២២
ច្បាប់អំពីសត្វ ឬរបស់របរដែលបាត់
១ បើឯងឃើញគោ ឬចៀមរបស់បងប្អូនវង្វេង នោះមិនត្រូវឲ្យគេចចេញឡើយ ត្រូវឲ្យដឹកនាំទៅឯម្ចាស់វិញជាកុំខាន ២ បើបងប្អូននោះនៅឆ្ងាយពីឯង ឬជាអ្នកដែលឯងមិនស្គាល់សោះ នោះត្រូវដឹកនាំសត្វទៅឯផ្ទះឯងទុក ចាំទាល់តែគេមករក រួចសឹមប្រគល់ដល់គេវិញ ៣ ត្រូវឲ្យឯងប្រព្រឹត្តដូច្នោះចំពោះសត្វលា និងសំលៀកបំពាក់ហើយនឹងគ្រប់របស់ទាំងអស់ ដែលបងប្អូនឯងបានបាត់ហើយឯងបានឃើញនោះដែរ មិនត្រូវឲ្យគេចចេញឡើយ ៤ ឬបើឃើញលា ឬគោ របស់បងប្អូន ដែលដួលតាមផ្លូវ នោះក៏មិនត្រូវឲ្យឯងចេញពីគេដែរ គឺត្រូវតែជួយលើកសត្វនោះឡើងវិញជាកុំខាន។
ច្បាប់ផ្សេងៗ
៥ រីឯពួកស្ត្រី មិនត្រូវឲ្យគេស្លៀកពាក់ប្រដាប់របស់បុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកពាក់ប្រដាប់របស់ស្ត្រីដែរ ដ្បិតអ្នកណាដែលប្រព្រឹត្តដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជាព្រះនៃឯងណាស់។ ៦ បើកាលណាឯងប្រទះឃើញសំបុកសត្វ ដែលមានកូន ឬមានពង នៅក្បែរផ្លូវ ទោះនៅលើដើមឈើណា ឬនៅលើដីក្តី ហើយមេកំពុងតែក្រាបនៅលើកូន ឬពីលើពង នោះមិនត្រូវឲ្យឯងយកមេ ជាមួយនឹងកូនផងទេ ៧ គឺត្រូវឲ្យឯងលែងមេទៅជាពុំខាន ឯងកូននោះ ឯងនឹងយកបាន ដូច្នេះឯង និងបានសប្បាយ ហើយបានជីវិតរស់នៅជាយូរអង្វែងតទៅ។
៨ កាលណាសង់ផ្ទះថ្មី នោះត្រូវឲ្យធ្វើបង្កាន់ដៃលើដំបូល ដើម្បីកុំឲ្យមានអ្នកណាធ្លាក់ពីលើនោះទៅក្រោម និងនាំឲ្យមានទោសចំពោះឈាមគេលើផ្ទះឯងឡើយ។
៩ មិនត្រូវឲ្យព្រោះពូជ២យ៉ាងខុសគ្នាចំរុះក្នុងចំការឯងឡើយ ក្រែងផលទាំងអស់ត្រូវខូចខាតទៅ ព្រមទាំងពូជដែលឯងបានព្រោះ និងផលចំរើននោះផង ១០ ក៏មិនត្រូវភ្ជួរ ដោយទឹមគោជាមួយនឹងលាដែរ ១១ មិនត្រូវឲ្យឯងស្លៀកពាក់សំពត់ត្បាញលាយដោយរោមចៀម និងអំបោះខ្លូតទេសជាមួយគ្នាឡើយ។
១២ ត្រូវឲ្យឯងធ្វើរំយោល ភ្ជាប់ត្រង់ជាយទាំង៤នៃសំពត់ដែលឯងស្លៀកផង។
ច្បាប់សីលធម៌
១៣ បើអ្នកណាយកប្រពន្ធ ហើយចូលទៅឯនាង រួចបែរជាស្អប់វិញ ១៤ ហើយចាប់តាំងនិយាយកេរពីនាង ព្រមទាំងនាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា ខ្ញុំបានយកស្ត្រីនេះ ហើយកាលបានចូលទៅឯវា នោះឃើញថាមិនបរិសុទ្ធទេ ១៥ នោះត្រូវឲ្យឪពុកម្តាយនាង នាំយកទីសំគាល់ ពីសេចក្តីបរិសុទ្ធរបស់នាង ទៅឯពួកចាស់ទុំនៃទីក្រុងត្រង់មាត់ទ្វារក្រុង ១៦ រួចត្រូវឲ្យឪពុកនាងជំរាបដល់ពួកចាស់ទុំថា ខ្ញុំបានឲ្យកូនខ្ញុំទៅធ្វើជាប្រពន្ធរបស់អ្នកនេះ តែគេបែរជាស្អប់វិញ ១៧ ហើយមើល គេបាននិយាយបរិហារកេរ្តិ៍ពីនាងថា មិនឃើញនាងបរិសុទ្ធទេ តែមើលមានទីសំគាល់នេះពីសេចក្តីបរិសុទ្ធរបស់កូនខ្ញុំស្រាប់ នោះត្រូវលាសំពត់នោះនៅមុខចាស់ទុំនៃទីក្រុង ១៨ រួចត្រូវឲ្យពួកចាស់ទុំនៃក្រុងនោះ ចាប់យកអ្នកនោះទៅវាយផ្ចាលចេញ ១៩ ហើយត្រូវពិន័យលក់អ្នកនោះ១០០រៀល ឲ្យដល់ឪពុកនាង ដោយព្រោះបាននាំបង្ខូចឈ្មោះនាងក្រមុំម្នាក់នៃសាសន៍អ៊ីស្រាអែល រួចនាងនោះនឹងនៅជាប្រពន្ធរបស់អ្នកនោះតទៅ គ្មានច្បាប់នឹងលែងនាងឡើយ រហូតដល់គ្រប់១ជីវិត ២០ តែបើការនោះពិតមែន ហើយរកទីសំគាល់ពីសេចក្តីបរិសុទ្ធរបស់នាងមិនបាន ២១ នោះត្រូវឲ្យគេនាំនាងចេញ ទៅឯមាត់ទ្វារផ្ទះឪពុក ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសំឡាប់នឹងថ្មទៅ ដ្បិតនាងបានប្រព្រឹត្តការអាស្រូវបារាយក្នុងពួកអ៊ីស្រាអែល ដោយបានធ្វើឲ្យខូចសេចក្តីបរិសុទ្ធ កាលនៅក្នុងផ្ទះឪពុករបស់ខ្លួននៅឡើយ គឺយ៉ាងនោះដែលត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ។
២២ បើដែលឃើញអ្នកណាកំពុងតែរួមដំណេក និងស្ត្រីដែលមានប្តីហើយ នោះអ្នកទាំង២ត្រូវស្លាប់ គឺទាំងប្រុសដែលដេកនឹងនាង ព្រមទាំងនាងនោះផង គឺយ៉ាងនោះដែលឯងត្រូវបំបាត់សេចក្តីអាក្រក់ ពីពួកអ៊ីស្រាអែលចេញ។
២៣ បើមានស្រីក្រមុំណា ដែលមានគេដណ្តឹងហើយស្រាប់តែមានប្រុសណាប្រទះឃើញនាង នៅក្នុងទីក្រុងហើយចាប់យកទៅរួមដំណេកនឹងនាង ២៤ នោះត្រូវឲ្យឯងរាល់គ្នានាំអ្នកទាំង២ ចេញទៅឯទ្វារក្រុង ចោលសំឡាប់នឹងថ្មទៅ គឺនាងនោះ ដោយព្រោះនៅក្នុងទីក្រុង តែមិនបានស្រែកសោះ ហើយមនុស្សប្រុសនោះ ដោយព្រោះបានបន្ទាបបន្ថោកប្រពន្ធរបស់អ្នកជិតខាងខ្លួន គឺយ៉ាងនោះដែលឯងត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ ២៥ ប៉ុន្តែបើមនុស្សប្រុសនោះ បានប្រទះឃើញនាង ដែលមានគេដណ្តឹងហើយ នៅឯទីវាលវិញ រួចចាប់បង្ខំដេកនឹងនាងទៅ នោះត្រូវស្លាប់តែខាងប្រុសដែលបានដេកនឹងនាងប៉ុណ្ណោះ ២៦ តែឯនាងនោះ មិនត្រូវឲ្យធ្វើទោសអ្វីឡើយ នាងគ្មានបាបណាដែលគួរឲ្យស្លាប់ទេ ដ្បិតដំណើរនេះបែបដូចជាកាលមនុស្សណាមួយ ស្ទុះទៅសំឡាប់អ្នកជិតខាងខ្លួនដូច្នោះដែរ ២៧ ដ្បិតប្រុសនោះឃើញនាងនៅឯទីវាល ហើយនាងដែលមានគេដណ្តឹងបានស្រែកឡើងដែរ តែគ្មានអ្នកណានឹងជួយសោះ។
២៨ បើមនុស្សប្រុសណាប្រទះឃើញស្រីក្រមុំ ដែលឥតមានអ្នកណាដណ្តឹងនៅឡើយ ហើយក៏ចាប់យកទៅរួមដំណេក រួចមានគេឃើញ ២៩ នោះអ្នកដែលបានដេកនឹងនាងត្រូវបង់៥០រៀល ឲ្យដល់ឪពុកនាង រួចនាងនឹងធ្វើជាប្រពន្ធតទៅ ពីព្រោះអ្នកនោះបានបន្ទាបបន្ថោកនាងហើយ គ្មានច្បាប់នឹងលែងនាងឡើយ រហូតដល់គ្រប់១ជីវិត។ ៣០ មិនត្រូវឲ្យមនុស្សណាយកប្រពន្ធរបស់ឪពុកខ្លួនឡើយ ក៏មិនត្រូវបើកសំលៀករបស់ឪពុកខ្លួនដែរ។