ព្រះបន្ទូល​សន្យា​ស្តារ​ស្ថានភាព​ជនជាតិ​អ៊ីស្រាអែល​ឡើង​វិញ
៣៣
ព្រះអម្ចាស់​តែងតាំង​ព្យាការី​ជា​អ្នក​យាម​ល្បាត
១ ព្រះបន្ទូល នៃ​ព្រះយេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា ២ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​សាសន៍​ឯង​ថា កាល​ណា​អញ​នាំ​ដាវ​មក​លើ​ស្រុក​ណា ហើយ​បណ្តាជន​នៅ​ស្រុក​នោះ​រើស​យក​ម្នាក់​ពី​ក្នុង​ពួក​គេ តាំង​ឡើង​ជា​អ្នក​ចាំ​យាម ៣ បើ​អ្នក​នោះ​ឃើញ​ដាវ​មក​លើ​ស្រុក ក៏​ផ្លុំ​ត្រែ​ដាស់​បណ្តាជន ៤ ហើយ​មាន​អ្នក​ណា​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ បើ​ដាវ​មក​ពិត ហើយ​យក​ជីវិត​គេ​ទៅ នោះ​ឈាម​គេ​នឹង​ធ្លាក់​ទៅ​លើ​ក្បាល​គេ​វិញ ៥ ព្រោះ​បាន​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ ដូច្នេះ គេ​នឹង​ជាប់​មាន​ទោស​ចំពោះ​ឈាម​របស់​ខ្លួន​វិញ ដ្បិត​បើ​បាន​អើពើ នោះ​នឹង​បាន​រួច​ជីវិត​ជា​ពិត ៦ តែ​បើ​អ្នក​ចាំ​យាម​ឃើញ​ដាវ​មក ហើយ​មិន​ផ្លុំ​ត្រែ​ឲ្យ​បណ្តាជន​បាន​ដឹង រួច​ដាវ​ក៏​មក​ដល់ យក​ជីវិត​អ្នក​ណា​ចេញ​ពី​ពួក​គេ​ទៅ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន តែ​អញ​នឹង​ទារ​ឈាម​របស់​អ្នក​នោះ​ពី​ដៃ​អ្នក​ចាំ​យាម​វិញ។
៧ កូន​មនុស្ស​អើយ គឺ​យ៉ាង​នោះ​ឯង​ដែល​អញ​បាន​តាំង​ឯង​ឡើង​ឲ្យ​ធ្វើ​ជា​អ្នក​ចាំ​យាម ដល់​ពួក​វង្ស​អ៊ីស្រាអែល ដូច្នេះ ចូរ​ស្តាប់​ពាក្យ​ពី​មាត់​អញ ហើយ​ប្រកាស​ប្រាប់​គេ​ឲ្យ​អញ ៨ កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឱ​មនុស្ស​អាក្រក់​អើយ ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត តែ​ឯង​មិន​ពន្យល់​ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ​ចោល​ផ្លូវ​របស់​ខ្លួន​ទេ ដូច្នេះ​មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​អញ​នឹង​ទារ​ឈាម​វា​ពី​ដៃ​ឯង​វិញ ៩ ប៉ុន្តែ​បើ​ឯង​ពន្យល់​ប្រាប់​ដល់​មនុស្ស​អាក្រក់ ពី​ផ្លូវ​របស់​វា ឲ្យ​បាន​លះ​ចោល​ផ្លូវ​នោះ​ចេញ តែ​វា​មិន​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​សោះ នោះ​វា​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​វា តែ​ឯង​បាន​ដោះ​ខ្លួន​ឲ្យ​រួច​វិញ។
១០ ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ឯង​រាល់​គ្នា​ពោល​ដូច្នេះ​ថា អំពើ​រំលង និង​អំពើ​បាប​របស់​យើង គ្រប​សង្កត់​លើ​យើង​ហើយ យើង​កំពុង​តែ​រោយរៀវ​ទៅ​ក្នុង​អំពើ​ទាំង​នោះ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រស់​នៅ​បាន ១១ ចូរ​ប្រាប់​គេ​ថា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​រីករាយ​ចំពោះ​សេចក្តី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់​នៅ​វិញ​ទេ​តើ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​មក ចូរ​បែរ​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ ដ្បិត​ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់ ១២ ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​ចៅ​នៃ​សាសន៍​ឯង​ថា សេចក្តី​សុចរិត​របស់​មនុស្ស​សុចរិត​នឹង​មិន​ដោះ​អ្នក​នោះ​ឲ្យ​រួច ក្នុង​ថ្ងៃ​ដែល​ប្រព្រឹត្ត​អំពើ​រំលង​វិញ​នោះ​ឡើយ ហើយ​ចំណែក​អំពើ​អាក្រក់ របស់​មនុស្ស​អាក្រក់​វិញ គេ​មិន​បាន​ដួល ដោយ​ព្រោះ​អំពើ​ទាំង​នោះ ក្នុង​ថ្ងៃ​ដែល​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ទេ ឯ​មនុស្ស​សុចរិត​វិញ ក៏​មិន​អាច​នឹង​រស់​នៅ ដោយសារ​អំពើ​សុចរិត​របស់​ខ្លួន ក្នុង​ថ្ងៃ​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ​បាន​ដែរ ១៣ កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​សុចរិត​ថា គេ​នឹង​រស់​នៅ​ជា​ពិត នោះ​បើ​គេ​ពឹង​ដល់​សេចក្តី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​ទេ គឺ​គេ​នឹង​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​វិញ ១៤ មួយ​ទៀត​បើ​កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​សេចក្តី​ដែល​ទៀង​ត្រង់​ហើយ​ត្រឹមត្រូវ​វិញ ១៥ គឺ​បើ​មនុស្ស​អាក្រក់​នោះ នឹង​ប្រគល់​របស់​បញ្ចាំ​ដល់​ម្ចាស់​វិញ ហើយ​ប្រគល់​របស់​ដែល​ខ្លួន​បាន​លួច ទៅ​វិញ​ដែរ ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ច្បាប់​នៃ​ជីវិត​នេះ ឥត​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ នោះ​គេ​នឹង​បាន​រស់​នៅ​ជា​ពិត ឥត​ត្រូវ​ស្លាប់​ទេ ១៦ ដូច្នេះ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្តី​ទៀង​ត្រង់​ត្រឹមត្រូវ​ហើយ គេ​នឹង​រស់​នៅ​ជា​ពិត។
១៧ ទោះ​បើ​យ៉ាង​នោះ គង់​តែ​ពួក​កូន​ចៅ​នៃ​សាសន៍​ឯង​តែង​ថា ផ្លូវ​របស់​ព្រះអម្ចាស់​មិន​ស្មើ​ទេ ចំណែក​ខាង​គេ គឺ​ផ្លូវ​របស់​គេ​ទេ​តើ​ដែល​មិន​ស្មើ​វិញ ១៨ កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​សេចក្តី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ព្រោះ​អំពើ​នោះ​ឯង ១៩ ហើយ​កាល​ណា​មនុស្ស​អាក្រក់​បែរ​ចេញ​ពី​សេចក្តី​អាក្រក់​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​តាម​សេចក្តី​ទៀត​ត្រង់ ហើយ​ត្រឹមត្រូវ​វិញ នោះ​គេ​នឹង​រស់​នៅ​ដោយសារ​អំពើ​នោះ​ឯង ២០ ប៉ុន្តែ​ឯង​រាល់​គ្នា​ថា ផ្លូវ​របស់​ព្រះអម្ចាស់​មិន​ស្មើ​ទេ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ អញ​នឹង​ជំនុំជំរះ​ឯង​រាល់​គ្នា​តាម​ផ្លូវ​របស់​ឯង​រៀង​ខ្លួន។
មូល​ហេតុ​ដែល​សត្រូវ​វាយ​យក​បាន​ក្រុង​យេរូសាឡិម
២១ លុះ​ដល់​ថ្ងៃ​៥ ខែ​បុស្ស​ក្នុង​ឆ្នាំ​១២ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូសាឡិម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា គេ​ចាប់​ទី​ក្រុង​បាន​ហើយ ២២ រីឯ​នៅ​ពេល​ល្ងាច មុន​ដែល​អ្នក​រត់​រួច នោះ​បាន​មក​ដល់ នោះ​ព្រះហស្ត​នៃ​ព្រះយេហូវ៉ា​បាន​ស្ថិត​នៅ​លើ​ខ្ញុំ ទ្រង់​ក៏​បើក​មាត់​ខ្ញុំ ចាំ​តែ​អ្នក​នោះ​មក​ដល់​នៅ​ពេល​ព្រឹក ដូច្នេះ មាត់​ខ្ញុំ​បាន​បើក​ឡើង ហើយ​ខ្ញុំ​មិន​នៅ​គ​ទៀត​ទេ។
២៣ គ្រា​នោះ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា ២៤ កូន​មនុស្ស​អើយ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូចបង់ ក្នុង​ស្រុក​អ៊ីស្រាអែល គេ​ថា លោក​អ័ប្រាហាំ​ជា​មនុស្ស​តែ​ម្នាក់​ទេ ហើយ​លោក​បាន​ទទួល​ស្រុក​នេះ​ទុក​ជា​មរដក ឯ​យើង​រាល់​គ្នា​មាន​គ្នា​ច្រើន ស្រុក​នេះ​ក៏​បាន​ប្រគល់​មក​យើង​ទុក​ជា​មរដក​ដែរ ២៥ ដូច្នេះ ចូរ​ប្រាប់​គេ​ថា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​ស៊ី​សាច់​ដែល​ជាប់​ទាំង​ឈាម ក៏​ងើប​ភ្នែក​ទៅ​ឯ​អស់​ទាំង​រូប​ព្រះ​របស់​ឯង​រាល់​គ្នា ហើយ​កំចាយ​ឈាម​ផង ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ ២៦ ឯង​រាល់​គ្នា​ពឹង​តែ​ដាវ​របស់​ឯង ក៏​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម ហើយ​បង្ខូច​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ ២៧ ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​គេ​ដូច្នេះ​ថា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូចបង់​នេះ នឹង​ដួល​ដោយ​ដាវ ហើយ​អ្នក​ណា​ដែល​នៅ​ឯ​ទី​វាល​ទទេ អញ​នឹង​ប្រគល់​ដល់​សត្វ​ព្រៃ​ឲ្យ​ត្រូវ​ហែក​ស៊ី ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំមួន និង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្នរោគ ២៨ អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់ជ្រងំ ហើយ​ជា​ទី​ស្រឡាំងកាំង នោះ​សេចក្តី​ឆ្មើងឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រាអែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ ២៩ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត​ក្នុង​កាល​ដែល​អញ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់ជ្រងំ ហើយ​ជា​ទី​ស្រឡាំងកាំង ដោយ​ព្រោះ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត​នោះ។
៣០ មួយ​ទៀត កូន​មនុស្ស​អើយ ពួក​កូន​ចៅ​របស់​សាសន៍​ឯង គេ​និយាយ​គ្នា​ពី​ឯង​នៅ​ក្បែរ​កំផែង ហើយ​នៅ​មាត់​ទ្វារ​ផ្ទះ គេ​និយាយ​គ្នា គឺ​គ្រប់​គ្នា​និយាយ​នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​យើង​ទៅ​ស្តាប់​ព្រះបន្ទូល ដែល​មក​ពី​ព្រះយេហូវ៉ា​ចុះ ៣១ គេ​ក៏​មក​ឯ​ឯង ដូច​ជា​បណ្តាជន​ទាំងឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​ឯង ដូច​ជា​រាស្ត្រ​អញ ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង តែ​មិន​ប្រព្រឹត្ត​តាម​ទេ ដ្បិត​បបូរ​មាត់​គេ​សំដែង​ចេញ​ជា​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​តាម​រក​កំរៃ​ដល់​ខ្លួន​វិញ ៣២ ហើយ​មើល គេ​រាប់​ឯង​ទុក​ដូច​ជា​បទ​ចំរៀង ដ៏​ពីរោះ​នៃ​មនុស្ស​មាន​សំឡេង​ល្អ ហើយ​ចេះ​លេង​ភ្លេង​យ៉ាង​ប្រសប់​ប៉ុណ្ណោះ ដ្បិត​គេ​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង ប៉ុន្តែ​មិន​ប្រព្រឹត្ត​តាម​ទេ ៣៣ កាល​ណា​ការ​នេះ​កើត​មក​ហើយ (មើល ការ​នេះ​កំពុង​តែ​មក​ហើយ​មែន) នោះ​គេ​នឹង​ដឹង​ថា មាន​ហោរា​បាន​នៅ​ក្នុង​ពួក​គេ​ជា​ពិត។