១៨
បរាជ័យ​របស់​កងទ័ព​ស្តេច​អាប់សាឡំម
១ គ្រា​នោះ ដាវីឌ​ទ្រង់​ត្រួតត្រា​មើល​ពួក​ពល​ទ័ព​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ ក៏​តាំង​ឲ្យ​មាន​មេ​លើ​១​ពាន់​នាក់ ហើយ​មេ​លើ​១​រយ​នាក់ ២ រួច​ទ្រង់​ចែក​គេ​ជា​៣​កង ចាត់​ឲ្យ​ចេញ​ទៅ ១​កង​នៅ​ក្រោម​អំណាច​យ៉ូអាប់ មួយ​ទៀត នៅ​ក្រោម​អំណាច​អ័ប៊ីសាយ ជា​ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា ហើយ​មួយ​ទៀត នៅ​ក្រោម​អំណាច​អ៊ីតតាយ ជា​ពួក​កាថ​ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា យើង និង​ចេញ​ទៅ​ជា​មួយ និង​ឯង​រាល់​គ្នា​ដែរ ៣ តែ​បណ្តា​ទ័ព​ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​ទ្រង់​យាង​ទៅ​ឡើយ ដ្បិត​បើ​យើង​ខ្ញុំ​រាល់​គ្នា​រត់​ទៅ នោះ​គេ​មិនសូវ​រវល់​នឹង​យើង​ខ្ញុំ​ប៉ុន្មាន​ទេ បើ​កាល​ណា​ពួក​យើង​ខ្ញុំ​ស្លាប់​អស់​ពាក់​កណ្តាល ក៏​គេ​ឥត​រវល់​ដែរ តែ​ឯ​ទ្រង់​វិញ នោះ​មាន​ដំឡៃ​ស្មើ​នឹង​ពួក​យើង​ខ្ញុំ​១​ម៉ឺន​នាក់ ដូច្នេះ ស៊ូ​ឲ្យ​ទ្រង់​ប្រុងប្រៀប និង​ជួយ​យើង​ខ្ញុំ​រាល់​គ្នា ពី​ទី​ក្រុង​នេះ​វិញ​ជា​ជាង ៤ នោះ​ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​នឹង​ធ្វើ​តាម​ដែល​ឯង​រាល់​គ្នា​គិត​ឃើញ​ថា​ត្រូវ ដូច្នេះ ស្តេច​ទ្រង់​ក៏​ឈរ​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ពួក​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន គេ​ចេញ​ទៅ​ដោយ​ពួក​រយ ពួក​ពាន់ ៥ ស្តេច​ទ្រង់​ក៏​បង្គាប់​ដល់​យ៉ូអាប់ អ័ប៊ីសាយ និង​អ៊ីតតាយ​ថា ចូរ​មេត្តា​ដល់​អាប់សាឡំម ជា​កូន​ប្រុស​យើង​ផង ដោយ​យល់​ដល់​យើង បណ្តា​ទ័ព​ក៏​បាន​ឮ ក្នុង​កាល​ដែល​ស្តេច​បាន​ផ្តាំ ពី​ដំណើរ​អាប់សាឡំម ដល់​ពួក​មេ​ទាំង​ប៉ុន្មាន​ដែរ។
៦ ដូច្នេះ ពួក​បណ្តា​ទ័ព​ក៏​ចេញ​ទៅ​ទាស់​នឹង​ពួក​អ៊ីស្រាអែល ហើយ​តយុទ្ធ​គ្នា​នៅ​ក្នុង​ព្រៃ​អេប្រាអិម ៧ បណ្តា​ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រាអែល​គេ​ចាញ់​ពួក​ពល​ខាង​ដាវីឌ​នៅ​ទី​នោះ ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក​ណាស់ អស់​ចំនួន​២​ម៉ឺន​នាក់ ៨ ដ្បិត​ការ​សង្គ្រាម​បាន​លុកលុយ​ពេញ​ក្នុង​ស្រុក​នោះ ហើយ​នៅ​ថ្ងៃ​នោះ ព្រៃ​ក៏​ធ្វើ​ឲ្យ​បណ្តា​មនុស្ស​វិនាស​ទៅ ច្រើន​ជាង​វិនាស ដោយ​មុខ​ដាវ​ទៅ​ទៀត។
