៨
១ នោះទើបព្រះយេហូវ៉ាមានព្រះបន្ទូលនឹងម៉ូសេឲ្យចូលទៅឯផារ៉ោនទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញ ២ បើមិនព្រមឲ្យគេទៅទេ នោះមើល អញនឹងធ្វើឲ្យកើតមានកង្កែប នៅពេញពាសក្នុងអស់ទាំងព្រំស្រុករបស់ឯង ៣ នោះទន្លេនឹងមានពេញសុទ្ធតែកង្កែបវាររវើកឡើង វានឹងលោតចូលទៅក្នុងផ្ទះឯង គឺនៅក្នុងបន្ទប់ដេកលើគ្រែ ហើយក្នុងផ្ទះពួកបំរើ និងពួករាស្ត្រឯង ព្រមទាំងនៅក្នុងជើងក្រាន និងស្នាចលាយម្សៅរបស់ឯងផង ៤ កង្កែបទាំងនោះនឹងលោតលើឯង លើរាស្ត្រ ហើយលើពួកបំរើរបស់ឯងទាំងអស់គ្នាដែរ។
៥ នោះព្រះយេហូវ៉ា ទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់អើរ៉ុនថា ចូរឲ្យបងកាន់ដំបងលើកទៅលើអស់ទាំងទន្លេ ព្រែក ហើយនឹងបឹង ធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទ ៦ អើរ៉ុនក៏លើកដៃទៅលើទឹកនៃស្រុកអេស៊ីព្ទទាំងប៉ុន្មាន នោះក៏មានកង្កែបឡើងមកគ្របពេញក្នុងស្រុកអេស៊ីព្ទ ៧ ឯពួកគ្រូក៏ធ្វើដូច្នោះដោយរបៀនរបស់គេដែរ គេបានធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទដូចគ្នា។
៨ នោះផារ៉ោនទ្រង់ហៅម៉ូសេ និងអើរ៉ុនមកមានព្រះបន្ទូលថា សូមឲ្យអង្វរដល់ព្រះយេហូវ៉ា ឲ្យទ្រង់បន្ថយកង្កែបចេញពីអញ ហើយពីរាស្ត្រអញទៅ នោះអញនឹងឲ្យពួកឯងចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ៩ ម៉ូសេក៏ទូលផារ៉ោនថា ទ្រង់មានអំណាចស្រាប់ហើយ ដូច្នេះសូមបង្គាប់ទូលបង្គំចុះ តើចង់ឲ្យទូលបង្គំអង្វរជំនួសទ្រង់ និងពួកមហាតលិក ហើយនឹងរាស្ត្រទ្រង់ក្នុងពេលណា ដើម្បីឲ្យកង្កែបបានត្រូវវិនាសចេញពីចំពោះទ្រង់ និងពួកដំណាក់ទ្រង់ទៅ ឲ្យមានតែនៅក្នុងទន្លេវិញ ១០ នោះទ្រង់មានព្រះបន្ទូលឆ្លើយថា ថ្ងៃស្អែកចុះ រួចលោកទូលថា សូមតាមព្រះបន្ទូលទ្រង់ចុះ ដើម្បីឲ្យទ្រង់បានជ្រាបថា គ្មានអ្នកឯណាឡើយ ដែលស្មើនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ១១ នោះកង្កែបនឹងថយចេញពីទ្រង់ ពីដំណាក់ទ្រង់ ពីពួកមហាតលិក ហើយពីរាស្ត្រទ្រង់ទៅ និងមានសល់នៅតែក្នុងទន្លេប៉ុណ្ណោះ ១២ ម៉ូសេ និងអើរ៉ុនក៏ចេញពីផារ៉ោនទៅ រួចម៉ូសេបានអំពាវនាវដល់ព្រះយេហូវ៉ាអំពីរឿងកង្កែប ដែលទ្រង់បាននាំមកលើផារ៉ោននោះ ១៣ ព្រះយេហូវ៉ាទ្រង់ក៏ធ្វើសំរេចតាមពាក្យលោកម៉ូសេ នោះកង្កែបក៏ស្លាប់អន្តរធាននៅក្នុងផ្ទះ និងក្នុងភូមិ ហើយនៅចំការផង ១៤ គេប្រមូលគរឡើងជាគំនរ រួចក្នុងស្រុកក៏ធុំក្លិនស្អុយពេញ ១៥ តែកាលផារ៉ោនឃើញថាបានធូរស្បើយហើយ នោះទ្រង់តាំងព្រះទ័យរឹងទទឹងទៀត ហើយមិនព្រមស្តាប់តាមម៉ូសេ និងអើរ៉ុនឡើយ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលមក។
គ្រោះកាចទីបី: ចៃ
១៦ រួចព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់អើរ៉ុនថា ចូរបងលើកដំបងវាយធូលីដីទៅ ដើម្បីឲ្យបានត្រឡប់ជាចៃ នៅពេញក្នុងស្រុកអេស៊ីព្ទ ១៧ នោះក៏ធ្វើដូច្នោះ អើរ៉ុនកាន់ដំបងលើកវាយធូលីដី ហើយកើតមានចៃនៅលើមនុស្សហើយនឹងសត្វ ធូលីដីទាំងអស់ក៏ទៅជាចៃពេញក្នុងស្រុកអេស៊ីព្ទ ១៨ ឯពួកគ្រូក៏ខំធ្វើដូច្នោះដោយរបៀនរបស់គេដែរ ដើម្បីនឹងបង្កើតចៃ តែធ្វើមិនកើតឡើយ ចៃទាំងនោះនៅលើមនុស្សហើយនឹងសត្វផង ១៩ នោះពួកគ្រូគេទូលផារ៉ោនថា នេះគឺជាអង្គុលីព្រះហស្តរបស់ព្រះទេ តែផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់គេសោះដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក។
គ្រោះកាចទីបួន: រុយ
២០ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរក្រោកពីព្រលឹមទៅឈរនៅមុខផារ៉ោន មើល ទ្រង់នឹងចេញទៅឯមាត់ទឹក នោះត្រូវឲ្យឯងទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញចុះ ២១ បើមិនព្រមឲ្យគេចេញទៅទេ នោះមើលអញនឹងចាត់រុយទាំងហ្វូងៗឲ្យមកលើឯង លើពួកបំរើឯង ពួករាស្ត្រឯង ហើយនៅក្នុងផ្ទះទាំងប៉ុន្មានរបស់ឯងរាល់គ្នាផង បណ្តាផ្ទះនៃពួកសាសន៍អេស៊ីព្ទនឹងបានពេញដោយរុយទាំងអស់ ព្រមទាំងដីដែលគេអាស្រ័យនៅដែរ ២២ តែនៅថ្ងៃនោះ អញនឹងញែកស្រុកកូសែនដែលរាស្ត្រអញនៅមិនឲ្យមានរុយឡើយ ដើម្បីឲ្យឯងដឹងថា អញជាព្រះយេហូវ៉ាដ៏នៅកណ្តាលផែនដីនេះ ២៣ អញនឹងផ្តាច់រាស្ត្រអញ និងរាស្ត្រឯងឲ្យដាច់ចេញពីគ្នា ឯទីសំគាល់នេះនឹងកើតឡើងនៅវេលាថ្ងៃស្អែក ២៤ ព្រះយេហូវ៉ាទ្រង់ក៏ធ្វើដូច្នោះមានរុយទាំងហ្វូង ដែលនាំឲ្យវេទនាចិត្ត មកក្នុងដំណាក់ផារ៉ោន ក្នុងផ្ទះពួកមហាតលិកទ្រង់ ហើយពេញក្នុងស្រុកអេស៊ីព្ទផង រុយទាំងនោះក៏ធ្វើឲ្យស្រុកខូចខាតទៅ។
២៥ នោះផារ៉ោន ទ្រង់ហៅម៉ូសេ និងអើរ៉ុនមកប្រាប់ថា ចូរឯងរាល់គ្នាទៅថ្វាយយញ្ញបូជា ដល់ព្រះនៃឯង នៅក្នុងស្រុកនេះចុះ ២៦ តែម៉ូសេប្រកែកថា មិនគួរគប្បីនឹងធ្វើដូច្នោះទេ បើធ្វើយ៉ាងនោះ ឈ្មោះថាយើងខ្ញុំនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដោយយញ្ញបូជាដែលជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទហើយ ចុះបើយើងខ្ញុំធ្វើយញ្ញបូជានៅចំពោះមុខសាសន៍អេស៊ីព្ទ ដែលគេស្អប់ខ្ពើមដូច្នេះ នោះតើគេមិនចោលយើងខ្ញុំនឹងថ្មទេឬអី ២៧ យើងខ្ញុំនឹងដើរផ្លូវចំនួន៣ថ្ងៃទៅក្នុងទីរហាស្ថានវិញ ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ តាមបង្គាប់របស់ទ្រង់ ២៨ នោះផារ៉ោនទ្រង់មានព្រះបន្ទូលថា អញនឹងបើកឲ្យឯងរាល់គ្នា ចេញទៅថ្វាយយញ្ញបូជា ដល់ព្រះយេហូវ៉ា ជាព្រះនៃឯងនៅទីវាលរហាស្ថានបាន តែកុំឲ្យទៅឆ្ងាយពេក ចូរសូមអង្វរឲ្យអញផង ២៩ ម៉ូសេទូលតបថា មើល ទូលបង្គំនឹងចេញពីទ្រង់ទៅសូមអង្វរដល់ព្រះយេហូវ៉ាឲ្យរុយបានថយចេញពីទ្រង់ ពីពួកមហាតលិក ហើយពីរាស្ត្ររបស់ទ្រង់នៅពេលថ្ងៃស្អែក ប៉ុន្តែសូមកុំឲ្យតែទ្រង់បញ្ឆោតទៀត ដើម្បីនឹងឃាត់បណ្តាជនមិនឲ្យគេចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានោះឡើយ ៣០ រួចម៉ូសេក៏ចេញពីផារ៉ោនទៅទូលអង្វរដល់ព្រះយេហូវ៉ា ៣១ ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាម រុយក៏ថយចេញពីផារ៉ោន ពីពួកមហាតលិក ហើយពីរាស្ត្រទ្រង់ទៅ គ្មាននៅសល់១សោះ ៣២ ប៉ុន្តែផារ៉ោន ទ្រង់តាំងព្រះទ័យរឹងទទឹងឡើងវិញម្តងនេះទៀត គឺទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅឡើយ។