៣២
បទ​ចំរៀង​របស់​លោក​ម៉ូសេ
១ ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ខ្ញុំ​នឹង​បញ្ចេញ​វាចា ហើយ​សូម​ឲ្យ​ផែនដី​ស្តាប់​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ដែរ ២ គោលលទ្ធិ​របស់​ខ្ញុំ នឹង​ធ្លាក់​មក​ដូច​ជា​ភ្លៀង ហើយ​ពាក្យ​សំដី​ខ្ញុំ នឹង​ចុះ​ដូច​ជា​ទឹក​សន្សើម គឺ​ដូច​ជា​ភ្លៀង​រលឹម មក​លើ​ស្មៅ​ល្បាស់​ខ្ចី ហើយ​ដូច​ជា​ភ្លៀង​១​មេ​មក​លើ​តិណជាតិ​ទាំងឡាយ​ដែរ ៣ ពី​ព្រោះ​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះនាម​ព្រះយេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ​ថា ទ្រង់​ជា​ព្រះ​ដ៏​ធំ​ឧត្តម ៤ ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្តិធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះត្រង់ ឥត​មាន​សេចក្តី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹមត្រូវ ហើយ​ទៀង​ត្រង់។
៥ គេ​បាន​បង្ខូច​ខ្លួន​ហើយ សេចក្តី​សៅហ្មង​របស់​គេ​មិន​មែន​ជា​របស់​ពួក​កូន​ទ្រង់​ទេ គេ​ជា​ដំណ​មនុស្ស​វៀច​ហើយ​ក្រវិចក្រវៀន ៦ ឱ​ពួក​មនុស្ស​លីលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​ឯង​រាល់​គ្នា​សង​គុណ ដល់​ព្រះយេហូវ៉ា​យ៉ាង​នោះ​ឬ​អី តើ​ទ្រង់​មិន​មែន​ជា​ព្រះវរបិតា​នៃ​ឯង ដែល​បាន​ទិញ​ឯង​មក​ទេ​ឬ​អី ទ្រង់​បាន​បង្កើត​ឯង ហើយ​តាំង​ឯង​ឡើង​ផង ៧ ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​ដំណ​ត​មក ចូរ​សួរ​ឪពុក​ឯង​ចុះ គាត់​នឹង​សំដែង​ឲ្យ​ឯង​ដឹង ហើយ​សួរ​ពួក​ចាស់ទុំ​នៃ​ឯង​ផង គេ​នឹង​ប្រាប់​ដល់​ឯង ៨ កាល​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ចែក​មរដក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ទ្រង់​បាន​បំបែក​ពួក​កូន​ចៅ​អ័ដាម​ចេញ​ពី​គ្នា នោះ​ទ្រង់​បាន​ដាក់​ព្រំ​ប្រទល់ ឲ្យ​អស់​ទាំង​ប្រជាជន តាម​ចំនួន​អស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ៩ ដ្បិត​កេរអាករ​របស់​ព្រះយេហូវ៉ា នោះ​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យ៉ាកុប​ជា​ចំណែក​មរដក​ទ្រង់ ១០ ទ្រង់​ឃើញ​លោក​នៅ​ដំបន់​ស្ងាត់ ហើយ​នៅ​ទី​រហោស្ថាន​ជា​ទី​មាន​សុទ្ធ​តែ​សូរសព្ទ​គឹកកង នោះ​ទ្រង់​បាន​ព័ទ្ធ​លោក​ជុំវិញ ហើយ​បាន​ថែទាំ ព្រម​ទាំង​រក្សា​លោក ទុក​ដូច​ជា​ប្រស្រី​ព្រះនេត្រ​របស់​ទ្រង់ ១១ ឧបមា​ដូច​ជា​សត្វ​ឥន្ទ្រី ដែល​ដាស់តឿន​កូន​នៅ​សំបុក ក៏​ហើរ​សំរឹង​ពី​លើ រួច​ត្រដាង​ស្លាប​ទទួល​កូន ទ្រ​នៅ​លើ​ចំអេង​ឡើង ១២ ព្រះយេហូវ៉ា​តែ​១​ព្រះអង្គ ទ្រង់​បាន​នាំ​លោក ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​ជា​មួយ​ឡើយ ១៣ ទ្រង់​បាន​បញ្ជិះ​លោក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី​លោក​បាន​បរិភោគ​ផល​ចំរើន​ពី​ស្រែ​ចំការ ហើយ​ទ្រង់​បាន​ឲ្យ​លោក​ជញ្ជក់​ទឹក​ឃ្មុំ​ពី​ថ្មដា និង​ប្រេង​ពី​ថ្ម​ដ៏​រឹង ១៤ ក៏​បាន​ឲ្យ​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម