២៨
សំលៀកបំពាក់​របស់​សង្ឃ
១ រួច​ត្រូវ​ឲ្យ​ញែក​អើរ៉ុន បង​ឯង ព្រម​ទាំង​ពួក​កូន​លោក​ផង ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​មក ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​នៅ​មុខ​អញ គឺ​ទាំង​អើរ៉ុន និង​ណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយ​នឹង​អ៊ីថាម៉ារ​ជា​កូន​លោក។
២ ត្រូវ​ឲ្យ​ធ្វើ​សំលៀកបំពាក់​បរិសុទ្ធ សំរាប់​អើរ៉ុន បង​ឯង សំរាប់​ជា​កិត្តិយស ហើយ​នឹង​ភាព​លំអ ៣ ត្រូវ​ប្រាប់​ដល់​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាងវៃ ជា​មនុស្ស​ដែល​អញ​បាន​បំពេញ​ដោយ​ដំរិះ​សព្វ​គ្រប់ ឲ្យ​គេ​ធ្វើ​សំលៀកបំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​លោក​ចេញ​ជា​បរិសុទ្ធ សំរាប់​នឹង​ធ្វើ​ការងារ​ជា​សង្ឃ​ដល់​អញ ៤ ឯ​សំលៀកបំពាក់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ នោះ​គឺ​ប្រដាប់​បាំង​ទ្រូង​១ អេផូឌ​១ អាវ​វែង​១ អាវ​ខ្លី​ប៉ាក់​១ មួក​១ ហើយ​នឹង​ខ្សែ​ក្រវាត់​១ ៥ ត្រូវ​ឲ្យ​យក​មាស សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូតទេស​យ៉ាង​ម៉ដ្ត ដើម្បី​ធ្វើ​សំលៀកបំពាក់​បរិសុទ្ធ​ទាំង​នោះ សំរាប់​អើរ៉ុន បង​ឯង និង​ឲ្យ​កូន​លោក​ផង ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​ដល់​អញ។
៦ ត្រូវ​ឲ្យ​ធ្វើ​អេផូឌ​ពី​មាស ហើយ​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូតទេស​វេញ​យ៉ាង​ខ្មាញ់ ទាំង​ធ្វើ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ ៧ ត្រូវ​មាន​ខ្សែ​ស្មា​២​ភ្ជាប់​នៅ​ចុង​អេផូឌ​ទាំង​មុខ​ទាំង​ក្រោយ ឲ្យ​បាន​ជាប់​ជា​មួយ​គ្នា ៨ ឯ​ខ្សែ​ក្រវាត់​ដែល​ជាប់​នឹង​អេផូឌ ហើយ​សំរាប់​ចង​ភ្ជាប់​គ្នា នោះ​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​ធ្វើ​ពី​មាស ហើយ​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូតទេស​វេញ​យ៉ាង​ខ្មាញ់ ៩ រួច​ត្រូវ​យក​ថ្ម​អូនីក្ស​២​ដុំ ធ្លាក់​ចុះ​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រាអែល ១០ ត្រូវ​ឲ្យ​មាន​ឈ្មោះ​៦​នៅ​ថ្ម​១​ដុំ ហើយ​ឈ្មោះ​៦​នៅ​ថ្ម​១​ដុំ​ទៀត តាម​កំណើត​គេ​គ្រប់​គ្នា ១១ ត្រូវ​ឆ្លាក់​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រាអែល​នៅ​ថ្ម​ទាំង​២​ដុំ​នោះ បែប​ដូច​ជា​ជាង​ចំឡាក់​គេ​ឆ្លាក់​ធ្វើ​ត្រា ហើយ​ដាំ​ចុះ​ក្នុង​គ្រោង​មាស ១២ ត្រូវ​ដាក់​ថ្ម​ទាំង​២​ដុំ​នោះ​នៅ​លើ​ខ្សែ​ស្មា​អេផូឌ ទុក​ជា​សេចក្តី​រំឭក​ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រាអែល ដូច្នេះ​អើរ៉ុន​នឹង​ពាក់​ឈ្មោះ​គេ​នៅ​លើ​ស្មា​ទាំង​២ ទុក​ជា​សេចក្តី​រំឭក​នៅ​ចំពោះ​ព្រះយេហូវ៉ា ១៣ ត្រូវ​ឲ្យ​ធ្វើ​គ្រោង​មាស​សំរាប់​ដាំ​ថ្ម ១៤ ហើយ​ខ្សែ​មាស​សុទ្ធ​២ វេញ​ដូច​ជា​ខ្សែពួរ រួច​ភ្ជាប់​ខ្សែ​នឹង​គ្រោង​មាស​នោះ។
