២១
ករណីឃាតកដែលគេពុំស្គាល់មុខ
១ បើសិនជាឃើញមានខ្មោចចង្គ្រាង នៅទីវាលក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យក ហើយគ្មានអ្នកណាដឹងជាអ្នកណាបានសំឡាប់ឡើយ ២ នោះត្រូវឲ្យពួកចាស់ទុំ និងពួកចៅក្រមរបស់ឯងចេញទៅវាស់ ចាប់ពីខ្មោចនោះ ទៅដល់ទីក្រុងទាំងប៉ុន្មានដែលនៅជុំវិញ ៣ រួចទីក្រុងណាដែលឃើញថា នៅជិតខ្មោចនោះជាជាងគេ ត្រូវឲ្យពួកចាស់ទុំនៃក្រុងនោះយកគោស្ទាវ១ ដែលមិនទាន់ប្រើការ ឬទឹមនៅឡើយ ៤ ដឹកចុះទៅក្នុងជ្រលងភ្នំដែលមានទឹកហូរ ជាកន្លែងមិនដែលភ្ជួររាស់ ឬសាបព្រោះឡើយ ហើយត្រូវបំបាក់កគោនៅត្រង់ច្រកនោះទៅ ៥ រួចពួកលេវីដ៏ជាសង្ឃត្រូវចូលទៅជិត ដ្បិតគឺអ្នកទាំងនោះហើយ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានរើសសំរាប់នឹងបំរើទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមព្រះយេហូវ៉ា ហើយគ្រប់ទាំងការទាស់ទែងគ្នា និងរបួសទាំងប៉ុន្មាន នោះស្រេចនៅអ្នកទាំងនោះកាត់ឲ្យចុះ ៦ នោះពួកចាស់ទុំគ្រប់គ្នារបស់ទីក្រុងណាមួយដែលជិតខ្មោចនោះជាជាងគេ ត្រូវលាងដៃពីលើគោស្ទាវដែលបានបំបាក់កនៅក្នុងច្រកនោះ ៧ ហើយត្រូវថា ដៃយើងខ្ញុំរាល់គ្នាមិនបានកំចាយឈាមនេះទេ ហើយភ្នែកយើងខ្ញុំក៏មិនបានឃើញដែរ ៨ ឱព្រះយេហូវ៉ាអើយ សូមអត់ទោសដល់អ៊ីស្រាអែល ជារាស្ត្រទ្រង់ ដែលទ្រង់បានលោះផង សូមកុំឲ្យមានទោសចំពោះឈាមរបស់មនុស្សដែលឥតទោស បាននៅជាប់កណ្តាលពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ឡើយ យ៉ាងនោះទោសពីការកំចាយឈាមនឹងបានអត់ឲ្យហើយ ៩ ដូច្នេះឯងនឹងបានបំបាត់ការកំចាយឈាម ដែលឥតមានទោស ពីពួកឯងចេញ ដោយធ្វើការដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា។
ច្បាប់ស្តីអំពីស្ត្រីដែលជាឈ្លើយសឹក
១០ បើកាលណាឯងចេញទៅច្បាំង និងពួកខ្មាំងសត្រូវ ហើយព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃឯង ឯងក៏បានចាប់គេនាំទៅជាឈ្លើយហើយ ១១ រួចឃើញមានស្រីណាមានរូបស្រស់ល្អ នៅក្នុងពួកឈ្លើយនោះ ហើយឯងមានចិត្តប្រតិព័ទ្ធ ចង់យកធ្វើជាប្រពន្ធ ១២ នោះត្រូវនាំនាងទៅឯផ្ទះឯង ឲ្យនាងកោរសក់ ហើយកត់ក្រចក ១៣ ព្រមទាំងដោះអាវដែលពាក់ពីកាលចាប់បាននោះចេញ រួចត្រូវឲ្យនាងនៅក្នុងផ្ទះឯង ដោយយំសោកនឹងឪពុកម្តាយអស់១ខែគត់ ក្រោយនោះមក សឹមឯងចូលទៅឯនាង យកគ្នាជាប្តីប្រពន្ធចុះ ១៤ លុះក្រោយទៅ បើមិនចូលចិត្តនឹងនាងវិញ នោះត្រូវបើកឲ្យទៅតាមតែចិត្ត មិនត្រូវលក់នាង ឬប្រព្រឹត្តនឹងនាងទុកដូចជាបាវបំរើឡើយ ដ្បិតឯងបានបន្ទាបនាងហើយ។