យ៉ូអាប់​ធ្វើ​គុត​ស្តេច​អាប់សាឡំម
៩ រីឯ​អាប់សាឡំម ទ្រង់​ប្រទះ​នឹង​ពួក​ពល​ទ័ព​ខាង​ដាវីឌ គ្រា​នោះ ទ្រង់​កំពុង​គង់​លើ​លា​កាត់ សត្វ​ជំនិះ​ក៏​ទៅ​ក្រោម​មែក​ដើម​ម៉ៃសាក់​ដែល​សាងញ៉ាង នោះ​ព្រះសិរ​ក៏​ទាក់​ជាប់​នៅ​នឹង​មែក​ឈើ ព្យួរ​ផុត​ពី​ដី​ឡើង ឯ​លា​កាត់​ដែល​ទ្រង់​គង់​ក៏​ដើរ​បង្ហួស​ទៅ ១០ ខណៈ​នោះ មាន​មនុស្ស​ម្នាក់​បាន​ឃើញ ក៏​ទៅ​ជំរាប​ដល់​យ៉ូអាប់​ថា ន៏ ខ្ញុំ​បាន​ឃើញ​អាប់សាឡំម ព្យួរ​នៅ​លើ​ដើម​ម៉ៃសាក់​មួយ ១១ ឯ​យ៉ូអាប់​ក៏​បន្ទោស​ដល់​អ្នក​ដែល​ប្រាប់​ដំណឹង​នោះ​ថា បើ​ឯង​បាន​ឃើញ​ហើយ ម្តេច​ក៏​មិន​បាន​វាយ​សំឡាប់​នៅ​ទី​នោះ​ភ្លាម​ទៅ នោះ​អញ​នឹង​បាន​ឲ្យ​ប្រាក់​១០​ដួង និង​ខ្សែ​ក្រវាត់​១​ដល់​ឯង ១២ តែ​អ្នក​នោះ​ឆ្លើយ​តប​ថា បើ​ទុក​ជា​បាន​ប្រាក់​១​ពាន់​មក​ដៃ​ខ្ញុំ គង់​តែ​ខ្ញុំ​ក៏​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះរាជ​បុត្រា​នៃ​ស្តេច​ដែរ ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ព្រះបន្ទូល​ដែល​ទ្រង់​បាន​ផ្តាំ​ដល់​លោក និង​អ័ប៊ីសាយ ហើយ​អ៊ីតតាយ​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ពាល់​អាប់សាឡំម ជា​កូន​មាន​វ័យ​ក្មេង​នោះ​ឡើយ ១៣ បើ​សិន​ជា​ខ្ញុំ​បាន​ក្បត់​ចំពោះ​ព្រះជន្ម​ព្រះរាជ​បុត្រ​នោះ​វិញ គ្មាន​អ្វី​លាក់​កំបាំង​នឹង​ស្តេច​ឡើយ សូម្បី​តែ​លោក​ក៏​នឹង​លើក ទាស់​នឹង​ខ្ញុំ​ដែរ ១៤ យ៉ូអាប់​ឆ្លើយ​ថា មិន​គួរ​ឲ្យ​អ្នក​នៅ​បង្ខាត​ពេល​ជា​មួយ និង​ឯង​ដូច្នេះ​ទេ រួច​លោក​ចាប់​យក​ដែក​ពួយ​៣ កាន់​នៅ​ដៃ​ទៅ​ពួយ​ទំលុះ​ត្រង់​បេះដូង​អាប់សាឡំម ក្នុង​កាល​ដែល​កំពុង​នៅ​រស់ ជាប់​នៅ​នឹង​ដើម​ម៉ៃសាក់​នៅ​ឡើយ ១៥ ឯ​មនុស្ស​កំឡោះ​១០​នាក់ ដែល​កាន់​គ្រឿង​របស់​យ៉ូអាប់ ក៏​ចោមរោម​វាយ​សំឡាប់​អាប់សាឡំម​ទៅ។
១៦ រួច​ហើយ យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង នោះ​ពួក​ទ័ព​ក៏​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​អ៊ីស្រាអែល​មក​វិញ ដ្បិត​លោក​ប្រណី​ដល់​គេ ១៧ គេ​យក​សព​របស់​អាប់សាឡំម ទៅ​បោះ​ចោល​ក្នុង​រណ្តៅ​ធំ នៅ​កណ្តាល​ព្រៃ រួច​បង្គរ​ថ្ម​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ឯ​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​រៀង​ខ្លួន​ទៅ ១៨ រីឯ​នៅ​គ្រា​ដែល​អាប់សាឡំម​គង់​ព្រះជន្ម​នៅ​ឡើយ នោះ​ទ្រង់​ធ្វើ​បង្គោល​ថ្ម​១ ទុក​នៅ​ច្រក​ភ្នំ​នៃ​ហ្លួង​សំរាប់​ជា​ទី​រំឭក ដោយ​នឹក​ថា អញ​គ្មាន​កូន​ប្រុស​ដើម្បី និង​បន្ត​ឈ្មោះ​អញ​ទេ ទ្រង់​ក៏​ដាក់​ឈ្មោះ​ថ្ម​នោះ​តាម​នាម​របស់​ទ្រង់ គេ​ក៏​ហៅ​ថ្ម​នោះ​ថា «ថ្ម​អាប់សាឡំម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
ស្តេច​ដាវីឌ​ជ្រាប​ពី​ការ​សុគត​របស់​ស្តេច​អាប់សាឡំម
១៩ គ្រា​នោះ​អ័ហ៊ីម៉ាស កូន​សាដុក មាន​វាចា​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​នាំ​ដំណឹង រត់​ទៅ​ទូល​ស្តេច ពី​ដំណើរ​ដែល​ព្រះយេហូវ៉ា​បាន​សងសឹក​នឹង​ខ្មាំងសត្រូវ​ទ្រង់​ហើយ ២០ តែ​យ៉ូអាប់​ឆ្លើយ​ថា ថ្ងៃ​នេះ ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ទេ ចាំ​ដល់​ថ្ងៃ​ក្រោយ​វិញ តែ​ថ្ងៃ​នេះ​ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ឡើយ ពី​ព្រោះ​ព្រះរាជ​បុត្រ​នៃ​ស្តេច​សុគត​ហើយ ២១ រួច​មក​យ៉ូអាប់​ប្រាប់​ទៅ​គូស៊ី ថា ចូរ​ឯង​ទៅ​ទូល​ស្តេច​ពី​ការ​ដែល​ឯង​បាន​ឃើញ​ចុះ គូស៊ី​ក៏​ក្រាប​សំពះ​យ៉ូអាប់ ហើយ​រត់​ទៅ ២២ នោះ​អ័ហ៊ីម៉ាស ជា​កូន​សាដុក គាត់​សូម​យ៉ូអាប់​ម្តង​ទៀត​ថា ទោះ​បើ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​គូស៊ី​ផង យ៉ូអាប់​តប​ថា កូន​អើយ ឯង​ចង់​រត់​ទៅ​ធ្វើ​អី ដំណឹង​យ៉ាង​នេះ​មិន​មែន​ជា​គុណ​ដល់​ឯង​ទេ ២៣ តែ​គាត់​ថា ទោះ​បើ​យ៉ាង​ណា​ក៏​ដោយ​ចុះ គង់​តែ​ខ្ញុំ​នឹង​រត់​ទៅ​ដែរ ដូច្នេះ យ៉ូអាប់​ក៏​បណ្តោយ​ថា ចូរ​រត់​ទៅ​ចុះ អ័ហ៊ីម៉ាស​ក៏​រត់​ទៅ​តាម​ផ្លូវ​វាល​ដល់​មុន​គូស៊ី។
២៤ ឯ​ដាវីឌ ទ្រង់​គង់​នៅ​ត្រង់​រវាង​ទ្វារ​ទាំង​២ អ្នក​ចាំ​យាម​ក៏​ឡើង​ទៅ​លើ​ខ្លោងទ្វារ​កំផែង រួច​ងើប​ភ្នែក​ឡើង​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​រត់​មក ២៥ អ្នក​ចាំ​យាម​ក៏​ស្រែក​ទូល​ដល់​ស្តេច ទ្រង់​មាន​ព្រះបន្ទូល​ថា បើ​វា​មក​តែ​ឯង នោះ​គឺ​វា​នាំ​ដំណឹង​មក​ហើយ អ្នក​នោះ​មក​កាន់​តែ​ជិត​ដល់ ២៦ រួច​អ្នក​ចាំ​យាម​ឃើញ​ម្នាក់​ទៀត​កំពុង​តែ​រត់​មក ក៏​ស្រែក​ប្រាប់​ទៅ​អ្នក​ឆ្មាំ​ទ្វារ​ថា មើល​ន៏ មាន​ម្នាក់​ទៀត​រត់​មក​ដែរ ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​ថា នោះ​ក៏​នាំ​ដំណឹង​មក​ដែរ ២៧ អ្នក​ចាំ​យាម​ទូល​ថា ទូលបង្គំ​ស្មាន​ថា អ្នក​ដែល​រត់​មក​មុន នោះ​មាន​ភាព​រត់​ដូច​ជា​អ័ហ៊ីម៉ាស កូន​សាដុក ស្តេច​មាន​ព្រះបន្ទូល​តប​ថា អ្នក​នោះ​ជា​មនុស្ស​ល្អ ក៏​នាំ​ដំណឹង​ល្អ​មក។
