៩
គ្រោះកាចទីប្រាំ: ជំងឺអាសន្នរោគ
១ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យចូលទៅគាល់ផារ៉ោន ទូលទ្រង់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំដល់អញចុះ ២ ដ្បិតបើឯងមិនព្រមឲ្យគេទៅទេ ហើយចេះតែឃាត់ឃាំងទៀត ៣ នោះមើល ព្រះហស្តនៃព្រះយេហូវ៉ា នឹងនៅលើហ្វូងសត្វទាំងប៉ុន្មានរបស់ឯងដែលនៅចំការ គឺទាំងសេះ លា អូដ្ឋ ហើយហ្វូងគោ ហ្វូងចៀមផង វានឹងកើតជំងឺអាសន្នជាយ៉ាងវេទនា ៤ តែព្រះយេហូវ៉ា ទ្រង់នឹងញែកហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែល និងហ្វូងសត្វរបស់សាសន៍អេស៊ីព្ទចេញពីគ្នា ដូច្នេះនឹងគ្មានស្លាប់សត្វណាមួយរបស់ពួកកូនចៅអ៊ីស្រាអែលឡើយ ៥ ព្រះយេហូវ៉ាទ្រង់ក៏ដាក់កំណត់ថា ថ្ងៃស្អែកឡើង ព្រះយេហូវ៉ាទ្រង់នឹងធ្វើការនេះនៅក្នុងស្រុក ៦ លុះដល់ថ្ងៃស្អែក នោះព្រះយេហូវ៉ាទ្រង់ក៏ធ្វើដូច្នោះ ហ្វូងសត្វរបស់សាសន៍អេស៊ីព្ទក៏ស្លាប់ទាំងអស់ តែគ្មានស្លាប់សត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលទេ ៧ ផារ៉ោនទ្រង់ចាត់គេទៅស៊ើបមើល ក៏ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលដែលបានស្លាប់សោះ ប៉ុន្តែផារ៉ោនមានព្រះទ័យរឹងចចេសមិនព្រមបើកឲ្យបណ្តាជនទៅទេ។
គ្រោះកាចទីប្រាំមួយ: ជំងឺបូស
៨ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ចូរឯងកើបយកផែះពីគុកភ្លើងពេញក្នុងក្តាប់ដៃ រួចឲ្យម៉ូសេបាចទៅលើមេឃនៅមុខផារ៉ោនទៅ ៩ ផែះនោះនឹងត្រឡប់ក្លាយជាធូលីយ៉ាងម៉ដ្ត នៅលើស្រុកអេស៊ីព្ទទាំងមូល ហើយនឹងបង្កើតជាបូសធ្លាយចេញជាដំបៅនៅខ្លួនមនុស្ស ព្រមទាំងសត្វនៅពេញក្នុងស្រុកដែរ ១០ ម៉ូសេក៏យកផែះ ពីគុកភ្លើង ទៅឈរនៅមុខផារ៉ោន ហើយលោកបាចទៅលើមេឃ រួចផែះនោះបង្កើតជាបូសក្លាយធ្លាយចេញជាដំបៅ ក៏កើតឡើងនៅសព្វខ្លួនរបស់មនុស្ស ហើយនឹងពួកសត្វផង ១១ ឯពួកគ្រូគេឈរនៅមុខម៉ូសេមិនបានទេ ដោយព្រោះបូសនោះ ពីព្រោះបូសក៏កើតឡើងនៅខ្លួនគេដែរ ដូចជានៅខ្លួននៃសាសន៍អេស៊ីព្ទទាំងអស់គ្នាផង ១២ តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យព្រះទ័យផារ៉ោនបានរឹងទទឹង ទ្រង់មិនព្រមស្តាប់តាមលោកសោះ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងម៉ូសេស្រាប់។
