២៧
ទំនួញ​ស្តី​អំពី​ក្រុង​ទីរ៉ុស
១ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា ២ ឯ​ឯង កូន​មនុស្ស​អើយ ចូរ​ផ្តើម​ទួញ​ទំនួញ​ពី​ទី​ក្រុង​ទីរ៉ុស ៣ ត្រូវ​ឲ្យ​ប្រាប់​ដល់​ក្រុង​ទីរ៉ុស​ថា ម្នាល​ឯង​ដែល​នៅ​ត្រង់​ទ្វារ​សមុទ្រ ជា​អ្នក​ជំនួញ​សំរាប់​ជនជាតិ​នៅ​កោះ​ជា​ច្រើន​អើយ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ទីរ៉ុស​អើយ ឯង​បាន​ពោល​ថា អញ​មាន​លំអ​គ្រប់​លក្ខណ៍​ហើយ ៤ ព្រំដែន​របស់​ឯង​នៅ​កណ្តាល​សមុទ្រ ពួក​អ្នក​ដែល​បាន​សង់​ឯង គេ​បាន​ធ្វើ​ឲ្យ​ឯង​មាន​លំអ​ពេញ​ខ្នាត​ហើយ ៥ អស់​ទាំង​ក្តារ​ឯង​សុទ្ធ​តែ​ជា​ឈើ​កកោះ​ពី​ស្រុក​សេនារ គេ​បាន​យក​ដើម​តាត្រៅ​ពី​ព្រៃ​ល្បាណូន​មក ធ្វើ​ជា​ដង​ក្តោង​សំរាប់​ឯង ៦ អស់​ទាំង​ដង​ចែវ​របស់​ឯង​បាន​ធ្វើ​ពី​ឈើ​ម៉ៃសាក់ ស្រុក​បាសាន គេ​បាន​ធ្វើ​ជើងម៉ា​ឯង ពី​ឈើ​គ្រញូង ពី​កោះ​គីទីម ប្រដាប់​ដោយ​ភ្លុក ៧ ស្លាប​ក្តោង​ឯង​ធ្វើ​ពី​សំពត់​ខ្លូតទេស​យ៉ាង​ម៉ដ្ត​ចំរុះ​ដោយ​ប៉ាក់​មក​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​ទុក​ជា​ទង់ជ័យ​ដល់​ឯង ហើយ​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ ពី​កោះ​អេលីសា ធ្វើ​ជា​ពិតាន ៨ ពួក​អ្នក​នៅ​ក្រុង​ស៊ីដូន និង​អើវ៉ាឌ ជា​អ្នក​ចែវ​របស់​ឯង ឱ​ទីរ៉ុស​អើយ ពួក​អ្នក​ប្រាជ្ញ​នៅ​ក្នុង​ឯង គេ​ជា​មេ​ដំរង់​សំពៅ ៩ ពួក​អ្នក​ចាស់ៗ និង​ពួក​អ្នក​ប្រាជ្ញា​ពី​ក្រុង​កេបាល​ក៏​នៅ​ក្នុង​ឯង ទុក​ជា​អ្នក​ពរជ័រ ឯ​អស់​ទាំង​នាវា​នៅ​សមុទ្រ និង​ពួក​ជើង​ឈ្នួល ក៏​នៅ​ក្នុង​ឯង ដើម្បី​លក់​ដូរ​ទំនិញ​របស់​ឯង ១០ មាន​សាសន៍​ពើស៊ី សាសន៍​លូឌ និង​សាសន៍​ពូត​នៅ​ក្នុង​កងទ័ព​របស់​ឯង គឺ​ជា​ពួក​ថ្នឹក​ច្បាំង​របស់​ឯង គេ​បាន​ពាក់​ព្យួរ​ខែល ហើយ​នឹង​មួក​សឹក​នៅ​ក្នុង​ឯង ក៏​នាំ​ឲ្យ​សេចក្តី​លំអ​របស់​ឯង​បាន​កាន់​តែ​រុងរឿង​ឡើង ១១ ពួក​ក្រុង​អើវ៉ាឌ ព្រម​ទាំង​ពួក​កងទ័ព​របស់​ឯង ជា​អ្នក​ការពារ​នៅ​លើ​កំផែង​ជុំវិញ ហើយ​មាន​មនុស្ស​ក្លៀវក្លា​នៅ​ក្នុង​ប៉ម​ទាំង​ប៉ុន្មាន​របស់​ឯង គេ​បាន​ពាក់​ព្យួរ​អស់​ទាំង​ខែល​របស់​គេ​នៅ​ជញ្ជាំង​ជុំវិញ ពួក​នោះ​បាន​ធ្វើ​ឲ្យ​សេចក្តី​លំអ​របស់​ឯង​បាន​ពេញ​ខ្នាត។
ទីរ៉ុស​ជា​ក្រុង​ពាណិជ្ជកម្ម
១២ ពួក​ស្រុក​តើស៊ីស ជា​អ្នក​លក់​ដូរ​នឹង​ឯង ដោយ​ព្រោះ​ឯង​មាន​ទ្រព្យសម្បត្តិ​គ្រប់​មុខ​ជា​បរិបូរ​គេ​ដូរ​ប្រាក់​ដែក ស៊ីវិឡាត និង​សំណ​ឲ្យ​បាន​ទំនិញ​ពី​ឯង ១៣ ពួក​យ៉ាវ៉ាន ពួក​ទូបាល ហើយ​ពួក​មែសេក​ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​ដូរ​ខ្លួន​មនុស្ស ព្រម​ទាំង​គ្រឿង​ប្រដាប់​លង្ហិន​ឲ្យ​បាន​ទំនិញ​របស់​ឯង ១៤ ឯ​ពួក​វង្ស​តូកាម៉ា គេ​ដូរ​សេះ​ជិះ សេះ​ចំបាំង និង​លាកាត់​ឲ្យ​បាន​ទំនិញ​របស់​ឯង ១៥ ពួក​ស្រុក​ដេដាន់​ជា​អ្នក​ជំនួញ​នឹង​ឯង ដៃ​ឯង​បាន​លក់​ដូរ​នៅ​កោះ​ជា​ច្រើន ហើយ​គេ​បាន​ដឹក​ភ្លុក និង​ឈើ​គ្រញូង​មក​ឲ្យ​ឯង​វិញ ១៦ ស្រុក​ស៊ីរី​ក៏​ជា​អ្នក​លក់​ដូរ​នឹង​ឯង​ដែរ ដោយ​ព្រោះ​ស្នាដៃ​ដ៏​បរិបូរ​របស់​ឯង គេ​បាន​ដូរ​កែវ​មរកត សំពត់​ពណ៌​ស្វាយ សំពត់​ប៉ាក់ សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ត ផ្កា​ថ្ម និង​ត្បូង​ទទឹម​ឲ្យ​បាន​ទំនិញ​របស់​ឯង ១៧ ស្រុក​យូដា និង​អ៊ីស្រាអែល គេ​ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​យក​ស្រូវសាលី​ពី​ស្រុក​មីនីត បង្អែម ទឹក​ឃ្មុំ និង​ប្រេង ហើយ​ប្រទាល​មុខសះ​មក​ដូរ​នឹង​ទំនិញ​របស់​ឯង ១៨ ពួក​ដាម៉ាស​ក៏​ជួញ​ប្រែ​នឹង​ឯង​ឲ្យ​បាន​ស្នាដៃ​ដ៏​បរិបូរ​របស់​ឯង ដោយ​ព្រោះ​ឯង​មាន​ទ្រព្យសម្បត្តិ​គ្រប់​មុខ​យ៉ាង​សន្ធឹក គេ​ដូរ​ដោយ​ស្រា​ទំពាំងបាយជូរ​ពី​ស្រុក​ហេលបូន និង​រោម​ចៀម​ស ១៩ ពួក​វេដាន់ និង​យ៉ាវ៉ាន គេ​បាន​ដូរ​អំបោះ​ឲ្យ​បាន​ទំនិញ​ឯង មាន​ទាំង​ដែកថែប កំញាន និង​ឫស​កន្ធាយ នៅ​ក្នុង​ទំនិញ​របស់​ឯង ២០ ស្រុក​ដេដាន់​ធ្វើ​ជំនួញ​នឹង​ឯង ដោយ​សំពត់​មាន​ដំឡៃ​សំរាប់​ជិះ​សេះ ២១ ស្រុក​អារ៉ាប់ ហើយ​ពួក​ចៅហ្វាយ​នៅ​ស្រុក​កេដារ​ទាំង​ប៉ុន្មាន ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​លក់​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ដល់​ឯង ២២ ពួក​ឈ្នួញ​ពី​ស្រុក​សេបា ហើយ​ពី​ស្រុក​រ៉ាម៉ា ជា​អ្នក​ជួញ​ប្រែ​នឹង​ឯង គេ​បាន​យក​គ្រឿង​ម្ហូប​យ៉ាង​វិសេស ថ្ម​មាន​ដំឡៃ​គ្រប់​មុខ និង​មាស​ដូរ​នឹង​ទំនិញ​របស់​ឯង ២៣ ស្រុក​ខារ៉ាន ស្រុក​កាននេ និង​ស្រុក​អេដែន ព្រម​ទាំង​ពួក​ឈ្នួញ​នៃ​ស្រុក​សេបា អាសស៊ើរ និង​គីលម៉ាឌ ជា​អ្នក​ធ្វើ​ជំនួញ​នឹង​ឯង ២៤ ពួក​ទាំង​នេះ​បាន​យក​ទំនិញ​យ៉ាង​ល្អ វេច​ដោយ​សំពត់​ពណ៌​ខៀវ​ហើយ​ប៉ាក់ និង​សំលៀកបំពាក់​មាន​ដំឡៃ​ដាក់​ចុះ​ក្នុង​ហិប​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​ចង​ដោយ​ខ្សែ មក​លក់​ដូរ​នឹង​ឯង ២៥ អស់​ទាំង​នាវា​ស្រុក​តើស៊ីស​ជា​ពួក​ដឹក​ទំនិញ​ឯង ឯង​បាន​ចំរើន​ជា​ពោរពេញ​ឡើង ហើយ​បាន​ថ្កុំថ្កើង​យ៉ាង​ក្រៃលែង​នៅ​កណ្តាល​សមុទ្រ​នោះ។
ទំនួញ​ស្តី​អំពី​ក្រុង​ទីរ៉ុស (ត)
២៦ ពួក​អ្នក​ចែវ​របស់​ឯង គេ​បាន​នាំ​ឯង​ទៅ​ក្នុង​ទឹក​ធំ ខ្យល់​ពី​ទិស​ខាង​កើត​បាន​ធ្វើ​ឲ្យ​ឯង​បែក​ធ្លាយ នៅ​កណ្តាល​សមុទ្រ ២៧ អស់​ទាំង​ទ្រព្យសម្បត្តិ និង​របស់​លក់​ដូរ ហើយ​ទំនិញ​របស់​ឯង ព្រម​ទាំង​ពួក​ជើង​ឈ្នួល ពួក​នាយ​សំពៅ ពួក​បិទ​ពរ និង​ពួក​អ្នក​លក់​ដូរ​ទំនិញ​របស់​ឯង ហើយ​ពួក​ទាហាន​ដែល​នៅ​ក្នុង​ឯង និង​បណ្តាជន​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្តាល​ឯង គេ​នឹង​ត្រូវ​លិច​លង់​នៅ​ផ្ទៃ​សមុទ្រ ក្នុង​ថ្ងៃ​ដែល​ឯង​ត្រូវ​អន្តរាយ​នោះ ២៨ កាល​ណា​សូរ​សំរែក​នៃ​ពួក​នាយ​របស់​ឯង​បាន​ឮ​ឡើង នោះ​ដំបន់​នៅ​ជុំវិញ​នឹង​ញ័រ​រន្ធត់​ដែរ ២៩ ហើយ​ពួក​អ្នក​ចែវ​ទាំង​ប៉ុន្មាន ពួក​ជើង​ឈ្នួល និង​ពួក​នាយ​សំពៅ​តាម​ផ្លូវ​សមុទ្រ គេ​នឹង​ឡើង​ពី​នាវា​របស់​គេ​មក​ឈរ​នៅ​លើ​ច្រាំង ៣០ គេ​នឹង​បន្លឺ​សំឡេង​ឡើង​ឲ្យ​ឮ​គ្រប​លើ​ឯង គេ​នឹង​យំ​ខ្សឹកខ្សួល ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ដេក​ននៀល​នៅ​ក្នុង​ផែះ ៣១ គេ​នឹង​កោរ​សក់​ដោយ​ព្រោះ​ឯង ព្រម​ទាំង​ស្លៀកពាក់​ធ្មៃ ហើយ​យំ​ស្តាយ​ឯង ដោយ​ចិត្ត​ជូរ​ចត់ ហើយ​ដោយ​ទំនួញ​យ៉ាង​ខ្សឹកខ្សួល ៣២ កាល​គេ​កំពុង​តែ​ទ្រហោយំ នោះ​គេ​នឹង​ចាប់​ផ្តើម​ទួញ​ទំនួញ​ដោយ​ព្រោះ​ឯង គេ​នឹង​ទួញ​ថា តើ​មាន​អ្នក​ណា​ដូច​ជា​ទីរ៉ុស ដែល​ត្រូវ​បំផ្លាញ​នៅ​កណ្តាល​សមុទ្រ​ដូច្នេះ ៣៣ កាល​ទំនិញ​ឯង​បាន​ចេញ​ទៅ​តាម​ផ្លូវ​សមុទ្រ នោះ​ឯង​បាន​ចំអែត​ដល់​សាសន៍​ជា​ច្រើន ឯង​បាន​ធ្វើ​ឲ្យ​ពួក​ស្តេច​នៅ​ផែនដី​មាន​ជា​ច្រើន​ឡើង ដោយសារ​ទ្រព្យសម្បត្តិ និង​ទំនិញ​ដ៏​បរិបូរ​របស់​ឯង ៣៤ នៅ​គ្រា​ដែល​ឯង​ត្រូវ​សមុទ្រ​បំបែក​ទំលាយ​នៅ​ទី​ជំរៅ​ទឹក នោះ​ទំនិញ​ឯង ហើយ​ពួក​ឯង​ទាំង​ប៉ុន្មាន​បាន​ធ្លាក់​ទៅ​នៅ​កណ្តាល​ឯង​ផង ៣៥ អស់​ពួក​អ្នក​នៅ​កោះ​ទាំង​ប៉ុន្មាន​មាន​សេចក្តី​អស្ចារ្យ​ពី​ដំណើរ​ឯង ហើយ​ពួក​ស្តេច​គេ​បាន​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​មាន​មុខ​ស្រងូត ៣៦ ពួក​អ្នក​ជំនួញ​នៅ​អស់​ទាំង​សាសន៍ គេ​ធ្វើ​ស៊ីសស៊ូស​ឲ្យ​ឯង ឯង​បាន​ត្រឡប់​ជា​ទី​ស្ញែងខ្លាច ហើយ​នឹង​លែង​មាន​ជា​ដរាប​ត​ទៅ។