៣២
ទំនួញ​ស្រណោះ​ស្តេច និង​ប្រជាជន​ស្រុក​អេស៊ីប
១ លុះ​ដល់​ថ្ងៃ​ទី​១ ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​១២ នោះ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា ២ កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​ប្រាប់​វា​ថា ពី​ដើម​ឯង​ប្រៀប​ដូច​ជា​សិង្ហ​ស្ទាវ​របស់​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ដូច​ជា​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ ឯង​បាន​ធ្លាយ​ចេញ​មក​ជា​មួយ​នឹង​ទន្លេ​ទាំង​ប៉ុន្មាន​របស់​ឯង ហើយ​បាន​ធ្វើ​ឲ្យ​ទឹក​ខ្វល់​ឡើង​ដោយ​ជើង​ឯង ព្រម​ទាំង​ឲ្យ​ទន្លេ​គេ​ល្អក់​ទាំង​អស់​ផង ៣ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា អញ​នឹង​លាតលប់​អញ​គ្រប​លើ​ឯង ដោយសារ​ហ្វូង​មនុស្ស​យ៉ាង​ធំ គេ​នឹង​ទាញ​ឯង​ឡើង​មក​ជាប់​ក្នុង​លប់​របស់​អញ ៤ នោះ​អញ​នឹង​ទុក​ឯង​ចោល​នៅ​លើ​ដី​គោក អញ​នឹង​បោះ​ឯង​ចោល​ទៅ​នៅ​ទី​វាល​ទទេ ហើយ​នឹង​ឲ្យ​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន មក​ទំ​លើ​ឯង​ក៏​នឹង​ចំអែត​សត្វ​នៅ​ដី​ទាំង​មូល​ដោយសារ​ឯង​ដែរ ៥ អញ​នឹង​ដាក់​សាច់​ឯង​នៅ​លើ​ភ្នំ ហើយ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ដោយ​គំនរ​សាកសព​ឯង​ដែរ ៦ អញ​នឹង​ស្រោច​ផែនដី ជា​កន្លែង​ឯង​ហែល​ទឹក​នោះ ដោយ​ឈាម​របស់​ឯង រហូត​ដល់​អស់​ទាំង​ភ្នំ​ផង ហើយ​ទាំង​ផ្លូវ​ទឹក​នឹង​បាន​ពេញ​ដោយ​ឯង​ដែរ ៧ កាល​ណា​អញ​ពន្លត់​ឯង នោះ​អញ​នឹង​បាំង​ផ្ទៃ​មេឃ ហើយ​ធ្វើ​ឲ្យ​ផ្កាយ​ងងឹត​ទៅ អញ​នឹង​បាំង​ថ្ងៃ​ដោយ​ពពក ហើយ​ខែ​នឹង​លែង​ភ្លឺ​ដែរ ៨ ឯ​អស់​ទាំង​តួ​ពន្លឺ​នៅ​លើ​មេឃ នោះ​អញ​នឹង​ធ្វើ​ឲ្យ​ងងឹត​ទៅ​ដោយ​ព្រោះ​ឯង ព្រម​ទាំង​គ្រប​ស្រុក​ឯង​ដោយ​ងងឹត​ផង នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា ៩ អញ​នឹង​បណ្តាល​ឲ្យ​ចិត្ត​នៃ​មនុស្ស​ជា​ច្រើន​តក់ស្លុត ក្នុង​កាល​ដែល​អញ​នាំ​ដំណឹង ពី​ការ​វិនាស​របស់​ឯង ទៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ទៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​ឯង​មិន​បាន​ស្គាល់​ឡើយ ១០ អើ អញ​នឹង​ឲ្យ​ជនជាតិ​ជា​ច្រើន មាន​សេចក្តី​អស្ចារ្យ ពី​ដំណើរ​ឯង ហើយ​ស្តេច​របស់​គេ នឹង​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ព្រោះ​ឯង​ក្នុង​កាល​ដែល​អញ​លើក​ដាវ​អញ​នៅ​មុខ​គេ គេ​នឹង​ញ័រញាក់​ជានិច្ច ដោយ​ព្រោះ​ជីវិត​រៀង​ខ្លួន នៅ​ថ្ងៃ​ដែល​ឯង​នឹង​ត្រូវ​ដួល​នោះ។
១១ ដ្បិត​ព្រះអម្ចាស់យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​លើ​ឯង ១២ អញ​នឹង​ធ្វើ​ឲ្យ​ពួក​កកកុញ​របស់​ឯង​ដួល ដោយ​ដាវ​នៃ​ពួក​ខ្លាំង​ពូកែ គេ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ស្ញែងខ្លាច នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​នឹង​ធ្វើ​ឲ្យ​សេចក្តី​ឆ្មើងឆ្មៃ​របស់​ស្រុក​អេស៊ីព្ទ​សូន្យ​បាត់​ទៅ ហើយ​ពួក​កកកុញ​របស់​វា​នឹង​ត្រូវ​វិនាស​ទៅ​ដែរ ១៣ អញ​ក៏​នឹង​បំផ្លាញ​សត្វ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នោះ នៅ​ក្បែរ​ផ្លូវ​ទឹក​ជា​ច្រើន នោះ​ជើង​មនុស្ស និង​ជើង​សត្វ នឹង​លែង​ធ្វើ​ឲ្យ​ទឹក​នោះ​ល្អក់​ទៀត ១៤ អញ​នឹង​ធ្វើ​ឲ្យ​ទឹក​នោះ​ថ្លា​វិញ ក៏​នឹង​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ដូច​ប្រេង នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា ១៥ កាល​ណា​អញ​បាន​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ​ទៅ​ជា​ស្ងាត់ច្រៀប ហើយ​ខូចបង់ ជា​ស្រុក​ខ្វះខាត​របស់​ដែល​ពី​ដើម​មាន​ជា​បរិបូរ ហើយ​កាល​ណា​អញ​បាន​វាយ​អស់​អ្នក​នៅ​ស្រុក​នោះ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត ១៦ នេះ​ហើយ​ជា​ពាក្យ​ទំនួញ ដែល​គេ​នឹង​ត្រូវ​ទួញ ពួក​កូន​ស្រីៗ​នៃ​អស់​ទាំង​សាសន៍ នឹង​ទួញ​ទំនួញ​ដោយ​ពាក្យ​នេះ គេ​នឹង​ទួញ​ទំនួញ​នឹង​ស្រុក​អេស៊ីព្ទ ហើយ​នឹង​ពួក​កកកុញ​វា ដោយ​ពាក្យ​នេះ​ឯង នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា។
១៧ នៅ​ឆ្នាំ​១២​ដដែល​ដល់​ថ្ងៃ​១៥​ខែ​នោះ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា ១៨ កូន​មនុស្ស​អើយ ចូរ​ទ្រហោយំ​នឹង​ពួក​កកកុញ​របស់​ស្រុក​អេស៊ីព្ទ​ចុះ ហើយ​បោះ​គេ​ចុះ គឺ​វា និង​ពួក​កូន​ស្រីៗ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​មាន​ល្បី ទៅ​ក្នុង​ទី​ទាប​ជាង​ផែនដី ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ១៩ តើ​ឯង​មាន​លំអ​ជាង​អ្នក​ណា ចូរ​ចុះ​ទៅ ហើយ​ឲ្យ​ដេក​ជា​មួយ​នឹង​ពួក​មិន​កាត់​ស្បែក​ចុះ ២០ គេ​នឹង​ដួល​នៅ​កណ្តាល​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ វា​ត្រូវ​ប្រគល់​ដល់​ដាវ​ហើយ ចូរ​អូស​វា​ចេញ​ទៅ ព្រម​ទាំង​ពួក​កកកុញ​របស់​វា​ផង ២១ ពួក​មនុស្ស​ថ្នឹក​ច្បាំង​ដ៏​ខ្លាំង​ពូកែ​គេ​នឹង​និយាយ​ទៅ​កាន់​វា ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ជួយ​វា​ដែរ គេ​បាន​ចុះ​ទៅ​ហើយ​គេ​ដេក​ស្តូក​នៅ គឺ​ជា​ពួក​មិន​កាត់​ស្បែក ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ។
២២ អាសស៊ើរ​ក៏​នៅ​ទី​នោះ​ព្រម​ទាំង​ពួក​វា​ផង ផ្នូរ​ខ្មោច​របស់​គេ​ក៏​នៅ​ជុំវិញ​វា គេ​បាន​ត្រូវ​ដួល​ស្លាប់​គ្រប់​គ្នា​ដោយ​ដាវ ២៣ ផ្នូរ​ខ្មោច​គេ​បាន​ធ្វើ​នៅ​ទី​បំផុត​នៃ​ជង្ហុក​ធំ ហើយ​ពួក​វា​ក៏​នៅ​ព័ទ្ធ​ជុំវិញ​ផ្នូរ​វា គឺ​គ្រប់​គ្នា​បាន​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ស្ញែងខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់។
២៤ នៅ​ទី​នោះ​ក៏​មាន​អេឡាំ​ដែរ ព្រម​ទាំង​ពួក​កកកុញ​របស់​វា នៅ​ជុំវិញ​ផ្នូរ​ខ្មោច​វា​ផង គ្រប់​គ្នា​បាន​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ គេ​ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ស្ញែងខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​ចុះ​ទៅ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែនដី ឥត​ដែល​ទទួល​កាត់​ស្បែក ក៏​បាន​រង​ទ្រាំ​សេចក្តី​ខ្មាស​របស់​ខ្លួន ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ២៥ គេ​បាន​តាំង​ដំណេក​របស់​វា នៅ​កណ្តាល​ពួក​មនុស្ស​ដែល​ត្រូវ​សំឡាប់​ជា​មួយ​នឹង​ពួក​កកកុញ​របស់​វា​ដែរ ផ្នូរ​របស់​គេ​ក៏​នៅ​ព័ទ្ធ​ជុំវិញ​វា គ្រប់​គ្នា​ជា​មនុស្ស​ដែល​មិន​បាន​ទទួល​កាត់​ស្បែក ហើយ​គេ​ត្រូវ​ស្លាប់​ដោយ​ដាវ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​មាន​សេចក្តី​ស្ញែងខ្លាច នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​រង​ទ្រាំ​សេចក្តី​ខ្មាស​របស់​ខ្លួន ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ គេ​បាន​ដាក់​វា​នៅ​កណ្តាល​ពួក​មនុស្ស​ដែល​ត្រូវ​សំឡាប់​នោះ។
២៦ នៅ​ទី​នោះ​ក៏​មាន​មែសេក និង​ទូបាល ព្រម​ទាំង​ពួក​កកកុញ​របស់​គេ​ផង ផ្នូរ​ខ្មោច​របស់​គេ​នៅ​ព័ទ្ធ​ជុំវិញ​គ្រប់​គ្នា​ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​ត្រូវ​ស្លាប់​ដោយ​ដាវ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​មាន​សេចក្តី​ស្ញែងខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់ ២៧ គេ​មិន​បាន​ដេក​ជា​មួយ​នឹង​មនុស្ស​ខ្លាំង​ពូកែ ដែល​មិន​ទទួល​កាត់​ស្បែក ក្នុង​ពួក​អ្នក​ដែល​ត្រូវ​សំឡាប់ ជា​មនុស្ស​ដែល​បាន​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​គ្រឿង​ចំបាំង​របស់​គេ ព្រម​ទាំង​ដាក់​ដាវ​គេ​កើយ​ក្បាល ហើយ​មាន​អំពើ​ទុច្ចរិត​របស់​គេ​ជាប់​នៅ​ឆ្អឹង​ផង​នោះ​ទេ ដ្បិត​គេ​ជា​ទី​ស្ញែងខ្លាច​ដល់​ពួក​ខ្លាំង​ពូកែ នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់ ២៨ តែ​ឯង​នឹង​ត្រូវ​បាក់​បែក​នៅ​ក្នុង​ពួក​ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​នឹង​ដេក​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ។
២៩ អេដំម​ក៏​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ស្តេច និង​ពួក​ចៅហ្វាយ​វា​ផង ជា​ពួក​អ្នក​ដែល​ទោះ​បើ​ខ្លាំង​ពូកែ​ក៏​ដោយ គង់​តែ​ត្រូវ​ដេក​នៅ​ជា​មួយ​នឹង​ពួក​អ្នក ដែល​ស្លាប់​ដោយ​ដាវ​ដែរ គេ​ត្រូវ​ដេក​នៅ​ជា​មួយ​នឹង​ពួក ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ៣០ ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ខាង​ជើង ហើយ​ពួក​ស៊ីដូន​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ជា​មួយ​នឹង​មនុស្ស​ដែល​ត្រូវ​សំឡាប់ គេ​ត្រូវ​ខ្មាស​ដោយ​ព្រោះ​សេចក្តី​ស្ញែងខ្លាច​ដែល​គេ​បាន​បង្កើត​ឡើង ដោយ​កំឡាំង​របស់​គេ គេ​ក៏​ដេក​ដោយ​ឥត​ទទួល​កាត់​ស្បែក គឺ​ដេក​ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គេ​រង​ទ្រាំ​សេចក្តី​ខ្មាស​របស់​ខ្លួន ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។
៣១ ឯ​ផារ៉ោន នឹង​ឃើញ​គេ​ដែរ ហើយ​នឹង​មាន​សេចក្តី​ក្សាន្ត​ចិត្ត ពី​ដំណើរ​ពួក​កកកុញ​របស់​វា គឺ​ផារ៉ោន​នោះ​ឯង និង​ពួក​កងទ័ព​របស់​វា ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ​ផង នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា ៣២ ដ្បិត​អញ​បាន​ធ្វើ​ឲ្យ​សេចក្តី​ស្ញែងខ្លាច​របស់​អញ​កើត​ឡើង​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់ ហើយ​វា​នឹង​ត្រូវ​ផ្តេក​នៅ​កណ្តាល​ពួក​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ គឺ​ផារ៉ោន​នោះ​ឯង ព្រម​ទាំង​ពួក​កកកុញ​របស់​វា​ផង នោះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា។