១៤
អ៊ីស្រាអែល​ត្រូវ​តែ​បោះបង់​ចោល​ព្រះ​ក្លែងក្លាយ
១ គ្រា​នោះ មាន​ពួក​ចាស់ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ខ្លះ​មក​ឯ​ខ្ញុំ ហើយ​ក៏​អង្គុយ​នៅ​ចំពោះ​មុខ​ខ្ញុំ ២ នោះ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា ៣ កូន​មនុស្ស​អើយ​ពួក​អ្នក​ទាំង​នេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅ​ក្នុង​ចិត្ត​ខ្លួន ក៏​បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើ​ទុច្ចរិត​ខ្លួន នៅ​ចំពោះ​មុខ​ហើយ ដូច្នេះ តើ​គួរ​ឲ្យ​គេ​មក​សួរ​អញ​ឬ​អី ៤ ចូរ​ឯង​ប្រាប់​ដល់​គេ​ថា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ឯ​អស់​អ្នក​ណា​នៅ​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ដែល​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ហើយ​ដាក់​ហេតុ​ចំពប់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ដូច្នេះ រួច​មក​រក​ហោរា នោះ​អញ​នេះ​គឺ​ព្រះយេហូវ៉ា នឹង​ឆ្លើយ​ដល់​គេ​តាម​ចំនួន​រូប​ព្រះ​របស់​គេ​វិញ ៥ ដើម្បី​ឲ្យ​អញ​បាន​ចាប់​ទោស​ពួក​វង្ស​អ៊ីស្រាអែល ដោយ​នូវ​ចិត្ត​របស់​ខ្លួន​គេ ពី​ព្រោះ​គេ​សុទ្ធ​តែ​ព្រាត់ប្រាស​ពី​អញ​ដោយសារ​រូប​ព្រះ​របស់​គេ​ទាំង​អស់​ហើយ។
៦ ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ចូរ​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​រូប​ព្រះ​របស់​ឯង​រាល់​គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​រាល់​គ្នា​ចុះ ៧ ដ្បិត ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ឬ​ក្នុង​ពួក​អ្នក​ដទៃ ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ដែល​ញែក​ខ្លួន​ចេញ​ពី​អញ ហើយ​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ព្រម​ទាំង​ដាក់​ហេតុ​ចំពប់​នៃ​សេចក្តី​ទុច្ចរិត​របស់​ខ្លួន​ចំពោះ​មុខ​ដូចេ្នះ រួច​នឹង​មក​រក​ហោរា ដើម្បី​សួរ​អញ​ពី​ដំណើរ​ខ្លួន នោះ​អញ​នេះ គឺ​ព្រះយេហូវ៉ា អញ​នឹង​ឆ្លើយ​ដល់​អ្នក​នោះ ដោយ​ខ្លួន​អញ ៨ ហើយ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​ធ្វើ​ឲ្យ​ជា​ទី​ស្រឡាំងកាំង ជា​ទី​សំគាល់ និង​ជា​ពាក្យ​ទំនៀម អញ​ក៏​នឹង​កាត់​អ្នក​នោះ​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត ៩ បើ​ហោរា​ណា​ត្រូវ​បញ្ឆោត ហើយ​បាន​បញ្ចេញ​ពាក្យ​ណា​នោះ គឺ​ព្រះយេហូវ៉ា អញ​នេះ​ហើយ ដែល​បាន​បញ្ឆោត​គេ ហើយ​អញ​នឹង​លូក​ដៃ​ទៅ​លើ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ចេញ​ពី​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ទៅ​ផង ១០ គេ​នឹង​ត្រូវ​ទ្រាំទ្រ​ចំពោះ​សេចក្តី​ទុច្ចរិត​របស់​ខ្លួន ឯ​សេចក្តី​ទុច្ចរិត​របស់​ហោរា​នោះ​នឹង​បាន​ដូច​ជា​សេចក្តី​ទុច្ចរិត របស់​អ្នក​ដែល​រក​គេ​ដែរ ១១ ដើម្បី​កុំ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​វង្វេង​ចេញ​ពី​អញ ឬ​នាំ​ឲ្យ​ខ្លួន​បាន​ស្មោកគ្រោក ដោយ​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទៀត​ឡើយ គឺ​ឲ្យ​គេ​បាន​ធ្វើ​ជា​រាស្ត្រ​អញ​វិញ ហើយ​ឲ្យ​អញ​បាន​ជា​ព្រះ​របស់​គេ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា។
ទោស​ដែល​អ៊ីស្រាអែល​ត្រូវ​តែ​ទទួល
