២៥
ព្រះបន្ទូលស្តីអំពីប្រជាជាតិនានា ព្រះបន្ទូលប្រឆាំងនឹងជនជាតិអាំម៉ូន
១ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា ២ កូនមនុស្សអើយ ចូរដំរង់មុខឯងទៅខាងពួកកូនចៅអាំម៉ូនទាយពីដំណើរគេចុះ ៣ ហើយប្រាប់ដល់ពួកកូនចៅអាំម៉ូនថា ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងបានថា ហាស់ហា ទាស់នឹងទីបរិសុទ្ធរបស់អញ ក្នុងកាលដែលត្រូវបង្អាប់នោះ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាល ដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង ៤ ហេតុនោះមើល អញនឹងប្រគល់ឯងដល់ពួកកូនចៅស្រុកខាងកើតទុកជាកេរអាករ គេនឹងតាំងបន្ទាយ ហើយធ្វើទីលំនៅរបស់គេនៅក្នុងឯង គេនឹងស៊ីផល ហើយផឹកទឹកដោះសត្វរបស់ឯង ៥ អញនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសំរាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសំរាប់ឲ្យហ្វូងចៀមដេកនៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ៦ ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្តីរីករាយ ដោយគ្រប់ទាំងសេចក្តីមើលងាយនៅក្នុងចិត្តឯងចំពោះស្រុកអ៊ីស្រាអែល ៧ ហេតុនោះមើល អញបានលូកដៃទៅលើឯងហើយ អញនឹងប្រគល់ឯងទៅសំរាប់ជារបឹបដល់សាសន៍ដទៃ អញនឹងកាត់ឯងចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យឯងវិនាសបាត់ពីអស់ទាំងប្រទេសទៅ អញនឹងបំផ្លាញឯងបង់នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិម៉ូអាប់
៨ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះស្រុកម៉ូអាប់ និងស្រុកសៀរពោលថា មើល ពួកវង្សយូដាគេក៏ដូចជាអស់ទាំងសាសន៍ដែរ ៩ ហេតុនោះ មើល អញនឹងបើកស្រុកម៉ូអាប់ ឲ្យចំហខាងទីក្រុងទាំងប៉ុន្មានរបស់គេ ដែលនៅក្បែរព្រំដែនគេ ជាទីរុងរឿងឧត្តមរបស់ស្រុកនោះ គឺក្រុងបេត-យេស៊ីម៉ូត ក្រុងបាល-មេយ៉ូន និងក្រុងគារយ៉ាថែម ១០ ដល់ពួកកូនចៅនៅស្រុកខាងកើត ដើម្បីឲ្យគេបានទៅទាស់នឹងពួកកូនចៅអាំម៉ូន ហើយអញនឹងឲ្យស្រុកនោះដល់គេ ទុកជាកេរអាករ ដើម្បីនឹងបំបាត់សេចក្តីនឹកចាំពីពួកកូនចៅអាំម៉ូន ពីកណ្តាលអស់ទាំងសាសន៍ទៅ ១១ អញនឹងសំរេចតាមសេចក្តីយុត្តិធម៌ ដល់សាសន៍ម៉ូអាប់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិអេដំម
១២ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ដោយព្រោះពួកសាសន៍អេដំម បានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ ១៣ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងលូកដៃទៅលើស្រុកអេដំមដែរ ក៏នឹងកាត់ទាំងមនុស្ស និងសត្វចេញទៅផង ហើយនឹងធ្វើឲ្យស្រុកនោះស្ងាត់ច្រៀប ចាប់តាំងពីក្រុងថេម៉ាន ទៅដល់ដេដាន់ គេនឹងដួលស្លាប់ដោយដាវ ១៤ អញនឹងផ្តល់ការសងសឹករបស់អញ ទៅលើសាសន៍អេដំម ដោយសារដៃនៃអ៊ីស្រាអែល ជារាស្ត្រអញ ដែលនឹងធ្វើដល់សាសន៍អេដំម តាមសេចក្តីកំហឹង និងសេចក្តីក្រេវក្រោធរបស់អញ នោះគេនឹងស្គាល់សេចក្តីសងសឹករបស់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិភីលីស្ទីន
១៥ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ដោយព្រោះសាសន៍ភីលីស្ទីនបានប្រព្រឹត្តដោយការសងសឹក គឺបានសងសឹកតប ដោយសេចក្តីមើលងាយនៅក្នុងចិត្តគេ ដើម្បីនឹងបំផ្លាញ ដោយចងគំនុំជាប់តមកជានិច្ច ១៦ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងលូកដៃទៅលើសាសន៍ភីលីស្ទីន អញនឹងកាត់ពួកកេរេធីមចេញ ព្រមទាំងបំផ្លាញសំណល់មនុស្សដែលនៅសល់តាមឆ្នេរសមុទ្រផង ១៧ អញនឹងសំរេចការសងសឹកយ៉ាងធំដល់គេ ដោយសេចក្តីផ្ចាញ់ផ្ចាលដ៏ក្តៅក្រហាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញទំលាក់សេចក្តីសងសឹកទៅលើគេ។