១៥
អ៊ីស្រាអែលប្រៀបបាននឹងឧសដែលគេដុត
១ រួចព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា ២ កូនមនុស្សអើយ តើដើមទំពាំងបាយជូរវិសេសជាងដើមឈើណាទៀត ឬមែកឈើណានៅក្នុងព្រៃផង ៣ តើយកសាច់ឈើវាទៅធ្វើអ្វីបានឬ តើមនុស្សនឹងយកកំណាត់១បោះភ្ជាប់សំរាប់ព្យួរប្រដាប់ណាបានឬ ៤ មើល គេបោះទៅក្នុងភ្លើងទុកជាឱសវិញ ភ្លើងក៏ឆេះចុងសងខាង ហើយកណ្តាលក៏ឆេះដែរ តើមានប្រយោជន៍នឹងធ្វើការអ្វីបានឬទេ ៥ មើល កាលនៅជាទាំងមូលនៅឡើយ ក៏ប្រើធ្វើការអ្វីមិនបានទៅហើយ ចំណង់បើកាលណាភ្លើងបានឆេះអស់ទៅ សល់នៅតែរងើកប៉ុណ្ណោះ នោះតើនឹងប្រើការអ្វីណាបាន ៦ ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯដើមទំពាំងបាយជូរក្នុងពួកដើមឈើនៅព្រៃទាំងប៉ុន្មាន ដែលអញបានប្រគល់ដល់ភ្លើងទុកជាឱសយ៉ាងណា នោះអញនឹងប្រគល់ពួកក្រុងយេរូសាឡិមទៅយ៉ាងនោះដែរ ៧ ហើយអញនឹងតាំងមុខទាស់នឹងគេ គេនឹងចេញពីភ្លើង១ តែភ្លើង១ទៀតនឹងឆេះគេទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញតាំងមុខទាស់នឹងគេ ៨ អញនឹងធ្វើឲ្យស្រុកនេះត្រូវចោលស្ងាត់ ដោយព្រោះគេបានប្រព្រឹត្តរំលង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។