១៦
ពិធីបុណ្យចម្លង
១ ចូរចាំកំណត់នៅខែចេត្រ ដើម្បីនឹងធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង ដ្បិតគឺនៅខែចេត្រនេះហើយដែលព្រះយេហូវ៉ា ជាព្រះនៃឯង បាននាំឯងចេញពីស្រុកអេស៊ីព្ទមកទាំងយប់ ២ ត្រូវឲ្យឯងយកសត្វពីហ្វូងរបស់ឯងមក ថ្វាយជាយញ្ញបូជានៃបុណ្យរំលង ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើស សំរាប់តាំងព្រះនាមទ្រង់ ៣ មិនត្រូវឲ្យបរិភោគនំបុ័ងមានដំបែជាមួយទេ នៅរវាង៧ថ្ងៃនោះ ត្រូវបរិភោគនំបុ័ងឥតដំបែវិញ គឺជានំបុ័ងនៃសេចក្តីទុក្ខលំបាក ពីព្រោះឯងបានចេញពីស្រុកអេស៊ីព្ទមក ដោយប្រញាប់ប្រញាល់ ត្រូវធ្វើដូច្នោះដើម្បីឲ្យបាននឹកចាំគ្រប់១ជីវិត ពីថ្ងៃដែលឯងបានចេញពីស្រុកអេស៊ីព្ទមក ៤ មិនត្រូវឲ្យឃើញមានដំបែនៅជាមួយក្នុងព្រំស្រុកឯងទាំងអស់នៅវេលា៧ថ្ងៃនោះឡើយ ក៏មិនត្រូវឲ្យមានសាច់ ដែលឯងថ្វាយជាយញ្ញបូជា នៅពេលល្ងាចក្នុងថ្ងៃដំបូងនោះ សល់នៅដល់ព្រឹកដែរ ៥ ឯងគ្មានច្បាប់នឹងថ្វាយយញ្ញបូជានៃបុណ្យរំលង នៅក្នុងទីក្រុងដទៃណា ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យឯងនោះទេ ៦ គឺត្រូវឲ្យថ្វាយយញ្ញបូជានៃបុណ្យរំលង នៅកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់នឹងតាំងព្រះនាមទ្រង់វិញ គឺនៅទីនោះដែលត្រូវថ្វាយយញ្ញបូជា នៅពេលល្ងាចពីវេលាថ្ងៃលិចទៅ ក្នុងរដូវដដែលដែលឯងបានចេញពីស្រុកអេស៊ីព្ទមក ៧ ត្រូវឲ្យចំអិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើស លុះដល់ព្រឹកឡើងឯងនឹងត្រឡប់ទៅឯត្រសាលឯងវិញបាន ៨ ត្រូវឲ្យឯងបរិភោគនំបុ័ងឥតដំបែអស់៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះត្រូវប្រជុំជំនុំមុតមាំថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង មិនត្រូវធ្វើការអ្វីឲ្យសោះ។
បុណ្យសបា្តហ៍ ឬបុណ្យថ្ងៃទីហាសិប
៩ រួចត្រូវរាប់ជា៧អាទិត្យទៀត គឺត្រូវរាប់៧អាទិត្យនោះ ចាប់តាំងពីវេលាដែលទើបនឹងលូកកណ្តៀវទៅច្រូតស្រូវ ១០ នោះត្រូវឲ្យធ្វើបុណ្យអាទិត្យទី៧ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង ដោយថ្វាយដង្វាយស្ម័គ្រពីចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានពរ ១១ ហើយឯង និងកូនប្រុសកូនស្រីឯង ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ព្រមទាំងបាវប្រុសបាវស្រីឯង និងពួកលេវីដែលនៅទីក្រុងឯង ហើយនឹងពួកអ្នកដទៃ ពួកកំព្រា និងពួកស្រីមេម៉ាយ ដែលនៅជាមួយនឹងឯងទាំងអស់គ្នាផង នៅកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់តាំងព្រះនាមទ្រង់ ១២ ត្រូវឲ្យនឹកចាំថា ពីដើមឯងជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ ដូច្នេះត្រូវប្រយ័ត្ន និងប្រព្រឹត្តតាមអស់ទាំងច្បាប់ទាំងនេះចុះ។
បុណ្យបារាំ
១៣ ត្រូវឲ្យឯងធ្វើបុណ្យបារាំនៅអស់៧ថ្ងៃ ក្នុងពេលក្រោយដែលបានប្រមូលផលពីលាន និងពីធុងឃ្នាបហើយ ១៤ ត្រូវឲ្យឯង និងកូនប្រុសកូនស្រីឯង អរសប្បាយនៅវេលាបុណ្យរបស់ឯងនោះ ព្រមទាំងបាវប្រុសបាវស្រីឯង និងពួកលេវី ហើយនឹងអ្នកដទៃ ពួកកូនកំព្រា និងពួកស្រីមេម៉ាយដែលនៅក្នុងទីក្រុងឯងផង ១៥ ត្រូវឲ្យធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង អស់៧ថ្ងៃ នៅកន្លែងដែលព្រះយេហូវ៉ានឹងរើស ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់នឹងប្រទានពរដល់ឯង ចំពោះអស់ទាំងផលចំរើនរបស់ឯង ហើយក្នុងគ្រប់ទាំងការដែលដៃឯងធ្វើ ដូច្នេះឯងនឹងមានសេចក្តីអំណរជាមិនខាន។ ១៦ ត្រូវឲ្យគ្រប់ទាំងប្រុសៗក្នុងពួកឯង មកនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ៣ដងក្នុង១ឆ្នាំ ត្រង់កន្លែងដែលទ្រង់នឹងរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យអាទិត្យទី៧ម្តង និងបុណ្យបារាំម្តង ក៏មិនត្រូវមកនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេដែរ ១៧ ត្រូវឲ្យគ្រប់គ្នាថ្វាយតាមកំឡាំងរៀងខ្លួន គឺតាមព្រះពរដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានឲ្យ។
ការតែងតាំងមេដឹកនាំ
១៨ ត្រូវឲ្យឯងតាំងពួកចៅក្រម និងសុភា នៅគ្រប់ទាំងទីក្រុង ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកឯង តាមពូជអំបូរឯងទាំងប៉ុន្មាន ត្រូវឲ្យអ្នកទាំងនោះជំនុំជំរះបណ្តាជនដោយយុត្តិធម៌ ១៩ មិនត្រូវបង្វែរសេចក្តីយុត្តិធម៌ឡើយ ក៏មិនត្រូវលំអៀងចិត្តទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកជាការនាំឲ្យបំបិទភ្នែកអ្នកប្រាជ្ញ ហើយក៏បង្ខូចពាក្យសំដីរបស់មនុស្សសុចរិតផង
មិនត្រូវគោរពព្រះក្លែងក្លាយ
២០ ត្រូវឲ្យកាន់តាមតែសេចក្តី ដែលសុចរិតវិញ ជាកុំខានដើម្បីឲ្យឯងបានរស់នៅ ហើយគ្រងបានស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ។ ២១ មិនត្រូវឲ្យតាំងរូបឆ្លាក់ធ្វើពីឈើក៏ដោយ នៅត្រង់អាសនាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលនឹងស្អាងសំរាប់ឯងនោះឡើយ ២២ ក៏មិនត្រូវបញ្ឈរបង្គោលណាសំរាប់ឲ្យឯងគោរព គឺជារបស់ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ស្អប់នោះដែរ