២៣
ច្បាប់​ដែល​ទាក់ទង​នឹង​ការ​កាត់​ក្តី
១ កុំ​ឲ្យ​បង្កើត​រឿង​ក្លែងក្លាយ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ចូល​ដៃ​នឹង​មនុស្ស​អាក្រក់ ដើម្បី​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ទុច្ចរិត​ឡើយ។
២ កុំ​ឲ្យ​តាម​ពួក​មាន​គ្នា​ច្រើន ដើម្បី​ប្រព្រឹត្ត​សេចក្តី​អាក្រក់ ហើយ​កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ដល់​ពួក​ក្តី​ខាង​អ្នក​ណា​ដែល​មាន​គ្នា​ច្រើន ដើម្បី​នឹង​បង្វែរ​សេចក្តី​យុត្តិធម៌​ចេញ​នោះ​ឡើយ ៣ ក៏​កុំ​ឲ្យ​យល់​មុខ​ខាង​ឯ​អ្នក​ក្រ​ក្នុង​ការ​ក្តី​គេ​ដែរ។
៤ បើ​ប្រទះ​ឃើញ​គោ ឬ​លា របស់​ខ្មាំងសត្រូវ​ដែល​វង្វេង នោះ​ត្រូវ​ឲ្យ​នាំ​ទៅ​ប្រគល់​ដល់​ម្ចាស់​វិញ​ជា​កុំ​ខាន ៥ បើ​ឃើញ​លា​របស់​អ្នក​ណា​ដែល​ស្អប់​ឯង វា​លុត​ជង្គង់​ចុះ​ដោយសារ​បន្ទុក​ធ្ងន់ នោះ​ប្រហែល​ជា​ឯង​នឹង​ចង់​ធ្វើ​ព្រងើយ​ឥត​ជួយ​គេ​ទេ តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ គឺ​ត្រូវ​ជួយ​ដល់​គេ​វិញ​ជា​កុំ​ខាន។
៦ កុំ​ឲ្យ​បង្វែរ​សេចក្តី​យុត្តិធម៌ ក្នុង​រឿង​ក្តី​របស់​អ្នក​ក្រ​ឲ្យ​សោះ ៧ ត្រូវ​ឲ្យ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែងក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស និង​មនុស្ស​សុចរិត នោះ​កុំ​ឲ្យ​សំឡាប់​គេ​ឡើយ ដ្បិត​ឯ​មនុស្ស​អាក្រក់ នោះ​អញ​មិន​ដែល​រាប់​ជា​សុចរិត​ទេ ៨ ក៏​កុំ​ឲ្យ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​តែង​ដឹកនាំ​មនុស្ស​ភ្លឺ​ឲ្យ​ទៅ​ជា​ខ្វាក់ ហើយ​ក៏​បង្ខូច​ពាក្យ​របស់​មនុស្ស​សុចរិត​ផង។
៩ កុំ​ឲ្យ​សង្កត់សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ស្គាល់​សណ្ឋាន​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដោយ​ធ្លាប់​នៅ​ស្រុក​អេស៊ីព្ទ ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។
ច្បាប់​សំរាប់​ពិធី​បុណ្យ​ផ្សេងៗ
១០ ក្នុង​រវាង​៦​ឆ្នាំ ត្រូវ​សាបព្រោះ​នៅ​ដី​ឯង ហើយ​ត្រូវ​ច្រូត​យក​ផល​ផង ១១ តែ​ដល់​ឆ្នាំ​ទី​៧ នោះ​ត្រូវ​ឈប់​លែង ហើយ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​វិញ ដើម្បី​ឲ្យ​ពួក​មនុស្ស​ទ័លក្រ​បាន​ចិញ្ចឹម​ជីវិត​ផង ហើយ​សំណល់​សល់​ពី​គេ នោះ​សត្វ​នៅ​វាល​ទាំង​ប៉ុន្មាន​នឹង​បាន​ស៊ី ឯ​ដំណាំ​ទំពាំងបាយជូរ និង​ដំណាំ​អូលីវ​របស់​ឯង ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។
