំដែង​ពី​សេចក្តី​ទាំង​នេះ នោះ​មាន​សេចក្តី​ខ្លះ​ដែល​ពិបាក​យល់ ហើយ​ពួក​អ្នក​ខ្លៅ​ល្ងង់ និង​ពួក​មិន​ខ្ជាប់ខ្ជួន គេ​បង្វែរ​ន័យ​សេចក្តី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។
១៧ ដូច្នេះ ពួក​ស្ងួនភ្ងា​អើយ ចូរ​ប្រយ័ត្ន ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នោះ​ជា​មុន​ហើយ ក្រែង​លោ​ធ្លាក់​ពី​សេចក្តី​ខ្ជាប់ខ្ជួន​របស់​អ្នក​រាល់​គ្នា​ចេញ ដោយ​បណ្តោយ​តាម​សេចក្តី​វង្វេង​របស់​ពួក​ទទឹង​ច្បាប់​នោះ ១៨ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចំរើន​ឡើង​ក្នុង​ព្រះគុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ​នៅ​ជាន់​ឥឡូវ​នេះ ដរាប​ដល់​អស់​កល្ប​ជានិច្ច។ អាម៉ែន។:៚