២៨ គ្រា​នោះ អ័ហ៊ីម៉ាស​ស្រែក​ទូល​មក​ស្តេច​ថា មាន​សុខ​ហើយ។ រួច​គាត់​ក្រាប​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ស្តេច​ទូល​ថា សូម​ក្រាប​ថ្វាយបង្គំ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ព្រះករុណា ដោយ​ទ្រង់​បាន​ប្រគល់​ពួក​អ្នក​ដែល​លើក​ដៃ​ទាស់ និង​ព្រះករុណា ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ មក​ហើយ ២៩ ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​អាប់សាឡំម ជា​កូន​ប្រុស​យើង សុខ​សប្បាយ​ទេ​ឬ អ័ហ៊ីម៉ាស​ទូល​ឆ្លើយ​ថា កាល​យ៉ូអាប់​បាន​ចាត់​ទូលបង្គំ ជា​អ្នក​បំរើ​នៃ​ព្រះករុណា​មក នោះ​ទូលបង្គំ​ឃើញ​ថា មាន​ជ្រួលជ្រើម​ជា​ខ្លាំង តែ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ទេ ៣០ ដូច្នេះ ស្តេច​ប្រាប់​ថា ចូរ​ឯង​បែរ​ទៅ ឈរ​ខាង​នោះ​សិន គាត់​ក៏​បែរ​ទៅ ឈរ​ស្ងៀម​នៅ​ទី​នោះ។
៣១ លំដាប់​នោះ គូស៊ី​ក៏​មក​ដល់​ទូល​ថា ទូលបង្គំ​មាន​ដំណឹង​មក​ថ្វាយ​ព្រះករុណា ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះយេហូវ៉ា​បាន​សងសឹក​នឹង​ពួក​ក្បត់ ដែល​បាន​លើក​ដៃ ទាស់​នឹង​ព្រះករុណា​ហើយ ៣២ ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​គូស៊ី​ថា តើ​អាប់សាឡំម​កូន​ប្រុស​យើង​សុខ​សប្បាយ​ទេ​ឬ គូស៊ី​ទូល​ឆ្លើយ​ថា សូម​ឲ្យ​ពួក​ខ្មាំងសត្រូវ​នៃ​ព្រះករុណា ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ និង​អស់​អ្នក​ដែល​លើក​គ្នា​ក្បត់​ចំពោះ​ទ្រង់ បាន​ដូច​ជា​បុត្រា​ទ្រង់​ចុះ
ការ​ឈឺចាប់​ខ្លោចផ្សារ​របស់​ស្តេច​ដាវីឌ
៣៣ នោះ​ស្តេច​ទ្រង់​មាន​សេចក្តី​រំជួល​ក្នុង​ព្រះទ័យ​ជា​ខ្លាំង ក៏​យាង​ឡើង​ទៅ​ក្នុង​បន្ទប់​ខាង​លើ​ខ្លោងទ្វារ ហើយ​ទ្រង់​ព្រះកន្សែង​កំពុង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ឱ​អាប់សាឡំម កូន​អញ កូន​អញ​អើយ ឱ​អាប់សាឡំម កូន​អញ​អើយ ស៊ូ​ឲ្យ​អញ​បាន​ស្លាប់​ជំនួស​ឯង ឱ​អាប់សាឡំម កូន​អញ កូន​អញ​អើយ។