១២ ក្នុង​៦​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​ឯង ហើយ​ដល់​ថ្ងៃ​ទី​៧​ត្រូវ​ឈប់​សំរាក​វិញ ដើម្បី​ឲ្យ​គោ និង​លា​របស់​ឯង បាន​សំរាក​ផង ហើយ​ដើម្បី​ឲ្យ​កូន​របស់​បាវ​ស្រី​ឯង និង​អ្នក​ប្រទេស​ក្រៅ​បាន​ឈប់​ដក​ដង្ហើម​សិន ១៣ ត្រូវ​ប្រយ័ត្ន និង​កាន់​តាម​អស់​ទាំង​សេចក្តី ដែល​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា ហើយ​កុំ​ឲ្យ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​កុំ​ឲ្យ​ឮ​ចេញ​ពី​មាត់​ឯង​រាល់​គ្នា​ឲ្យ​សោះ។
១៤ ក្នុង​១​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​អញ​៣​ដង ១៥ ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​ចេត្រ នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​៧​ថ្ងៃ ដូច​ជា​អញ​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​ឯង​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​មក​នៅ​មុខ​អញ​ដោយ​ដៃ​ទទេ​ឡើយ ១៦ ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​ចំរូត គឺ​ជា​ផល​ដំបូង​អំពី​ការ​ឯង​ធ្វើ ដោយ​សាបព្រោះ​នៅ​ដី​របស់​ឯង ហើយ​នឹង​បុណ្យ​ប្រមូល​ផល​ដល់​ចុង​ឆ្នាំ ក្នុង​កាល​ដែល​ឯង​បាន​ប្រមូល​ផល​កើត​អំពី​ការ​របស់​ឯង​ធ្វើ​នៅ​ចំការ​មក ១៧ គឺ​ក្នុង​១​ឆ្នាំ ត្រូវ​ឲ្យ​ពួក​ប្រុសៗ មក​នៅ​ចំពោះ​ព្រះយេហូវ៉ា ជា​ព្រះអម្ចាស់ គ្រប់​៣​ដង។
១៨ កុំ​ឲ្យ​យក​ឈាម​របស់​យញ្ញបូជា​នៃ​អញ ថ្វាយ​ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ហើយ​មិន​ត្រូវ​ទុក​ខ្លាញ់​នៃ​ដង្វាយ​នោះ តាំង​ពី​ល្ងាច​ដល់​ព្រឹក​ទេ។
១៩ ឯ​ចំណែក​មុន​បង្អស់ នៃ​ផល​ដំបូង ដែល​កើត​ពី​ដី​របស់​ឯង នោះ​ត្រូវ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង។
កុំ​ឲ្យ​ស្ងោរ​កូន​ពពែ​នឹង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។
ពាក្យ​ទូន្មាន​មុន​បន្ត​ដំណើរ
២០ មើល អញ​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុកបំរុង​ឯង​តាម​ផ្លូវ ហើយ​នឹង​នាំ​ទៅ​ដល់​ទី​កន្លែង​ដែល​អញ​បាន​រៀបចំ​ទុក​ឲ្យ ២១ ចូរ​ប្រយ័ត្ន និង​ស្តាប់​បង្គាប់​តាម​ទ្រង់ កុំ​ឲ្យ​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើយ ដ្បិត​ទ្រង់​មិន​អត់​ទោស​ការ​រំលង​របស់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​ឈ្មោះ​អញ​នៅ​ក្នុង​ទ្រង់ ២២ បើ​ឯង​ប្រុង​ស្តាប់​បង្គាប់​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​សេចក្តី​ដែល​អញ​ប្រាប់​ទាំង​ប៉ុន្មាន នោះ​អញ​នឹង​ធ្វើ​ជា​សត្រូវ​ដល់​ពួក​សត្រូវ​របស់​ឯង ហើយ​ជា​អ្នក​ត​តាំង​នឹង​អស់​អ្នក​ដែល​ត​តាំង​នឹង​ឯង ២៣ ដ្បិត​ទេវតា​អញ​នឹង​ទៅ​មុន​ឯង ហើយ​នឹង​នាំ​ឯង​ទៅ​ឯ​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេវី និង​សាសន៍​យេប៊ូស ហើយ​អញ​នឹង​ធ្វើ​ឲ្យ​សាសន៍​ទាំង​នោះ​សាបសូន្យ​ទៅ។
២៤ កុំ​ឲ្យ​ក្រាប​ថ្វាយ​បង្គំ​ឬ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​របស់​គេ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​អស់​រលីង​វិញ ព្រម​ទាំង​បំបាក់​បំបែក​រូប​ព្រះ​គេ​ឲ្យ​ខ្ទេចខ្ទី​ផង ២៥ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អាហារ និង​ទឹក​របស់​ឯង ហើយ​អញ​នឹង​ដក​ជំងឺរោគា​ពី​ពួក​ឯង​រាល់​គ្នា​ចេញ ២៦ នៅ​ក្នុង​ស្រុក​ឯង នឹង​គ្មាន​អ្វី​រលូត​កូន ឬ​នៅ​អារ​ឡើយ អញ​ក៏​នឹង​បំពេញ​អាយុ​របស់​ឯង​ឲ្យ​ពោរពេញ ២៧ អញ​នឹង​ចាត់​សេចក្តី​ស្ញែងខ្លាច​របស់​អញ​ទៅ​មុន​ឯង ហើយ​នឹង​បំផ្លាញ​គ្រប់​ទាំង​សាសន៍​ដែល​ឯង​ទៅ​ដល់ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ខ្មាំងសត្រូវ​ឯង​ត្រូវ​បែរ​ខ្នង​នៅ​មុខ​ឯង ២៨ អញ​នឹង​ចាត់​ឪម៉ាល់​ទៅ​មុន​ឯង ដែល​នឹង​បណ្តេញ​សាសន៍​ហេវី សាសន៍​កាណាន ហើយ​នឹង​សាសន៍​ហេត ពី​មុខ​ឯង​ចេញ ២៩ អញ​មិន​បណ្តេញ​គេ​ចេញ​ពី​មុខ​ឯង​ក្នុង​១​ឆ្នាំ​តែ​ម្តង​ទេ ក្រែង​ស្រុក​នោះ​នឹង​ត្រឡប់​ទៅ​ជា​ស្ងាត់ ហើយ​កើត​មាន​សត្វ​ព្រៃ​ជា​ច្រើន​ឡើង​ធ្វើ​បាប​ដល់​ឯង​វិញ ៣០ គឺ​នឹង​បណ្តេញ​គេ​ពី​មុខ​ឯង​ទៅ​បន្តិច​ម្តងៗ ទាល់​តែ​ឯង​មាន​គ្នា​ច្រើន ល្មម​នឹង​ទទួល​យក​ស្រុក​ជា​មរដក​បាន ៣១ នោះ​អញ​នឹង​ដាក់​ព្រំ​ស្រុក​ឲ្យ​ឯង ចាប់​តាំង​ពី​សមុទ្រ​ក្រហម ទៅ​ដល់​សមុទ្រ​ភីលីស្ទីន ហើយ​តាំង​ពី​ទី​រហោស្ថាន​រហូត​ដល់​ទន្លេ ដ្បិត​អញ​នឹង​ប្រគល់​មនុស្ស​នៅ​ស្រុក​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង ហើយ​ឯង​នឹង​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ ៣២ កុំ​ឲ្យ​តាំង​សេចក្តី​សញ្ញា​នឹង​គេ ឬ​និង​ព្រះ​របស់​គេ​ឡើយ ៣៣ ក៏​មិន​ត្រូវ​ឲ្យ​គេ​នៅ​ក្នុង​ស្រុក​របស់​ឯង​ដែរ ក្រែង​គេ​នាំ​ឲ្យ​ឯង​ធ្វើ​បាប​ចំពោះ​អញ ដ្បិត​បើ​ឯង​គោរព​ប្រតិបត្តិ​ដល់​ព្រះ​គេ នោះ​នឹង​ត្រឡប់​ជា​អន្ទាក់​ដល់​ឯង​ហើយ។