១២ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា ១៣ កូន​មនុស្ស​អើយ បើ​ស្រុក​ណា​ធ្វើ​បាប​នឹង​អញ ដោយ​ប្រព្រឹត្ត​រំលង​អ្វី រួច​អញ​លូក​ដៃ​ទៅ​លើ​គេ ឲ្យ​ផ្តាច់​ស្បៀង​អាហារ​ហើយ​ឲ្យ​គេ​កើត​មាន​សេចក្តី​អំណត់ ព្រម​ទាំង​កាត់​មនុស្ស និង​សត្វ​ចេញ​ពី​ស្រុក​នោះ​ផង ១៤ នោះ​ព្រះអម្ចាស់យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ថា ទោះ​បើ​មនុស្ស​ទាំង​៣​នាក់​នេះ គឺ​ណូអេ ដានីយ៉ែល និង​យ៉ូប បាន​នៅ​ក្នុង ស្រុក​នោះ គង់​តែ​សេចក្តី​សុចរិត​របស់​អ្នក​ទាំង​នោះ​នឹង​ជួយ​បាន​តែ​ព្រលឹង​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ​ទេ ១៥ បើ​កាល​ណា​អញ​ឲ្យ​សត្វ​កំណាច​មក​នៅ​ក្នុង​ស្រុក​នោះ ហើយ​វា​សំឡាប់​មនុស្ស​ទៅ ឲ្យ​ស្រុក​នោះ​នៅ​ជា​ស្ងាត់ច្រៀប ដល់​ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​នោះ​ឡើយ ដោយ​ព្រោះ​សត្វ​ទាំង​នោះ​ឯង ១៦ នោះ​ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​មនុស្ស​ទាំង​៣​នាក់​នោះ​នៅ​ក្នុង​ស្រុក​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន​ឲ្យ​រួច​មិន​បាន​ដែរ រួច​បាន​តែ​ខ្លួន​គេ​ប៉ុណ្ណោះ តែ​ឯ​ស្រុក​នោះ​នឹង​ត្រូវ​ចោល​ស្ងាត់​វិញ ១៧ ឬ​បើសិន​ជា​អញ​នាំ​ដាវ​មក​លើ​ស្រុក​នោះ ដោយ​បង្គាប់​ថា ដាវ​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ចុះ ហើយ​អញ​កាត់​ទាំង​មនុស្ស​នឹង​សត្វ​ចេញ​ពី​នោះ​ផង ១៨ នោះ​ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​មនុស្ស​ទាំង​៣​នាក់​នោះ​នៅ​ក្នុង​ស្រុក​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ រួច​បាន​តែ​ខ្លួន​គេ​ប៉ុណ្ណោះ ១៩ ឬ​បើសិន​ជា​អញ​នឹង​ចាត់​ប្រើ​អាសន្នរោគ​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ចាក់​សេចក្តី​ឃោរឃៅ​របស់​អញ​ចេញ​ទៅ​លើ​ស្រុក​នោះ ដោយ​កំចាយ​ឈាម ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង ២០ នោះ​ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​ណូអេ ដានីយ៉ែល និង​យ៉ូប​បាន​នៅ​ក្នុង​ស្រុក​នោះ​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ គឺ​សេចក្តី​សុចរិត​របស់​អ្នក​ទាំង​នោះ នឹង​ជួយ​បាន​ព្រលឹង​របស់​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ។
២១ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​ចាត់​ប្រើ​សេចក្តី​វេទនា​ទាំង​៤​យ៉ាង​នេះ ទៅ​លើ​ក្រុង​យេរូសាឡិម គឺ​ជា​ដាវ ជា​អំណត់​អត់ ជា​សត្វ​សាហាវ និង​អាសន្នរោគ ដើម្បី​នឹង​កាត់​ទាំង​មនុស្ស​នឹង​សត្វ​ចេញ​ផង នោះ​តើ​នឹង​បាន​តឹង​ជាង​អម្បាលម៉ាន​ទៅ​ទៀត ២២ ប៉ុន្តែ​មើល នឹង​មាន​សំណល់​សល់​នៅ​ក្នុង​ក្រុង​នោះ គេ​នឹង​ត្រូវ​នាំ​ចេញ​មក ទាំង​ប្រុស​ទាំង​ស្រី មើល គេ​នឹង​ចេញ​មក​ឯ​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ឃើញ​ផ្លូវ និង​អំពើ​របស់​គេ​រួច​ឯង​នឹង​បាន​ក្សាន្ត​ចិត្ត ពី​ដំណើរ​ការ​អាក្រក់ ដែល​អញ​បាន​ទំលាក់​ទៅ​លើ​ក្រុង​យេរូសាឡិម គឺ​ពី​គ្រប់​ទាំង​ការ​ដែល​អញ​បាន​នាំ​ទៅ​លើ​ក្រុង​នោះ ២៣ គេ​នឹង​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា ដោយ​ឯង​ឃើញ​ផ្លូវ និង​អំពើ​ដែល​គេ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ហើយ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ការ​ដែល​អញ​បាន​ធ្វើ​ដល់​គេ នោះ​មិន​មែន​ដោយ​ឥត​ហេតុ​ទេ នោះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា។