ស្តេច​ដាវីឌ​គ្រងរាជ្យ​លើ​អ៊ីស្រាអែល​ទាំង​មូល
១ គ្រា​នោះ ពូជ​អំបូរ​នៃ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា ទូលបង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា​មួយ​នឹង​ទ្រង់​ដែរ ២ កាល​ពី​ដើម​ដែល​សូល​ធ្វើ​ជា​ស្តេច​លើ​ទូលបង្គំ​គ្រប់​គ្នា នោះ​គឺ​ទ្រង់​ហើយ ដែល​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រាអែល​ចេញ​ចូល ១​ទៀត ព្រះយេហូវ៉ា​ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​ទ្រង់​ថា ត្រូវ​ឲ្យ​ឯង​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​អ៊ីស្រាអែល ជា​រាស្ត្រ​អញ គឺ​ជា​មេ​គ្រប់គ្រង​លើ​ពួក​សាសន៍​អ៊ីស្រាអែល​ផង ៣ គឺ​យ៉ាង​នោះ​ហើយ ដែល​ពួក​ចាស់ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រាអែល បាន​មក​ឯ​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ស្តេច​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះយេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល​ដែរ ៤ កាល​ដាវីឌ​បាន​ទទួល​គ្រងរាជ្យ នោះ​ទ្រង់​មាន​ព្រះជន្ម​៣០​ឆ្នាំ ទ្រង់​ក៏​សោយរាជ្យ​បាន​៤០​ឆ្នាំ ៥ គឺ​ទ្រង់​បាន​សោយរាជ្យ​លើ​ពួក​យូដា នៅ​ហេប្រុន​អស់​៧​ឆ្នាំ​៦​ខែ ឯ​នៅ​ក្រុង​យេរូសាឡិម ទ្រង់​ក៏​សោយរាជ្យ​លើ​ពួក​អ៊ីស្រាអែល និង​ពួក​យូដា​ផង បាន​៣៣​ឆ្នាំ។
ស្តេច​ដាវីឌ​លើក​រាជធានី​មក​នៅ​ក្រុង​យេរូសាឡិម
៦ នៅ​គ្រា​នោះ​ស្តេច ហើយ​នឹង​ពួក​ទ័ព​ទ្រង់ ក៏​ទៅ​ឯ​ក្រុង​យេរូសាឡិម ច្បាំង​នឹង​សាសន៍​យេប៊ូស ដែល​នៅ​ស្រុក​នោះ គេ​បាន​មើលងាយ​ដល់​ដាវីឌ​ថា ឯង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ សូម្បី​តែ​ពួក​កង្វាក់ និង​ពួក​កង្វិន ក៏​អាច​នឹង​វាយ​កំចាត់​ឯង​បាន​ដែរ ដោយ​ស្មាន​ថា ដាវីឌ​ពុំ​អាច​នឹង​ចូល​បាន​ទេ ៧ ប៉ុន្តែ ដាវីឌ​ទ្រង់​ចាប់​យក​បាន​ទី​មាំមួន​ឈ្មោះ​ស៊ីយ៉ូន (នេះ​ហើយ​ដែល​ហៅ​ថា ទី​ក្រុង​របស់​ដាវីឌ) ៨ នៅ​ថ្ងៃ​នោះ ដាវីឌ​បាន​មាន​ព្រះបន្ទូល​ថា បើ​អ្នក​ណា​នឹង​វាយ​ពួក​យេប៊ូស​បាន នោះ​ត្រូវ​តែ​ឡើង​តាម​ផ្លូវ​បង្ហូរ​ទឹក​ទៅ ហើយ​វាយ​ទាំង​ពួក​កង្វាក់ និង​ពួក​កង្វិន​នុ៎ះ​ឯង ដែល​ចិត្ត​យើង​ខ្ពើម​ទាំង​ម៉្លេះ ដោយ​ព្រោះ​ពួក​កង្វាក់ ហើយ​ពួក​កង្វិន​បាន​និយាយ​ថា វា​ចូល​មក​មិន​បាន​ទេ ៩ រួច​ទ្រង់​ក៏​គង់​នៅ​ក្នុង​ទី​មាំមួន​នោះ ហើយ​បាន​ហៅ​ថា​ជា​ទី​ក្រុង​ដាវីឌ ទ្រង់​សង់​ឡើង​នៅ​ព័ទ្ធ​ជុំវិញ ចាប់​តាំង​ពី​មីឡូរ ចូល​មក​ខាង​ក្នុង ១០ ដាវីឌ​ទ្រង់​ក៏​ចំរើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពលបរិវារ​ទ្រង់​គង់​ជា​មួយ។
១១ រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម ហើយ​នឹង​ឈើ​តាត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ដាវីឌ ១២ នោះ​ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះយេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​លើក​ដំកើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ព្រះអង្គ។
បុត្រ​របស់​ស្តេច​ដាវីឌ ប្រសូត​នៅ​ក្រុង​យេរូសាឡិម
១៣ គ្រា​ដែល​បាន​មក​ពី​ហេប្រុន​ហើយ នោះ​ដាវីឌ​យក​ស្រី​អ្នកម្នាង និង​ភរិយា ពី​ពួក​ក្រុង​យេរូសាឡិម​ថែម​ទៀត ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ច្រើន​ឡើង ១៤ ឯ​បុត្រា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​នៅ​ក្រុង​យេរូសាឡិម​មាន​នាម​ដូច្នេះ គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន ១៥ យីបហារ អេលីសួរ នេផេក យ៉ាភា ១៦ អេលីសាម៉ា អេលាដា ហើយ​នឹង​អេលីផាលេត។
ជ័យជំនះ​របស់​ស្តេច​ដាវីឌ​លើ​សាសន៍​ភីលីស្ទីន
១៧ កាល​សាសន៍​ភីលីស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច លើ​សាសន៍​អ៊ីស្រាអែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់ ឡើង​មក​រក​ដាវីឌ តែ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​យាង​ចុះ​ទៅ​ឯ​ទី​ពំនួន ១៨ ឯ​ពួក​ភីលីស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម ១៩ នោះ​ដាវីឌ​ទូល​សួរ​ដល់​ព្រះយេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ទូលបង្គំ​ឬ​អី ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​អញ និង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​ដៃ​ឯង​ជា​ពិត​ប្រាកដ ២០ នោះ​ដាវីឌ​ទ្រង់​យាង​ទៅ​ដល់​បាល-ពេរ៉ាស៊ីម ហើយ​ក៏​ប្រហារ​ពួក​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា ព្រះយេហូវ៉ា​ទ្រង់​បាន​ទំលាយ​មក​លើ​ពួក​ខ្មាំងសត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ជា​ទឹក​ធ្លាយ​ទំនប់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ាស៊ីម ២១ គេ​ក៏​លះ​ចោល​អស់​ទាំង​រូប​ព្រះ​គេ​នៅ​ទី​នោះ ហើយ​ដាវីឌ និង​ពួក​ទ័ព​ទ្រង់​នាំ​យក​ទាំង​អស់​ទៅ។
២២ ក្រោយ​នោះ ពួក​ភីលីស្ទីន​ក៏​ឡើង​មក​រាយ​ទ័ព​របស់​គេ ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម​ម្តង​ទៀត ២៣ តែ​កាល​ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះយេហូវ៉ា នោះ​ទ្រង់​មាន​ព្រះបន្ទូល​ហាម​ថា កុំ​ឲ្យ​ឡើង​ទៅ​ឡើយ ត្រូវ​ឲ្យ​វាង​ទៅ​ពី​ខាង​ក្រោយ ហើយ​ចូល​ទៅ​ឯ​គេ​ពី​ខាង​ចំការ​មន​វិញ ២៤ កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ចូរ​ឲ្យ​ឯង​ប្រញាប់ប្រញាល់​ឡើង ដ្បិត​គឺ​វេលា​នោះ​ឯង​ហើយ ដែល​ព្រះយេហូវ៉ា​នឹង​ចេញ​ទៅ​ចំពោះ​មុខ​ឯង ដើម្បី​ប្រហារ​ពួក​ទ័ព​ភីលីស្ទីន ២៥ ដាវីឌ​ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ​ដូច​ជា​ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក ហើយ​ស្តេច​ទ្រង់​ប្រហារ​ពួក​ភីលីស្ទីន ចាប់​តាំង​ពី​ក្រុង​កេបា រហូត​ទៅ​ដល់​ក្រុង​កេស៊ើរ។