៣៤
ព្រះបន្ទូល​ប្រឆាំង​នឹង​អ្នក​ដឹកនាំ​អ៊ីស្រាអែល
១ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា ២ កូន​មនុស្ស​អើយ ចូរ​ទាយ​ទាស់​នឹង​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រាអែល​ចុះ ត្រូវ​ឲ្យ​ទាយ​ប្រាប់​គេ គឺ​ពួក​អ្នក​គង្វាល​នោះ​ឯង​ថា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​អ្នក​គង្វាលនៃ​សាសន៍​អ៊ីស្រាអែល ដែល​ឃ្វាល​តែ​ខ្លួន​ឯង តើ​មិន​ត្រូវ​ឲ្យ​ពួក​អ្នក​គង្វាល​នោះ ឃ្វាល​ហ្វូង​ចៀម​វិញ​ទេ​ឬ​អី ៣ ឯង​រាល់​គ្នា​ស៊ី​ខ្លាញ់ ហើយ​ស្លៀកពាក់​ដោយសារ​រោម​វា ក៏​សំឡាប់​សត្វ​បំប៉ន​ដែរ តែ​មិន​ឃ្វាល​ហ្វូង​ទេ ៤ ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ ណា​ដែល​បាក់​ជើង ឯង​មិន​បាន​រុំ​អប ណា​ដែល​ត្រូវ​កំចាត់កំចាយ នោះ​ឯង​មិន​បាន​នាំ​មក​វិញ ហើយ​ណា​ដែល​វង្វេង​ទៅ នោះ​ក៏​មិន​បាន​ស្វែង​រក​ដែរ គឺ​ឯង​រាល់​គ្នា​បាន​គ្រប់គ្រង​លើ​វា ដោយ​កំឡាំង ហើយ​តឹងរ៉ឹង​វិញ ៥ ដូច្នេះ​វា​ត្រូវ​កំចាត់កំចាយ​ទៅ ដោយ​ព្រោះ​ឥត​មាន​អ្នក​គង្វាល​វា​បាន​ត្រឡប់​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​ខ្ចាត់ខ្ចាយ​អស់​ទៅ ៦ ហ្វូង​ចៀម​របស់​អញ​បាន​ដើរ​ចុះ​ឡើង នៅ​លើ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ផង អើ ហ្វូង​ចៀម​របស់​អញ​បាន​ត្រូវ​កំចាត់កំចាយ នៅ​ពេញពាស​លើ​ផែនដី ឥត​មាន​អ្នក​ណា​ទៅ​ស៊ើបសួរ ឬ​ស្វែង​រក​វា​សោះ។
៧ ហេតុ​នោះ​ពួក​អ្នក​គង្វាល​រាល់​គ្នា​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ ៨ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ដោយ​ព្រោះ​ហ្វូង​ចៀម​អញ​បាន​ទៅ​ជា​រំពា ហើយ​ត្រឡប់​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ដោយ​ឥត​មាន​អ្នក​គង្វាល ហើយ​ដោយ​ព្រោះ​អ្នក​គង្វាល​ទាំង​ប៉ុន្មាន​របស់​អញ មិន​បាន​ស្វះស្វែង​រក​ចៀម​អញ គឺ​បាន​ឃ្វាល​តែ​ខ្លួន​ឯង​វិញ ឥត​ឃ្វាល​ហ្វូង​ចៀម​អញ​សោះ ៩ ដូច្នេះ ពួក​អ្នក​គង្វាល​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ ១០ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល អញ​ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​អញ​នឹង​ទារ​ចៀម​អញ​ពី​ដៃ​គេ ក៏​នឹង​ឲ្យ​គេ​ឈប់​លែង​ឃ្វាល​ហ្វូង​ចៀម​ទៅ ពួក​អ្នក​គង្វាល​នឹង​មិន​រក​ស៊ី​ចិញ្ចឹម​ខ្លួន​គេ​ទៀត​ដែរ អញ​នឹង​ជួយ​ឲ្យ​ចៀម​អញ​រួច​ពី​មាត់​គេ ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អាហារ​ដល់​គេ​ឡើយ។
ព្រះអម្ចាស់​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះអង្គ
