២០
ច្បាប់​អំពី​ការ​ចូល​បំរើ​កងទ័ព
១ បើ​កាល​ណា​ឯង​រាល់​គ្នា​ចេញ​ទៅ ច្បាំង​នឹង​ខ្មាំងសត្រូវ ឃើញ​សេះ ឃើញ​រទេះ និង​មនុស្ស​ជា​ច្រើន​ជាង​ពួក​ឯង នោះ​មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង​ហើយ ២ កាល​ណា​ឯង​រាល់​គ្នា​ចូល​ទៅ​ជិត ដើម្បី​ត​នឹង​គេ នោះ​ត្រូវ​ឲ្យ​សង្ឃ​ចូល​មក​និយាយ​នឹង​បណ្តា​ទ័ព​ថា ៣ ចូរ​ស្តាប់ ពួក​អ៊ីស្រាអែល​អើយ នៅ​ថ្ងៃ​នេះ​ឯង​រាល់​គ្នា​ចូល​ទៅ​តយុទ្ធ​នឹង​ខ្មាំងសត្រូវ ដូច្នេះ​កុំ​ឲ្យ​មាន​ចិត្ត​តក់ស្លុត​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច ឬ​ញ័រ​រន្ធត់ ឬ​ភ្ញាក់​ផ្អើល​នៅ​មុខ​គេ​ឲ្យ​សោះ ៤ ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​ឯង ដើម្បី​ច្បាំង​នឹង​ពួក​ខ្មាំងសត្រូវ​ជំនួស​ឯង ហើយ​នឹង​ជួយ​សង្គ្រោះ​ឯង​ផង ៥ នោះ​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​គេ​ថា តើ​មាន​មនុស្ស​ណា​ដែល​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​មិន​ទាន់​ឡើង​នៅ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​ឡើង​ទៅ​នៅ​វិញ ៦ តើ​មាន​មនុស្ស​ណា​បាន​ដាំ​ចំការ​ទំពាំងបាយជូរ ហើយ​មិន​ទាន់​បេះ​ផ្លែ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​បេះ​ផ្លែ​នោះ​វិញ ៧ តើ​មាន​មនុស្ស​ណា​បាន​ដណ្តឹង​ប្រពន្ធ ហើយ​មិន​ទាន​រៀបការ​នៅ​ឡើយ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​យក​នាង​មក​វិញ ៨ រួច​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​ទៀត​ថា តើ​មាន​មនុស្ស​ណា​ដែល​ខ្លាច ហើយ​មាន​ចិត្ត​តក់ស្លុត​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​បង​ប្អូន​ខ្លួន​មាន​ចិត្ត​រលាយ​តាម​អ្នក​នោះ​ដែរ ៩ កាល​ណា​ពួក​នាយក​បាន​សួរ​គេ​សព្វ​គ្រប់​ហើយ នោះ​ត្រូវ​តាំង​ឲ្យ​មាន​មេទ័ព សំរាប់​ឲ្យ​ត្រួត​លើ​បណ្តា​ទ័ព។
ច្បាប់​អំពី​ការ​ឡោមព័ទ្ធ​ក្រុង
១០ កាល​ណា​ឯង​ចូល​ទៅ​ជិត រៀប​នឹង​ច្បាំង​នឹង​ទី​ក្រុង​ណា នោះ​ត្រូវ​ប្រកាស​ប្រាប់​សេចក្តី​មេត្រី​ដល់​គេ​ជា​មុន ១១ បើសិន​ជា​ពួក​ក្រុង​នោះ​ឆ្លើយ​មក​ថា ចង់​មេត្រី​នឹង​ឯង ហើយ​គេ​បើក​ឲ្យ​ឯង​ចូល នោះ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ទី​ក្រុង​នោះ បាន​ចំណុះ ហើយ​បំរើ​ឯង ១២ តែ​បើ​គេ​មិន​ព្រម​ចង​មេត្រី​នឹង​ឯង​ទេ គឺ​បែរ​ជា​ច្បាំង​ត​វិញ នោះ​ត្រូវ​ឲ្យ​ឯង​ឡោមព័ទ្ធ​ទី​ក្រុង​នោះ​ចុះ ១៣ ហើយ​កាល​ណា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​ទី​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង នោះ​ត្រូវ​ឲ្យ​កាប់​ពួក​ប្រុសៗ​ទាំង​អស់​ដោយ​មុខ​ដាវ​ទៅ ១៤ តែ​ឯ​ពួក​ស្រីៗ និង​កូន​ក្មេង ព្រម​ទាំង​ហ្វូង​សត្វ ហើយ​របស់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ​ដែល​ជា​របឹប​ទាំង​អស់ នោះ​ត្រូវ​ចាប់​យក​មក​សំរាប់​ឯង​វិញ ហើយ​ត្រូវ​បរិភោគ​របឹប​របស់​ពួក​ខ្មាំងសត្រូវ ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ ១៥ ត្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នោះ ដល់​គ្រប់​ទាំង​ទី​ក្រុង​ដែល​នៅ​ឆ្ងាយៗ​ពី​ឯង​ដែល​មិន​មែន​ជា​ទី​ក្រុង របស់​ពួក​សាសន៍​ទាំង​នេះ​ទេ ១៦ តែ​ឯ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ទាំង​នេះ ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក នោះ​មិន​ត្រូវ​ទុក​អ្វី​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​រស់​ឡើយ ១៧ ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​វិញ គឺ​ជា​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដូច​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​មក ១៨ ដើម្បី​កុំ​ឲ្យ​គេ​បង្ហាត់​បង្រៀន ឲ្យ​ឯង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្តី​គួរ​ស្អប់ ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​ឡើយ បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​នឹង​ឈ្មោះ​ថា ឯង​រាល់​គ្នា​ធ្វើ​បាប​នឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯ​ឯង​ហើយ។
១៩ កាល​ណា​ឯង​ឡោមព័ទ្ធ​ទី​ក្រុង​ណា​យូរ ដោយ​ច្បាំង​ដណ្តើម​យក នោះ​មិន​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ឡើយ ដ្បិត​នឹង​បរិភោគ​ផ្លែ​ឈើ​នោះ​បាន ដូច្នេះ​មិន​ត្រូវ​ឲ្យ​កាប់​ឡើយ ដ្បិត​ដើម​ឈើ​នៅ​វាល​ជា​មនុស្ស​ឬ​អី បាន​ជា​ត្រូវ​ឲ្យ​ឯង​ច្បាំង​នឹង​វា​ដែរ​ដូច្នេះ ២០ មាន​ច្បាប់​កាប់​តែ​ដើម​ឈើ​ណា ដែល​ដឹង​ថា​បរិភោគ​ផ្លែ​មិន​បាន​ប៉ុណ្ណោះ ត្រូវ​ឲ្យ​កាប់​ដើម​ឈើ​ទាំង​នោះ យក​ទៅ​ធ្វើ​ជា​របាំង​ទាស់​នឹង​ទី​ក្រុង​ដែល​ច្បាំង​នឹង​ឯង ដរាប​ដល់​គេ​ទទួល​ចុះ​ចាញ់។