គ្រោះកាចទីប្រាំពីរ: ព្រិល
១៣ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរក្រោកពីព្រលឹមទៅឈរនៅមុខផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំដល់អញ ១៤ ដ្បិតម្តងនេះ អញនឹងដាក់សេចក្តីវេទនាទាំងអស់ មកទាស់នឹងចិត្តឯង និងពួកមហាតលិក ហើយនឹងរាស្ត្រឯងផង ដើម្បីឲ្យឯងបានដឹងថា នៅគ្រប់លើផែនដីគ្មានអ្នកឯណាដូចអញឡើយ ១៥ ដ្បិតបើអញបានលើកដៃអញធ្វើឲ្យឯង ហើយនឹងរាស្ត្រឯង កើតមានជំងឺអាសន្នរោគ ក្នុងពេលឥឡូវ នោះឯងរាល់គ្នានឹងបានវិនាសបាត់ពីលើផែនដីទៅអស់រលីងហើយ ១៦ ប៉ុន្តែអញបានទុកឲ្យឯងរស់នៅវិញ ដើម្បីឲ្យឯងបានឃើញឫទ្ធិបារមីរបស់អញ ហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទួទៅគ្រប់លើផែនដី ១៧ តើឯងនៅតែដំកើងខ្លួនទាស់នឹងរាស្ត្រអញ ព្រមទាំងឃាត់មិនឲ្យគេទៅទៀតឬ ១៨ មើល ដល់ថ្ងៃស្អែកវេលាថ្មើរណេះ នោះអញនឹងបង្អុរឲ្យធ្លាក់ព្រិលជាយ៉ាងវេទនាមកដល់ម៉្លេះបានជាតាំងពីកំណើតស្រុក ដរាបដល់ឥឡូវនេះ នោះមិនដែលមានឲ្យដូចក្នុងស្រុកអេស៊ីព្ទឡើយ ១៩ ដូច្នេះ ចូរចាត់គេឲ្យទៅនាំអស់ទាំងហ្វូងសត្វ និងរបស់ឯងទាំងប៉ុន្មានដែលនៅឯវាលចូលមកជាប្រញាប់ ដ្បិតអស់ទាំងមនុស្ស និងសត្វទាំងប៉ុន្មាននៅវាល ដែលមិនបានប្រមូលមកក្នុងផ្ទះ នោះនឹងត្រូវព្រិលធ្លាក់មកលើ ស្លាប់ទាំងអស់ ២០ នោះពួកមហាតលិកណាមួយរបស់ផារ៉ោន ដែលកោតខ្លាចដល់ព្រះបន្ទូលព្រះយេហូវ៉ា គេក៏ឲ្យពួកបាវ និងហ្វូងសត្វទាំងប៉ុន្មានរត់ចូលមកជ្រកក្នុងផ្ទះទាំងអស់ ២១ ប៉ុន្តែពួកអ្នកដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលព្រះយេហូវ៉ាសោះ គេក៏ទុកឲ្យពួកបាវនឹងហ្វូងសត្វនៅឯវាលវិញ។
២២ នោះព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលប្រាប់ម៉ូសេថា ចូរលើកដៃឡើងទៅលើមេឃ ដើម្បីឲ្យមានព្រិលធ្លាក់មកពេញក្នុងស្រុកអេស៊ីព្ទ គឺធ្លាក់មកលើទាំងមនុស្ស និងសត្វ ហើយលើគ្រប់ទាំងដំណាំនៅទីវាលក្នុងស្រុកផង ២៣ ម៉ូសេក៏លើកដំបងទៅលើមេឃ នោះព្រះយេហូវ៉ាទ្រង់ចាត់ឲ្យមានផ្គរហើយនឹងព្រិលមក