២៣
អ្នកដែលគ្មានសិទ្ធិចូលរួមក្នុងអង្គប្រជុំ
១ ឯអ្នកណាដែលត្រូវរបួសត្រង់ពង ឬកាត់ស្វាសចេញ នោះមិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ ២ ហើយមិនត្រូវឲ្យកូនសហាយណា ចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាដែរ ព្រមទាំងកូនចៅគេរហូតដល់១០ដំណផង។
៣ សាសន៍អាំម៉ូន ឬសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ ព្រមទាំងកូនចៅគេរហូតដល់១០ដំណផង ៤ ពីព្រោះកាលឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ និងទឹកមកទទួលឯងតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកអើរ៉ាម-ន៉ាហារេម ដើម្បីនឹងដាក់បណ្តាសាដល់ឯង ៥ ប៉ុន្តែព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់មិនព្រមស្តាប់តាមបាឡាមទេ គឺទ្រង់បានផ្លាស់សេចក្តីបណ្តាសានោះ ឲ្យទៅជាពរដល់ឯងវិញ ដ្បិតទ្រង់បានស្រឡាញ់ឯង ៦ ដូច្នេះមិនត្រូវឲ្យឯងរកសេចក្តីសុខឲ្យគេ ឬឲ្យគេចំរើនឡើងឡើយ នៅជារៀងរាបតទៅ។
៧ មិនត្រូវឲ្យស្អប់ខ្ពើម ដល់សាសន៍អេដំមណាមួយឡើយ ត្បិតគេជាបងប្អូននឹងឯង ក៏មិនត្រូវស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតពីដើម ឯងជាពួកប្រទេសក្រៅដែលស្នាក់នៅស្រុកគេ ៨ ឯចៅទួតដែលកើតពីពូជគេនោះនឹងចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាបាន។
ច្បាប់ស្តីអំពីភាពបរិសុទ្ធនៅក្នុងទីបោះទ័ព
៩ កាលណាឯងទៅបោះទ័ព ទាស់នឹងពួកខ្មាំងសត្រូវ នោះត្រូវឲ្យរក្សាខ្លួនពីគ្រប់ទាំងសេចក្តីអាក្រក់ ១០ បើសិនជាមានមនុស្សណាក្នុងពួកឯងដែលមិនស្អាត ដោយព្រោះការអ្វីដែលលោតែកើតដល់ខ្លួន នៅពេលយប់ ត្រូវឲ្យអ្នកនោះចេញទៅក្រៅ មិនត្រូវចូលមកក្នុងទីដំឡើងត្រសាលទេ ១១ តែដល់ពេលល្ងាច អ្នកនោះត្រូវងូតទឹកចេញ រួចកាលណាថ្ងៃលិចហើយ នោះនឹងចូលទៅក្នុងទីដំឡើងត្រសាលវិញបាន ១២ ត្រូវឲ្យមានកន្លែងមួយនៅខាងក្រៅទីដំឡើងត្រសាល ជាទីសំរាប់នឹងចេញទៅដោះទុក្ខសត្វ ១៣ ហើយត្រូវឲ្យមានចបជីក នៅជា១ និងគ្រឿងសស្ត្រាវុធរបស់ឯងផង ដើម្បីកាលណាឯងចេញទៅបត់ជើង នោះនឹងជីកទៅកប់លុបលាមកឯងទៅ ១៤ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់យាងនៅកណ្តាលទីដំឡើងត្រសាលរបស់ឯង ដើម្បីនឹងជួយសង្គ្រោះឯង ហើយនឹងប្រគល់ពួកខ្មាំងសត្រូវមកឯង ដូច្នេះទីដំឡើងត្រសាលរបស់ឯងត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យទ្រង់ទតឃើញអ្វីស្មោកគ្រោក នៅក្នុងពួកឯង រួចបែរចេញពីឯងទៅនោះឡើយ។
ច្បាប់ស្តីអំពីទាសករ
១៥ ឯបាវបំរើណា ដែលបានរត់រួចពីចៅហ្វាយខ្លួនមកពឹងជ្រកនឹងឯង នោះមិនត្រូវប្រគល់ទៅចៅហ្វាយវិញឡើយ ១៦ ត្រូវបើកឲ្យនៅជាមួយនឹងឯង នៅកណ្តាលពួកឯង ក្នុងទីក្រុងណាមួយ ដែលអ្នកនោះជ្រើសរើស តាមបំណងចិត្តចុះ មិនត្រូវឲ្យសង្កត់សង្កិនគេឡើយ។
ច្បាប់ស្តីអំពីអំពើពេស្យាចារ
១៧ មិនត្រូវឲ្យមានស្រីសំផឹងណាមួយ ក្នុងពួកកូនស្រីសាសន៍អ៊ីស្រាអែលឡើយ ក៏មិនត្រូវមានប្រុសណាមួយធ្វើជាកូនជឹង នៅក្នុងពួកកូនប្រុសសាសន៍អ៊ីស្រាអែលដែរ ១៨ មិនត្រូវឲ្យយកថ្លៃឈ្នួលរបស់ការធ្វើសំផឹង ឬថ្លៃឆ្កែមកក្នុងដំណាក់ព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីនឹងលាបំណន់ឡើយ ដ្បិតទាំង២មុខនេះជាសេចក្តីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង។
ច្បាប់អំពីការខ្ចីប្រាក់
១៩ មិនត្រូវឲ្យឯងឲ្យបងប្អូនខ្ចីដោយយកការ ទោះជាខ្ចីប្រាក់ ឬស្បៀងអាហារ ឬរបស់អ្វីដែលគេតែងឲ្យខ្ចីដោយយកការវិញនោះឡើយ ២០ ឯងនឹងឲ្យអ្នកប្រទេសដទៃខ្ចី ដោយយកការបាន តែមិនត្រូវឲ្យបងប្អូនឯងខ្ចីដោយយកការឡើយ ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះនៃឯងបានប្រទានពរដល់ឯង ក្នុងគ្រប់ទាំងការដែលឯងដាក់ដៃធ្វើ នៅក្នុងស្រុកដែលឯងនឹងចូលទៅចាប់យកនោះ។
ច្បាប់អំពីការលាបំណន់
២១ កាលណាឯងបន់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯងនោះមិនត្រូវបង្អង់ និងលាបំណន់នោះទេ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងទារពីឯងវិញជាមិនខាន យ៉ាងនោះនឹងបានរាប់ជាបាបដល់ឯង ២២ តែបើឯងមិនដែលបន់បំណន់ទេ នោះគ្មានបាបឡើយ ២៣ សេចក្តីណាដែលចេញពីបបូរមាត់ឯង នោះត្រូវប្រយ័ត្ននឹងធ្វើតាមគ្រប់ជំពូក គឺឲ្យត្រូវនឹងបំណន់ ដែលឯងបានបន់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាដង្វាយថ្វាយស្ម័គ្រពីចិត្ត ដែលមាត់ឯងបានសន្យាហើយ។
ច្បាប់អំពីការបេះផ្លែឈើ
២៤ កាលណាឯងចូលទៅ ក្នុងចំការទំពាំងបាយជូររបស់អ្នកជិតខាងណា នោះនឹងបរិភោគផលចំអែតតាមចិត្តបាន ប៉ុន្តែមិនត្រូវបេះដាក់ក្នុងកញ្ច្រែងឯងទេ ២៥ កាលណាដើរកាត់ស្រែ ដែលមានស្រូវរបស់អ្នកជិតខាងឯងណា នោះនឹងបូតគួរស្រូវដោយដៃបាន ប៉ុន្តែមិនត្រូវយកកណ្តៀវទៅច្រូតឡើយ។