២៦
ព្រះបន្ទូលប្រឆាំងនឹងក្រុងទីរ៉ុស
១ លុះដល់ថ្ងៃដើមខែនោះ ក្នុងឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា ២ កូនមនុស្សអើយ ដោយព្រោះក្រុងទីរ៉ុសបានពោលទាស់នឹងក្រុងយេរូសាឡិមថា ហាស់ហា ទីក្រុងដែលជាទ្វារនៃអស់ទាំងសាសន៍ត្រូវបាក់បែក វាបានវិលមកឯអញហើយ ឥឡូវនេះអញនឹងបានពោរពេញឡើង ដោយវាខូចបង់ ៣ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ម្នាលទីរ៉ុសអើយ អញទាស់នឹងឯង អញនឹងបណ្តាលឲ្យសាសន៍ជាច្រើនឡើងមកទាស់នឹងឯង ដូចជាសមុទ្រកំរើករលកឡើងដែរ ៤ គេនឹងបំផ្លាញកំផែងនៃក្រុងទីរ៉ុស ហើយនឹងរំលំប៉មទាំងប៉ុន្មានផង អញនឹងគាស់យកទាំងធូលីដីចេញទៅ ឲ្យទីក្រុងនោះនៅជាថ្មដារលីង ៥ នោះនឹងបានជាកន្លែងសំរាប់ហាលអួននៅកណ្តាលសមុទ្រ ដ្បិតអញបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ដូច្នេះ ទីក្រុងនោះនឹងត្រឡប់ជារបឹបដល់អស់ទាំងសាសន៍ ៦ ឯកូនស្រីទាំងប៉ុន្មានរបស់វាដែលនៅឯចំការនឹងត្រូវស្លាប់ដោយដាវ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
៧ ដ្បិត ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន ជាស្តេចលើអស់ទាំងស្តេច មកពីទិសខាងជើង មានទាំងសេះ រទេះចំបាំង ពលសេះ កងទ័ព និងមនុស្សសន្ធឹកផង ឲ្យទាស់នឹងក្រុងទីរ៉ុស ៨ វានឹងសំឡាប់កូនស្រីឯងទាំងប៉ុន្មាន ដោយដាវនៅឯចំការ វានឹងធ្វើបន្ទាយ ហើយជីកស្នាមភ្លោះ ព្រមទាំងលើកខែលទាស់នឹងឯង ៩ វានឹងតាំងគ្រឿងបុកទំលាយកំផែង ហើយនឹងរំលំប៉មរបស់ឯង ដោយប្រដាប់របស់វា ១០ សេះយ៉ាងសន្ធឹករបស់គេនឹងធ្វើឲ្យធូលីហុយឡើងគ្របលើឯង កំផែងរបស់ឯងនឹងញ័រ ដោយសូរសន្ធឹកនៃពលសេះ រទេះ និងយន្តចំបាំងទាំងប៉ុន្មានរបស់គេ ក្នុងកាលដែលគេចូលទៅតាមទ្វារក្រុងរបស់ឯង ដូចជាចូលទៅក្នុងទីក្រុងណា ដែលគេបានរំលំកំផែងហើយ ១១ អស់ទាំងផ្លូវរបស់ឯងនឹងត្រូវប៉ន់ទៅ ដោយក្រចកសេះរបស់គេ គេនឹងសំឡាប់ជនជាតិឯងដោយដាវ ឯអស់ទាំងបង្គោលថ្មនៃកំឡាំងឯង នឹងត្រូវរំលំដល់ដី ១២ គេនឹងរឹបជាន់យកទ្រព្យសម្បត្តិរបស់ឯង ហើយជញ្ជែងយកទំនិញទាំងប៉ុន្មានផង គេនឹងបំបែករំលំកំផែង ហើយបំផ្លាញអស់ទាំងផ្ទះ ជាទីរីករាយរបស់ឯង គេនឹងចាក់អស់ទាំងថ្ម និងឈើ ហើយធូលីដីរបស់ឯងទៅក្នុងទឹក ១៣ អញនឹងធ្វើឲ្យបាត់ឮសូរចំរៀងរបស់ឯង ហើយនឹងឥតមានឮសូរស៊ុងនៅក្នុងឯងទៀតឡើយ ១៤ អញនឹងធ្វើឲ្យឯងទៅជាថ្មដារលីង ឯងនឹងបានជាកន្លែងសំរាប់ហាលអួន និងគ្មានអ្នកណាសង់ឡើងវិញ នៅជាដរាបតទៅ ដ្បិតគឺអញនេះ ជាព្រះយេហូវ៉ា បានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
១៥ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ក្រុងទីរ៉ុសដូច្នេះថា ពិតប្រាកដជាអស់ទាំងកោះនឹងញ័ររន្ធត់ ដោយឮសូរឯងដួល និងដំងូរនៃមនុស្សដែលត្រូវរបួស ក្នុងកាលដែលសំរេចការសំឡេះយ៉ាងធំនៅកណ្តាលឯង ១៦ គ្រានោះ អស់ទាំងសេដ្ឋីជើងសមុទ្រ នឹងចុះពីទីថ្កល់របស់ខ្លួនដោះសំលៀកបំពាក់ចេញ ហើយផ្លាស់អាវប៉ាក់ គេនឹងប្រដាប់ខ្លួនដោយសេចក្តីភ័យខ្លាច ហើយនឹងអង្គុយនៅដីវិញ ដោយញាប់ញ័រជានិច្ច ព្រមទាំងមានសេចក្តីស្រឡាំងកាំង ដោយព្រោះឯងផង ១៧ គេនឹងផ្តើមទួញទំនួញពីឯងដោយពាក្យថា ម្តេចក៏ឯងត្រូវបំផ្លាញយ៉ាងនេះហ្ន៎ ឯងដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រ ជាទីក្រុងមានល្បីល្បាញ ដែលមានអំណាចខាងផ្លូវសមុទ្រ គឺទាំងឯង និងពួកអ្នកនៅក្នុងឯងផង ជាពួកអ្នកដែលធ្វើឲ្យសេចក្តីស្ញែងខ្លាចរបស់ខ្លួននៅទីនោះអើយ ១៨ ឥឡូវនេះ អស់ទាំងកោះនឹងញាប់ញ័រ នៅថ្ងៃដែលឯងដួលនោះ អើ អស់ទាំងកោះនៅសមុទ្រនឹងស្លុតចិត្ត ដោយឯងផុតទៅ។
១៩ ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញបានធ្វើឲ្យឯងទៅជាទីក្រុងស្ងាត់ច្រៀប ដូចជាទីក្រុងណាដែលឥតមានមនុស្សនៅ កាលណាអញបាននាំទីជំរៅមកលើឯង ហើយមានទឹកធំមកគ្របលើឯងហើយ ២០ នោះអញនឹងទំលាក់ឯងទៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដល់ពួកមនុស្សពីបុរាណ ហើយនឹងឲ្យឯងនៅទីជំរៅបំផុតនៃផែនដី ជាកន្លែងស្ងាត់ជ្រងំពីយូរមកហើយ គឺឲ្យនៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដើម្បីមិនឲ្យមានអ្នកណានៅក្នុងឯងទៀតឡើយ តែអញនឹងបំរុងទុកសិរីល្អ សំរាប់ស្ថានរបស់មនុស្សរស់វិញ ២១ អញនឹងតាំងឯងជាសេចក្តីស្ញែងខ្លាច ហើយឲ្យលែងមានទៀត នោះទោះបើគេស្វែងរកឯងក៏ដោយ គង់តែមិនដែលប្រទះឃើញទៀតឡើយ នេះជាព្រះបន្ទូលនៃអម្ចាស់យេហូវ៉ា។