១១ ដ្បិត​ព្រះអម្ចាស់យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ​ទាំង​ស៊ើបសួរ​រក​ទាល់​តែ​ឃើញ​ផង ១២ ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់ខ្ចាយ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កំចាត់កំចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃមីរស្រទំ​ហើយ​ងងឹត​យ៉ាង​នោះ​ដែរ ១៣ អញ​នឹង​នាំ​វា​រាល់​គ្នា ចេញ​ពី​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​វា​ពី​គ្រប់​ទាំង​ស្រុក រួច​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​វា​វិញ អញ​នឹង​ឃ្វាល​វា​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល ហើយ​តាម​ផ្លូវ​ទឹក និង​នៅ​គ្រប់​ទាំង​កន្លែង​ដែល​មាន​មនុស្ស​នៅ​ក្នុង​ស្រុក​នោះ​ផង ១៤ អញ​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រាអែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល​ដែរ ១៥ ខ្លួន​អញ​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង​ចៀម​របស់​អញ ហើយ​អញ​នឹង​ឲ្យ​វា​ដេក​នៅ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា ១៦ អញ​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​ណា​ដែល​ត្រូវ​ប្រដេញ ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង នោះ​អញ​នឹង​រុំ​អប​ឲ្យ ហើយ​អញ​នឹង​ចំរើន​កំឡាំង​ដល់​ណា​ដែល​ឈឺ តែ​សត្វ​ណា​ដែល​ធាត់ ហើយ​មាន​កំឡាំង នោះ​អញ​នឹង​បំផ្លាញ​វា​បង់ គឺ​អញ​នឹង​ឃ្វាល​វា ដោយ​សេចក្តី​វិនិច្ឆ័យ​វិញ។
១៧ ឱ​ហ្វូង​របស់​អញ​អើយ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ឯង​ដូច្នេះ​ថា មើល អញ​នឹង​ជំនុំជំរះ​ក្តី​របស់​ចៀម និង​ចៀម ហើយ​របស់​ចៀម​ឈ្មោល និង​ពពែ​ឈ្មោល​ផង ១៨ ការ​ដែល​ឯង​រាល់​គ្នា​បាន​ស៊ី​ស្មៅ នៅ​ទី​វាល​ល្អ នោះ​តើ​ជា​ការ​តិចតួច​ដល់​ឯង​ឬ បាន​ជា​ឯង​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់​ទៀត ហើយ​ដែល​ឯង​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ​ផង បាន​ជា​ឯង​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ ១៩ ចំណែក​ហ្វូង​ចៀម​របស់​អញ វា​ត្រូវ​ស៊ី​ស្មៅ ដែល​ឯង​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​ឯង​បាន​ធ្វើ​ឲ្យ​ល្អក់​នោះ​វិញ។
