ចោទិយកថា
សុន្ទរកថា​ទី​មួយ​របស់​លោក​ម៉ូសេ
ការ​ចេញ​ដំណើរ​ពី​វាល​រហោស្ថាន
១ នេះ​ជា​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​បាន​ពោល​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់ ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់​ក្នុង​ទី​រហោស្ថាន នា​ស្រុក​វាល ទល់​មុខ​នឹង​ស៊ូភ នៅ​ជា​កណ្តាល​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និង​ឌីសាហាប់ ២ រីឯ​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​ទាំង​អស់​មាន​ចំនួន​ដើរ​ផ្លូវ​អស់​១១​ថ្ងៃ ៣ ហើយ​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​មាឃ ឆ្នាំ​ទី​៤០ នោះ​ម៉ូសេ​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​គ្រប់​ទាំង​សេចក្តី ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក​គេ ដោយសារ​លោក ៤ គឺ​ពេល​ក្រោយ​ដែល​បាន​វាយ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្នុង​អាសថារ៉ូត ត្រង់​ទី​ក្រុង​អេទ្រី ៥ ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​ម៉ូអាប់​ហើយ នោះ​ម៉ូសេ​ចាប់​តាំង​សំដែង​ពន្យល់ ពី​បណ្តា​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា ៦ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​មាន​ព្រះបន្ទូល​មក​យើង នៅ​ត្រង់​ភ្នំ​ហោរែប​ថា ឯង​រាល់​គ្នា​បាន​នៅ​ភ្នំ​នេះ​ល្មម​ប៉ុណ្ណេះ​ហើយ ៧ ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​ចុះ ហើយ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី និង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​ជា​ស្រុក​វាល ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​ក្បែរ​សមុទ្រ និង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត ៨ មើល អញ​បាន​ប្រគល់​ស្រុក​នោះ ឲ្យ​ឯង​រាល់​គ្នា​ហើយ ដូច្នេះ​ឲ្យ​ចូល​ទៅ ទទួល​យក​ស្រុក ដែល​ព្រះយេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ចុះ គឺ​ថា​នឹង​ឲ្យ​ដល់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ហើយ​នឹង​ពូជ​ដំណ​លោក​ត​ទៅ។
៩ នៅ​វេលា​នោះ អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ថា អញ​ពុំ​អាច​នឹង​បី​ទ្រ​ឯង​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ ១០ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ចំរើន​ឯង​ជា​ច្រើន​ឡើង ហើយ​មើល សព្វ​ថ្ងៃ​នេះ ឯង​មាន​គ្នា​យ៉ាង​សន្ធឹក ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ១១ សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង ចំរើន​ឲ្យ​បាន​គ្នា​ជា​ច្រើន​លើស​ជាង​ឥឡូវ​នេះ ជា​១​ពាន់​ដង​ទៅ​ទៀត​ចុះ ហើយ​ប្រទាន​ពរ ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​ឯង​រាល់​គ្នា​ដែរ ១២ តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​តែ​ម្នាក់​ឯង ទ្រាំទ្រ​នឹង​ឯង​រាល់​គ្នា ដែល​ជា​បន្ទុក ហើយ​ជា​សេចក្តី​លំបាក​ដល់​អញ​ដូច្នេះ និង​សេចក្តី​ឈ្លោះ​ប្រកែក​របស់​ឯង​រាល់​គ្នា​ទៅ​បាន ១៣ ចូរ​ឲ្យ​ឯង​រាល់​គ្នា​រើស​យក​មនុស្ស​ដែល​មាន​ប្រាជ្ញា មាន​យោបល់ ហើយ​មាន​ឈ្មោះ​ក្នុង​ពូជ​អំបូរ​ឯង​រាល់​គ្នា​មក នោះ​អញ​នឹង​តាំង​គេ​ឲ្យ​ធ្វើ​ជា​មេ​លើ​ឯង​រាល់​គ្នា ១៤ រួច​ឯង​រាល់​គ្នា​បាន​ឆ្លើយ​មក​អញ​ថា សេចក្តី​ដែល​លោក​មាន​ប្រសាសន៍​មក នោះ​ស្រួល​ហើយ ១៥ ដូច្នេះ​អញ​ក៏​បាន​យក​ពួក​មេ​លើ​ពូជ​អំបូរ​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​មាន​ឈ្មោះ​តាំង​គេ​ឡើង​លើ​ឯង​រាល់​គ្នា គឺ​ជា​មេ​លើ​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់ ព្រម​ទាំង​នាយក​ផង តាម​ពូជ​អំបូរ​របស់​ឯង​រាល់​គ្នា ១៦ នៅ​វេលា​នោះ អញ​ក៏​បាន​ផ្តាំ​នឹង​ពួក​កូន​ចៅក្រម​នៃ​ឯង​រាល់​គ្នា​ថា ចូរ​ប្រុង​ស្តាប់​រឿង​ក្តី​របស់​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​ចុះ ហើយ​ជំនុំជំរះ​ដល់​បង និង​ប្អូន និង​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​គេ​ដោយ​យុត្តិធម៌ ១៧ មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ល្អៀង​ទៅ​ខាង​ណា​ក្នុង​ការ​កាត់​ក្តី​ឡើយ ត្រូវ​ស្តាប់​អ្នក​តូច​ដូច​ជា​អ្នក​ធំ​ដែរ មិន​ត្រូវ​ខ្លាច​មុខ​មនុស្ស​ណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ នោះ​ស្រេច​នៅ​ព្រះ​វិញ ឯ​រឿង​ណា​ដែល​ពិបាក​ពេក​ដល់​អ្នក​រាល់​គ្នា នោះ​ត្រូវ​នាំ​មក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ជំនុំជំរះ​ឲ្យ ១៨ នៅ​វេលា​នោះ អញ​ក៏​បាន​បង្គាប់​ពី​គ្រប់​ទាំង​សេចក្តី​ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​ដែរ។
ការ​បះបោរ​នៅ​កាដេស
១៩ រួច​យើង​រាល់​គ្នា​ក៏​ធ្វើ​ដំណើរ ចេញ​ពី​ភ្នំ​ហោរែប​ដើរ​កាត់​អស់​ទាំង​ទី​រហោស្ថាន​សំបើម គួរ​ស្ញែងខ្លាច​នោះ​ដែល​ឯង​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី តាម​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​បាន​បង្គាប់​មក រហូត​ទៅ​ដល់​កាដេស-បារនា ២០ នោះ​អញ​បាន​ប្រាប់​ថា ឯង​រាល់​គ្នា​បាន​មក​ដល់​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ប្រទាន​មក​យើង​ហើយ ២១ មើល ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​ប្រគល់​ស្រុក​នោះ​ដល់​ឯង ដូច្នេះ​ចូរ​ឡើង​ទៅ​ទទួល​យក​ចុះ ដូច​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង​បាន​មាន​ព្រះបន្ទូល​ប្រាប់​មក កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​រសាយ​ចិត្ត​ឲ្យ​សោះ។