១៥ ត្រូវ​ធ្វើ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ ឲ្យ​ត្រូវ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ ហើយ​តាម​របៀប​អេផូឌ​ដែរ គឺ​ធ្វើ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូតទេស​វេញ​យ៉ាង​ខ្មាញ់ ១៦ ត្រូវ​ឲ្យ​បាន​៤​ជ្រុង​ស្មើ បត់​ជា​២​ផ្នត់ បណ្តោយ​១​ចំអាម ទទឹង​១​ចំអាម ១៧ ហើយ​ត្រូវ​ដាំ​ត្បូង​៤​ជួរ​នៅ​ប្រដាប់​នោះ ក្នុង​ជួរ​ទី​១ មាន​ត្បូង​សាមស៊ី​១ ត្បូង​ទោបុ័ត​១ និង​បារកេត​១ ១៨ ក្នុង​ជួរ​ទី​២ មាន​ត្បូង​មរកដ​១ ត្បូងកណ្តៀង​១ និង​ពេជ្រ​១ ១៩ ក្នុង​ជួរ​ទី​៣ មាន​ត្បូង​លេសិម​១ ត្បូង​ទទឹម​១ និង​ត្បូង​ត្របែក​១ ២០ ក្នុង​ជួរ​ទី​៤ មាន​ត្បូង​បេរីល​១ ត្បូង​អូនីក្ស​១ និង​មណីជោតិ​១ ត្រូវ​ដាំ​ត្បូង​ទាំង​នេះ​ចុះ​ក្នុង​គ្រោង​មាស ២១ ត្រូវ​តែ​មាន​ត្បូង​១២ តាម​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ឆ្លាក់​ទាំង​អស់​បែប​ដូច​ជា​ឆ្លាក់​ត្រា ឯ​គ្រប់​តែ​ត្បូង ត្រូវ​ចារឹក​ឈ្មោះ​មួយៗ ក្នុង​ឈ្មោះ​ពូជ​អំបូរ​ទាំង​១២​នោះ ២២ ហើយ​ត្រូវ​ឲ្យ​ធ្វើ​ខ្សែ​មាស​សុទ្ធ​វេញ​ដូច​ជា​ខ្សែពួរ​ដាក់​ភ្ជាប់​នឹង​ប្រដាប់​បាំង​ទ្រូង ២៣ ត្រូវ​ធ្វើ​ក្រវិល​មាស​២ ដាក់​ភ្ជាប់​នៅ​ចុង​សង​ខាង​ដែរ ២៤ ហើយ​ត្រូវ​បញ្ចូល​ខ្សែ​មាស​២​ក្នុង​ក្រវិល​ដែល​នៅ​ជាប់​ចុង​សង​ខាង​នៃ​ប្រដាប់​បាំង​ទ្រូង ២៥ ហើយ​ចង​ខ្សែ​ទាំង​២ ត្រូវ​ឲ្យ​ភ្ជាប់​នឹង​គ្រោង​មាស​ដាំ​ត្បូង​នៅ​ខ្សែ​ស្មា​របស់​អេផូឌ​ខាង​មុខ ២៦ ឯង​ត្រូវ​ធ្វើ​ក្រវិល​មាស​២​ទៀត ដាក់​ភ្ជាប់​នៅ​ជាយ​ខាង​ក្នុង​ត្រង់​ចុង​សង​ខាង​នៃ​ប្រដាប់​បាំង​ទ្រូង ដែល​នៅ​ផ្ទាប់​នឹង​អេផូឌ ២៧ ហើយ​ត្រូវ​ធ្វើ​ក្រវិល​មាស​២​ទៀត ដាក់​ភ្ជាប់​នៅ​ក្រោម ហើយ​ខាង​មុខ​តួ​គ្រោង​នៃ​ខ្សែ​ស្មា​អេផូឌ ជិត​កន្លែង​ដែល​ខ្សែ​ស្មា​ភ្ជាប់​គ្នា ហើយ​ខាង​លើ​ខ្សែ​អេផូឌ​ដែរ ២៨ ត្រូវ​យក​ខ្សែ​ខៀវ ចង​ក្រវិល​នៃ​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​ក្រវិល​អេផូឌ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​អេផូឌ កុំ​ឲ្យ​របូត​ចេញ​ពី​អេផូឌ​ឡើយ ២៩ ដូច្នេះ​កាល​ណា​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ នោះ​នឹង​ពាក់​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រាអែល ដែល​ឆ្លាក់​នៅ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​នោះ​នៅ​លើ​ទ្រូង សំរាប់​ជា​សេចក្តី​រំឭក​នៅ​ចំពោះ​ព្រះយេហូវ៉ា​ជានិច្ច ៣០ ត្រូវ​ដាក់​យូរីម និង​ធូមីម ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​ដែរ ដូច្នេះ​អើរ៉ុន​នឹង​ពាក់​លើ​ទ្រូង ក្នុង​កាល​ដែល​ចូល​ទៅ​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​ការ​វិនិច្ឆ័យ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​នៅ​ជាប់​លើ​ទ្រូង​អើរ៉ុន​នៅ​ចំពោះ​ព្រះយេហូវ៉ា​ជានិច្ច។
សំលៀកបំពាក់​សក្ការៈ​ផ្សេង​ទៀត
៣១ ឯ​អាវ​វែង​ផង​អេផូឌ នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ​ទាំង​អស់ ៣២ នៅ​កណ្តាល​អាវ នោះ​ត្រូវ​វៀល​ជា​ក ហើយ​ត្រូវ​មាន​សំពត់​ចំ​នៅ​ជុំវិញ​ក​អាវ​នោះ បែប​ដូច​ជា​ក​នៃ​អាវ​សឹក ដើម្បី​កុំ​ឲ្យ​អាវ​នោះ​រហែក​ចេញ ៣៣ នៅ​ជុំវិញ​ជាយ​អាវ​ខាង​ក្រោម នោះ​ត្រូវ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម លាយ​ឆ្លាស់​នឹង​ចង្ក្រង់​មាស ៣៤ គឺ​ចង្ក្រង់​មាស​១ ផ្លែ​ទទឹម​១ ចង្ក្រង់​មាស​១ ផ្លែ​ទទឹម​១ តាម​ជុំវិញ​ជាយ​អាវ​វែង​នោះ ៣៥ អើរ៉ុន​ត្រូវ​ពាក់​អាវ​វែង​នោះ សំរាប់​ធ្វើ​ការងារ​របស់​ខ្លួន ដូច្នេះ​កាល​ណា​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នៅ​ចំពោះ​ព្រះយេហូវ៉ា ឬ​ចេញ​មក​វិញ​ក្តី នោះ​នឹង​ឮ​សូរ​ចង្ក្រង់ ហើយ​លោក​មិន​ត្រូវ​ស្លាប់​ទេ។
៣៦ ត្រូវ​ធ្វើ​ស្លាក​មាស​សុទ្ធ​១ ហើយ​ឆ្លាក់​បែប​ដូច​ជា​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា» ៣៧ ត្រូវ​ចង​ស្លាក​នោះ​នឹង​ខ្សែ​ពណ៌​ខៀវ​ភ្ជាប់​នៅ​ត្រង់​មុខ​មួក នៅ​លើ​ថ្ងាស​អើរ៉ុន ៣៨ នោះ​អើរ៉ុន​នឹង​ទទួល​អស់​ទាំង​ការ​កំហុស​ខាង​ឯ​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ ហើយ​ស្លាក​នោះ​នឹង​នៅ​លើ​ថ្ងាស​អើរ៉ុន ជា​ដរាប​នៅ​ចំពោះ​ព្រះយេហូវ៉ា ដើម្បី​ទ្រង់​បាន​ទទួល​គេ។
៣៩ ត្រូវ​ឲ្យ​ធ្វើ​អាវ​ខ្លី​ពី​សំពត់​ខ្លូតទេស​យ៉ាង​ម៉ដ្ត និង​មួក​ពី​សំពត់​ខ្លូតទេស​ដែរ ហើយ​ខ្សែ​ក្រវាត់​ប៉ាក់​ផង។
៤០ ឯ​ពួក​កូន​របស់​អើរ៉ុន នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អាវ​ខ្លី និង​ខ្សែ​ក្រវាត់ ព្រម​ទាំង​ឈ្នួត​សំរាប់​គេ​ដែរ ដើម្បី​ជា​កិត្តិយស និង​ជា​ភាព​លំអ​ដល់​គេ ៤១ ត្រូវ​បំពាក់​ឲ្យ​អើរ៉ុន​បង​ឯង និង​កូន​លោក​ផង រួច​ត្រូវ​ចាក់​ប្រេង​តាំង​គេ​ឡើង ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​ដល់​អញ ៤២ ត្រូវ​ឲ្យ​ធ្វើ​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូតទេស​ឲ្យ​គេ ពី​ត្រឹម​ចង្កេះ ដល់​ពាក់​កណ្តាល​ភ្លៅ សំរាប់​បាំង​កេរ្តិ៍ខ្មាស​គេ ៤៣ អើរ៉ុន និង​កូន​លោក​ត្រូវ​ស្លៀក​ខោ​នោះ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​កាល​ណា​ចូល​ទៅ​ឯ​អាសនា នឹង​ធ្វើ​ការងារ​ក្នុង​ទី​បរិសុទ្ធ ដូច្នេះ​គេ​នឹង​គ្មាន​ទោស ហើយ​មិន​ត្រូវ​ស្លាប់​ទេ នេះ​ឯង​ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប​ជានិច្ច ដល់​អើរ៉ុន និង​ពូជ​ដំណ​របស់​លោក​ត​រៀង​ទៅ។