២០ ហេតុ​នោះ​ព្រះអម្ចាស់យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដល់​វា​រាល់​គ្នា​ថា មើល អញ​គឺ​អញ​នេះ​ហើយ នឹង​ជំនុំជំរះ​ក្តី​របស់​ចៀម​ធាត់ និង​ចៀម​ស្គម ២១ ពី​ព្រោះ​ឯង​រាល់​គ្នា​តែងតែ​គះ​ដោយ​ចំហៀង ហើយ​នឹង​ស្មា ក៏​បុះ​អស់​ទាំង​ចៀម​ខ្សោយ​ដោយ​ស្នែង ដរាប​ដល់​បាន​កំចាត់កំចាយ​គេ​ទៅ​បាត់ ២២ ដូច្នេះ អញ​នឹង​ជួយ​សង្គ្រោះ​ហ្វូង​ចៀម​របស់​អញ នោះ​វា​នឹង​លែង​បាន​ជា​រំពា​ត​ទៅ ហើយ​អញ​នឹង​ជំនុំជំរះ​ក្តី​របស់​ចៀម​នឹង​ចៀម ២៣ អញ​នឹង​តាំង​អ្នក​គង្វាល​តែ​១ ឲ្យ​ថែ​មើល​វា អ្នក​នោះ​នឹង​ឃ្វាល​វា គឺ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ គាត់​នឹង​កៀង​នាំ​វា​ទៅ​ឲ្យ​ស៊ី ហើយ​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង ២៤ នោះ​អញ​នេះ គឺ​យេហូវ៉ា​នឹង​ធ្វើ​ជា​ព្រះ​នៃ​វា​រាល់​គ្នា ហើយ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ និង​ធ្វើ​ជា​ចៅហ្វាយ​លើ​វា គឺ​អញ​នេះ ជា​ព្រះយេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ។
២៥ អញ​នឹង​តាំង​សន្ធិសញ្ញា​នឹង​វា​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ស្រុក​វា​ទៅ ដូច្នេះ វា​នឹង​អាស្រ័យ​នៅ​ទី​រហោស្ថាន​ដោយ​សុខសាន្ត ហើយ​ដេក​នៅ​ក្នុង​ព្រៃ​ផង ២៦ អញ​នឹង​ធ្វើ​ឲ្យ​គេ ព្រម​ទាំង​ទី​កន្លែង​នៅ​ជុំវិញ​ភ្នំ​តូច​របស់​អញ ជា​ទី​ឲ្យ​ពរ អញ​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​តាម​រដូវ​កាល នោះ​នឹង​មាន​ព្រះពរ​ធ្លាក់​មក​មួយ​មេៗ ២៧ ដើម​ឈើ​នៅ​ផែនដី​នឹង​បង្កើត​ផ្លែ ហើយ​ដី​នឹង​បាន​ផល​ចំរើន វា​រាល់​គ្នា​នឹង​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខសាន្ត​ហើយ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​បំបាក់​នឹម​ចេញ​ពី​វា ហើយ​បាន​ជួយ​ឲ្យ​វា​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចាប់​វា​ទៅ​ប្រើ ២៨ នោះ​វា​រាល់​គ្នា​នឹង​មិន​បាន​ជា​រំពា​ដល់​អស់​ទាំង​សាសន៍​ត​ទៅ ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​ក៏​មិន​ហែក​វា​ស៊ី​ដែរ គឺ​វា​នឹង​នៅ​ដោយ​សុខសាន្ត​ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ ២៩ អញ​នឹង​ធ្វើ​ឲ្យ​មាន​ដំណាំ​១​កើត​ឡើង​ទុក​ជា​ល្បី​ដល់​វា នោះ​វា​រាល់​គ្នា​នឹង​មិន​ត្រូវ​សាបសូន្យ​ទៅ ដោយ​អំណត់​អត់​នៅ​ក្នុង​ស្រុក​ឡើយ ក៏​មិន​ត្រូវ​រង​ទ្រាំ​សេចក្តី​ខ្មាស​នៃ​អស់​ទាំង​សាសន៍​ទៀត​ដែរ ៣០ នោះ​វា​រាល់​គ្នា​នឹង​ដឹង​ថា អញ​ដ៏​ជា​យេហូវ៉ា​អញ​ជា​ព្រះ​នៃ​វា ក៏​នៅ​ជា​មួយ​ផង ហើយ​ថា​វា ដែល​ជា​ពួក​វង្ស​អ៊ីស្រាអែល វា​ជា​រាស្ត្រ​របស់​អញ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា ៣១ ឯ​ឯង​រាល់​គ្នា​ដែល​ជា​ហ្វូង​ចៀម​របស់​អញ គឺ​ជា​ហ្វូង​ចៀម​នៅ​ទី​ឃ្វាល​របស់​អញ ឯង​រាល់​គ្នា​ជា​មនុស្ស ហើយ​អញ​ជា​ព្រះ​នៃ​ឯង នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា។