៧
១ រួចមក ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា មើល អញបានឲ្យឯងធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងឯងនឹងធ្វើជាអ្នកប្រកាសរបស់ឯង ២ ឯងត្រូវនិយាយគ្រប់សេចក្តីដែលអញបង្គាប់ ហើយអើរ៉ុនបងឯងត្រូវទូលដល់ផារ៉ោន ដើម្បីឲ្យស្តេចបានបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ ៣ តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះអញនឹងចំរើនទីសំគាល់ និងការអស្ចារ្យរបស់អញនៅក្នុងស្រុកអេស៊ីព្ទ ៤ តែផារ៉ោននឹងមិនស្តាប់តាមឯងទេ រួចអញនឹងដាក់ដៃអញលើស្រុកអេស៊ីព្ទ ហើយនឹងនាំពួកកងរបស់អញ គឺជារាស្ត្រអញ ជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ ដោយការវិនិច្ឆ័យយ៉ាងធំ ៥ កាលណាអញលើកដៃដាក់លើស្រុកអេស៊ីព្ទ ព្រមទាំងនាំពួកកូនចៅអ៊ីស្រាអែល ចេញពីកណ្តាលគេទៅ នោះពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត ៦ ឯម៉ូសេ និងអើរ៉ុនលោកក៏ធ្វើតាម ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ៧ ក្នុងគ្រាដែលទូលនឹងផារ៉ោន នោះម៉ូសេលោកបានអាយុ៨០ឆ្នាំ ឯអើរ៉ុនក៏បានអាយុ៨៣ឆ្នាំហើយ។
ស្តេចផារ៉ោនមិនព្រមស្តាប់ម៉ូសេ និងអើរ៉ុន
៨ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ៩ កាលណាផារ៉ោននិយាយមកឯងថា ចូរឯងសំដែងបាដិហារិយ៍មកមើល នោះឲ្យឯងប្រាប់អើរ៉ុនថា ចូរយកដំបងរបស់បងបោះទៅនៅចំពោះមុខផារ៉ោន ដើម្បីឲ្យដំបងនោះក្លាយទៅជាសត្វពស់ ១០ ម៉ូសេ និងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោន ហើយបានធ្វើតាមបង្គាប់ព្រះយេហូវ៉ា អើរ៉ុនលោកបោះដំបងទៅនៅមុខផារ៉ោន និងពួកមហាតលិកទ្រង់ នោះដំបងក៏ត្រឡប់ជាសត្វពស់ ១១ ប៉ុន្តែផារ៉ោនទ្រង់មានព្រះបន្ទូលហៅពួកអ្នកប្រាជ្ញ និងពួកអាបធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ គេក៏បានធ្វើដូច្នោះដោយរបៀនរបស់គេដែរ ១២ គេបានបោះដំបងរបស់គេរៀងខ្លួន ហើយដំបងទាំងនោះក៏ត្រឡប់ក្លាយទៅជាពស់ទាំងអស់ដែរ តែដំបងរបស់អើរ៉ុនបានលេបដំបងរបស់អ្នកទាំងនោះបាត់វិញ ១៣ នោះផារ៉ោនកើតមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់តាមលោកឡើយ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលប្រាប់ហើយ។
គ្រោះកាចទីមួយ: ទឹកក្លាយជាឈាម
១៤ រួចព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ ១៥ ដល់ព្រឹកឡើង ផារ៉ោននឹងចេញមកឯមាត់ទឹក នោះត្រូវឲ្យឯងទៅឈរនៅមាត់ទន្លេ ចាំជួបនឹងទ្រង់ចុះ ហើយត្រូវយកដំបងដែលបានប្រែទៅជាពស់ នោះកាន់នៅដៃឯងផង ១៦ ត្រូវទូលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរបានចាត់ទូលបង្គំមកឲ្យទូលទ្រង់ថា ចូរឲ្យរាស្ត្រអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញនៅទីរហោស្ថាន មើល ដរាបមកដល់ឥឡូវនេះ ទ្រង់មិនព្រមស្តាប់តាមសោះ ១៧ ឯព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ស្តេចនឹងដឹងថា អញជាព្រះយេហូវ៉ា ដោយសារការនេះ គឺទូលបង្គំនឹងវាយទឹកទន្លេ ដោយដំបងនៅដៃទូលបង្គំនេះ នោះទឹកនឹងត្រឡប់ប្រែទៅជាឈាម ១៨ ត្រីនៅក្នុងទន្លេនឹងស្លាប់ទាំងអស់ ទន្លេក៏នឹងធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទគេនឹងខ្ពើមទឹកទន្លេនេះ។
១៩ នោះព្រះយេហូវ៉ា ទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់អើរ៉ុនថា ចូរឲ្យបងយកដំបង លើកដៃទៅលើទឹកស្រុកអេស៊ីព្ទទាំងអស់ ទាំងទន្លេ ទាំងព្រែក ទាំងបឹង ហើយនឹងស្រះរបស់គេទាំងប៉ុន្មាន ដើម្បីឲ្យបានត្រឡប់ទៅជាឈាម នោះនឹងមានឈាមនៅពេញក្នុងស្រុកអេស៊ីព្ទ ទោះនៅក្នុងធុងឈើ ឬនៅក្នុងពាងថ្មផង ២០ ម៉ូសេ និងអើរ៉ុនក៏ធ្វើដូច្នោះតាមបង្គាប់ព្រះយេហូវ៉ា លោកលើកដំបងវាយទឹកទន្លេនៅមុខផារ៉ោន និងពួកមហាតលិកទ្រង់ នោះទឹកទន្លេក៏ត្រឡប់ទៅជាឈាមទាំងអស់ ២១ ត្រីដែលនៅក្នុងទន្លេក៏ស្លាប់ ទឹកទន្លេក៏ធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទផឹកទឹកពីទន្លេមិនបាន ក៏មានឈាមនៅពេញក្នុងស្រុកអេស៊ីព្ទផង ២២ ឯពួកគ្រូនៅស្រុកអេស៊ីព្ទក៏បានធ្វើដូច្នោះដោយរបៀនរបស់គេដែរ ហើយផារ៉ោនកើតមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់តាមលោកឡើយ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក ២៣ ផារ៉ោនទ្រង់វិលចូលទៅក្នុងដំណាក់ទ្រង់វិញ មិនបានយកចិត្តទុកដាក់នឹងការទាំងនោះទេ ២៤ ឯពួកសាសន៍អេស៊ីព្ទក៏ជីកទីនៅក្បែរទន្លេនឹងរកទឹកផឹក ដ្បិតគេផឹកទឹកពីទន្លេមិនបានសោះ។
គ្រោះកាចទីពីរ: កង្កែប
២៥ ក្រោយដែលព្រះយេហូវ៉ាវាយទឹកទន្លេហើយបាន៧ថ្ងៃ