២០
សេបា​បះបោរ​ប្រឆាំង​នឹង​ស្តេច​ដាវីឌ
១ រីឯ​នៅ​ទី​នោះ មាន​មនុស្ស​ចោលម្សៀត​ម្នាក់​ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី ពូជ​បេនយ៉ាមីន វា​ក៏​ផ្លុំ​ត្រែ​ឡើង​ពោល​ថា យើង​រាល់​គ្នា​គ្មាន​ចំណែក​ខាង​ដាវីឌ ក៏​គ្មាន​មរដក​ខាង​កូន​អ៊ីសាយ​ទេ ឱ​អ៊ីស្រាអែល​អើយ ចូរ​យើង​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​យើង​គ្រប់​គ្នា​ទៅ ២ ដូច្នេះ ពួក​អ៊ីស្រាអែល​ទាំង​អស់ ក៏​លះបង់​ចោល​ដាវីឌ ទៅ​តាម​សេបា ជា​កូន​ប៊ីគ្រី​វិញ តែ​ពួក​យូដា​គេ​តាម​ស្តេច​គេ​ជាប់​ទៅ ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ រហូត​ដល់​ក្រុង​យេរូសាឡិម។
៣ ដាវីឌ​ក៏​យាង​មក​ដល់​ដំណាក់​ទ្រង់ នៅ​ក្រុង​យេរូសាឡិម នោះ​ទ្រង់​យក​ពួក​អ្នកម្នាង​ទាំង​១០​នាក់ ដែល​បាន​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​ទៅ​បង្ខាំង​ទុក ហើយ​ចិញ្ចឹម​រក្សា​ដោយ​ស្បៀង​អាហារ តែ​មិន​បាន​យាង​ចូល​ទៅ​ឯ​នាង​ណា​មួយ​ទៀត​ទេ ដូច្នេះ នាង​ទាំង​នោះ​ត្រូវ​បង្ខាំង​ទុក​ឲ្យ​នៅ​ជា​មេម៉ាយ រហូត​ដល់​ថ្ងៃ​ស្លាប់។
យ៉ូអាប់​ធ្វើ​ឃាត​អ័ម៉ាសា
៤ រួច​មក ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​ទៅ​អ័ម៉ាសា​ថា ចូរ​កេណ្ឌ​ពួក​យូដា ឲ្យ​មក​ឯ​យើង​ក្នុង​៣​ថ្ងៃ ហើយ​ត្រូវ​ឲ្យ​អ្នក​នៅ​ទី​នេះ​ដែរ ៥ ដូច្នេះ អ័ម៉ាសា​ក៏​ចេញ​ទៅ​កេណ្ឌ​ពួក​យូដា តែ​លោក​បង្អង់​នៅ​ហួស​វេលា​កំណត់​ដែល​ស្តេច​បាន​បង្គាប់ ៦ នោះ​ដាវីឌ​មាន​ព្រះបន្ទូល​ទៅ​អ័ប៊ីសាយ​ថា ឥឡូវ​នេះ សេបា ជា​កូន​ប៊ីគ្រី និង​ប្រទូសរ៉ាយ​ដល់​យើង​លើស​ជាង​អាប់សាឡំម​ទៅ​ទៀត ដូច្នេះ ចូរ​អ្នក​នាំ​យក​ពួក​ពល​របស់​ចៅហ្វាយ​នៃ​អ្នក ទៅ​ដេញ​តាម​វា ក្រែង​វា​បាន​ទី​ក្រុង​មាន​កំផែង​ណា​មួយ ហើយ​បាត់​ពី​យើង​ទៅ ៧ ដូច្នេះ កងទ័ព​របស់​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេធីម និង​ពួក​ពេលេធីម ហើយ​ពួក​ខ្លាំង​ពូកែ​ទាំង​អស់ ក៏​ចេញ​ទៅ​ជា​មួយ និង​លោក គេ​ចេញ​ពី​ក្រុង​យេរូសាឡិម ទៅ​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី ៨ កាល​បាន​ទៅ​ដល់​ថ្ម​ធំ​នៅ​ស្រុក​គីបៀន​ហើយ នោះ​អ័ម៉ាសា​ក៏​មក​ប្រទះ​នឹង​គេ ឯ​យ៉ូអាប់​លោក​បាន​ពាក់​អាវ​ក្រោះ ហើយ​នៅ​ចង្កេះ​មាន​កាំបិត​នែប​នៅ​ខ្សែ​ក្រវាត់ កំពុង​ដែល​លោក​ដើរ​ទៅ​មុខ នោះ​កាំបិត​ក៏​របូត​ចេញ ៩ រួច​លោក​សួរ​ទៅ​អ័ម៉ាសា​ថា បង​អើយ សុខ​សប្បាយ​ជា​ទេ​ឬ យ៉ូអាប់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុកចង្កា​អ័ម៉ាសា ដើម្បី និង​ថើប ១០ ឯ​អ័ម៉ាសា​មិន​បាន​ជា​រវាំង​នឹង​កាំបិត ដែល​នៅ​ដៃ​យ៉ូអាប់​ទេ ដូច្នេះ យ៉ូអាប់​ក៏​ចាក់​វះ​ពោះ​លោក​ឲ្យ​ធ្លាយ​ពោះវៀន ចេញ​ទ្រេល​ដល់​ដី ឥត​មាន​ចាក់​ម្តង​ទៀត​ទេ ហើយ​លោក​ក៏​ស្លាប់​ទៅ រួច​យ៉ូអាប់ និង​អ័ប៊ីសាយ ជា​ប្អូន​ក៏​ដេញ​តាម​សេបា ជា​កូន​ប៊ីគ្រី​ទៅ ១១ មាន​ម្នាក់​ក្នុង​ពួក​យ៉ូអាប់ ឈរ​ជិត​លោក​ប្រកាស​ថា អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​ខាង​យ៉ូអាប់ ហើយ​នៅ​ខាង​ដាវីឌ ចូរ​មក​តាម​យ៉ូអាប់​ចុះ ១២ ឯ​អ័ម៉ាសា​លោក​ននៀល​ក្នុង​ឈាម នា​កណ្តាល​ផ្លូវ កាល​អ្នក​នោះ​ឃើញ​ថា បណ្តា​ទ័ព​ទាំង​ប៉ុន្មាន​ឈប់​ឈរ​នៅ នោះ​គាត់​យក​អ័ម៉ាសា​ចេញ​ពី​ផ្លូវ​ទៅ​ដាក់​នៅ​វាល​វិញ ហើយ​យក​អាវ​១​គ្រប ព្រោះ​ឃើញ​ថា​គ្រប់​គ្នា​ដែល​មក​ដល់​ទី​នោះ​ចេះ​តែ​ឈប់​នៅ ១៣ កាល​បាន​យក​លោក​ចេញ​ពី​ផ្លូវ​ហើយ នោះ​បណ្តា​ទ័ព​ក៏​ដើរ​តាម​យ៉ូអាប់​ទៅ ដើម្បី​នឹង​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។
១៤ អ្នក​នោះ​ដើរ​កាត់​គ្រប់​ទាំង​ខែត្រ​នៃ​ពូជ​អំបូរ​អ៊ីស្រាអែល​ទៅ ដល់​ត្រឹម​ក្រុង​អេបិល-បេត-ម្អាកា ហើយ​ពួក​បេរី ក៏​មូល​គ្នា​ទាំង​អស់​ទៅ​តាម​វា​ដែរ ១៥ ពួក​ខាង​យ៉ូអាប់​ក៏​មក​ឡោមព័ទ្ធ​វា នៅ​ក្រុង​អេបិល-បេតា-ម្អាកា គេ​លើក​ដី​បង្គរ​ឡើង ធ្វើ​ជា​ផ្លូវ​ទៅ​ដល់​កំផែង ហើយ​ពួក​ទ័ព​ក៏​បុក​កំផែង ដើម្បី​នឹង​រំលំ​ចេញ ១៦ នៅ​គ្រា​នោះ មាន​ស្រី​ប្រាជ្ញា​ម្នាក់ ស្រែក​មក​ពី​ក្នុង​ទី​ក្រុង​ថា សូម​ស្តាប់ៗ សូម​ជំរាប​ឲ្យ​យ៉ូអាប់​អញ្ជើញ​មក​ជិត​នេះ​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​និយាយ​នឹង​លោក ១៧ លោក​ក៏​ចូល​ទៅ​ជិត​នាង រួច​នាង​សួរ​ថា តើ​លោក​ឈ្មោះ​យ៉ូអាប់​ឬ​អី លោក​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ រួច​នាង​ពោល​ថា សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ជា​បាវ​លោក​សិន លោក​ឆ្លើយ​ថា ខ្ញុំ​កំពុង​ស្តាប់ ១៨ នោះ​នាង​និយាយ​ថា កាល​ដើម​ដំបូង​គេ​ធ្លាប់​ពោល​ថា ពិត​ប្រាកដ​ជា​គេ​នឹង​សួរ​រក​ដំបូន្មាន​នៃ​ពួក​ក្រុង​អេបិល គឺ​យ៉ាង​នោះ​ដែល​គេ​បាន​សំរេច​ការ​នីមួយៗ ១៩ ចំណែក​ខ្ញុំ ជា​ម្នាក់​ក្នុង​ពួក​ដែល​ចង់​បាន​សេចក្តី​សុខ ហើយ​ក៏​ស្មោះត្រង់​នៅ​ស្រុក​អ៊ីស្រាអែល ឯ​លោក​វិញ លោក​រក​បំផ្លាញ​ទី​ក្រុង​១ ដែល​ទុក​ដូច​ជា​ម្តាយ ក្នុង​ស្រុក​អ៊ីស្រាអែល ហេតុ​អ្វី​បាន​ជា​លោក​ចង់​លេប​បំបាត់​មរដក​នៃ​ព្រះយេហូវ៉ា​ធ្វើ​អី ២០ នោះ​យ៉ូអាប់​ឆ្លើយ​តប​ថា សូម​ឲ្យ​បំណង​ចង់​លេប​បំបាត់ ហើយ​បំផ្លាញ បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ គឺ​ឲ្យ​បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ពិត ២១ មិន​មែន​ដូច្នោះ​ទេ គឺ​មាន​មនុស្ស​ម្នាក់​ដែល​មក​ពី​ស្រុក​ភ្នំ​អេប្រាអិម ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី វា​បាន​លើក​ដៃ​ក្បត់​ចំពោះ​ស្តេច​ដាវីឌ​វិញ ចូរ​ប្រគល់​តែ​ខ្លួន​វា​១​មក​ប៉ុណ្ណោះ នោះ​យើង​នឹង​ថយ​ចេញ​ពី​ទី​ក្រុង​នេះ​ទៅ​ហើយ ស្រី​នោះ​ឆ្លើយ​មក​យ៉ូអាប់​ថា ចាំ​មើល គេ និង​លោះ​ក្បាល​វា​រំលង​កំផែង​មក​ជូន​លោក ២២ នោះ​នាង​ក៏​ទៅ​បញ្ចុះបញ្ចូល​មនុស្ស​ទាំងឡាយ ដោយ​ប្រាជ្ញា​របស់​នាង ហើយ​គេ​កាត់​ក្បាល​សេបា ជា​កូន​ប៊ីគ្រី បោះ​ទៅ​ជូន​យ៉ូអាប់ រួច​លោក​ផ្លុំ​ត្រែ​ឡើង ហើយ​គេ​ក៏​ថយ​ចេញ​ពី​ទី​ក្រុង​នោះ ត្រឡប់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​គ្រប់ៗ​គ្នា​ទៅ ចំណែក​យ៉ូអាប់​លោក​ក៏​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ រួច​ចូល​ទៅ​គាល់​ស្តេច។
បញ្ជី​រាយ​នាម​មន្ត្រី​របស់​ស្តេច​ដាវីឌ
២៣ ចំណែក​ឯ​យ៉ូអាប់ លោក​ជា​អ្នក​ត្រួត​លើ​ពួក​ពល​ទ័ព​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ បេណាយ៉ា ជា​កូន​យេហូយ៉ាដា លោក​ជា​មេ​លើ​ពួក​កេរេធីម និង​ពួក​ពេលេធីម ២៤ អ័ដូរ៉ាម លោក​ជា​មេ​កំណែន ឯ​យ៉ូសាផាត​ជា​កូន​អ័ហ៊ីលូឌ លោក​ជា​អ្នក​កត់ត្រា​ពង្សាវតារ ២៥ សេរ៉ាយ៉ា​ជា​ស្មៀនហ្លួង សាដុក និង​អ័បៀថើរ​ជា​សង្គ្រាជ ២៦ ហើយ​អ៊ីរ៉ា ជា​ពូជ​យ៉ាអ៊ារ លោក​ជា​ចាងហ្វាង​លើ​ពួក​សេនាបតី​របស់​ដាវីឌ។