១៩
១ មានគេទៅជំរាបដល់យ៉ូអាប់ថា ស្តេចទ្រង់ព្រះកន្សែងសោកទោមនស្សនឹងអាប់សាឡំម ២ ថ្ងៃនោះឯង ការជ័យជំនះក៏ត្រឡប់ទៅជាសេចក្តីទុក្ខសោក ដល់ពួកជនទាំងឡាយវិញ ពីព្រោះនៅថ្ងៃនោះ គេឮដំណឹងថា ស្តេចទ្រង់សោកទោមនស្សនឹងព្រះរាជបុត្រា ៣ ដូច្នេះ នៅថ្ងៃនោះ ប្រជាជនចូលមកក្នុងទីក្រុងដោយលួចលាក់ ដូចជាមនុស្ស ដែលលបចេញពីទីចំបាំងទៅ ដោយខ្មាស ៤ ឯស្តេច ទ្រង់បិទព្រះភក្ត្រ ស្រែកឡើងជាខ្លាំងថា ឱអាប់សាឡំម កូនអញអើយ ឱអាប់សាឡំម កូនអញ ជាកូនអញអើយ ៥ គ្រានោះ យ៉ូអាប់មកឯស្តេច នៅក្នុងព្រះរាជមន្ទីរទូលថា នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាពួកអ្នកបំរើទ្រង់មានសេចក្តីខ្មាស គឺជាពួកអ្នកដែលបានជួយសង្គ្រោះដល់ព្រះជន្មព្រះករុណា និងព្រះរាជបុត្រា បុត្រី ពួកភរិយា ហើយនិងពួកអ្នកម្នាង របស់ព្រះករុណានៅថ្ងៃនេះផង ៦ ដោយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ទ្រង់ ហើយក៏ស្អប់ដល់ពួកអ្នកដែលស្រឡាញ់ទ្រង់វិញ ដ្បិតនៅថ្ងៃនេះ ព្រះករុណាបានសំដែងថា ទ្រង់មិនរាប់អានដល់ទាំងពួកអ្នកធំតូចផង ហើយនៅថ្ងៃនេះ ទូលបង្គំក៏យល់ឃើញថា បើអាប់សាឡំមនៅរស់នៅឡើយ ហើយយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានជាទីពេញដល់ព្រះហឫទ័យទ្រង់ណាស់ ៧ ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានព្រះបន្ទូលឲ្យពួកអ្នកបំរើទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា បើសិនជាទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយ នៅជាមួយនឹងទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត ៨ ដូច្នេះ ស្តេចទ្រង់ក៏ក្រោកឡើង យាងចេញទៅគង់នៅមាត់ទ្វារក្រុង ហើយមានគេទៅប្រកាសដល់បណ្តាជនទាំងឡាយថា មើលស្តេចទ្រង់កំពុងតែគង់នៅមាត់ទ្វារ នោះពួកបណ្តាជនទាំងឡាយ ក៏មកគាល់នៅចំពោះស្តេច។
ស្តេចដាវីឌយាងចូលក្រុងយេរូសាឡិម
៩ រីឯពួកអ៊ីស្រាអែល គេបានរត់ទៅឯទីលំនៅរបស់គេរៀងខ្លួន ហើយបណ្តាជនទាំងឡាយក៏កើតវិវាទគ្នា នៅពេញក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ថា ស្តេចទ្រង់បានជួយឲ្យយើងរួច ពីកណ្តាប់ដៃរបស់ពួកខ្មាំងសត្រូវយើង ក៏បានជួយសង្គ្រោះឲ្យរួចពីកណ្តាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ពីមុខអាប់សាឡំម ចេញពីនគរទៅ ១០ ឯអាប់សាឡំម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះ ហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ។
