ប្រសាសន៍​ចុង​ក្រោយ និង​មរណភាព​របស់​លោក​ម៉ូសេ
៣១
លោក​យ៉ូស្វេ​ទទួល​មុខងារ​ជំនួស​លោក​ម៉ូសេ
១ ម៉ូសេ​ក៏​ទៅ​ប្រាប់​សេចក្តី​ទាំង​នេះ ដល់​ពួក​អ៊ីស្រាអែល​គ្រប់​គ្នា ២ រួច​លោក​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ អញ​អាយុ​បាន​១២០​ឆ្នាំ​ហើយ អញ​មិន​អាច​នឹង​ចេញ​ចូល​ទៀត​បាន​ទេ ហើយ​ព្រះយេហូវ៉ា​ក៏​មាន​ព្រះបន្ទូល​មក​អញ​ថា មិន​ត្រូវ​ឲ្យ​អញ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ដែរ ៣ គឺ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​បំផ្លាញ​សាសន៍​ទាំង​នោះ​ពី​មុខ​ឯង​ចេញ ហើយ​ឯង​នឹង​ចាប់​យក​ស្រុក​គេ​បាន ឯ​យ៉ូស្វេ​នេះ លោក​នឹង​នាំ​ឯង​ឆ្លង​ទៅ ដូច​ជា​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​ហើយ ៤ ព្រះយេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ដល់​គេ ដូច​ជា​ទ្រង់​បាន​ធ្វើ​ដល់​ស៊ីហុន និង​អុក​ជា​ស្តេច​សាសន៍​អាម៉ូរី ព្រម​ទាំង​ស្រុក​គេ ដែល​ទ្រង់​បាន​បំផ្លាញ​នោះ​ផង ៥ ព្រះយេហូវ៉ា​ទ្រង់​នឹង​ប្រគល់​គេ​មក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ តាម​គ្រប់​ទាំង​ការ​ដែល​អញ​បាន​បង្គាប់​ដល់​ឯង​ចុះ ៦ ដូច្នេះ​ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្តី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ។
៧ ម៉ូសេ​ក៏​ហៅ​យ៉ូស្វេ​មក ប្រាប់​នៅ​ចំពោះ​មុខ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ចូរ​មាន​កំឡាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ត្រូវ​ឲ្យ​ឯង​ទៅ​ជា​មួយ​នឹង​បណ្តាជន​ទាំង​នេះ ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះយេហូវ៉ា​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ថា នឹង​ឲ្យ​ដល់​គេ ហើយ​ត្រូវ​ឲ្យ​គេ​បាន​ស្រុក​នោះ ទុក​ជា​មរដក ៨ គឺ​ព្រះយេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ។
បញ្ជា​ឲ្យ​អាន​ក្រឹត្យវិន័យ​រៀង​រាល់​ប្រាំ​ពីរ​ឆ្នាំ
៩ ម៉ូសេ​ក៏​កត់​ក្រឹត្យវិន័យ​នេះ ប្រគល់​ឲ្យ​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា ហើយ​ដល់​ពួក​ចាស់ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ផង ១០ រួច​លោក​បង្គាប់​ទៅ​គេ​ថា លុះ​ដល់​ផុត​រាល់​តែ​៧​ឆ្នាំ គឺ​ក្នុង​ពេល​កំណត់​នៅ​ឆ្នាំ​ដែល​ដោះ​លែង នៅ​វេលា​បុណ្យ​បារាំ ១១ កាល​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា បាន​លេច​មក​នៅ​ចំពោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស​ហើយ នោះ​ត្រូវ​ឲ្យ​មើល​ក្រឹត្យវិន័យ​នេះ នៅ​ចំពោះ​មុខ​គេ ឲ្យ​បាន​ស្តាប់​ទាំង​អស់​គ្នា ១២ ត្រូវ​ឲ្យ​ប្រមូល​បណ្តាជន​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ហើយ​នឹង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក ដើម្បី​ឲ្យ​គេ​ស្តាប់ ហើយ​បាន​រៀន ព្រម​ទាំង​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទាំង​ប្រយ័ត្ន និង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យវិន័យ​នេះ ១៣ ហើយ​ឲ្យ​កូន​ចៅ​គេ​ដែល​មិន​ដឹង បាន​ឮ​ដែរ ហើយ​បាន​ទំលាប់​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​អស់​ទាំង​វេលា​ណា​ដែល​ឯង​នៅ​ក្នុង​ស្រុក ដែល​ឯង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ចាប់​យក​នោះ​នៅ​ឡើយ។
១៤ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា មើល​ថ្ងៃ​ដែល​ឯង​ត្រូវ​ស្លាប់ នោះ​ជិត​ដល់​ហើយ ដូច្នេះ​ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​អញ​បាន​ប្រគល់​បន្ទុក​លើ​លោក នោះ​ម៉ូសេ និង​យ៉ូស្វេ​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ១៥ រួច​ព្រះយេហូវ៉ា​ទ្រង់​លេច​មក​ក្នុង​ត្រសាល នៅ​ក្នុង​បង្គោល​ពពក ពពក​នោះ​ក៏​ស្ថិត​នៅ​ពី​លើ​ទ្វារ​ត្រសាល
ដុំ​ពពក​នោះ​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា។
១៦ ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង ឯ​បណ្តាជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះបង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្តី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ ១៧ នោះ​សេចក្តី​កំហឹង​របស់​អញ​នឹង​បាន​កាត់​ឡើង ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ រួច​អញ​នឹង​បោះបង់​ចោល​គេ​ដែរ ហើយ​នឹង​គេច​មុខ​ចេញ​ពី​គេ​ទៅ នោះ​គេ​នឹង​ត្រូវ​ស៊ី​បង្ហិន ហើយ​នឹង​កើត​មាន​សេចក្តី​អាក្រក់ និង​សេចក្តី​វេទនា​ជា​ច្រើន​យ៉ាង ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា សេចក្តី​អាក្រក់​ទាំង​នេះ​បាន​មក​លើ​យើង​ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង ទ្រង់​មិន​គង់​ក្នុង​ពួក​យើង​ទេ​តើ ១៨ តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​គេច​មុខ​ចេញ​ជា​ប្រាកដ ដោយ​ព្រោះ​សេចក្តី​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត ដោយ​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ ១៩ ដូច្នេះ​ចូរ​ឯង​កត់​ទំនុក​នេះ​ទុក​សំរាប់​ឯង​រាល់​គ្នា ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចុះ ចូរ​ដាក់​ទំនុក​នេះ​ចុះ​ក្នុង​មាត់​គេ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ទី​បន្ទាល់​នៃ​អញ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល ២០ ដ្បិត​កាល​ណា​អញ​បាន​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរហៀរ ដែល​អញ​បាន​ស្បថ​នឹង​ពួក​ឰយុកោ​គេ ហើយ​គេ​បាន​បរិភោគ​ឆ្អែត​ចំរើន​សាច់​ឡើង នោះ​គេ​នឹង​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ​វិញ ព្រម​ទាំង​គោរព​ប្រតិបត្តិ​ផង គេ​នឹង​មើលងាយ​ដល់​អញ ហើយ​ផ្តាច់​សេចក្តី​សញ្ញា​អញ​ចេញ ២១ រួច​កាល​ណា​គេ​កើត​មាន​សេចក្តី​អាក្រក់ និង​សេចក្តី​វេទនា​ជា​ច្រើន​យ៉ាង នោះ​ទំនុក​នេះ​នឹង​ធ្វើ​បន្ទាល់​ដល់​គេ ដ្បិត​ទំនុក​នេះ​នឹង​មិន​ដែល​ភ្លេច​បាត់ ចេញ​ពី​មាត់​នៃ​ពូជ​គេ​ឡើយ ពី​ព្រោះ​អញ​ស្គាល់​គំនិត ដែល​កើត​ឡើង​ក្នុង​ចិត្ត​គេ​នៅ​ថ្ងៃ​នេះ​ហើយ តាំង​ពី​មុន​ដែល​អញ​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​បាន​ស្បថ​នឹង​គេ​មក ២២ នៅ​ថ្ងៃ​នោះ​ឯង ម៉ូសេ​ក៏​កត់​ទំនុក​នេះ ហើយ​បាន​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល។
២៣ ព្រះយេហូវ៉ា​ក៏​បង្គាប់​ដល់​យ៉ូស្វេ​ជា​កូន​នុន​ថា ចូរ​មាន​កំឡាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ត្រូវ​ឲ្យ​ឯង​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​គេ ឯ​អញ​ក៏​នឹង​នៅ​ជា​មួយ​នឹង​ឯង។
២៤ កាល​ម៉ូសេ​បាន​កត់​អស់​ទាំង​ពាក្យ នៃ​ក្រឹត្យវិន័យ​នេះ ទុក​ក្នុង​សៀវភៅ​ស្រេច​ហើយ ២៥ នោះ​លោក​បង្គាប់​ដល់​ពួក​លេវី ដែល​សែង​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា​ថា ២៦ ចូរ​យក​គម្ពីរ​ក្រឹត្យវិន័យ​នេះ ទៅ​ដាក់​នៅ​ត្រង់​ចំហៀង​ហិប នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ទៅ ឲ្យ​បាន​នៅ​ទី​នោះ សំរាប់​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង ២៧ ដ្បិត​អញ​ស្គាល់​ចិត្ត​បះបោរ និង​ក្បាល​រឹង​របស់​ឯង​រាល់​គ្នា​ហើយ មើល កាល​អញ​កំពុង​រស់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​សព្វ​ថ្ងៃ ម៉េច​ឯង​បាន​បះបោរ​នឹង​ព្រះយេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ថ្ងៃ​ក្រោយ​ដែល​អញ​ស្លាប់​ទៅ នោះ​តើ​នឹង​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត ២៨ ចូរ​ទៅ​ប្រមូល​ពួក​ចាស់ទុំ ក្នុង​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា និង​ពួក​នាយក​ទាំង​អស់ របស់​ឯង​រាល់​គ្នា​មក​ឯ​អញ ដើម្បី​ឲ្យ​អញ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ឲ្យ​គេ​ស្តាប់ ព្រម​ទាំង​យក​ស្ថានសួគ៌ និង​ផែនដី ជា​ទី​អាង​ទាស់​នឹង​គេ​ផង ២៩ ដ្បិត​អញ​ដឹង​ថា ក្រោយ​ដែល​អញ​បាន​ស្លាប់​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​បង្ខូច​ខ្លួន​អស់​រលីង​ទៅ​ហើយ​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ ដែល​អញ​បាន​បង្គាប់​ដល់​ឯង ដូច្នេះ​នៅ​ថ្ងៃ​ជាន់​ក្រោយ នឹង​មាន​សេចក្តី​អាក្រក់​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចូល​ចិត្ត​តែ​ធ្វើ​ការ​ដែល​អាក្រក់ នៅ​ចំពោះ​ព្រះនេត្រ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ គឺ​ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្តី​ខ្ញាល់ ដោយ​ដៃ​ឯង​ធ្វើ​យ៉ាង​នោះ។ ៣០ រួច​ម៉ូសេ​ក៏​ប្រាប់​អស់​ទាំង​ពាក្យ​ក្នុង​ទំនុក​នេះ ឲ្យ​ឮ​ទៅ​ដល់​ត្រចៀក​នៃ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​រហូត​ដល់​ចប់។