៨
១ នៅឆ្នាំទី៣ ក្នុងរាជ្យនៃស្តេចបេលសាសារ នោះមានការជាក់ស្តែងលេចមក ឲ្យដានីយ៉ែល ខ្ញុំឃើញ គឺក្រោយការជាក់ស្តែង១ដែលខ្ញុំបានឃើញពីមុននោះ ២ រីឯកាលខ្ញុំឃើញការជាក់ស្តែង១នេះ នោះខ្ញុំនៅក្នុងព្រះរាជវាំងត្រង់ក្រុងស៊ូសាន ក្នុងខេត្តអេឡាំ តែក្នុងការជាក់ស្តែងនោះខ្ញុំឃើញថា ខ្ញុំនៅឯមាត់ទន្លេអ៊ូឡាយវិញ ៣ ខណៈនោះខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញ មានចៀមឈ្មោល១ឈរនៅក្បែរទន្លេ វាមានស្នែង២ ហើយស្នែងទាំង២ក៏វែង មានតែ១វែងជាង ឯស្នែង១ដែលវែងជាង បានដុះឡើងជាខាងក្រោយ ៤ ខ្ញុំក៏ឃើញចៀមឈ្មោលនោះកំពុងតែទន្ទ្រានទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ឥតមានសត្វណាមួយអាចនឹងទប់ទល់បានឡើយ ក៏គ្មានណាអាចនឹងជួយ ឲ្យរួចពីកណ្តាប់ដៃវាបានដែរ គឺវាបានធ្វើតាមតែអំពើចិត្ត ហើយក៏ដំកើងខ្លួនឡើងផង។ ៥ កាលខ្ញុំកំពុងតែពិចារណា នោះឃើញមានពពែឈ្មោល១មកពីទិសខាងលិច ហោះចេញលើផែនដីទាំងដុំមូល ឥតពាល់ប៉ះនឹងដីឡើយ ពពែនោះមានស្នែង១នៅកណ្តាលភ្នែកទាំង២ ជាស្នែងគួរពិចពិលមើល ៦ វាក៏មកដល់ចៀមឈ្មោលមានស្នែង២ ដែលខ្ញុំឃើញឈរនៅក្បែរទន្លេនោះ ក៏ស្ទុះទៅលើ ដោយសេចក្តីឃោរឃៅនៃកំឡាំងវា ៧ ខ្ញុំឃើញវាចូលទៅជិតចៀមឈ្មោល មានសេចក្តីមួរម៉ៅដាលឡើង ក៏ជល់ចៀមនោះ បំបាក់ស្នែងទាំង២ទៅ ចៀមនោះមិនអាចនឹងឈរនៅមុខវាបានទេ គឺត្រូវដួលចុះដល់ដី ហើយពពែបានជាន់ឈ្លីទៅ ឥតមានអ្នកណាមួយអាចនឹងជួយចៀមឲ្យរួចបានឡើយ ៨ ពពែឈ្មោលនោះក៏ដំកើងខ្លួនយ៉ាងក្រៃលែង កាលបានមានកំឡាំងហើយ នោះស្នែងធំត្រូវបាក់ទៅ រួចមានស្នែង៤គួរពិចពិលមើល បានដុះឡើងជំនួសស្នែងទាំងនោះកន្ធែកទៅទិសទាំង៤។ ៩ រួចមកមានស្នែង១តូចដុះចេញពីស្នែង១នោះ ក៏ធំឡើងយ៉ាងក្រៃលែង មានអំណាចទៅទិសខាងត្បូង ទិសខាងកើត និងខាងស្រុកដ៏ឧត្តមដែរ ១០ វាក៏លើកខ្លួនឡើងរហូតដល់ពួកពលបរិវារនៅលើមេឃ ហើយក៏ទំលាក់ពួកនោះខ្លះ និងផ្កាយខ្លះចុះមកដល់ដី រួចជាន់ឈ្លីដោយជើង ១១ អើ វាដំកើងខ្លួនឡើង រហូតដល់អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារផង ក៏លើកចោលការថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ទ្រង់អាប់ឱនទៅ ១២ ឯពួកពលបរិវារ ក៏ត្រូវប្រគល់ទៅព្រមគ្នានឹងការថ្វាយដង្វាយដុតជានិច្ច ដោយព្រោះអំពើរំលង វាបានបោះចោលសេចក្តីពិតចុះដល់ដី ក៏ធ្វើតាមតែអំពើចិត្ត ហើយបានចំរើនផង ១៣ លំដាប់នោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធ១ទៀតសួរដល់អ្នកដែលនិយាយនោះថា តើដល់កាលណាទើបបានសំរេចការជាក់ស្តែង ពីការថ្វាយដង្វាយដុតជានិច្ច និងពីអំពើរំលងដែលធ្វើឲ្យខូចបង់នោះ ដើម្បីនឹងប្រគល់ទីបរិសុទ្ធ ហើយនឹងពួកពលបរិវារឲ្យត្រូវជាន់ឈ្លីទៅ ១៤ អ្នកនោះក៏ប្រាប់មកខ្ញុំថា គឺដរាបដល់បានកន្លង២៣០០ព្រឹកនឹងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ។ ១៥ កាលខ្ញុំ គឺដានីយ៉ែលខ្ញុំនេះ បានឃើញការជាក់ស្តែងនោះហើយ ខ្ញុំក៏រកចង់យល់ន័យ នោះឃើញមានភាពដូចជាមនុស្សឈរនៅមុខខ្ញុំ ១៦ ហើយខ្ញុំឮសំឡេងមនុស្ស ពីកណ្តាលទន្លេអ៊ូឡាយ ហៅមកថា កាព្រីយ៉ែលអើយ ចូរឲ្យមនុស្សនេះយល់ការជាក់ស្តែងចុះ ១៧ ដូច្នេះលោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរនៅ កាលលោកមកដល់ហើយ នោះខ្ញុំភ័យញ័រ ក៏ទំលាក់ខ្លួនផ្កាប់មុខចុះតែលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ចូរយល់ចុះដ្បិតការជាក់ស្តែងនេះសំរាប់គ្រាខាងចុងបំផុត ១៨ កាលលោកកំពុងនិយាយមកខ្ញុំ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ដល់ដី តែលោកពាល់ខ្ញុំធ្វើឲ្យខ្ញុំឈរឡើង ១៩ ក៏ប្រាប់ខ្ញុំថា នែ អញនឹងឲ្យឯងដឹង ពីការដែលត្រូវមកក្នុងពេលចុងបំផុតនៃសេចក្តីគ្នាន់ក្នាញ់ ដ្បិតការជាក់ស្តែងនេះសំដៅទៅគ្រាចុងបំផុត ២០ ឯចៀមឈ្មោលមានស្នែង២ ដែលឯងបានឃើញ នោះគឺជាស្តេចសាសន៍មេឌី និងស្តេចសាសន៍ពើស៊ី ២១ ហើយពពែឈ្មោលរោមស្រមូវនោះ គឺជាស្តេចសាសន៍ក្រេកវិញ ចំណែកស្នែង១ធំដែលនៅកណ្តាលភ្នែកទាំង២នោះ គឺជាស្តេចដើមដំបូង ២២ ឯដំណើរដែលស្នែងនោះត្រូវបាក់ ហើយមានស្នែង៤ដុះឡើងជំនួស នោះគឺជានគរ៤ ដែលនឹងកើតឡើង ពីសាសន៍នោះ តែមិនមែនមានអំណាចដូចស្តេចដើមនោះទេ ២៣ លុះដល់គ្រាក្រោយបង្អស់នៃនគរទាំងនោះ ក្នុងកាលដែលពួកអ្នកប្រព្រឹត្តរំលងបានគ្រប់ចំនួនហើយ នោះនឹងមានស្តេច១កើតឡើង ដែលមានទឹកមុខសាហាវ ជាអ្នកយល់ក្នុងប្រស្នា ២៤ ស្តេចនោះនឹងមានអំណាចយ៉ាងខ្លាំងក្រៃលែង តែមិនមែនដោយអំណាចរបស់ខ្លួនទេ វានឹងបំផ្លាញយ៉ាងអស្ចារ្យ ក៏នឹងធ្វើកើតការទាំងអស់ដែលគិតធ្វើ វានឹងបំផ្លាញទាំងពួកខ្លាំងពូកែ និងពួកបរិសុទ្ធបង់ ២៥ ហើយដោយគំនិតវាងវៃរបស់វា នោះវានឹងធ្វើឲ្យកលឧបាយបានប្រយោជន៍នៅដៃខ្លួន រួចនឹងមានចិត្តលើកដំកើងខ្លួន ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន ដែលនៅដោយសុខស្រួល សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គង់តែនឹងហ៊ានឈរទទឹងទាស់ដែរ តែវានឹងត្រូវបាក់បែកទៅ ឥតមានដៃអ្នកណាធ្វើឡើយ ២៦ ឯការជាក់ស្តែងពីព្រឹកនឹងល្ងាចទាំងប៉ុន្មាន ដែលបានប្រាប់មកនោះជាសេចក្តីពិតហើយ ប៉ុន្តែត្រូវឲ្យឯងបំបិទការជាក់ស្តែងនេះទុកនៅ ដ្បិតគឺសំរាប់ពេលទៅមុខជាយូរលង់ ២៧ នោះខ្ញុំដានីយ៉ែល ក៏ខ្សោះល្វើយ ហើយឈឺនៅបួនដប់ថ្ងៃ រួចខ្ញុំក្រោកឡើងទៅទទួលការរបស់ស្តេចវិញ ខ្ញុំក៏អស្ចារ្យក្នុងចិត្តពីដំណើរការជាក់ស្តែងនោះ ប៉ុន្តែគ្មានអ្នកណាយល់សោះ។