ក៏មានរន្ទះបាញ់ផ្សាយជាភ្លើងនៅលើដី ហើយព្រះយេហូវ៉ាទ្រង់បង្អុរព្រិលមកលើស្រុកអេស៊ីព្ទ ២៤ ក៏មានព្រិល និងភ្លើងលាយគ្នាជាយ៉ាងវេទនាដល់ម៉្លេះ បានជាតាំងពីស្រុកអេស៊ីព្ទកើតឡើងជានគរ នោះមិនដែលមាននៅក្នុងស្រុកដូច្នោះឡើយ ២៥ នៅគ្រប់ក្នុងស្រុកអេស៊ីព្ទ ព្រិលនោះបានធ្លាក់មកត្រូវរបស់ទាំងអស់នៅទីវាល តាំងពីមនុស្សរហូតដល់សត្វ ក៏ធ្លាក់មកបំផ្លាញអស់ទាំងដំណាំនៅវាលដែរ ហើយបំបាក់អស់ទាំងដើមឈើនៅចំការផង ២៦ ឯទីដែលគ្មានព្រិល នោះមានតែនៅស្រុកកូសែន ដែលជាទីលំនៅរបស់ពួកកូនចៅអ៊ីស្រាអែលប៉ុណ្ណោះ។
២៧ នោះផារ៉ោន ទ្រង់ចាត់ឲ្យទៅហៅម៉ូសេ និងអើរ៉ុនមកថា ម្តងនេះអញជាអ្នកមានបាប គឺជាព្រះយេហូវ៉ាដែលសុចរិត ឯអញ និងរាស្ត្រអញ យើងជាពួកអាក្រក់វិញ ២៨ ដូច្នេះសូមឲ្យឯងអង្វរដល់ព្រះយេហូវ៉ាផង ដ្បិតមានផ្គរជាយ៉ាងខ្លាំង ហើយនឹងព្រិលនេះជាការល្មមហើយ នោះអញនឹងឲ្យឯងរាល់គ្នាចេញទៅ ឥតមានឃាត់ឃាំងទៀតឡើយ ២៩ ម៉ូសេលោកទូលឆ្លើយថា កាលណាទូលបង្គំបានចេញពីក្រុងទៅហើយ ទូលបង្គំនឹងលើកដៃទៅឯព្រះយេហូវ៉ា នោះផ្គរនឹងស្ងប់ហើយនឹងគ្មានព្រិលទៀត នេះដើម្បីឲ្យទ្រង់ជ្រាបថា ផែនដីជារបស់ផងព្រះយេហូវ៉ា ៣០ ប៉ុន្តែទូលបង្គំដឹងថា ទ្រង់ និងពួកមហាតលិកមិនទាន់ខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៅឡើយទេ ៣១ ឯដើមខ្លូតទេស និងស្រូវឱក នោះហិនហោចអស់ ដ្បិតស្រូវឱកកំពុងតែបែកគួរ ហើយដើមខ្លូតទេសចេញផ្កាហើយ ៣២ តែស្រូវសាលី និងស្រូវអេប៉ូតមិនបានខូចទេ ពីព្រោះមិនទាន់ដុះនៅឡើយ ៣៣ ម៉ូសេក៏ចេញពីចំពោះផារ៉ោនទៅក្រៅទីក្រុង លើកដៃប្រទូលទៅព្រះយេហូវ៉ា នោះផ្គរលាន់ក៏ស្ងប់ស្ងាត់ ព្រិលក៏បាត់ទៅ ហើយភ្លៀងក៏រាំង មិនធ្លាក់មកលើដីទៀត ៣៤ រួចកាលផារ៉ោនឃើញថា ភ្លៀង និងព្រិល ហើយនឹងផ្គរលាន់បានស្ងប់បាត់អស់ហើយ នោះទ្រង់នៅតែធ្វើបាបទៀត គឺទ្រង់តាំងព្រះទ័យរឹងទទឹង ព្រមទាំងពួកមហាតលិកទាំងអស់គ្នាផង ៣៥ ដូច្នេះផារ៉ោនមានព្រះទ័យរឹងទទឹង មិនព្រមបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញទៅទេ ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដោយសារម៉ូសេ។