ច្បាប់អំពីសិទ្ធិជាកូនច្បង
១៥ បើសិនជាមានអ្នកណាមានប្រពន្ធ២ មួយជាទីស្រឡាញ់ ហើយមួយស្អប់វិញ តែទាំង២បានបង្កើតកូនដោយសារអ្នកនោះ ហើយកូនច្បងបង្អស់ជាកូនរបស់នាងដែលស្អប់ ១៦ ដូច្នោះនៅថ្ងៃណាដែលចែកមរដកដល់កូន នោះមិនត្រូវឲ្យលើកកូនរបស់នាងដែលជាទីស្រឡាញ់ ទុកជាកូនច្បងជំនួសកូននាង ១ជាទីស្អប់ ដែលជាកូនច្បងពិតមែននោះឡើយ ១៧ គឺត្រូវទទួលរាប់កូនរបស់នាងដែលខ្លួនស្អប់នោះ ទុកជាកូនច្បងពិត ដោយចែកទ្រព្យសម្បត្តិដល់វា ឲ្យលើស១ជា២ ដ្បិតកូននោះជាកូនដំបូងរបស់ខ្លួន អំណាចច្បាប់របស់កូនច្បងត្រូវបានជារបស់ផងវា។
ច្បាប់ស្តីអំពីកូនដែលមិនស្តាប់បង្គាប់ឪពុកម្តាយ
១៨ បើអ្នកណាមានកូនដែលចចេសរឹងរូស មិនព្រមចុះចូលស្តាប់តាមបង្គាប់ឪពុកម្តាយសោះ ហើយទោះបើឪពុកម្តាយវាយស្តីប្រដៅ គង់តែវាមិនចេះរាងចាលដែរ ១៩ នោះត្រូវឲ្យឪពុកម្តាយនាំយកទៅ ឯពួកចាស់ទុំនៃទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់គេ ២០ រួចត្រូវជំរាបដល់ពួកចាស់ទុំនៃក្រុងនោះថា កូនយើងខ្ញុំនេះវាចចេស ហើយរឹងរូស មិនព្រមស្តាប់បង្គាប់យើងខ្ញុំសោះ វាក៏ល្មោបស៊ីផឹក ហើយស្រវឹងខួបផង ២១ នោះត្រូវឲ្យបណ្តាមនុស្សនៅទីក្រុងនោះទាំងប៉ុន្មាន ចោលសំឡាប់វានឹងថ្មទៅ យ៉ាងនោះឯងរាល់គ្នានឹងបំបាត់ការអាក្រក់ ពីពួកឯងចេញ រួចសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានឮ ហើយនឹងមានសេចក្តីកោតខ្លាចផង។
២២ បើមានអ្នកណាបានប្រព្រឹត្តអំពើបាប ដែលគួរឲ្យគេស្លាប់ ហើយឯងសំឡាប់ទៅ ដោយព្យួរនៅលើឈើ ២៣ នោះមិនត្រូវឲ្យខ្មោចគេ ជាប់នៅលើឈើ រហូតដល់ភ្លឺឡើយ ត្រូវឲ្យកប់ទៅនៅថ្ងៃនោះឯងជាកុំខាន ដ្បិតអ្នកណាដែលត្រូវព្យួរ នោះជាអ្នកដែលត្រូវព្រះដាក់បណ្តាសាហើយ ត្រូវធ្វើយ៉ាងនោះ ដើម្បីកុំឲ្យស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមក ទុកជាមរដក បានត្រូវស្មោកគ្រោកឡើយ។