១៧
១ មិនត្រូវឲ្យឯងថ្វាយគោ ឬចៀមណា ដែលមានស្លាកស្នាម ឬអាក្រក់អ្វី ទៅជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ ដ្បិតនោះជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជាព្រះនៃឯង។ ២ នៅក្នុងទីក្រុងណា ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានមក បើសិនជាឃើញមានមនុស្សប្រុស ឬស្រីណា នៅជាមួយនឹងឯង ដែលប្រព្រឹត្តសេចក្តីអ្វីអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង ដោយរំលងសេចក្តីសញ្ញាទ្រង់ ៣ ទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះដទៃ ឬព្រះអាទិត្យ ព្រះចន្ទ ឬរបស់ដ៏បរិបូរណាមួយនៅលើមេឃ ដែលអញមិនបង្គាប់ឡើយ ៤ រួចមានគេប្រាប់ដល់ឯង ឬឯងបានឮក្តី នោះត្រូវឲ្យឯងស៊ើបសួរយ៉ាងអស់ពីចិត្ត បើឃើញជាត្រូវពិតដូច្នោះមែនថា មានគេប្រព្រឹត្តការគួរខ្ពើមយ៉ាងនោះ នៅក្នុងសាសន៍អ៊ីស្រាអែលហើយ ៥ នោះត្រូវឲ្យនាំមនុស្សប្រុសឬស្រី ដែលបានប្រព្រឹត្តការអាក្រក់នោះ មកឯទ្វារក្រុងរបស់ឯង ហើយចោលសំឡាប់នឹងថ្មទៅ ទោះប្រុស ឬស្រីក្តី ៦ ត្រូវឲ្យសំឡាប់អ្នកដែលមានទោសដល់ស្លាប់នោះ ដោយមានស្មរបន្ទាល់២ឬ៣នាក់ តែបើមានតែម្នាក់ទេ នោះមិនល្មមនឹងសំឡាប់គេឡើយ ៧ ត្រូវឲ្យស្មរបន្ទាល់ទាំងនោះដាក់ដៃជាមុនគេ ដើម្បីនឹងសំឡាប់ចោល រួចសឹមឲ្យពួកបណ្តាជនគ្រប់គ្នាជាខាងក្រោយ គឺយ៉ាងដូច្នោះដែលឯងត្រូវបំបាត់សេចក្តីអាក្រក់ពីពួកឯងចេញ។
ការកាត់ក្តី
៨ បើកាលណាមានរឿងណាពីបាកពេក ដែលឯងនឹងជំនុំជំរះមិនបាន ទោះពីឈាមនឹងឈាម ពាក្យបណ្តឹងដល់គ្នាទៅវិញទៅមក ការវាយគ្នា ជារឿងដែលនាំឲ្យមានក្តីកើតឡើងនៅក្នុងទីក្រុងឯង នោះត្រូវឲ្យឯងក្រោកឡើង ទៅឯកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានរើស ៩ ហើយចូលទៅសួរដល់ពួកលេវីដ៏ជាសង្ឃ និងចៅក្រមដែលនឹងមានក្នុងគ្រានោះ រួចអ្នកទាំងនោះនឹងបង្ហាញឲ្យឯងចេះកត់សេចក្តីហើយ ១០ នោះត្រូវឲ្យឯងធ្វើតាមដែលពួកអ្នកនោះនឹងបង្ហាញមកឯង ពីកន្លែងដែលព្រះយេហូវ៉ាបានរើស ហើយត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្តី ដែលអ្នកទាំងនោះនឹងបង្រៀនដល់ឯងចុះ ១១ គឺត្រូវឲ្យឯងកាត់សេចក្តីឲ្យត្រូវ ដូចជាច្បាប់ដែលអ្នកទាំងនោះនឹងបង្រៀនដល់ឯង ហើយតាមសេចក្តីយុត្តិធម៌ដែលអ្នកទាំងនោះនឹងប្រាប់ដល់ឯងផង មិនត្រូវឲ្យងាកបែរទៅខាងស្តាំ ឬខាងឆ្វេង ចេញពីសេចក្តី ដែលអ្នកទាំងនោះនឹងបង្ហាញនោះឡើយ
១២ ឯអ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត ឥតស្តាប់តាមសង្ឃដែលឈរបំរើដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នៅទីនោះ ឬតាមចៅក្រមផង អ្នកនោះនឹងត្រូវទោសដល់ស្លាប់ ត្រូវឲ្យបំបាត់សេចក្តីអាក្រក់ពីសាសន៍អ៊ីស្រាអែលចេញ ១៣ នោះបណ្តាជនទាំងឡាយ និងឮ រួចនឹងខ្លាច ហើយលែងប្រព្រឹត្តតាមតែអំពើចិត្តទៀត។
ច្បាប់ស្តីអំពីព្រះមហាក្សត្រ
១៤ កាលណាឯងបានទៅដល់ស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ ហើយចាប់យកបានព្រមទាំងតាំងទីលំនៅអាស្រ័យនៅផង រួចជំនុំគ្នាថា យើងនឹងតាំងស្តេចឲ្យសោយរាជ្យលើយើង ដូចជាសាសន៍ទាំងប៉ុន្មានដែលនៅជុំវិញយើងដែរ ១៥ នោះត្រូវតាំងអ្នកណាមួយឡើង ឲ្យធ្វើជាស្តេចតាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើស គឺត្រូវលើកម្នាក់ក្នុងពួកបងប្អូនឯង ឲ្យធ្វើជាស្តេចលើឯងចុះ គ្មានច្បាប់នឹងតាំងអ្នកប្រទេសក្រៅណា ដែលមិនមែនជាបងប្អូនឯង ឲ្យគ្រប់គ្រងលើឯងឡើយ ១៦ កុំបីតែឲ្យស្តេចនោះចំរើនសេះជាច្រើនសំរាប់ខ្លួន ឬបណ្តាលឲ្យបណ្តាជនត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះជាច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ា ទ្រង់បានមានព្រះបន្ទូលនឹងឯងរាល់គ្នាថា មិនត្រូវឲ្យឯងរាល់គ្នាត្រឡប់ទៅ តាមផ្លូវនោះទៀតឲ្យសោះ ១៧ ក៏មិនត្រូវឲ្យស្តេចនោះយកភរិយាជាច្រើនដែរ ដើម្បីកុំឲ្យមានចិត្តងាកបែរចេញទៅឡើយ ក៏មិនត្រូវប្រមូលប្រាក់មាសជាច្រើនលើសលុបដែរ។
១៨ កាលណាស្តេចនោះ បានឡើងគង់លើបល្ល័ង្ករាជ្យហើយ នោះត្រូវឲ្យចំឡងក្រឹត្យវិន័យ តាមគម្ពីរដែលនៅមុខពួកលេវីដ៏ជាសង្ឃ ទុកក្នុងសៀវភៅសំរាប់ខ្លួន ១៩ ត្រូវឲ្យសៀវភៅនោះនៅជាមួយនឹងខ្លួន ហើយត្រូវមើលរាល់តែថ្ងៃជានិច្ច អស់១ជីវិតផង ដើម្បីនឹងទំលាប់ខ្លួន ឲ្យចេះកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ប្រយោជន៍ឲ្យបានកាន់តាមគ្រប់ទាំងសេចក្តី ដែលនៅក្នុងក្រឹត្យវិន័យ និងច្បាប់ទាំងនេះ ព្រមទាំងប្រព្រឹត្តតាមផង
២០ ហើយកុំឲ្យកើតមានចិត្តធំលើពួកបងប្អូនខ្លួន ឬងាកបែរចេញពីសេចក្តីបង្គាប់ ទៅខាងស្តាំ ឬខាងឆ្វេងឡើយ នេះគឺដើម្បីឲ្យបានជីវិតជាយូរអង្វែងនៅក្នុងនគរខ្លួន ព្រមទាំងកូនចៅរបស់ខ្លួន នៅក្នុងពួកសាសន៍អ៊ីស្រាអែលតរៀងទៅ។