៣៦
ច្បាប់​ការពារ​ស្ត្រី​ដែល​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង​ក្រៅ​ពី​កុលសម្ព័ន្ធ​របស់​ខ្លួន
១ រីឯ​ពួក​មេ ជា​ឪពុក​លើ​អស់​ទាំង​គ្រួ​នៃ​កូន​ចៅ​កាឡាត ជា​កូន​ម៉ាគារ ដែល​ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​នៃ​កូន​ចៅ​យ៉ូសែប​ទាំង​ប៉ុន្មាន គេ​ក៏​ចូល​មក​ជំរាប​ចំពោះ​មុខ​ម៉ូសេ និង​ពួក​អ្នក​ដែល​ជា​កំពូល ជា​មេ​លើ​វង្សានុវង្ស​របស់​ឪពុក​នៃ​កូន​ចៅ​អ៊ីស្រាអែល​ថា ២ ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​លោក​ម្ចាស់​យើង​ខ្ញុំ ឲ្យ​ចែក​ស្រុក​ជា​មរដក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយ​ចាប់​ឆ្នោត ហើយ​លោក​ម្ចាស់​យើង​ខ្ញុំ​ក៏​បាន​ទទួល​បង្គាប់​ព្រះយេហូវ៉ា និង​ចែក​មរដក​របស់​ស្លូផិហាត ជា​បង​ប្អូន​យើង​ខ្ញុំ ដល់​ពួក​កូន​ស្រី​គាត់ ៣ ដូច្នេះ បើសិន​ជា​ស្ត្រី​ទាំង​នោះ​យក​ប្តី​ពី​ពួក​ប្រុសៗ ក្នុង​ពូជ​អំបូរ​នៃ​ពួក​ចៅ​អ៊ីស្រាអែល​ណា​ទៀត នោះ​មរដក​របស់​គេ នឹង​ត្រូវ​ហូត​ចេញ​ពី​មរដក​របស់​ពួក​ឰយុកោ​យើង​ខ្ញុំ ទៅ​ថែម​បញ្ចូល​នឹង​មរដក របស់​ពូជ​អំបូរ​ណា​មួយ ដែល​គេ​ចូល​នោះ​វិញ យ៉ាង​នោះ​មរដក​គេ​នឹង​ត្រូវ​ដក​ចេញ ពី​ចំណែក​មរដក​របស់​យើង​ខ្ញុំ​ហើយ ៤ រួច​ដល់​ឆ្នាំ​សោមនស្សនៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មរដក​របស់​គេ នឹង​ត្រូវ​រាប់​បញ្ចូល ក្នុង​មរដក​របស់​ពូជ​អំបូរ​ណា​ដែល​គេ​ចូល​នោះ ហើយ​នឹង​ត្រូវ​ដក​ចេញ ពី​មរដក​របស់​ពួក​ឰយុកោ​នៃ​ពូជ​អំបូរ​យើង​ខ្ញុំ​ទៅ។
៥ នោះ​ម៉ូសេ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​បង្គាប់​នៃ​ព្រះយេហូវ៉ា​ថា ពូជ​អំបូរ​នៃ​កូន​ចៅ​យ៉ូសែប​គេ​បាន​និយាយ​ត្រូវ ៦ នេះ​ជា​សេចក្តី ដែល​ព្រះយេហូវ៉ា​ទ្រង់​បង្គាប់ ពី​ដំណើរ​នៃ​ពួក​កូន​ស្រី​ស្លូផិហាត គឺ​ថា ឲ្យ​គេ​យក​ប្តី​ណា ដែល​គេ​ចូល​ចិត្ត​ចុះ ប៉ុន្តែ​ត្រូវ​យក​ក្នុង​គ្រួសារ​នៃ​ពូជ​អំបូរ​របស់​ឰយុកោ​ខ្លួន ៧ យ៉ាង​នោះ មរដក​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល និង​មិន​ត្រូវ​រើ​ចេញ ពី​ពូជ​អំបូរ​១​ទៅ​ពូជ​អំបូរ​១​ទៀត​ឡើយ ដ្បិត​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ជាប់​នឹង​មរដក​របស់​ពូជ​អំបូរ នៃ​ពួក​ឰយុកោ​គេ​រៀង​ខ្លួន ៨ ហើយ​គ្រប់​ទាំង​កូន​ស្រី​ណា ដែល​ស៊ី​មរដក​ក្នុង​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ណា​មួយ នោះ​ត្រូវ​តែ​យក​ប្តី​ក្នុង​គ្រួសារ​របស់​ពូជ​អំបូរ​នៃ​ពួក​ឰយុកោ​ខ្លួន ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល បាន​ស៊ី​មរដក​របស់​ពួក​ឰយុកោ​គេ​រៀង​ខ្លួន ៩ ដូច្នេះ មរដក​ណា​មួយ នឹង​មិន​ត្រូវ​រើ​ចេញ ពី​ពូជ​អំបូរ​១ ទៅ​ពូជ​អំបូរ​១​ទៀត​ឡើយ ពី​ព្រោះ​ត្រូវ​ឲ្យ​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​ជាប់​នឹង​មរដក​របស់​គេ​រៀង​ខ្លួន។
១០ នោះ​ពួក​កូន​ស្រី​ស្លូផិហាត ក៏​ធ្វើ​ដូច​ជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ១១ ដ្បិត​ម័សឡា ធើសា ហុកឡា មីលកា និង​ណូហា ជា​កូន​ស្រី​របស់​ស្លូផិហាត គេ​បាន​យក​ប្តី​ក្នុង​ពួក​បង​ប្អូន​របស់​ឪពុក​គេ​គ្រប់​គ្នា ១២ គេ​បាន​យក​ប្តី​ចូល​ជាតិ​ក្នុង​គ្រួសារ​ពួក​កូន​ចៅ​ម៉ាន៉ាសេ ជា​កូន​យ៉ូសែប ហើយ​មរដក​របស់​គេ ក៏​បាន​នៅ​ជាប់ ក្នុង​ពូជ​អំបូរ​របស់​គ្រួ​ឪពុក​គេ​ត​ទៅ។
១៣ នេះ​ហើយ​ជា​សេចក្តី​បញ្ញត្ត និង​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយសារ​ម៉ូសេ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ។:៚