៣០
អាសនា​សំរាប់​ដុត​គ្រឿង​ក្រអូប
១ ត្រូវ​ឲ្យ​ធ្វើ​អាសនា​១​ពី​ឈើ​នាងនួន​សំរាប់​ដុត​គ្រឿង​ក្រអូប ២ ឲ្យ​មាន​បណ្តោយ​១​ហត្ថ ទទឹង​១​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​២​ហត្ថ ឯ​ស្នែង​អាសនា​ក៏​ត្រូវ​ធ្វើ​ភ្ជាប់​នឹង​តួ​អាសនា ៣ ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ ហើយ​នៅ​ចំហៀង​ជុំវិញ ព្រម​ទាំង​ស្នែង​ផង ហើយ​ត្រូវ​ធ្វើ​កែម​ដោយ​មាស​ព័ទ្ធ​ជុំវិញ​ដែរ ៤ នៅ​ពី​ក្រោម​កែម​នោះ​ត្រូវ​ធ្វើ​កង​មាស​២​ដាក់​ភ្ជាប់​នៅ​សង​ខាង សំរាប់​នឹង​ព្រហក​ឈើ​ស្នែង​សែង​ទៅ ៥ ឯ​ឈើ​ស្នែង​សោត ក៏​ត្រូវ​ធ្វើ​ពី​ឈើ​នាងនួន​ស្រោប​ដោយ​មាស​ដែរ ៦ ត្រូវ​ដាក់​អាសនា​នោះ​នៅ​មុខ​វាំងនន ដែល​នៅ​ខាង​មុខ​ហិប​នៃ​សេចក្តី​បន្ទាល់ គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្តី​បន្ទាល់​នោះ​ជា​កន្លែង​ដែល​អញ​មក​ជួប​នឹង​ឯង ៧ អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាសនា​នោះ​រាល់​តែ​ព្រឹក នៅ​វេលា​ដែល​កំពុង​រៀប​ចង្កៀង ៨ ហើយ​រាល់​តែ​ល្ងាច ក្នុង​កាល​តែ​លោក​អុជ​ចង្កៀង នោះ​ត្រូវ​ដុត​គ្រឿង​ក្រអូប​ទៀត នេះ​គឺ​ជា​គ្រឿង​ក្រអូប​ថ្វាយ​ព្រះយេហូវ៉ា សំរាប់​ថ្វាយ​នៅ​អស់​កល្ប​ជានិច្ច ដល់​អស់​ទាំង​ពូជ​ដំណ​ឯង​ត​ទៅ ៩ មិន​ត្រូវ​ថ្វាយ​គ្រឿង​ក្រអូប​ដទៃ ឬ​យញ្ញបូជា​ដុត ឬ​ដង្វាយ​ម្សៅ​ណា​នៅ​លើ​អាសនា​នេះ​ឡើយ ក៏​មិន​ត្រូវ​ច្រួច​ដង្វាយ​អ្វី​លើ​អាសនា​នេះ​ដែរ ១០ ក្នុង​១​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប ដែល​ថ្វាយ​សំរាប់​ឲ្យ​ធួន​នឹង​បាប​មក​ប្រឡាក់​នៅ​ស្នែង ឲ្យ​ធួន​នឹង​អាសនា​នេះ​ផង គឺ​នៅ​គ្រប់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ធួន​នឹង​អាសនា​នេះ​ក្នុង​១​ឆ្នាំ​ម្តង​ជានិច្ច ដ្បិត​ជា​ការ​បរិសុទ្ធ​បំផុត​នៅ​ចំពោះ​ព្រះយេហូវ៉ា។
ពន្ធដារ​សំរាប់​ទី​សក្ការៈ
១១ រួច​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ១២ កាល​ណា​រាប់​ចំនួន​ពួក​កូន​ចៅ​អ៊ីស្រាអែល​តាម​បញ្ជី​គេ នោះ​ត្រូវ​ឲ្យ​គេ​បង់​ប្រាក់ ជា​ថ្លៃ​លោះ​ខ្លួន ថ្វាយ​ព្រះយេហូវ៉ា​គ្រប់ៗ​គ្នា ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្តី​វេទនា​ណា​មួយ​នៅ​ក្នុង​ពួក​គេ ក្នុង​កាល​ដែល​កំពុង​តែ​រាប់​ចំនួន​គេ​នោះ​ឡើយ ១៣ ឯ​អស់​អ្នក​ដែល​ឆ្លង​ទៅ​ខាង​ពួក​អ្នក​ដែល​បាន​រាប់​ហើយ នោះ​ត្រូវ​បង់​ថ្លៃ​៥​កាក់​ម្នាក់​គ្រប់ៗ​គ្នា តាម​ប្រាក់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​១​រៀល​ត្រូវ​ជា​១០​កាក់ ឯ​៥​កាក់​នេះ​ជា​ដង្វាយ​ថ្វាយ​ព្រះយេហូវ៉ា ១៤ ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​រាប់​ក្នុង​បញ្ជី តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ត្រូវ​បង់​ថ្លៃ​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះយេហូវ៉ា​គ្រប់ៗ​គ្នា ១៥ អ្នក​មាន​មិន​ត្រូវ​បង់​ឲ្យ​លើស​ទៅ ហើយ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​ឲ្យ​ខ្វះ​ពី​៥​កាក់ សំរាប់​ជា​ដង្វាយ​ថ្វាយ​ព្រះយេហូវ៉ា ដើម្បី​នឹង​លោះ​ខ្លួន​នោះ​ដែរ ១៦ ត្រូវ​ឲ្យ​ទទួល​ប្រាក់​លោះ​ខ្លួន​នោះ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល សំរាប់​ការងារ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​បាន​ទុក​ជា​សេចក្តី​រំឭក របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ចំពោះ​ព្រះយេហូវ៉ា សំរាប់​ជា​ដង្វាយ​លោះ​ខ្លួន។
អាង​សំរាប់​ពិធី​ជំរះ​កាយ
១៧ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ១៨ ត្រូវ​ឲ្យ​ធ្វើ​ចាន​ក្លាំ និង​ជើង​ពី​លង្ហិន សំរាប់​ការ​លាង​សំអាត ហើយ​ត្រូវ​ដាក់​នៅ​ទី​ពាក់​កណ្តាល​ត្រសាល​ជំនុំ​នឹង​អាសនា រួច​ត្រូវ​ដាក់​ទឹក​ចុះ ១៩ នោះ​អើរ៉ុន និង​ពួក​កូន​លោក នឹង​លាង​ដៃ​លាង​ជើង​នៅ​ត្រង់​នោះ ២០ កាល​ណា​គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​គេ​លាង​នឹង​ទឹក​នោះ ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​កាល​ណា​ចូល​ទៅ​ជិត​អាសនា ដើម្បី​ធ្វើ​ការងារ ឬ​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា ២១ នោះ​គេ​ត្រូវ​លាង​ដៃ​លាង​ជើង​ដែរ ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់ នេះ​ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប​ជានិច្ច ដល់​អើរ៉ុន និង​ពូជពង្ស​លោក​អស់​ទាំង​ដំណ​ត​រៀង​ទៅ។
ប្រេង​ដ៏​សក្ការៈ
២២ ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ទៀត​ថា ២៣ ចូរ​ឲ្យ​យក​គ្រឿង​ក្រអូប​យ៉ាង​វិសេស គឺ​ជា​ជ័រ​ល្វីងទេស​សុទ្ធ​៥០០​ដំឡឹង សម្បុរ​ល្វែង​ក្រអូប​ពាក់​កណ្តាល គឺ​២៥០​ដំឡឹង ឫស​កន្ធាយ​២៥០​ដំឡឹង ២៤ និង​កំញាន​៥០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ហើយ​និង​ប្រេង​អូលីវ​៨​កំប៉ុង ២៥ ត្រូវ​លាយ​ចំរុះ​គ្នា​ធ្វើ​ជា​ប្រេង​សំរាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ ដែល​បាន​ចំរុះ​លាយ​គ្នា​តាម​វិធី​ធ្វើ​នៃ​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​សំរាប់​ជា​ប្រេង​ចាក់​លាប​យ៉ាង​បរិសុទ្ធ ២៦ ត្រូវ​យក​ប្រេង​នេះ ចាក់​លាប​ត្រសាល​ជំនុំ ហិប​នៃ​សេចក្តី​បន្ទាល់ ២៧ តុ ហើយ​នឹង​គ្រឿង​ប្រដាប់​នៃ​តុ​ទាំង​ប៉ុន្មាន ជើង​ចង្កៀង និង​គ្រឿង​ប្រដាប់​នៃ​ចង្កៀង​ទាំង​អំបាលម៉ាន អាសនា​គ្រឿង​ក្រអូប ២៨ អាសនា​ដង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាសនា​នោះ​ទាំង​ប៉ុន្មាន ហើយ​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ​ផង ២៩ ត្រូវ​ឲ្យ​ញែក​របស់​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​ជា​ទី​បំផុត ឯ​របស់​អ្វី​ដែល​ប៉ះ​នឹង​របស់​ទាំង​នោះៗ​នឹង​បាន​បរិសុទ្ធ​ដែរ ៣០ រួច​ត្រូវ​ឲ្យ​ចាក់​ប្រេង​លើ​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​ដល់​អញ ៣១ ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ប្រេង​នេះ​ត្រូវ​ទុក​ជា​ប្រេង​សំរាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ​ដល់​អញ នៅ​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ទៅ ៣២ មិន​ត្រូវ​យក​ប្រេង​នេះ​ចាក់​លើ​ខ្លួន​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​ផ្សំ​គ្រឿង​តាម​កំណត់​នេះ​នឹង​ធ្វើ​ឲ្យ​ដូច​ដែរ ដ្បិត​ប្រេង​នេះ​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​ជា​បរិសុទ្ធ​ដែរ ៣៣ អ្នក​ណា​ដែល​នឹង​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ដទៃ នោះ​នឹង​ត្រូវ​កាត់កាល់​ពី​សាសន៍​ខ្លួន​ចេញ។
គ្រឿង​ក្រអូប​ដ៏​សក្ការៈ
៣៤ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ចូរ​យក​គ្រឿង​ក្រអូប​ទាំង​នេះ គឺ​ពុំ​សែន​ទេស សន្ទះ​ក្រអូប ហើយ​កប៌ូរ និង​កំញាន​សុទ្ធ​ស្មើ​គ្នា ៣៥ ត្រូវ​ផ្សំ​គ្នា​ធ្វើ​ជា​គ្រឿង​ក្រអូប តាម​វិធី​របស់​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទាំង​បង់​អំបិល​ផង នេះ​ជា​គ្រឿង​ក្រអូប​ស្អាត ហើយ​បរិសុទ្ធ ៣៦ ត្រូវ​យក​ខ្លះ​លំអិត​ឲ្យ​ម៉ដ្ត នាំ​ទៅ​ដាក់​នៅ​មុខ​ទី​បន្ទាល់​ក្នុង​ត្រសាល​ជំនុំ​ជា​កន្លែង​ដែល​អញ​មក​ជួប​នឹង​ឯង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​គ្រឿង​នេះ​ជា​បរិសុទ្ធ​ជា​ទី​បំផុត ៣៧ កុំ​ឲ្យ​ផ្សំ​គ្រឿង​តាម​កំណត់​នេះ នឹង​ធ្វើ​ឲ្យ​ដូច​គ្រឿង​ក្រអូប​នេះ​សំរាប់​ឯង​ឡើយ ឯង​រាល់​គ្នា​ត្រូវ​រាប់​គ្រឿង​នេះ​ជា​បរិសុទ្ធ សំរាប់​តែ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ៣៨ បើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ដូច​នឹង​គ្រឿង​ក្រអូប​នេះ ទុក​សំរាប់​នឹង​ហិត នោះ​នឹង​ត្រូវ​កាត់កាល់​ពី​សាសន៍​ខ្លួន​ចេញ។