២២ នោះ​ឯង​គ្រប់​គ្នា បាន​ចូល​មក​ឯ​អញ និយាយ​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ចាត់​មនុស្ស​ឲ្យ​ទៅ​មុន ដើម្បី​នឹង​ដើរ​សង្កេត​មើល​ស្រុក​នោះ​ឲ្យ​យើង ហើយ​ត្រឡប់​មក​ប្រាប់​ពី​ផ្លូវ​ដែល​យើង​ត្រូវ​ឡើង​ទៅ ហើយ​ពី​អស់​ទាំង​ទី​ក្រុង​ដល់​យើង​ត្រូវ​មក​ដល់ ២៣ សេចក្តី​នោះ​ក៏​បាន​គាប់​ចិត្ត​អញ​ណាស់​ដែរ ដូច្នេះ​អញ​បាន​រើស​យក​មនុស្ស​១២​នាក់​ក្នុង​ពួក​ឯង​រាល់​គ្នា គឺ​ម្នាក់ៗ​ពី​ពូជ​អំបូរ​មួយៗ ២៤ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​គេ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ រហូត​ដល់​ជ្រោះ​អែសកុល ទាំង​សង្កេត​មើល ២៥ គេ​ក៏​នាំ​យក​ផល​ផ្លែ​ពី​ស្រុក​នោះ កាន់​នៅ​ដៃ​ត្រឡប់​មក​វិញ ព្រម​ទាំង​ប្រាប់​ដំណឹង​ដល់​យើង​ថា ស្រុក​ដែល​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ប្រទាន​មក​យើង នោះ​ជា​ស្រុក​ល្អ​ណាស់ ២៦ ប៉ុន្តែ​ឯង​រាល់​គ្នា​មិន​ព្រម​ឡើង​ទៅ​ទេ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ២៧ ហើយ​បាន​រទូរទាំ នៅ​ក្នុង​ត្រសាល​ឯង​រាល់​គ្នា​ថា ព្រះយេហូវ៉ា​ទ្រង់​ស្អប់​យើង​រាល់​គ្នា​ហើយ បាន​ជា​ទ្រង់​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​អាម៉ូរី ឲ្យ​បំផ្លាញ​យើង​ទៅ ២៨ តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា ដ្បិត​បង​ប្អូន​យើង​ទាំង​នេះ បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា សាសន៍​នោះ​គេ​មាន​មាឌ​ធំ​ខ្ពស់​ជាង​យើង​រាល់​គ្នា​ណាស់ ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ​ណាស់ ហើយ​មាន​កំផែង​ខ្ពស់​ដល់​មេឃ​ផង ១​ទៀត យើង​បាន​ឃើញ​ពួក​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ដែរ ២៩ នោះ​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​ថា កុំ​ឲ្យ​ភ័យស្លុត ឬ​ខ្លាច​គេ​ឡើយ ៣០ ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​ច្បាំង​ជំនួស​ឯង តាម​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​បាន​ឃើញ​ជាក់ ៣១ ហើយ​នៅ​ក្នុង​ទី​រហោស្ថាន​ផង នោះ​ឯង​រាល់​គ្នា​ក៏​បាន​ឃើញ​ថា ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បី​ទ្រ​ឯង តាម​ផ្លូវ​ដែល​ឯង​បាន​ដើរ រហូត​មក​ដល់​ទី​នេះ ដូច​ជា​មនុស្ស​បី​កូន​របស់​ខ្លួន ៣២ តែ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​នៅ​តែ​មិន​ទុក​ចិត្ត​នឹង​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទៀត ៣៣ ដែល​ទ្រង់​បាន​នាំ​មុខ​ឯង​តាម​ផ្លូវ​ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​ឯង​ដំឡើង​ត្រសាល គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ សំរាប់​បង្ហាញ​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ ហើយ​ដោយ​ពពក​នៅ​ពេល​ថ្ងៃ​ដែរ។
