២៩
ការ​តែងតាំង​សង្ឃ
១ នេះ​ជា​ការ​ដែល​ឯង​ត្រូវ​ធ្វើ ដើម្បី​នឹង​ញែក​អ្នក​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​ដល់​អញ គឺ​ត្រូវ​ឲ្យ​យក​គោ​ឈ្មោល​ស្ទាវ​១ និង​ចៀម​ឈ្មោល​២​ដ៏​ឥត​ខ្ចោះ ២ ហើយ​យក​ម្សៅ​ភោជ្ជសាលី​យ៉ាង​ម៉ដ្ត ធ្វើ​នំបុ័ង​ឥត​ដំបែ និង​នំ​ឥត​ដំបែ​លាយ​ដោយ​ប្រេង ហើយ​នឹង​នំ​ក្រៀប​ឥត​ដំបែ​ប្រោះ​ដោយ​ប្រេង ៣ ត្រូវ​ឲ្យ​ដាក់​នំ​ទាំង​នោះ​នៅ​ក្នុង​កញ្ច្រែង រួច​នាំ​យក​មក​ជា​មួយ​នឹង​គោ​ឈ្មោល ព្រម​ទាំង​ចៀម​ឈ្មោល​ទាំង​២ ៤ ហើយ​ត្រូវ​នាំ​អើរ៉ុន និង​កូន​លោក​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ រួច​យក​ទឹក​មក​ផ្ងូត​គេ ៥ ត្រូវ​យក​សំលៀកបំពាក់​ទាំង​ប៉ុន្មាន​មក​បំពាក់​ឲ្យ គឺ​អាវ​ខ្លី អាវ​វែង​នៃ​អេផូឌ ហើយ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ឲ្យ​អើរ៉ុន ហើយ​យក​ខ្សែ​ក្រវាត់​របស់​អេផូឌ​មក​ក្រវាត់​ឲ្យ​ដែរ ៦ ព្រម​ទាំង​បំពាក់​មួយ​លើ​ក្បាល ហើយ​ដាក់​ស្លាក​នៃ​សេចក្តី​បរិសុទ្ធ​នៅ​ភ្ជាប់​នឹង​មួក​នោះ ៧ ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល តាំង​លោក​ឡើង ៨ រួច​ត្រូវ​នាំ​កូន​លោក​ចូល​មក​បំពាក់​អាវ​ខ្លី​ឲ្យ ៩ ព្រម​ទាំង​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ឲ្យ​អើរ៉ុន និង​កូន​លោក​ផង រួច​ជួត​ឈ្នួត​ឲ្យ​គេ​ដែរ នោះ​ការងារ​ជា​សង្ឃ នឹង​បាន​ជា​របស់​ផង​គេ ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប​ជានិច្ច គឺ​យ៉ាង​នោះ​ឯង​ដែល​ត្រូវ​តាំង​អើរ៉ុន ហើយ​នឹង​ពួក​កូន​លោក​ឡើង។
១០ រួច​ត្រូវ​នាំ​គោ​ឈ្មោល​មក នៅ​មុខ​ត្រសាល​ជំនុំ ហើយ​អើរ៉ុន នឹង​កូន​លោក ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ១១ ត្រូវ​សំឡាប់​គោ​នោះ​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះយេហូវ៉ា ១២ ហើយ​យក​ម្រាម​ដៃ​ជ្រលក់​ចុះ​ក្នុង​ឈាម​នោះ​ខ្លះ​ប្រឡាក់​នៅ​ស្នែង​អាសនា រួច​ត្រូវ​ចាក់​ឈាម​ទាំង​អស់​នៅ​ជើង​អាសនា ១៣ ត្រូវ​យក​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ហើយ​ដុំ​ថ្លើម អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​រុំ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាសនា ១៤ តែ​សាច់ និង​ស្បែក ហើយ​នឹង​លា​មក​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដុត​នៅ​ទី​នោះ​ទៅ នោះ​ហើយ​ជា​ដង្វាយ​លោះ​បាប។
១៥ ត្រូវ​ឲ្យ​យក​ចៀម​ឈ្មោល​១​មក ហើយ​អើរ៉ុន និង​កូន​លោក​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ ១៦ ត្រូវ​សំឡាប់​ចៀម​នោះ យក​ឈាម​ទៅ​ប្រោះ​នៅ​គ្រប់​ជុំវិញ​លើ​អាសនា ១៧ រួច​ត្រូវ​កាប់​ជា​ដុំៗ ហើយ​លាង​អាការៈ​ខាង​ក្នុង​ទាំង​ប៉ុន្មាន និង​ផើង​ផង យក​ទៅ​ដាក់​លើ​ដុំ​សាច់​ហើយ​នឹង​ក្បាល ១៨ រួច​ដុត​ទាំង​អស់​នៅ​លើ​អាសនា នោះ​ហើយ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះយេហូវ៉ា គឺ​ជា​ដង្វាយ​ដុត​នឹង​ភ្លើង​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា។
១៩ ត្រូវ​យក​ចៀម​១​ទៀត​នោះ​មក ហើយ​ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​លោក​ដាក់​ដៃ​លើ​ក្បាល ២០ រួច​សំឡាប់​យក​ឈាម​ខ្លះ​ទៅ​លាប​នៅ​លើ​ទង​ត្រចៀក​ស្តាំ​អើរ៉ុន ហើយ​លើ​ទង​ត្រចៀក​ស្តាំ​នៃ​ពួក​កូន​លោក​ដែរ លើ​មេ​ដៃ​ស្តាំ ហើយ​លើ​មេ​ជើង​ស្តាំ​ទាំង​អស់​គ្នា រួច​ប្រោះ​ឈាម​ទាំង​អស់​ទៅ​គ្រប់​លើ​អាសនា​ជុំវិញ ២១ ត្រូវ​ឲ្យ​យក​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនា និង​ប្រេង​ទៅ​បោះ​លើ​អើរ៉ុន លើ​សំលៀកបំពាក់​លោក លើ​ពួក​កូន​លោក និង​សំលៀកបំពាក់​ពួក​កូន​លោក​ផង នោះ​លោក​នឹង​បាន​បរិសុទ្ធ ព្រម​ទាំង​សំលៀកបំពាក់ ហើយ​ពួក​កូន​លោក និង​សំលៀកបំពាក់​របស់​គេ​ដែរ ២២ ត្រូវ​យក​ខ្លាញ់​ចៀម​នោះ ព្រម​ទាំង​កន្ទុយ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ហើយ​ដុំ​ថ្លើម អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​រុំ​នៅ​អង្គញ់​នោះ ហើយ​នឹង​ស្មា​ស្តាំ​ផង ដ្បិត​នេះ​ជា​ចៀម​សំរាប់​បុណ្យ​តាំង​ជា​សង្ឃ ២៣ ហើយ​ត្រូវ​យក​នំបុ័ង​១​ដុំ នំ​លាយ​ប្រេង​១ និង​នំ​ក្រៀប​១ ពី​នំ​ឥត​ដំបែ​ដែល​នៅ​ក្នុង​កញ្ច្រែង​នៅ​ចំពោះ​ព្រះយេហូវ៉ា ២៤ ទៅ​ដាក់​បាត​ដៃ​អើរ៉ុន ហើយ​បាត​ដៃ​នៃ​កូន​លោក គ្រវី​នំ​ទាំង​នោះ​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះយេហូវ៉ា ២៥ រួច​ត្រូវ​យក​ទាំង​អស់​ពី​ដៃ​គេ​ចេញ​ទៅ​ដុត​នៅ​លើ​ដង្វាយ ដែល​កំពុង​តែ​ថ្វាយ​នៅ​លើ​អាសនា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ព្រះយេហូវ៉ា នោះ​ហើយ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះយេហូវ៉ា ២៦ ត្រូវ​ឲ្យ​យក​ទ្រូង​ចៀម​១​នោះ ដែល​សំរាប់​បុណ្យ​តាំង​អើរ៉ុន​ជា​សង្ឃ ទៅ​គ្រវី​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះយេហូវ៉ា នោះ​នឹង​បាន​ជា​ចំណែក​ដល់​ឯង ២៧ ឯ​ទ្រូង និង​ស្មា​របស់​ចៀម ដែល​សំរាប់​បុណ្យ​តាំង​អើរ៉ុន និង​កូន​លោក​ឡើង​ជា​សង្ឃ នោះ​ត្រូវ​ញែក​ជា​បរិសុទ្ធ ដោយ​យក​ទ្រូង​គ្រវី​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ដោយ​យក​ស្មា​លើក​ថ្វាយ​ចុះ​ឡើង ២៨ នោះ​នឹង​បាន​ជា​របស់​ផង​អើរ៉ុន ហើយ​នឹង​កូន​លោក គឺ​ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប​ជានិច្ច ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត្រូវ​កាន់​តាម ដ្បិត​នេះ​ឯង​ជា​ដង្វាយ​លើក​ចុះ​ឡើង ហើយ​ក្នុង​អស់​ទាំង​ដង្វាយ​មេត្រី​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ នោះ​ដង្វាយ​លើក​ចុះ​ឡើង​ជា​ដង្វាយ​សំរាប់​ព្រះយេហូវ៉ា។
២៩ ឯ​អស់​ទាំង​សំលៀកបំពាក់​បរិសុទ្ធ​របស់​អើរ៉ុន នឹង​ត្រូវ​ទុក​ឲ្យ​ពួក​កូន​ចៅ​លោក​ត​រៀង​ទៅ ឲ្យ​គេ​បាន​ស្លៀកពាក់​ក្នុង​កាល​ដែល​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង​ជា​សង្ឃ​ដែរ ៣០ កូន​លោក​ណា​មួយ​ដែល​ត្រូវ​ជំនួស​លោក​ក្នុង​ការងារ​ជា​សង្ឃ នោះ​ត្រូវ​ស្លៀក​សំលៀកបំពាក់​នោះ​គ្រប់​៧​ថ្ងៃ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​នឹង​ធ្វើ​ការងារ​ក្នុង​ទី​បរិសុទ្ធ។
៣១ រួច​ត្រូវ​ឲ្យ​យក​ចៀម​ឈ្មោល សំរាប់​បុណ្យ​តាំង​ជា​សង្ឃ ទៅ​ស្ងោរ​នៅ​កន្លែង​បរិសុទ្ធ ៣២ នោះ​អើរ៉ុន ព្រម​ទាំង​កូន​លោក និង​បរិភោគ​សាច់​ចៀម ហើយ​នឹង​នំបុ័ង​ក្នុង​កញ្ច្រែង​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ៣៣ ត្រូវ​ឲ្យ​គេ​បរិភោគ​របស់​ទាំង​នោះ ដែល​បាន​ថ្វាយ​ឲ្យ​ធួន​នឹង​បាប ដើម្បី​នឹង​តាំង​គេ​ជា​សង្ឃ ហើយ​ញែក​ជា​បរិសុទ្ធ ឯ​អ្នក​ប្រទេស​ក្រៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​របស់​ទាំង​នោះ​ជា​របស់​បរិសុទ្ធ ៣៤ បើសិន​ជា​មាន​សាច់​ពី​បុណ្យ​នោះ ឬ​នំបុ័ង​បាន​សល់​នៅ​ដល់​ព្រឹក​ឡើង នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​របស់​បរិសុទ្ធ។
៣៥ ត្រូវ​ធ្វើ​បុណ្យ​នេះ​គ្រប់​៧​ថ្ងៃ ដើម្បី​នឹង​តាំង​អើរ៉ុន និង​ពួក​កូន​លោក​ឡើង​ធ្វើ​ជា​សង្ឃ តាម​អស់​ទាំង​សេចក្តី​ដែល​អញ​បាន​បង្គាប់ ៣៦ រាល់​តែ​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១​ជា​ដង្វាយ​លោះ​បាប​សំរាប់​ឲ្យ​ធួន​នឹង​បាប យ៉ាង​នោះ​នឹង​បាន​សំអាត​អាសនា ដោយសារ​ដង្វាយ ដែល​សំរាប់​ឲ្យ​ធួន​នឹង​បាប រួច​ត្រូវ​ចាក់​ប្រេង​ញែក​អាសនា​ចេញ​ជា​បរិសុទ្ធ ៣៧ ក្នុង​រវាង​៧​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាសនា ព្រម​ទាំង​ញែក​ជា​បរិសុទ្ធ នោះ​អាសនា​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត ហើយ​របស់​អ្វី​ដែល​ប៉ះ​នឹង​អាសនា​ក៏​នឹង​បាន​ជា​បរិសុទ្ធ​ដែរ។
យញ្ញបូជា​ប្រចាំ​ថ្ងៃ
៣៨ រីឯ​ដង្វាយ ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាសនា​រាល់​តែ​ថ្ងៃ​ជានិច្ច នោះ​គឺ​កូន​ចៀម​២ អាយុ​១​ខួប ៣៩ កូន​ចៀម​១​ត្រូវ​ថ្វាយ​ក្នុង​ពេល​ព្រឹក ហើយ​១​ទៀត​ក្នុង​ពេល​ល្ងាច ៤០ ហើយ​ដែល​ថ្វាយ​កូន​ចៀម​មុន​ដំបូង នោះ​ត្រូវ​ថ្វាយ​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ភាគ​ក្នុង​១០​ក្នុង​១​ថាំង លាយ​នឹង​ប្រេង​សំរាំង​១​កំប៉ុង និង​ដង្វាយ​ច្រួច​ជា​ស្រា​ទំពាំងបាយជូរ​១​កំប៉ុង​ផង ៤១ លុះ​ដល់​ល្ងាច ត្រូវ​ឲ្យ​ឯង​ថ្វាយ​កូន​ចៀម​១​ទៀត ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​ដូច​ថ្វាយ​ពី​ព្រឹក​ដែរ នេះ​គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា ៤២ នេះ​ហើយ​ជា​ដង្វាយ​ដុត​ជានិច្ច ដែល​កូន​ចៅ​ឯង​ត​ទៅ​មុខ ត្រូវ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះយេហូវ៉ា ជា​កន្លែង​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​និយាយ​ជា​មួយ​នឹង​ឯង ៤៣ អញ​នឹង​មក​ជួប​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ទី​នោះ ហើយ​កន្លែង​នោះ​នឹង​បាន​បរិសុទ្ធ ដោយសារ​សិរីល្អ​នៃ​អញ ៤៤ អញ​នឹង​ញែក​ត្រសាល​ជំនុំ ហើយ​នឹង​អាសនា​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​អើរ៉ុន និង​ពួក​កូន​លោក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​ដល់​អញ ៤៥ យ៉ាង​នោះ​អញ​នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​នឹង​ធ្វើ​ជា​ព្រះ​ឲ្យ​គេ ៤៦ ដូច្នេះ​គេ​នឹង​ដឹង​ថា អញ​ជា​ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​នៅ​កណ្តាល​គេ គឺ​អញ​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​គេ។