២៤
ព្រះយេហូវ៉ា​តាំង​សញ្ញា​ជា​មួយ​ពួក​កូន​ចៅ​អ៊ីស្រាអែល
១ ទ្រង់​ក៏​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង និង​អើរ៉ុន ព្រម​ទាំង​ណាដាប អ័ប៊ីហ៊ូវ ហើយ​នឹង​ពួក​ចាស់ទុំ​សាសន៍​អ៊ីស្រាអែល​ទាំង​៧០​នាក់ ឡើង​មក​ឯ​ព្រះយេហូវ៉ា ហើយ​ឲ្យ​ថ្វាយ​បង្គំ​ពី​ចំងាយ ២ ត្រូវ​ឲ្យ​ម៉ូសេ​តែ​ម្នាក់​ឯង​ចូល​មក​ជិត​ព្រះយេហូវ៉ា ចំណែក​អ្នក​ឯ​ទៀត​មិន​ត្រូវ​ឲ្យ​ចូល​មក​ជិត​ទេ ហើយ​ពួក​បណ្តាជន​ក៏​មិន​ត្រូវ​ទាំង​ឡើង​មក​ជា​មួយ​ផង។
៣ នោះ​ម៉ូសេ​ក៏​ទៅ​ប្រាប់​ដល់​បណ្តាជន តាម​គ្រប់​ទាំង​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ហើយ​នឹង​បញ្ញត្ត​ទាំង​នោះ រួច​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ព្រម​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្តី​ដែល​ព្រះយេហូវ៉ា​មាន​ព្រះបន្ទូល​មក។
៤ ម៉ូសេ​ក៏​កត់​អស់​ទាំង​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​ស្អាង​អាសនា​១​នៅ​ជើង​ភ្នំ ហើយ​ក៏​បញ្ឈរ​ថ្ម​១២ តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​១២
៥ រួច​លោក​ចាត់​ពួក​កំឡោះៗ ជា​កូន​ចៅ​ពួក​អ៊ីស្រាអែល​ឲ្យ​ទៅ​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​សំឡាប់​គោ​ឈ្មោល​ថ្វាយ​ជា​ដង្វាយ​មេត្រី​ដល់​ព្រះយេហូវ៉ា ៦ លោក​ក៏​យក​ឈាម​ពាក់​កណ្តាល​ដាក់​ក្នុង​ផើង ហើយ​ពាក់​កណ្តាល​ទៀត​ប្រោះ​ទៅ​លើ​អាសនា ៧ រួច​យក​សៀវភៅ​សញ្ញា​មក​អាន​មើល​ឲ្យ​បណ្តាជន​ស្តាប់ គេ​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​អស់​ទាំង​សេចក្តី ដែល​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​មក ហើយ​នឹង​ស្តាប់​បង្គាប់​គ្រប់​ចំពូក​ផង ៨ ដូច្នេះ​ម៉ូសេ​លោក​យក​ឈាម​ទៅ​ប្រោះ​លើ​ជន​ទាំងឡាយ​ដោយ​ពាក្យ​ថា នេះ​ជា​ឈាម​នៃ​សេចក្តី​សញ្ញា​ដែល​ព្រះយេហូវ៉ា​បាន​តាំង​នឹង​អ្នក​រាល់​គ្នា តាម​ព្រះបន្ទូល​ទ្រង់​ទាំង​នេះ។
៩ បន្ទាប់​នោះ​ម៉ូសេ​ក៏​ឡើង​ទៅ នាំ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ ហើយ​នឹង​ពួក​ចាស់ទុំ​សាសន៍​អ៊ីស្រាអែល​ទាំង​៧០​នាក់​ផង ១០ គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​នៅ​ក្រោម​ព្រះបាទ​ទ្រង់​មាន​ដូច​ជា​កំរាល​ធ្វើ​ពី​ត្បូងកណ្តៀង​ស្រឡះ​ត្រចះ​ដូច​ផ្ទៃ​មេឃ ១១ តែ​ទ្រង់​មិន​បាន​ដាក់​ព្រះហស្ត​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដ៏​មាន​ត្រកូល​ខ្ពស់​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះអង្គ រួច​ក៏​នាំ​គ្នា​បរិភោគ​ភោជន៍។
១២ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​ឲ្យ​បាន​នៅ​ឯ​ណេះ​ចុះ អញ​នឹង​ឲ្យ​ក្រឹត្យវិន័យ ហើយ​នឹង​សេចក្តី​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ថ្ម​ដល់​ឯង សំរាប់​នឹង​បង្រៀន​ដល់​បណ្តាជន ១៣ នោះ​ម៉ូសេ និង​យ៉ូស្វេ ជា​អ្នក​ជំនួយ​ការ​លោក​ក៏​ក្រោក​ឡើង ហើយ​ម៉ូសេ​លោក​ឡើង​ទៅ​លើ​ភ្នំ​ព្រះ ១៤ លោក​បង្គាប់​ដល់​ពួក​ចាស់ទុំ​ថា ចូរ​អ្នក​រាល់​គ្នា​រង់ចាំ​យើង​នៅ​ទី​នេះ​ចុះ ទំរាំ​យើង​ត្រឡប់​មក​វិញ មើល មាន​អើរ៉ុន និង​ហ៊ើរ នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​កើត​មាន​វិវាទ​ទាស់ទែង​គ្នា នោះ​ត្រូវ​ចូល​មក​សួរ​លោក​ចុះ។
១៥ ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណាយ ហើយ​មាន​ពពក​គ្រប​លើ​ភ្នំ ១៦ សិរីល្អ​នៃ​ព្រះយេហូវ៉ា​ក៏​នៅ​លើ​ភ្នំ ហើយ​ពពក​ក៏​គ្រប​លើ​ភ្នំ​ពេញ​ចំនួន​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ ទើប​ទ្រង់​មាន​ព្រះបន្ទូល​ពី​កណ្តាល​ពពក​ហៅ​ម៉ូសេ ១៧ ឯ​សិរីល្អ​នៃ​ព្រះយេហូវ៉ា នោះ​មើល​ទៅ​ដូច​ជា​ភ្លើង​ឆេះ​នៅ​លើ​កំពូល​ភ្នំ ចំពោះ​ដល់​ភ្នែក​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ១៨ ម៉ូសេ​លោក​ចូល​ទៅ​ក្នុង​ពពក​ឡើង​ទៅ​លើ​ភ្នំ ហើយ​ក៏​នៅ​ឯ​ណោះ​អស់​៤០​ថ្ងៃ​៤០​យប់។