៣៤ ព្រះយេហូវ៉ា ទ្រង់​ឮ​សូរ​សំឡេង នៃ​សេចក្តី​ដែល​ឯង​រាល់​គ្នា​ថា​នោះ រួច​ទ្រង់​ក៏​មាន​សេចក្តី​ក្រោធ ហើយ​ស្បថ​ថា ៣៥ ក្នុង​ពួក​មនុស្ស​ដំណ​អាក្រក់​នេះ នឹង​គ្មាន​អ្នក​ណា​មួយ​ឃើញ​ស្រុក​ល្អ ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង​ឡើយ ៣៦ ឃើញ​បាន​តែ​កាលែប ជា​កូន​យេភូនេ​ប៉ុណ្ណោះ ហើយ​អញ​នឹង​ឲ្យ​ស្រុក​ដែល​គាត់​បាន​ដើរ​ជាន់​នោះ ដល់​គាត់ និង​ពួក​កូន​ចៅ​គាត់ ដ្បិត​គាត់​បាន​ប្រព្រឹត្ត​តាម​ព្រះយេហូវ៉ា​គ្រប់​ជំពូក ៣៧ ព្រះយេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អញ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា ទ្រង់​មាន​ព្រះបន្ទូល​ថា ក៏​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ ៣៨ ឯ​យ៉ូស្វេ​ជា​កូន​នុន ដែល​ឈរ​នៅ​មុខ​ឯង នោះ​នឹង​ចូល​ទៅ​វិញ​ដូច្នេះ ចូរ​កំឡា​ចិត្ត​គាត់​ឡើង ដ្បិត​គាត់​នឹង​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ស្រុក​នោះ​ជា​មរដក ៣៩ ហើយ​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា នឹង​ទៅ​ជា​រំពា​គេ ព្រម​ទាំង​កូន​ចៅ​ឯង​រាល់​គ្នា ដែល​សព្វ​ថ្ងៃ​នេះ​មិន​ទាន់​ដឹង​ខុស​ត្រូវ​នៅ​ឡើយ នោះ​នឹង​បាន​ចូល​ទៅ​វិញ អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ ជា​កេរអាករ ៤០ តែ​ឥឡូវ​នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្នុង​ទី​រហោស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ​ទៅ។
៤១ នោះ​ឯង​រាល់​គ្នា​បាន​ឆ្លើយ​មក​អញ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះយេហូវ៉ា​ហើយ ដូច្នេះ​យើង​នឹង​ឡើង​ទៅ​ច្បាំង តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រួច​ឯង​រាល់​គ្នា​បាន​ក្រវាត់​គ្រឿង​សស្ត្រាវុធ​គ្រប់ៗ​គ្នា រៀបចំ​នឹង​ឡើង​ទៅ​ឯ​ស្រុក​ភ្នំ​នោះ​ដោយ​ក្លៀវក្លា ៤២ តែ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក​អញ​ថា ចូរ​ហាម​កុំ​ឲ្យ​គេ​ឡើង​ទៅ​ច្បាំង​ឡើយ ដ្បិត​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ក្រែង​ឯង​ត្រូវ​ពួក​ខ្មាំងសត្រូវ​វាយ​ឈ្នះ ៤៣ ដូច្នេះ​អញ​ក៏​ប្រាប់​ដល់​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​នៃ​ព្រះយេហូវ៉ា​វិញ ក៏​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ ដោយ​មាន​ចិត្ត​អួតអាង ៤៤ រួច​សាសន៍​អាម៉ូរី​ដែល​នៅ​ភ្នំ​នោះ ក៏​ចេញ​មក​ទាស់​នឹង​ឯង ដេញ​តាម​ឯង​ដូច​ជា​ឃ្មុំ ព្រម​ទាំង​វាយ​ផ្តួល​នៅ​ត្រង់​ស្រុក​សៀរ រហូត​ទៅ​ដល់​ភ្នំ​ហោម៉ា ៤៥ នោះ​ឯង​រាល់​គ្នា​បាន​ត្រឡប់​មក​យំ នៅ​ចំពោះ​ព្រះយេហូវ៉ា​វិញ តែ​ព្រះយេហូវ៉ា​ទ្រង់​មិន​បាន​ស្តាប់​សំឡេង​ឯង​ទេ ក៏​មិន​បាន​ផ្ទៀង​ព្រះកាណ៌​ទ្រង់​មក​ផង ៤៦ ដូច្នេះ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ត្រង់​កាដេស​ជា​យូរ​ថ្ងៃ តាម​ចំនួន​ថ្ងៃ​ដែល​ត្រូវ​នៅ​ទី​នោះ។