១១ ចំណែកស្តេចដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងអ័បៀថើរដ៏ជាសង្ឃ ដោយព្រះបន្ទូលថា ចូរសួរដល់ពួកចាស់ទុំនៃពួកយូដាថា ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ ដ្បិតសូរសព្ទ ដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯព្រះរាជមន្ទីរហើយ ១២ អ្នករាល់គ្នាជាពួកញាតិ ហើយជាសាច់ឈាមនឹងយើងផង ហេតុអ្វីបានជានៅយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកវិញដូច្នេះ ១៣ មួយទៀតត្រូវប្រាប់ដល់អ័ម៉ាសាថា តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬអី បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួយយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង ១៤ យ៉ាងនោះទ្រង់បានបំពត់ចិត្តរបស់ពួកយូដាទាំងអស់ ឲ្យព្រមព្រៀងគ្នាដូចជាមនុស្សតែម្នាក់វិញ ដល់ម៉្លេះបានជាគេចាត់ទៅឯស្តេចទូលថា សូមព្រះករុណាទ្រង់យាងត្រឡប់មក ព្រមទាំងពួកទ្រង់ផង ១៥ ដូច្នេះ ស្តេចក៏យាងត្រឡប់ទៅវិញ បានដល់ត្រឹមទន្លេយ័រដាន់ ឯពួកយូដាគេទៅដល់ក្រុងគីលកាល ដើម្បីនឹងទៅទទួលស្តេច ហើយចំឡងទ្រង់ពីទន្លេយ័រដាន់មក។
ស្តេចដាវីឌលើកលែងទោសលោកស៊ីម៉ាយ
១៦ រីឯស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងពូជអំបូរបេនយ៉ាមីន ដែលនៅភូមិបាហ៊ូរីម ក៏ប្រញាប់ចុះមកទទួលស្តេចដាវីឌជាមួយនឹងពួកយូដាដែរ ១៧ មានទាំងពួកបេនយ៉ាមីន១ពាន់នាក់ ហើយស៊ីបា ជាអ្នកបំរើរបស់ព្រះវង្សនៃសូល និងកូនទាំង១៥នាក់ ព្រមទាំងបាវបំរើគាត់ទាំង២០នាក់ មកជាមួយផង គេនាំគ្នាឆ្លងទន្លេយ័រដាន់ទៅ នៅចំពោះស្តេច ១៨ ក៏មានទូក១ឆ្លងទៅសំរាប់នឹងទទួលចំឡងពួករាជវង្សស្តេចមក ហើយនឹងធ្វើតាមព្រះទ័យទ្រង់ នៅគ្រាដែលស្តេចរៀបឆ្លងទន្លេយ័រដាន់មក នោះស៊ីម៉ាយ ជាកូនកេរ៉ា ក៏ផ្តួលខ្លួនក្រាបចុះ នៅចំពោះទ្រង់ ទូលថា ១៩ បពិត្រព្រះអម្ចាស់ សូមកុំប្រកាន់ទោសទូលបង្គំឡើយ សូមកុំរឭកដល់សេចក្តីអាក្រក់ ដែលទូលបង្គំជាបាវបំរើទ្រង់ បានប្រព្រឹត្តដោយល្មើស នៅថ្ងៃដែលទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានយាងចេញពីក្រុងយេរូសាឡិមទៅនោះ ឬយកព្រះទ័យទុកដាក់ឲ្យសោះ ២០ ដ្បិតទូលបង្គំ ជាបាវបំរើនៃទ្រង់យល់ឃើញថា បានធ្វើអាក្រក់ហើយ ហេតុនោះបានជាទូលបង្គំមកដល់ នៅថ្ងៃនេះ មុនជាងបណ្តាវង្សានុវង្សនៃយ៉ូសែបទៅទៀត ដើម្បីនឹងចុះមកទទួលព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ២១ តែអ័ប៊ីសាយ ជាកូនសេរូយ៉ា ចាប់ពាក្យទូលថា តើមិនត្រូវសំឡាប់ស៊ីម៉ាយ ដោយព្រោះបានជេរប្រមាថ ដល់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេឬអី ២២ ប៉ុន្តែ ដាវីឌមានព្រះបន្ទូលថា ឱកូនសេរូយ៉ារាល់គ្នាអើយ តើយើងត្រូវការអ្វីនឹងឯង បានជាឯងមកធ្វើជាអ្នកទាស់ទទឹង និងយើងនៅថ្ងៃនេះដូច្នេះ តើត្រូវសំឡាប់មនុស្សក្នុងពួកអ៊ីស្រាអែលនៅថ្ងៃនេះឬអី ដ្បិតតើយើងមិនដឹងទេឬអីថា នៅថ្ងៃនេះ យើងជាស្តេចលើសាសន៍អ៊ីស្រាអែលវិញហើយ ២៣ រួចស្តេចទ្រង់មានព្រះបន្ទូលស្បថនឹងស៊ីម៉ាយថា ឯងមិនត្រូវស្លាប់ទេ។
ស្តេចដាវីឌលើកលែងទោសមភីបូសែត
២៤ ចំណែកមភីបូសែត ជាព្រះវង្សសូល លោកក៏ចុះទៅទទួលស្តេចដែរ លោកមិនបានមើលជំងឺជើង ឬកាត់ពុកចង្កា ឬគក់បោកខោអាវឡើយ តាំងតែពីថ្ងៃដែលស្តេចទ្រង់ចាកចេញទៅ ដរាបដល់ថ្ងៃដែលទ្រង់យាងមកវិញដោយសុខសាន្ត ២៥ រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីនឹងគាល់ស្តេច នោះទ្រង់មានព្រះបន្ទូលសួរថា មភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយនឹងយើង ២៦ លោកក្រាបទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំ ជាបាវបំរើនៃទ្រង់ បានសំរេចថា នឹងចងកែបលាជិះទៅជាមួយ និងព្រះករុណាដែរ ពីព្រោះទូលបង្គំជាមនុស្សខ្វិនជើង ២៧ តែវាបានទូលបង្កាច់ទូលបង្គំ ជាបាវបំរើ នៅចំពោះទ្រង់វិញ ឯព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ទ្រង់ដូចជាទេវតានៃព្រះហើយ ដូច្នេះ សូមទ្រង់សំរេចតាមតែព្រះហឫទ័យចុះ ២៨ ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ ប៉ុន្តែ ទ្រង់បានប្រោសតម្រូវឲ្យទូលបង្គំ ជាបាវបំរើនៃទ្រង់ បាននៅក្នុងពួកនាក់ដែលបរិភោគនៅតុរបស់ទ្រង់ ដូច្នេះ តើទូលបង្គំនៅមានច្បាប់អ្វី និងស្រែករកព្រះករុណាទៀត ២៩ ស្តេចទ្រង់មានព្រះបន្ទូលតបថា អ្នកនៅនិយាយពីរឿងអ្នកទៀតធ្វើអី យើងសំរេចថា ចូរឲ្យអ្នក និងស៊ីបាបែងចែកស្រែចំការគ្នាទៅ ៣០ មភីបូសែតទូលឆ្លើយថា ឲ្យគេយកទាំងអស់ទៅចុះ ពីព្រោះព្រះករុណាជាព្រះអម្ចាស់ បានវិលមកឯដំណាក់ ដោយសុខសាន្តហើយ។
ស្តេចដាវីឌលើកទឹកចិត្តលោកបារស៊ីឡាយ
៣១ ឯបារស៊ីឡាយ ជាពួកកាឡាត លោកចុះពីក្រុងរ៉ូគីលីម មកឆ្លងទន្លេយ័រដាន់ ដើម្បីនឹងជូនស្តេចទៅត្រើយម្ខាងដែរ ៣២ លោកជាមនុស្សមានវ័យកន្លងហើយ មានអាយុ៨០ឆ្នាំគត់ លោកបានផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច ក្នុងកាលដែលទ្រង់គង់នៅស្រុកម៉ាហាណែម ដ្បិតលោកជាអ្នកមានស្តុក ៣៣ ស្តេចទ្រង់មានព្រះបន្ទូលទៅលោកថា សូមអញ្ជើញទៅជាមួយនឹងខ្ញុំ នោះខ្ញុំនឹងបីបាច់រក្សាលោក នៅឯក្រុងយេរូសាឡិម ៣៤ តែបារស៊ីឡាយទូលឆ្លើយថា តើទូលបង្គំនឹងនៅរស់បានប៉ុន្មានទៅទៀត ដែលនឹងគួរតាមព្រះករុណា ឡើងទៅឯក្រុងយេរូសាឡិមនោះ ៣៥ ថ្ងៃនេះ ទូលបង្គំមានអាយុ៨០ឆ្នាំហើយ តើនឹងអាចសង្កេតរបស់ល្អពីរបស់អាក្រក់បានឬ តើទូលបង្គំ ជាបាវបំរើនៃទ្រង់ អាចនឹងភ្លក់រសនៃរបស់ដែលទទួលទាន ឬអាចស្តាប់សំឡេង របស់ពួកចំរៀងប្រុសស្រីទៀតបានឬទេ ដូច្នេះ តើគួរអ្វី ឲ្យទូលបង្គំបាននៅផ្ទុកលើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំទៀត ៣៦ ទូលបង្គំជាបាវបំរើទ្រង់ ចង់គ្រាន់តែឆ្លងជូនព្រះករុណា ទៅត្រឹមត្រើយទន្លេយ័រដាន់ម្ខាងប៉ុណ្ណោះទេ ហេតុអ្វីបានជាចង់សងទូលបង្គំ ដោយរង្វាន់ជាធំម៉្លេះធ្វើអី ៣៧ សូមអនុញ្ញាតឲ្យទូលបង្គំ ជាបាវបំរើទ្រង់ត្រឡប់ទៅវិញចុះ ដើម្បីឲ្យបានស្លាប់នៅឯស្រុករបស់ទូលបង្គំជិតផ្នូរនៃមាតាបិតាវិញ តែមើល នេះគីមហាំ ជាអ្នកបំរើទ្រង់ សូមឲ្យវាឆ្លងទៅជាមួយនឹងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំចុះ ហើយសូមប្រោសដល់វា តាមព្រះទ័យផង ៣៨ ស្តេចទ្រង់មានព្រះបន្ទូលតបថា គីមហាំនឹងឆ្លងទៅជាមួយនឹងខ្ញុំពិត ខ្ញុំនឹងធ្វើគុណដល់គាត់ តាមបំណងចិត្តលោក ហើយបើលោកត្រូវការអ្វីៗ នោះខ្ញុំនឹងជួយទាំងអស់ដែរ ៣៩ ដូច្នេះ បណ្តាជនទាំងឡាយបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្តេចទ្រង់ក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។
៤០ រីឯស្តេចទ្រង់យាងទៅដល់ក្រុងគីលកាល ហើយគីមហាំក៏តាមទៅដែរ ចំណែកបណ្តាពួកយូដា និងពួកអ៊ីស្រាអែល១ចំហៀង គេក៏ដង្ហែស្តេចទៅ
ទំនាស់រវាងសាសន៍យូដា និងសាសន៍អ៊ីស្រាអែល
៤១ នោះពួកអ៊ីស្រាអែលទាំងអស់ គេមកគាល់ស្តេច ទូលថា ហេតុអ្វីបានជាពួកយូដា ជាបងប្អូនយើងខ្ញុំ បានទាក់ព្រះទ័យព្រះករុណា ដោយចំឡងទ្រង់ ព្រមទាំងព្រះរាជវង្សាទាំងប៉ុន្មាន និងបណ្តាពួកទ័ពទ្រង់ ឆ្លងទន្លេយ័រដាន់មកដូច្នេះ ៤២ ពួកយូដាទាំងប៉ុន្មាន គេឆ្លើយទៅពួកអ៊ីស្រាអែលថា គឺពីព្រោះស្តេចជាញាតិវង្សជិតដិតនឹងយើងទេតើ ដូច្នេះ ហេតុអ្វីបានជាអាក់អន់ចិត្តដោយព្រោះការនេះ តើយើងបានបរិភោគអ្វីដែលត្រូវឲ្យស្តេចបង់ខាត ឬទ្រង់បានប្រទានរង្វាន់អ្វីមកយើងខ្លះ ៤៣ តែពួកអ៊ីស្រាអែលគេឆ្លើយតបទៅពួកយូដាវិញថា យើងមានចំណែក១០ភាគខាងស្តេចដែរ ហើយខាងឯដាវីឌនេះ យើងមានច្បាប់លើសជាងអ្នករាល់គ្នាទៅទៀត ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយយើង ដោយមិនបានពិគ្រោះនឹងយើងជាមុន ពីដំណើរនាំស្តេចមក ប៉ុន្តែ ពាក្យសំដីរបស់ពួកយូដា បានម៉ឺងម៉ាត់ជាងពាក្យរបស់ពួកអ៊ីស្រាអែលវិញ។