ស្តេច​អ៊ីស-បូសែត​ត្រូវ​គេ​ធ្វើ​គុត
១ កាល​អ៊ីស-បូសែត ជា​បុត្រា​សូល បាន​ជ្រាប​ថា អ័ប៊ីនើរ​ស្លាប់​នៅ​ក្រុង​ហេប្រុន​ដូច្នោះ នោះ​ព្រះហស្ត​ទ្រង់​ក៏​អន់​ថយ​កំឡាំង​ទៅ ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​មាន​សេចក្តី​រន្ធត់ ២ រីឯ​អ៊ីស-បូសែត​ទ្រង់​មាន​មេទ័ព​២​នាក់ ១​ឈ្មោះ​ប្អាណា ហើយ​១​ទៀត​ឈ្មោះ​រេកាប ទាំង​២​នោះ​ជា​កូន​រីម៉ូន ដែល​ជា​ពួក​ប្អៀរ៉ុត ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ដ្បិត​ស្រុក​ប្អៀរ៉ុត ក៏​រាប់​ទុក​ជា​របស់​ផង​ពួក​បេនយ៉ាមីន​ដែរ ៣ ហើយ​ពួក​ប្អៀរ៉ុត​នោះ បាន​រត់​ទៅ​តាំង​ទី​លំនៅ នៅ​ឯ​គីថែម​វិញ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
៤ ចំណែក​យ៉ូណាថាន​ជា​បុត្រា​សូល​ទ្រង់​មាន​បុត្រា​១​នាម​ជា​មភីបូសែត ដែល​មាន​ជើង​ខ្វិន ដ្បិត​កាល​មាន​ព្រះជន្ម​៥​ឆ្នាំ ក្នុង​ខណៈ​ដែល​ឮ​ដំណឹង​មក​ពី​យេសរាល ពី​ដំណើរ​សូល និង​យ៉ូណាថាន នោះ​ភីលៀង​ក៏​ពរ​រត់​ទៅ ហើយ​ដោយ​ព្រោះ​នាង​រត់​ទៅ​ប្រញាប់ប្រញាល់​ពេក បាន​ជា​កុមារ​ភ្លាត់​ធ្លាក់ ហើយ​ខ្វិន​ទៅ។
៥ រីឯ​រេកាប និង​ប្អាណា ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​គេ​ក៏​ទៅ​ឯ​ដំណាក់​អ៊ីស-បូសែត ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ពេញ​កំដៅ កំពុង​ដែល​ទ្រង់​ផ្ទំ​នៅ​វេលា​ថ្ងៃ​ត្រង់ ៦ គេ​ចូល​ទៅ​ក្នុង​ដំណាក់ ធ្វើ​ដូច​ជា​ចូល​ទៅ​យក​ស្រូវ​ភោជ្ជសាលី ក៏​ចាក់​ទ្រង់​ត្រង់​ឧទរ​សំឡាប់​ទៅ រួច​នាំ​គ្នា​រត់​ទៅ​បាត់ ៧ រីឯ​កាល​គេ​បាន​ចូល​ទៅ​ក្នុង​ដំណាក់ កំពុង​ដែល​ទ្រង់​ផ្ទំ​នៅ​លើ​ព្រះទែន ក្នុង​បន្ទប់​សំរាប់​ផ្ទំ នោះ​គេ​បាន​ធ្វើ​គុត​ទ្រង់​ទៅ រួច​កាត់​យក​ព្រះសិរ​ចេញ ទៅ​តាម​ផ្លូវ​ស្រុក​វាល​អស់​១​យប់​នោះ ៨ គេ​នាំ​យក​ព្រះសិរ​នៃ​អ៊ីស-បូសែត ទៅ​ឯ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា បពិត្រ​ព្រះរាជា នេះ​ព្រះសិរ​របស់​អ៊ីស-បូសែត បុត្រ​សូល ជា​ខ្មាំងសត្រូវ ដែល​ស្វែង​រក​ជីវិត​ទ្រង់ នៅ​ថ្ងៃ​នេះ ព្រះយេហូវ៉ា​ទ្រង់​បាន​សងសឹក​នឹង​សូល ព្រម​ទាំង​វង្សា​របស់​ទ្រង់ ជំនួស​ព្រះករុណា​ដ៏​ជា​ម្ចាស់​នៃ​ទូលបង្គំ​ហើយ ៩ តែ​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​រេកាប និង​ប្អាណា ប្អូន​គាត់ ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះយេហូវ៉ា ដ៏​មាន​ព្រះជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ចេញ​ពី​គ្រប់​ទាំង​សេចក្តី​វេទនា​ថា ១០ កាល​មាន​ម្នាក់​មក​ប្រាប់​យើង​ពី​សូល​បាន​សុគត​ហើយ ដោយ​ស្មាន​ថា ខ្លួន​នាំ​ដំណឹង​ល្អ​ណា​មួយ​មក​ប្រាប់​ដល់​យើង នោះ​យើង​បាន​ចាក់​សំឡាប់​វា នៅ​ត្រង់​ស៊ីកឡាក់​ទៅ ទុក​ជា​រង្វាន់​ដល់​វា ដោយ​ព្រោះ​ដំណឹង​ដែល​នាំ​មក​នោះ ១១ ដូច្នេះ ចំណង់​បើ​មនុស្ស​អាក្រក់​បាន​សំឡាប់​មនុស្ស​សុចរិត នៅ​លើ​ដំណេក ក្នុង​លំនៅ​របស់​ខ្លួន នោះ​តើ​មិន​ត្រូវ​ឲ្យ​យើង​សងសឹក ជំនួស​ឈាម​អ្នក​នោះ ដោយ​ដក​ឯង​ចេញ​ពី​ផែនដី​ទៅ លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី ១២ រួច​ដាវីឌ​បង្គាប់​ដល់​ពួក​កំឡោះ​របស់​ទ្រង់ ហើយ​គេ​ក៏​សំឡាប់​អ្នក​ទាំង​២​នោះ​ទៅ ព្រម​ទាំង​កាត់​ដៃ​កាត់​ជើង​យក​ទៅ​ព្យួរ​នៅ​ក្បែរ​ស្រះ​ត្រង់​ហេប្រុន តែ​គេ​នាំ​យក​ព្រះសិរ​នៃ​អ៊ីស-បូសែត ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​អ័ប៊ីនើរ នៅ​ក្រុង​ហេប្រុន​ទៅ។