៧
១ នៅក្នុងឆ្នាំដំបូង នៃបេលសាសារ ជាស្តេចក្រុងបាប៊ីឡូន នោះដានីយ៉ែលលោកយល់សប្តិ ហើយឃើញការជាក់ស្តែងនៅក្នុងខួរ កំពុងដេកលើដំណេក រួចក៏កត់សប្តិនោះទុក ហើយប្រាប់ដោយសង្ខេបតាមសេចក្តីដែលសំខាន់ៗ ២ ដានីយ៉ែលលោកបរិយាយថា ខ្ញុំបានឃើញការជាក់ស្តែងនៅពេលយប់ដូច្នេះ ខ្យល់ទាំង៤នៅលើអាកាសធ្លាក់ចុះមកលើមហាសមុទ្រ ៣ រួចមានសត្វធំ៤ឡើងចេញពីសមុទ្រមក មានសណ្ឋានផ្សេងៗគ្នា ៤ សត្វទី១ដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី ខ្ញុំបានគន់មើលដរាបដល់ចំអេងស្លាបវាត្រូវដកចេញ ហើយវាត្រូវលើកឡើងផុតពីដី ក៏ដាក់ឲ្យឈរជើង២ដូចជាមនុស្សហើយបានឲ្យវាមានចិត្តរបស់មនុស្សដែរ ៥ រួចឃើញសត្វ១ទៀត ជាសត្វទី២ មានសណ្ឋានជាខ្លាឃ្មុំ ក៏ឈរចំខែងពាំឆ្អឹងជំនី៣នៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់ដល់វាថា ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនៗទៅ ៦ ក្រោយមក ខ្ញុំគន់មើលទៅឃើញសត្វ១ទៀតមានសណ្ឋានជាខ្លារខិន ឯនៅលើខ្នងវា មានស្លាប៤នៃសត្វហើរ ក៏មានក្បាល៤ដែរ ហើយមានអំណាចគ្រប់គ្រងប្រគល់ដល់វា ៧ លំដាប់នោះ ក្នុងការជាក់ស្តែងពេលយប់ ខ្ញុំក៏ឃើញសត្វទី៤ដែលគួរស្បើម គួរស្ញែងខ្លាចហើយមានកំឡាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង សត្វនោះផ្សេងពីអស់ទាំងសត្វដែលមកជាមុននោះក៏មានស្នែង១០ ៨ ខ្ញុំបានពិចារណាមើលស្នែងទាំងនោះក៏ឃើញមានស្នែង១ទៀត ជាស្នែងតូច ដុះឡើងនៅជាកណ្តាល នៅមុខវាស្នែងចាស់៣ត្រូវដកចេញទាំងឫសហើយឃើញថា ស្នែង១នោះមានភ្នែក ដូចជាភ្នែកនៃមនុស្ស ក៏មានមាត់កំពុងតែពោលយ៉ាងធំ។ ៩ ខ្ញុំក៏គន់មើល ទាល់តែមានគេយកបល្ល័ង្ក មកតាំងហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្ត្រទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កទ្រង់ នោះសុទ្ធតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ក៏ជាភ្លើងឆេះដែរ ១០ មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ហើយទាំងទាំងក៏ឈរនៅចំពោះទ្រង់នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ ១១ ខណៈនោះ ខ្ញុំបានគន់មើល ដោយព្រោះសំឡេងរបស់ស្នែង១ ដែលពោលយ៉ាងធំនោះ ក៏មើលដរាបដល់សត្វ នោះត្រូវសំឡាប់បង់ ហើយខ្មោចវាត្រូវបំផ្លាញ ព្រមទាំងប្រគល់ដល់ភ្លើងឲ្យឆេះផង ១២ រីឯសត្វឯទៀតទាំងនោះ អំណាចគ្រប់គ្រងរបស់វាត្រូវដកចេញ តែជីវិតវាបាននៅតទៅអស់១ពេលដល់កំណត់។ ១៣ ខ្ញុំក៏ឃើញ ក្នុងការជាក់ស្តែងពេលយប់នោះ មាន១អង្គដូចជាមនុស្សជាតិ ទ្រង់យាងមកក្នុងពពកឰដ៏អាកាសទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ ១៤ នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ និងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង។ ១៥ ឯខ្ញុំ ដានីយ៉ែល ចិត្តខ្ញុំកើតមានសេចក្តីតប់ប្រមល់នៅក្នុងខ្លួន ហើយការជាក់ស្តែងក្នុងខួរខ្ញុំ ក៏នាំឲ្យខ្ញុំវិតក្កព្រួយ ១៦ ខ្ញុំក៏អែបចូលទៅជិតម្នាក់ដែលឈរនៅទីនោះ សួរន័យដ៏ពិតរបស់ការទាំងនោះ អ្នកនោះក៏ប្រាប់ដល់ខ្ញុំ ព្រមទាំងទំលាយន័យសេចក្តីឲ្យខ្ញុំយល់ផង ១៧ ឯសត្វធំទាំង៤នោះ គឺជាស្តេច៤អង្គដែលនឹងកើតឡើងនៅផែនដី ១៨ តែពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត គេនឹងទទួលរាជ្យហើយនឹងបានរាជ្យនោះជារបស់ផងខ្លួននៅជានិច្ច គឺអស់កល្បតទៅ ១៩ នោះខ្ញុំចង់ដឹងន័យពិត ពីសត្វទី៤ ដែលផ្សេងពីសត្វឯទៀតនោះ ជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំងមានធ្មេញដែក និងក្រចកលង្ហិន ដែលត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង ២០ ក៏ចង់ដឹងពីដំណើរស្នែង១០ នៅលើក្បាលវា និងពីស្នែង១នោះដែលដុះឡើងជាខាងក្រោយ ហើយមានស្នែង៣មុនដួលនៅមុខវា គឺជាស្នែង១នោះដែលមានភ្នែក និងមាត់ពោលយ៉ាងធំ ហើយឫកពាក៏មាំជាងស្នែងឯទៀត ២១ ខ្ញុំគន់មើលទៅ ឃើញស្នែងនោះឯង បានច្បាំងនឹងពួកបរិសុទ្ធហើយក៏ឈ្នះផង ២២ ដរាបដល់ព្រះដ៏មានព្រះជន្មពីបុរាណបានយាងមក នោះការវិនិច្ឆ័យបានប្រគល់ដល់ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត ហើយកំណត់ក៏មកដល់ ដែលពួកបរិសុទ្ធត្រូវបានរាជ្យជារបស់ផងខ្លួន។ ២៣ អ្នកនោះក៏ប្រាប់ថា សត្វទី៤នោះ គឺជានគរទី៤នៅលើផែនដី ដែលនឹងត្រូវជាផ្សេងពីអស់ទាំងនគរ ហើយនឹងត្របាក់លេបផែនដីទាំងមូល ក៏នឹងជាន់ពង្រាបដោយជើង ព្រមទាំងលំអិតកំទេចផង ២៤ ឯស្នែងទាំង១០នោះគឺនឹងមានស្តេច១០អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមាន១ទៀតកើតឡើង ដែលនឹងប្លែកពីស្តេចមុនៗ ក៏នឹងទំលាក់ស្តេច៣អង្គនោះចុះ ២៥ ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតដែរ ព្រមទាំងគិតបំផ្លាស់ពេលកំណត់ និងច្បាប់ផង ហើយគេនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចនោះ នៅ១ខួប២ខួប ហើយកន្លះខួប ២៦ ប៉ុន្តែការវិនិច្ឆ័យនឹងបានរៀបចំជាស្រេច ហើយគេនឹងដកអំណាចវាចេញ ឲ្យត្រូវបំផ្លាញ ហើយសាបសូន្យទៅដរាបដល់ចុងបំផុត ២៧ នោះរាជ្យ និងអំណាចគ្រប់គ្រងព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរនៅក្រោមមេឃទាំងមូល នឹងបានប្រគល់ ដល់បណ្តាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងត្រូវគោរពដល់ទ្រង់ ហើយស្តាប់បង្គាប់ផង ២៨ ដំណើរនោះបានចប់ត្រឹមប៉ុណ្ណេះ ចំណែកខ្ញុំ ដានីយ៉ែល គំនិតខ្ញុំបាននាំឲ្យខ្ញុំវិតក្កព្រួយជាខ្លាំង ភាពខ្ញុំក៏ផ្លាស់ប្រែទៅ តែខ្ញុំបានទុកដំណើរនោះនៅតែក្នុងចិត្តទេ។