និង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន​ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជសាលី​យ៉ាង​ត្រសូល​ផង ហើយ​លោក​បាន​ផឹក​ឈាម​ទំពាំងបាយ​ជូរ​ដ៏​សុទ្ធ ១៥ តែ​យេស៊ូរុនបាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង​វិញ គេ​បាន​ចំរើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ​ហើយ ក៏​ធាត់​រលីក នោះ​គេ​បាន​បោះបង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន​មក ហើយ​បាន​មើលងាយ​ដល់​ថ្មដា​នៃ​សេចក្តី​សង្គ្រោះ​របស់​ខ្លួន ១៦ គេ​បាន​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្តី​ប្រចណ្ឌ​ដោយសារ​ព្រះ​ដទៃ ក៏​បាន​ចាក់រុក​ឲ្យ​ទ្រង់​ខ្ញាល់ ដោយសារ​ការ​គួរ​ស្អប់​ខ្ពើម ១៧ គេ​បាន​ថ្វាយ​យញ្ញបូជា ដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ​សោះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​ពួក​ឰយុកោ​ឯង​មិន​បាន​កោតខ្លាច​ឡើយ ១៨ ឯ​ព្រះ​ដ៏​ជា​ថ្មដា​ដែល​ទ្រង់​បង្កើត​ឯង នោះ​ឯង​ឥត​រវល់​វិញ គឺ​បាន​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ជីវិត​ឯង​មក។
១៩ ព្រះយេហូវ៉ា​ទ្រង់​បាន​ឃើញ ហើយ​ក៏​ខ្ពើម​ដោយ​ព្រោះ​កិរិយា​បង្អុចបង្អាល របស់​ពួក​កូន​ប្រុស កូន​ស្រី​ទ្រង់ ២០ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​គេច​មុខ​ចេញ​ពី​គេ អញ​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​ដំណ​មនុស្ស​វៀច​ពេក​ណាស់ ជា​កូន​ចៅ​ដែល​មិន​មាន​សេចក្តី​ស្មោះត្រង់​សោះ ២១ គេ​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្តី​ប្រចណ្ឌ ដោយសារ​របស់​ដែល​មិន​មែន​ជា​ព្រះ ក៏​បាន​ចាក់រុក​អញ​ឲ្យ​ខឹង ដោយសារ​របស់​ឥត​ប្រយោជន៍​របស់​គេ ដូច្នេះ​អញ​នឹង​បណ្តាល​ឲ្យ​គេ​មាន​សេចក្តី​ប្រចណ្ឌ​ដែរ ដោយសារ​ពួក​មនុស្ស​ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នឹង​ចាក់រុក​ឲ្យ​គេ​ខឹង ដោយសារ​សាសន៍​១​ដែល​ឥត​ប្រាជ្ញា ២២ ដ្បិត​ភ្លើង​នៃ​សេចក្តី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ហើយ ក៏​ឆេះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទី​ជ្រៅ​បំផុត ព្រម​ទាំង​ចំរើន​ឡើង​ឆេះ​បន្សុស​ផែនដី ហើយ​បង្កាត់​ភ្លើង​នៅ​បាត​ភ្នំ​ទាំង​ប៉ុន្មាន​ផង ២៣ អញ​នឹង​បង្គរ​សេចក្តី​អាក្រក់​ទៅ​លើ​គេ អញ​នឹង​បាញ់​ព្រួញ​អញ​អស់​រលីង​ទៅ​លើ​គេ ២៤ គេ​ឆេះ​ត្រូវ​រីងរៃ​ទៅ​ដោយ​ឃ្លាន ហើយ​រោយរៀវ​ទៅ​ដោយ​អំណាច​ក្តៅ និង​សេចក្តី​ហិនវិនាស​ដ៏​ជូរចត់ ហើយ​អញ​នឹង​ចាត់​សត្វ​ព្រៃ​ទៅ​ខាំ​គេ ព្រម​ទាំង​សត្វ​លូន​វារ​នៅ​ដី​ឲ្យ​ទៅ​ចឹក​ផង ២៥ ឯ​ខាង​ក្រៅ នោះ​ដាវ និង​បង្អត់ ហើយ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​នឹង​មាន​សេចក្តី​ស្ញែងខ្លាច ដល់​ទាំង​មនុស្ស​កំឡោះ និង​ស្រី​ក្រមុំ ហើយ​ទាំង​កូន​ដែល​នៅ​បៅ​ដោះ និង​មនុស្ស​សក់​ស្កូវ​ផង ២៦ អញ​បាន​ប្រាប់​ថា អញ​នឹង​កំចាត់កំចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ អញ​នឹង​បំបាត់​សេចក្តី​នឹក​ចាំ​ពី​គេ ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ ២៧ តែ​អញ​ខ្លាច​ការ​បង្អុចបង្អាល​របស់​ពួក​ខ្មាំងសត្រូវ​គេ ក្រែង​ពួក​ទាស់​ទទឹង​ទាំង​នោះ បាន​មើលងាយ​ហើយ​ក្រែង​គេ​ថា ដៃ​យើង​បាន​ឈ្នះ​ទេ មិន​មែន​ជា​ព្រះយេហូវ៉ា​ដែល​ធ្វើ​ការ​ទាំង​នេះ​ឡើយ ២៨ ដ្បិត​គេ​ជា​សាសន៍​ដែល​ឥត​មាន​សេចក្តី​ដំបូន្មាន គេ​គ្មាន​យោបល់​នៅ​ក្នុង​ខ្លួន​សោះ។
២៩ ឱ​បើ​គេ​មាន​ប្រាជ្ញា ហើយ​បាន​យល់​សេចក្តី​នេះ ឱ​បើ​គេ​នឹង​ពិចារណា​ពី​ចុង​បំផុត​របស់​គេ​ទៅ​អេះ ៣០ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​តែ​ម្នាក់​ដេញ​ដល់​១​ពាន់​នាក់ ឬ​២​នាក់​ធ្វើ​ឲ្យ​១​ម៉ឺន​នាក់​រត់​ទៅ​បាន លើក​តែ​ព្រះ​ដ៏​ជា​ថ្មដា​របស់​ពួក​នោះ​បាន​លក់​គេ ឬ​ព្រះយេហូវ៉ា​បាន​ប្រគល់​គេ​ទៅ​ប៉ុណ្ណោះ ៣១ ដ្បិត​ថ្មដា​របស់​គេ មិន​ដូច​ជា​ថ្មដា​របស់​យើង​នោះ​ទេ គឺ​ជា​ពួក​ខ្មាំងសត្រូវ​នឹង​យើង ដែល​ធ្វើ​បន្ទាល់​ថា​ដូច្នោះ​ផង ៣២ ដ្បិត​គល់​របស់​គេ គឺ​ជា​គល់​របស់​ក្រុង​សូដុំម ហើយ​ក៏​មក​ពី​ចំការ​របស់​ក្រុង​កូម៉ូរ៉ា ផ្លែ​ទំពាំងបាយជូរ​របស់​គេ ជា​ផ្លែ​មាន​រស​ពុល ចង្កោម​គេ​ក៏​ជូរ​ចត់​ដែរ ៣៣ ស្រា​ទំពាំងបាយជូរ​របស់​គេ ជា​ពិស​របស់​នាគ ហើយ​ជា​ពិស​សាហាវ​របស់​ពស់​ហនុមាន​ផង ៣៤ នេះ​តើ​មិន​មែន​ដាក់​ទុក​នឹង​អញ​ព្រម​ទាំង​បិទ​ត្រា នៅ​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​អញ​ទេ​ឬ​អី ៣៥ គឺ​សេចក្តី​សងសឹក និង​សេចក្តី​សង​គុណ នោះ​ស្រេច​នៅ​អញក្នុង​កាល​ដែល​ជើង​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ នោះ​ជិត​មក​ដល់ ហើយ​ការ​ដែល​ត្រូវ​មក​លើ​គេ​ក៏​មក​ជា​ឆាប់​ផង ៣៦ ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​នឹង​កាត់​សេចក្តី​ឲ្យ​រាស្ត្រ​ទ្រង់​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បំរើ​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ទត​ឃើញ​ថា កំឡាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង ៣៧ នោះ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​ថា អស់​ទាំង​ព្រះ​របស់​គេ គឺ​ជា​ថ្មដា​នោះ ដែល​គេ​បាន​យក​ជា​ទី​ពឹង តើ​នៅ​ឯ​ណា ៣៨ ជា​ព្រះ​ដែល​បាន​ទទួល​ខ្លាញ់​នៃ​យញ្ញបូជា​របស់​គេ ព្រម​ទាំង​ផឹក​ស្រា​ទំពាំងបាយជូរ​នៃ​ដង្វាយ​ច្រួច​របស់​គេ ចូរ​ឲ្យ​ព្រះ​ទាំង​នោះ​ក្រោក​ឡើង​ជួយ​ឯង​ចុះ ហើយ​ការពារ​ឯង​ទៅ ៣៩ ដូច្នេះ​ចូរ​ឯង​ដឹង​ថា គឺ​អញ​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​អញ​ឡើយ អញ​ជា​អ្នក​សំឡាប់ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​រស់ អញ​ជា​អ្នក​វាយ​ឲ្យ​មាន​របួស ហើយ​ជា​អ្នក​មើល​ឲ្យ​ជា​ផង គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ ៤០ ដ្បិត​អញ​លើក​ដៃ​អញ​ទៅ​ឯ​ស្ថានសួគ៌ ស្បថ​ដោយ​នូវ​ព្រះជន្ម​អញ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ថា ៤១ បើសិន​ជា​អញ​សំលៀង​ដាវ​របស់​អញ​ដ៏​ភ្លឺផ្លេកៗ ហើយ​ដៃ​អញ​ចាប់​កាន់​សេចក្តី​យុត្តិធម៌​វេលា​ណា នោះ​អញ​នឹង​សងសឹក​ចំពោះ​ពួក​អ្នក​ដែល​ត​តាំង​នឹង​អញ ហើយ​នឹង​សង​ដល់​ពួក​អ្នក ដែល​ស្អប់​អញ​ជា​មិន​ខាន ៤២ អញ​នឹង​ធ្វើ​ឲ្យ​ព្រួញ​អញ​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​អញ​ត្របាក់​ស៊ី​សាច់​ផង គឺ​ដោយ​ឈាម​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់​ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពី​ដើម​នៃ​ការ​សងសឹក ដល់​ពួក​ខ្មាំងសត្រូវ​ជា​រហូត​ទៅ ៤៣ ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​សរសើរ​ដល់​រាស្ត្រ​ទ្រង់​ចុះ ដ្បិត​ទ្រង់​នឹង​សងសឹក​ចំពោះ​ឈាម​ពួក​បាវ​បំរើ​ទ្រង់ គឺ​នឹង​សង​ដល់​ពួក​អ្នក​ដែល​តតាំង​នឹង​ទ្រង់ ហើយ​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​ស្រុក​ទ្រង់ ព្រម​ទាំង​រាស្ត្រ​ទ្រង់​ផង។
៤៤ ម៉ូសេ ព្រម​ទាំង​យ៉ូស្វេ ជា​កូន​នុន ក៏​មក​ប្រាប់​អស់​ទាំង​ពាក្យ​របស់​ទំនុក​នេះ ដល់​បណ្តាជន​ទាំង​អស់​គ្នា ឲ្យ​បាន​ស្តាប់ ៤៥ កាល​ម៉ូសេ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ស្រេច​ហើយ ៤៦ នោះ​លោក​ក៏​មាន​ប្រសាសន៍​ថា ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​អស់​ដែល​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ ដើម្បី​នឹង​បង្គាប់​ដល់​កូន​ចៅ​ឯង​រាល់​គ្នា ឲ្យ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ដែរ គឺ​ជា​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យវិន័យ​នេះ ៤៧ នេះ​មិន​មែន​ជា​សេចក្តី​ឥត​ប្រយោជន៍​ដល់​ឯង​រាល់​គ្នា​ទេ គឺ​ជា​ជីវិត​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​ដោយសារ​សេចក្តី​នេះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ជីវិត​ជា​យូរអង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា នឹង​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ចាប់​យក​នោះ។
ព្រះអម្ចាស់​ប្រកាស​អំពី​មរណភាព​របស់​លោក​ម៉ូសេ
៤៨ នៅ​ថ្ងៃ​នោះ​ឯង ព្រះយេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ដល់​ម៉ូសេ​ថា ៤៩ ចូរ​ឡើង​តាម​ភ្នំ​អាបារីម​នេះ ទៅ​ដល់​កំពូល​ភ្នំ​នេបូរ ដែល​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​យេរីខូរ ហើយ​មើល​ទៅ​ឯ​ស្រុក​កាណាន ដែល​អញ​ឲ្យ ទុក​ជា​កេរអាករ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចុះ ៥០ រួច​ស្លាប់​នៅ​លើ​ភ្នំ​ដែល​ឯង​ឡើង​នោះ​ទៅ ឯង​នឹង​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ឯង ដូច​ជា​អើរ៉ុន​បង​ឯង​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ដែរ។ ៥១ គឺ​ដោយ​ព្រោះ​ឯង​បាន​រំលង​ទាស់​នឹង​អញ នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ត្រង់​ទឹក​មេរីបា នៅ​ស្រុក​កាដេស​ក្នុង​ទី​រហោស្ថាន​ស៊ីន ពី​ព្រោះ​ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ។ ៥២ ឯង​នឹង​មើល​ស្រុក​នៅ​មុខ​ឯង​ឃើញ តែ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​នោះ​ទេ។